ចក្ខុវិស័យនាពេលអនាគតខុសគ្នា? ទិសដៅពិសេសរបស់មនស្សយន្តជប៉ុន
ចក្ខុវិស័យនាពេលអនាគតខុសគ្នា? ទិសដៅពិសេសរបស់មនស្សយន្តជប៉ុន។
នៅពេលដែលរំលឹកដល់មនុស្សយន្ត តើប្រិយមិត្តគិតថាប្រទេសណាកំពុងនាំមុខគេខាងវិស័យឧស្សាហកម្មនេះ?
ក្នុងសម័យកាលបច្ចុប្បន្ន នៅពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងពង្រឹងសមត្ថភាពបច្ចេកវិទ្យាឥតឈប់ឈរ មនុស្សជាច្រើនប្រហែលជាគិតថា ជប៉ុនកំពុងដើរក្រោយគេក្នុងការប្រកួតប្រជែងមនុស្សយន្ត។
ទោះជាយ៉ាងណា ប្រសិនបើពិនិត្យមើលឲ្យកាន់តែច្បាស់ យើងនឹងមើលឃើញថា ជប៉ុនមិនប្រាកដថាដើរក្រោយគេនោះទេ។ គ្រាន់តែពួកគេកំពុងឆ្ពោះទៅរកអនាគតមួយផ្សេងទៀត។
ជាថ្មីម្តងទៀត ចូរយើងក្រឡេកមើលប្រវត្តិ និងអនាគតរបស់មនុស្សយន្តជប៉ុន!
នៅទសវត្សរ៍ឆ្នាំ ២០០០ ជប៉ុនធ្លាប់ជាប្រទេសទទួលបានការចាប់អារម្មណ៍នៅពេលដែលរំលឹកដល់មនុស្សយន្ត។
ឆ្កែយន្ត AIBO ដែលត្រូវបានបង្កើត និងលក់ដោយក្រុមហ៊ុន SONY ឬមនុស្សយន្ត ASIMO របស់ HONDA ធ្លាប់ក្លាយជាផលិតផលដែលមានការទទួលស្គាល់ទូទាំងពិភពលោក។
ខ្ញុំផ្ទាល់ធ្លាប់បានជួប ASIMO ម្តង ហើយខ្ញុំនៅតែចងចាំអារម្មណ៍គួរឲ្យភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ រហូតដល់ថ្នាក់គិតថា មានបុរសម្នាក់កំពុងលាក់ខ្លួនក្នុងនោះ។
ដោយនឹកស្មានថាជប៉ុននឹងបន្តនាំមុខគេខាងវិស័យឧស្សាហកម្មមនុស្សយន្ត ប៉ុន្តែគម្រោងទាំងពីរសុទ្ធតែបញ្ចប់។ ក្នុងអំឡុងពេលនោះ សហរដ្ឋអាមេរិក និងចិនបានងើបឡើងយ៉ាងខ្លាំងក្លា។ យ៉ាងណាមិញ ខាងវិស័យឧស្សាហកម្មមនុស្សយន្តដែលប្រើប្រាស់នៅតាមរោងចក្រ ជប៉ុននៅតែឈានមុខគេ។
តើជប៉ុនបានបោះបង់ចោលវិស័យមនុស្សយន្តដែលបម្រើដល់ជីវិតប្រចាំថ្ងៃហើយមែនទេ?
តាមពិតទៅ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងផ្តោតលើការអភិវឌ្ឍមនុស្សយន្តសម្រាប់គោលបំណងជាច្រើន រួមទាំងកម្មវិធីយោធាផងដែរ។ ប្រទេសចិនក៏កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍមនុស្សយន្តដែលមានសមត្ថភាពត្រាប់តាមចលនារបស់មនុស្ស ក្នុងនោះមានទាំងគោលដៅយោធាផងដែរ។
ជាក់ស្តែង ប្រទេសជប៉ុនបានចាប់ផ្តើមងាកចេញពីការព្យាយាមធ្វើត្រាប់តាមមនុស្ស។
ដូច្នេះហើយ តើជប៉ុនកំពុងផលិតមនុស្សយន្តប្រភេទណា?
ចូរយើងក្រឡេកមើលចំណុចមួយចំនួនខាងក្រោម!
