ប្រែពីរបស់ដែលគ្មាន​តម្លៃ​ក្លាយ​ជា​អ្វី​មួយ​ដែល​ពិសេស – រចនាប័ទ្ម​អាជីវកម្ម​របស់​ជប៉ុន

ប្រែពីរបស់ដែលគ្មានតម្លៃក្លាយជាអ្វីមួយដែលពិសេស – រចនាប័ទ្ម​អាជីវកម្ម​របស់​ជប៉ុន។

បង្កើតប្រាក់ចេញពីអ្វីៗដែលហាក់បីដូចជាមិនអាចលក់បាន។

ប្រហែលនេះជាគំរូអាជីវកម្មដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេសរបស់ប្រទេសជប៉ុន – ជាប្រទេសមួយដែល​មាន​ធម្មជាតិ​មិន​អំណោយ​ផល។

ហើយប្រហែលជា ក្នុងនោះនឹងមានការផ្តួចផ្តើមគំនិត ដែលជួយឲ្យប្រិយមិត្តអាចរកឃើញគំនិតថ្មី​សម្រាប់​ឳកាស​អាជីវកម្ម​របស់​ខ្លួន។

ប្រើប្រាស់អ្វីៗដែលមានស្រាប់ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើប្រេងឆៅ

នៅពេលដែលមនុស្សកាន់តែរស់នៅ និងអភិវឌ្ឍ បរិមាណកាកសំណល់កាន់តែច្រើនឡើង។ ប្រឈម​នឹងបញ្ហានេះ នៅប្រទេសជប៉ុនមានគំរូអាជីវកម្មជាច្រើនបានផ្លាស់ប្តូរអ្វីៗដែលហាក់បី​ដូចជាគ្មានប្រយោជន៍ក្លាយជាប្រភពវត្ថុធាតុដើម និងថែមទាំងបានបង្កើតប្រាក់ចំណេញទៀត​ផង។

ឧទាហរណ៍មួយក្នុងចំណោមនោះគឺបច្ចេកវិទ្យាដែលទាញយកអត្ថប្រយោជន៍ពីវត្ថុធាតុដើមផ្សេងទៀត ដើម្បី​កាត់​បន្ថយបរិមាណប្រេងឆៅដែលបានប្រើប្រាស់។

ប្រទេសជប៉ុនមិនមានប្រភពប្រេងក្នុងស្រុកច្រើននោះទេ ហើយត្រូវពឹងផ្អែកទាំងស្រុងលើការនាំចូល។ ក្នុងប្រវត្តិសាស្ត្រ បញ្ហាធនធានថែមទាំងធ្លាប់ក្លាយជាកត្តាសំខាន់មួយដែលបណ្តាលឲ្យជប៉ុនចូលរួមង្គ្រាមលោកលើកទី​ពីរ នៅ​ពេល​ដែល​បណ្តា​ប្រទេសលោកខាងលិចបិទច្រក និងរឹត​ត្បិត​ប្រភព​ធន​ធាន​ចំពោះ​ជប៉ុន។

ដោយសារតែស្ថានភាពនោះ ការប្រើប្រាស់អ្វីដែលមានស្រាប់ក្នុងប្រទេស និងកាត់បន្ថយការពឹងផ្អែកលើប្រេងបានក្លាយជាទិសដៅដែលជប៉ុនផ្តោតសំខាន់។ រហូតមកដល់សព្វថ្ងៃនេះ មានគំរូអាជីវកម្ម​ជា​ច្រើនត្រូវ​បាន​បង្កើត​ចេញ​ពី​ផ្នត់​គំនិត​នេះ។

វត្ថុធាតុដើមដែលលែងប្រើប្រាស់បាន ឬគ្មានតម្លៃសុទ្ធតែអាចប្រើឡើងវិញដើម្បីបង្កើតសម្ភារៈថ្មី ដូច្នេះអាចកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅ។ វិធីសាស្រ្តដ៏គួរឲ្យកត់សម្គាល់មួយក្នុងចំណោមនោះ​គឺ​ប្រើប្រាស់អង្ករធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតប្លាស្ទិក។