LOVOT(ラボット)– មនុស្សយន្តទុកសម្រាប់ស្រលាញ់
LOVOT មិនបានធ្វើចលនាដោយប្រើជើងនោះទេ ប៉ុន្តែធ្វើចលនាដោយប្រើកង់ ដូច្នេះដំបូងនៅពេលដែលមើលទៅដូចជាហួសសម័យបន្តិច។ ប៉ុន្តែប្រសិនបើបានឃើញវាធ្វើចលនាពិត យើងនឹងមានអារម្មណ៍ចង់ឱបវាភ្លាមៗដោយសារតែចលនាដ៏គួរឲ្យស្រលាញ់របស់វា។
ក្រសែភ្នែករបស់ LOVOT ត្រូវបានបង្ហាញនៅលើអេក្រង់។ យ៉ាងណាមិញ គ្រាន់តែក្រសែភ្នែកដ៏គួរឲ្យស្រលាញ់ទាំងគូរនោះសម្លឹងមើលអ្នក ប្រហែលជាយើងម្នាក់ៗសុទ្ធតែចង់ចំណាយប្រាក់ទិញវាភ្លាម។
វាគ្រវីដៃតូចទាំងសងខាងរបស់ខ្លួន ហើយសម្លឹងមើលដោយក្រសែភ្នែកដ៏គួរឲ្យស្រលាញ់ កាយវិការរបស់វាគួរឲ្យស្រលាញ់ខ្លាំងណាស់។
មិនត្រឹមតែប៉ុណ្ណឹង នៅពេលដែលត្រូវបានបីលើកឡើង LOVOT ថែមទាំងបញ្ចេញកម្តៅតិចៗ។ នោះមិនមែនដោយសារតែប្រព័ន្ធខាងក្នុងមិនអាចដោះស្រាយកម្តៅបានទេ។ ផ្ទុយទៅវិញ វាត្រូវបានរចនាឡើងដើម្បីធ្វើត្រាប់តាមសីតុណ្ហភាពរាងកាយរបស់សារពាង្គកាយមានជីវិត។
LOVOT ថែមទាំងមានសម្លៀកបំពាក់គួរឲ្យស្រលាញ់ជាច្រើន ហើយថែមទាំងមានអ្នកស្រលាញ់ចូលចិត្តដេរសម្លៀកបំពាក់ឲ្យពួកវាទៀតផង។
ដើម្បីបង្ហាញពីសកម្មភាពសាកសមសម្រាប់សត្វចិញ្ចឹម LOVOT ត្រូវបានបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) ។ វាអាចចងចាំមុខរបស់ម្ចាស់ ហើយដើរតាមម្នាក់នោះ។
ខ្ញុំផ្ទាល់ពិតជាចូលចិត្ត LOVOT នេះណាស់ ដូច្នេះប្រសិនបើនិយាយពីវា គឺនិយាយមិនចេះចប់នោះទេ។ ដូច្នេះខ្ញុំសូមបញ្ចប់ត្រឹមនេះ ហើយបន្តទៅណែនាំប្រភេទមនុស្សយន្តផ្សេងទៀត។
CORLEO(コルレオ)– សត្វជើងបួន
នេះជាប្រភេទរ៉ូបូតជើងបួនដែលមនុស្សអាចជិះបាន។
ដោយដឹងថា CORLEO ត្រូវបានបំផុសគំនិតយកតាមរូបភាពរបស់សត្វតោ ប៉ុន្តែទាក់ទងនឹងការប្រើប្រាស់ វាមិនខុសអ្វីពីសេះមួយក្បាលនោះទេ។
រ៉ូបូតនេះត្រូវបានបញ្ជាតាមរយៈការធ្វើចលនារបស់រាងកាយ និងនាំមកនូវអារម្មណ៍ស្រដៀងគ្នាទៅនឹងការជិះសេះដែរ។
ស្ថេរភាព និងការគ្រប់គ្រងរបស់រ៉ូបូតជើងបួននេះពិតជាអស្ចារ្យណាស់ វាអាចរត់បានយ៉ាងលឿនឆ្លងកាត់ផ្លូវដែលមិនរាបស្មើ។ ការកែតម្រូវចុងក្រោយកំពុងត្រូវបានដំណើរការ ដើម្បីសម្រេចបានល្បឿនពី ៦០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រហែលជានាពេលអនាគត យើងអាចនឹងលែងត្រូវការរថយន្ត ឬម៉ូតូទៀតហើយ។ ជាពិភពលោកមួយដែលមនុស្សគ្រប់គ្នាសុទ្ធតែជិះរ៉ូបូតប្រភេទនេះទៅធ្វើការ ជាទិដ្ឋភាពនាពេលអនាគតដែលខ្ញុំកំពុងស្រមៃគិត។
ជាងនេះទៅទៀត ប្រភពថាមពលរបស់ CORLEO គឺជាម៉ាស៊ីន hydro ។
សមត្ថភាពដំណើរការដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលធ្វើឲ្យយើងមើលឃើញពីអនាគតកាន់តែច្បាស់ផងដែរ។
KURATAS(クラタス)– ធ្វើឲ្យក្តីស្រមៃមនុស្សយន្តក្លាយជាការពិត
ជាការពិតណាស់ នៅពេលនិយាយពី anime ដែលទាក់ទងនឹងមនុស្សយន្តត្រូវរំលឹកដល់ជប៉ុន។
ហើយ KURATAS គឺជាផលិតផលដែលបានធ្វើឲ្យក្តីស្រមៃ “នៅថ្ងៃណាមួយខ្ញុំចង់ជិះរ៉ូបូត” របស់បុរសម្នាក់នៅលើពិភពលោកក្លាយជាការពិត។
KURATAS ត្រូវបានរចនាឡើងដោយកម្ពស់ប្រហែល ៤ ម៉ែត្រ មានទម្ងន់ចន្លោះពី ៤ ទៅ ៥ តោន។ មនុស្សយន្តនេះមិនអាចដើរដោយជើងរបស់វាបានទេ ប៉ុន្តែធ្វើចលនាដោយប្រើកង់ទាំងបួន ជាមួយនឹងល្បឿនអតិបរមា ១០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះបីជាសមត្ថភាពប្រយុទ្ធពិតប្រាកដមិនខ្ពស់ប៉ុន្មាន ប៉ុន្តែនេះជារូបរាងមនុស្សយន្តពិតដែលមនុស្សធ្លាប់ស្រមៃគិត។
បើកគម្រប ចូលទៅកាន់កាប៊ីន ហើយក្លាយជាតួអង្គឯកក្នុងរឿងគំនូរជីវចល។ ម្យ៉ាងវិញទៀត មនុស្សយន្តថែមទាំងមានបំពាក់អាវុធ។ ជាការពិតណាស់ នោះគ្រាន់តែជាអាវុធបំពាក់ប៉ុណ្ណោះ មិនអាចបង្ករបួសនោះទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា KURATAS មិនមែនជាផលិតផលដែលបង្កើតឡើងដោយសាជីវកម្មធំនោះទេ។ វាត្រូវបានបង្កើតឡើងដោយអ្នកដែលចូលចិត្ត anime មនុស្សយន្ត រហូតដល់ថ្នាក់ចង់ឲ្យក្តីស្រមៃក្លាយជាការពិត។ អ្វីដែលពួកគេចង់បានមិនមែនជាការអនុវត្តជាក់ស្តែងនោះទេ ប៉ុន្តែគ្រាន់តែចង់សម្រេចបំណងប្រាថ្នារបស់បុរសៗប៉ុណ្ណោះ។
ប្រសិនបើមិននិយាយពីភាពជាក់ស្តែង ជាងនេះទៅទៅទៀតគឺក្តីស្រមៃ។ ហើយតាមរយៈនោះ យើងអាចមើលឃើញពីក្តីស្រឡាញ់ចំពោះបច្ចេកវិទ្យាដែលមានលក្ខណៈបែបជប៉ុន។
អាចនិយាយបានថា ឧស្សាហកម្មមនុស្សយន្តជប៉ុនកំពុងដើរតាមទិសដៅពិសេសដោយឡែកដោយផ្តោតលើការអនុវត្តប្រកបដោយសន្តិភាព និងសម្រេចនូវអ្វីដែលមនុស្សធ្លាប់ស្រមៃ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ឧស្សាហកម្មមនុស្សយន្តជប៉ុនថែមទាំងបានបោះបង់ចោលការបង្កើតមនុស្សយន្តដើរជើងពីរ ដែលតែងតែប្រឈមមុខនឹងដែនកំណត់ជាច្រើន។
ដូច្នេះតើជំហានបន្ទាប់នឹងទៅជាយ៉ាងណា? តើនោះជាយន្តការរួមបញ្ចូលគ្នា ឬបំប្លែងខ្លួន?
ជប៉ុនហាក់បីដូចជាមិនដែលបោះបង់ចោលមនុស្សយន្តឡើយ។ គ្រាន់តែពួកគេកំពុងដើរលើផ្លូវផ្សេងប៉ុណ្ណោះ។
ខណៈពេលដែលសហរដ្ឋអាមេរិក និងចិនកំពុងខិតខំប្រឹងប្រែងបង្កើតម៉ាស៊ីនដែលកាន់តែមានលក្ខណៈដូចមនុស្ស – រឹងមាំជាងមុន ឆ្លាតជាងមុន និងមានសមត្ថភាពបំពេញភារកិច្ចកាន់តែស្មុគស្មាញឡើង – ជប៉ុនបែរជាកំពុងស្វែងរកអ្វីមួយផ្សេង។ ជាមនុស្សយន្តដែលធ្វើឲ្យមនុស្សស្រលាញ់ចូលចិត្ត ចង់នៅជាមួយ ឬគ្រាន់តែចង់ធ្វើឲ្យក្តីស្រមៃកាលពីកុមារភាពក្លាយជាការពិត។
តើភាពខុសគ្នាទាំងនេះនឹងនាំទៅរកលទ្ធផលយ៉ាងណាចំពោះឧស្សាហកម្មមនុស្សយន្ត? ចូរយើងរង់ចាំមើលទាំងអស់គ្នា។
Abe Kengo