ប្លាស្ទិកធម្មតាត្រូវបានផលិតចេញពីវត្ថុធាតុដើមដែលមានប្រភពមកពីប្រេងឆៅ។ ដូច្នេះហើយ ប្រសិនបើអាចជំនួសវត្ថុធាតុដើមគីមីឥន្ធនៈមួយផ្នែកដោយប្រភពផ្សេងទៀត បរិមាណប្រេងឆៅដែលប្រើប្រាស់ក៏នឹងត្រូវបានកាត់បន្ថយផងដែរ។

ដោយផ្អែកលើគំនិតនោះ អង្ករ – ជាវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងប្រទេសជប៉ុន – ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ផលិត​វត្ថុ​ធាតុ​ដើម​ជំនួសប្លាស្ទិកធម្មតា។ ផលិតផលដូចជាថង់ បំពង់បឺត ឬឧបករណ៍បរិភោគអាហារអាចប្រើប្រាស់វត្ថុធាតុដើមនេះ ក្នុងនោះអង្ករមានចំនួនរហូតដល់ ៧០% នៃ​សមាស​ធាតុ​វត្ថុ​ធាតុ​ដើម។

ចំណុចដែលគួរឲ្យកត់សម្គាល់ត្រង់ថា ប្រភពអង្ករទាំងនេះអាចជាប្រភេទអង្ករដែលត្រូវបានរក្សាទុកយូរមកហើយ ដែលធ្វើឲ្យគុណភាព និងរសជាតិធ្លាក់ចុះ មិនមានតម្លៃលក់ដូចជាអាហារនោះទេ។ មិនត្រឹមតែមិនបោះចោល វាត្រូវបានគេប្រើធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតផលផ្សេងទៀត។

អាចនិយាយម្យ៉ាងទៀតថា របស់ដែលបាត់បង់តម្លៃនៅលើតុអាហារ បែរជាអាចបង្កើតតម្លៃខាងផ្នែក​មួយ​ផ្សេង​ទៀត។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ការប្រើប្រាស់​វត្ថុធាតុដើមជំនួសបែបនេះ​ក៏​រួមចំណែក​ដល់​ការ​កាត់បន្ថយ​បរិមាណ​ប្រេងឆៅដែលចាំបាច់សម្រាប់ដំណើរការផលិតប្លាស្ទិកផង​ដែរ។

នេះជា​ឧទាហរណ៍​ដ៏លេចធ្លោ​មួយនៃ​ផ្នត់គំនិត​​ប្រែក្លាយ​របស់​ដែល​ហាក់បីដូចជា​គ្មាន​តម្លៃ​ក្លាយជា​ប្រភព​ធន​ធាន​ថ្មី។

មិនត្រឹមតែអង្ករប៉ុណ្ណោះទេ វត្ថុធាតុដើមដែលមានប្រភពមកពីរុក្ខជាតិផ្សេងទៀត ក៏កំពុងត្រូវបាន​ប្រើ​សម្រាប់​ជំនួស​ប្រភព​ប្រេង​ឆៅ​មួយ​ផ្នែក​ផងដែរ។

នៅខេត្ត Shizuoka – ជាតំបន់ដែលល្បីខាងតែរបស់ជប៉ុន – អាជីវកម្ម BANDAI កំពុងស្រាវជ្រាវផលិតផលប្លាស្ទិកដែលប្រើស្លឹកតែធ្វើជាវត្ថុធាតុដើម។ ជាទូទៅស្លឹកតែដែលប្រើប្រាស់រួចច្រើនតែត្រូវបោះចោល ឥឡូវនេះត្រូវបានដាក់បញ្ចូលក្នុងដំណើរការផលិត ដើម្បីបង្កើតទៅជាតម្លៃមួយថ្មី។

ឧទាហរណ៍មួយទៀតគឺទឹកថ្នាំដែលផលិតពីសណ្តែកសៀង។ ទឹកថ្នាំប្រភេទនេះត្រូវបានប្រើប្រាស់នៅក្នុងផលិតផលជាច្រើន ដូចជាការវេចខ្ចប់បាយពូតដែលមានលក់នៅម៉ាតលក់ទំនិញ។ នៅ​លើ​ផលិត​ផល​ដែល​ប្រើទឹកថ្នាំនេះ ច្រើនតែមើលឃើញពាក្យថា “SOY INK ។

ពីអង្ករ ស្លឹកតែ រហូតដល់សណ្តែកសៀង ប្រជាជនជប៉ុនកំពុងស្វែងរកវិធីប្រើប្រាស់វត្ថុធាតុដើមដែលអាចរកបានយ៉ាងងាយក្នុងជីវិតប្រចាំថ្ងៃដើម្បីបង្កើតផលិតផលថ្មី។ របស់ដែលធ្លាប់ត្រូវបានចាត់​ទុក​ជា​កាក​សំណល់​អាច​ក្លាយជាវត្ថុធាតុដើម រ​បស់ដែលហាក់បីដូចជាគ្មានតម្លៃបែរជាទទួលបាន​តម្លៃ​មួយ​ថ្មី។

ហើយនោះក៏ជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តដែលជប៉ុនស្វែងរកដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឆៅ និងកាត់បន្ថយការពឹងផ្អែកលើធនធានដែលនាំចូលពីខាងក្រៅ។

ប្រែស្លឹកឈើជ្រុះនៅលើភ្នំទៅជាប្រាក់

នៅពេលដែលរដូវស្លឹកឈើជ្រុះមកដល់ ដើមឈើលើភ្នំនៅប្រទេសជប៉ុនប្រែទៅជាពណ៌លឿង ក្រហម ដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាត។ ប៉ុន្តែសម្រាប់អ្នកស្រុក ពេលខ្លះស្លឹកឈើជ្រុះច្រើន​អាច​ជា​ការ​រំខាន​យ៉ាង​ខ្លាំង។

ហើយក៏មានអ្នកដែលប្រែក្លាយការរំខានទាំងនេះទៅជាឳកាសអាជីវកម្ម។

ពួកគេជ្រើសរើសស្លឹកឈើដែលស្អាតក្នុងចំណោមស្លឹកឈើដែលជ្រុះនៅក្នុងព្រៃ បន្ទាប់មកដឹកជញ្ជូន​ទៅ​កាន់​ទីក្រុង។ នៅទីនោះ ស្លឹកឈើទាំងនេះត្រូវបានគេប្រើសម្រាប់តុបតែងម្ហូបអាហារ ដែល​ធ្វើ​ឲ្យ​ម្ហូប​កាន់​តែ​ទាក់ទាញ។

ភាគច្រើនកសិករជប៉ុនមិនមានការងារច្រើនបន្ទាប់ពីរដូវប្រមូលផលបានបញ្ចប់នោះទេ។ ហើយរដូវ​ស្លឹក​ឈើ​ជ្រុះក៏ស្របនឹងរយៈពេលដែលទំនេរនោះ។

ដោយមិនបានចាត់ទុកស្លឹក​ឈើ​ជ្រុះ​ជា​កាកសំណល់នោះទេ ពួកគេ​ប្រើ​ពេល​ទំនេរ​ដើម្បី​ប្រែក្លាយរបស់ដែលទុកចោលទៅជាប្រភពចំណូល។

ទីផ្សារនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ ២៦០ លានយ៉េន ដែលបានក្លាយជាវិស័យអាជីវកម្មមិនតូចនោះទេ។

ប្រែពីទេសភាពធម្មតាទៅជាប្រាក់

តំបន់រមណីយដ្ឋានជិះស្គីនៅ Hokkaido តែងតែមានមនុស្សច្រើនកុះករនៅរដូវរងា។ ប៉ុន្មានឆ្នាំថ្មីៗនេះ កន្លែងនេះថែមទាំងបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេស​ចរណ៍​បរទេស​ទៀត​ផង។

ទោះជាយ៉ាងណា នៅពេលដែលរដូវក្តៅមកដល់ រមណីយដ្ឋានទាំងនេះប្រែជាស្ងាត់ជ្រងំ ដែលបង្ហាញ​ពី​ទិដ្ឋភាព​ខុស​គ្នា​ទាំង​ស្រុង។ ព្រោះថា ដើមឡើយ ទីនេះត្រូវបានសាងសង់ឡើងសម្រាប់សកម្មភាព​ជិះ​ស្គី ដូច្នេះ​នៅ​រដូវក្តៅ ស្ទើរតែគ្មានកត្តាណាមួយអាចទាក់ទាញភ្ញៀវទេសចរណ៍នោះទេ។

អ្វីដែលនៅសល់ក្នុងរដូវក្តៅមានតែទេសភាពធម្មជាតិដ៏ធំទូលាយប៉ុណ្ណោះ។

យ៉ាងណាមិញ ទោះបីជាមិនមានភ្ញៀវប្រើប្រាស់ក៏ដោយ ប្រព័ន្ធកន្ត្រកខ្សែកាបដែលបម្រើសេវាកម្មជិះ​ស្គី​នៅ​តែ​ត្រូវ​ចំណាយ​ប្រាក់​ពិនិត្យ​មើល​ជា​ប្រចាំ។

ប្រឈមមុខនឹងស្ថានភាពនោះ បុគ្គលិកម្នាក់ដែលធ្វើការនៅទីនេះបានបង្កើតគំនិតប្រែក្លាយទេស​ភាព​នេះ​ទៅ​ជា​ប្រាក់។

ពពក​ដែល​រាយប៉ាយ​នៅ​ខាងក្រោមជើង​ភ្នំ​ត្រូវ​បាន​ជនជាតិ​ជប៉ុន​ហៅ​ថា “unkai” (雲海) – តាម​ន័យ​ត្រង់​មាន​ន័យ​ថា “សមុទ្រ​​ពពក” ។

នេះ​ជា​ទិដ្ឋភាព​មួយ​ដែល​កម្រ​ឃើញ​នៅ​ក្នុង​ទីក្រុង​ដ៏​មមាញឹក។ ជាពិសេស សមុទ្រ​ពពក​​ស្រស់​ស្អាតបំផុត​នៅ​រដូវក្ដៅ នៅពេលដែលព្រៃភ្នំគ្រប​ដណ្ដប់​ដោយ​ពណ៌​បៃតង​ខៀវស្រងាត់។ ភាព​ផ្ទុយ​គ្នា​រវាង​​ពណ៌​​បៃតង​​របស់​ដើម​ឈើ និង​ពណ៌​សរបស់​សមុទ្រ​ពពក​បង្កើត​បាន​ជា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត។

សម្រាប់​អ្នក​ស្រុក​ នោះ​គ្រាន់​តែ​ជា​ទិដ្ឋភាព​ធម្មតាប្រចាំថ្ងៃប៉ុណ្ណោះ គ្មានអ្វីចម្លែកនោះទេ។ ប៉ុន្តែ​សម្រាប់​អ្នក​រស់នៅ​ក្នុង​ទីក្រុង នោះជាទិដ្ឋភាពដ៏កម្រមាន និង​ទាក់ទាញ។

ដើម្បីឲ្យមនុស្សជាច្រើនអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនេះ ដំបូងឡើយពួកគេបានចាប់ផ្តើម​ដោយ​ការ​សាងសង់កន្លែងតូចមួយសម្រាប់មើលទេសភាព និងបើកហាងកាហ្វេមួយ។

មិន​ចាំបាច់​វិនិយោគ​ប្រាក់​ច្រើននោះទេ​ ពួកគេ​បាន​សាងសង់​អ្វីៗ​គ្រប់យ៉ាង​ដោយ​ខ្លួនឯង ហើយ​បន្ទាប់​​មក​​បាន​បង្ហោះ​រូបភាព​នៅ​លើ​បណ្តាញសង្គម។

លទ្ធផលទីនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមយ៉ាងឆាប់រហ័ស។

រមណីយដ្ឋានដែលធ្លាប់តែស្ងាត់ជ្រងំនៅរដូវក្ដៅ ឥឡូវនេះអាចបង្កើតប្រាក់ចំណូលជាប់លាប់ពេញមួយឆ្នាំ។

ដើម្បីទៅដល់ហាងកាហ្វេ ភ្ញៀវទេសចរណ៍ត្រូវជិះកន្ត្រកខ្សែកាប។ ដូច្នេះហើយ ប្រព័ន្ធកន្ត្រកខ្សែ​កាប​ដែលពីមុនបម្រើតែអ្នកជិះស្គីនៅរដូវរងា ឥឡូវនេះមានភ្ញៀវប្រើប្រាស់ពេញមួយឆ្នាំ។ ជាការពិត​ណាស់ ប្រាក់ចំណូល និងប្រាក់ចំណេញបានកើនឡើងគួរឲ្យកត់សម្គាល់។

ទោះបីជាធនធានមានកម្រិត ជប៉ុនមិនបានបោះបង់ចោលឡើយ ប៉ុន្តែផ្ទុយទៅវិញ បានបង្កើតគំរូ​អាជីវកម្ម​ថ្មីៗ។

ប្រហែលជាគំនិតទាំងនេះកើតចេញពីបរិស្ថាន និងស្ថានភាព។ ប៉ុន្តែបើក្រឡេកមើលឲ្យកាន់តែទូលំទូលាយ វាក៏ផ្តល់ឲ្យយើងនូវតម្រុយសំខាន់មួយផងដែរ៖ ពេលខ្លះឱកាសអាជីវកម្មមិនមែនស្ថិតលើអ្វីដែលយើងមាននោះទេ ប៉ុន្តែស្ថិតលើរបៀបដែលយើងប្រើប្រាស់អ្វីដែលយើងមាន។

មិនមែនត្រឹមតែកែច្នៃឡើងវិញនោះទេ នោះជាការបង្កើតតម្លៃថ្មីពីរបស់ដែលពីមុនត្រូវបានចាត់ទុកថាគ្មានតម្លៃ។

របស់របរដែលហាក់បីដូចជាត្រូវចោល ទិដ្ឋភាពដែលមើលឃើញរាល់ថ្ងៃ ពេលវេលាហាក់បីដូចជាមិនអាចរកប្រាក់បាន… ទាំងអស់នេះសុទ្ធតែអាចក្លាយជាប្រភពនៃគំរូអាជីវកម្មថ្មី។

ដូច្នេះហើយ សូមក្រឡេកមើលឡើងវិញម្តងទៀត។

​តើរបស់ដែលកំពុងត្រូវបានចាត់ទុក​ជា​សំរាម​នៅ​ក្នុង​ការិយាល័យរបស់ខ្លួនជាអ្វី?

តើរោងចក្ររបស់យើងកំពុងស្ថិតនៅកន្លែងបែបណា?

ប្រហែលជា ក្នុងចំណោមអ្វីដែលប្រិយមិត្តមើលឃើញជារៀងរាល់ថ្ងៃ បែរជាកំពុងបង្កប់ទៅដោយឱកាស​អាជីវកម្ម​ដែល​អ្នក​មិន​ធ្លាប់​ដឹង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: