អាថ៌កំបាំង​នៅ​ពី​ក្រោយ​ពិធី​ហៅ​ព្រលឹង​ដ៏​ល្បី​នៅ​សម័យ Showa

អាថ៌កំបាំងនៅពីក្រោយពិធីហៅព្រលឹងដ៏ល្បីនៅសម័យ Showa ។

ជាច្រើនឆ្នាំមុន នៅប្រទេសជប៉ុនធ្លាប់មានពិធីហៅព្រលឹងដ៏ពេញនិយមក្នុងចំណោមក្មេងៗដែលមាន​អាយុ​ប្រមាណ ១០ ឆ្នាំ។

ល្បែងនោះមានឈ្មោះហៅថា “Kokkuri-san” (こっくりさん) ។

មានពាក្យចចាមអារ៉ាមនិយាយថា នេះជាល្បែងដ៏គ្រោះថ្នាក់បំផុត រហូតដល់ថ្នាក់មានកុមារមួយចំនួន បន្ទាប់​ពី​ហៅ​ព្រលឹង​ត្រូវ​វិញ្ញាណ​ចូល​សណ្ឋិត ប្រែ​ក្លាយ​ជា​ឆ្កួត​មិន​ដឹង​អី។

ដោយសារតែមានលក្ខណៈគ្រោះថ្នាក់ ខ្ញុំមិនអាចចែករំលែករបៀបលេងលម្អិតនោះទេ ប៉ុន្តែខ្ញុំនឹងប្រាប់​អ្នកទាំងអស់គ្នាទាក់ទងនឹង ពិធីហៅព្រលឹងដែលសិស្សសាលាបឋមនៅទូទាំងប្រទេសជប៉ុនតែង​តែ​លេង ហើយ​ក៏​ធ្លាប់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ផង​ដែរ។

“Kokkuri-san” ធ្លាប់ពេញនិយមខ្លាំងនៅតាមសាលាបឋម និងមធ្យមសិក្សាប្រហែលនៅទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៨០ ។ ហើយខ្ញុំក៏ជាក្មេងម្នាក់ក្នុងចំណោម​ក្មេង​ដែល​ធំ​ដឹង​ក្តី​ក្នុង​រឿង​នោះដែរ។

ក្នុងល្បែងនេះអ្វីដែលសំខាន់ត្រឹមក្រដាសមួយសន្លឹក ប៊ិចមួយដើម កាក់ ៥ យ៉េន ឬ ១០ យ៉េន និង​អ្នក​លេង​ចំនួន​ពីរ​នាក់​ឡើង។

របស់ទាំងអស់នេះសុទ្ធតែងាយរកបាន ដូច្នេះសូម្បីតែកុមារក៏អាចរកបានដោយខ្លួនឯង មិនចាំ​បាច់​ពឹង​លើ​មនុស្ស​ធំ​នោះ​ទេ។

“Kokkuri-san” ដែលត្រូវបានកោះហៅអាចរំកិលត្រឹមតែកាក់ប៉ុណ្ណោះ ដូច្នេះគេត្រូវសរសេរតារាងអក្សរ ឬនិមិត្តសញ្ញានៅលើក្រដាសស្រាប់ ដើម្បីឲ្យវិញ្ញាណអាចឆ្លើយតប ហើយចាប់ផ្តើមការសន្ទនា​បាន​យ៉ាង​ងាយ​ស្រួល។

នៅពេលដែល “Kokkuri-san” ត្រូវបានកោះហៅមិនអាចនិយាយបានទេ បានត្រឹមរំកិលកាក់តែប៉ុណ្ណោះ។ ដូច្នេះហើយ ដើម្បីឲ្យវិញ្ញាណអាច​ឆ្លើយ​តប​បាន​យ៉ាង​ងាយ ក្មេងៗ​នឹង​សរសេរ​អក្សរ​នៅ​លើ​ក្រដាស​ស្រាប់ ដើម្បី​ត្រៀម​សម្រាប់​ការ​សន្ទនា។

ជំហានបន្ទាប់គឺដាក់កាក់មួយនៅកន្លែងចាប់ផ្តើមដែលត្រូវបានគូរស្រាប់លើក្រដាស។ អ្នកលេងផ្សេង​ទៀត​ដាក់​ម្រាម​ដៃ​ចង្អុល​របស់​ខ្លួន​នៅ​លើ​កាក់ ហើយ​ចាប់​ផ្តើម​អញ្ជើញ “Kokkuri-san” ឲ្យបង្ហាញ​ខ្លួន។

មិនយូរប៉ុន្មាន កាក់នឹងផ្លាស់ទីដោយស្វ័យប្រវត្តិដើម្បីឆ្លើយតបសំណួរ។

ប្រសិនបើប្រិយមិត្តកំពុងតែមានអារម្មណ៍ថាមិនជឿ ក៏មិនមែនជារឿងដែលពិបាកយល់នោះដែរ។ ជា​ការពិតណាស់​កាក់​បាន​ផ្លាស់​ទី ខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ ព្រោះ​ខ្ញុំ​ធ្លាប់​លេង​ល្បែង​នេះ​ផ្ទាល់កាល​ពី​ក្មេង។

ដោយសារតែមានមនុស្សពីរនាក់លេងជាមួយគ្នា ដូច្នេះដំបូងខ្ញុំក៏សង្ស័យភាគីកំពុងមានចេតនារំកិលកាក់ផងដែរ ប៉ុន្តែភាគីបែរជាសម្លឹងមើលខ្ញុំដោយក្រសែភ្នែកសង្ស័យដូចគ្នា។ ហេតុនេះហើយ ទើប​យើង​ទាំង​ពីរ​នាក់​ដឹង​ថា កាក់កំពុងផ្លាស់ទីដោយខ្លួនឯងពិតមែន។

“Kokkuri-san” អាច​ឆ្លើយសំណួរខុសៗគ្នាជាច្រើន។

ដោយសារតែល្បែងនេះពេញនិយមសម្រាប់ក្មេងស្រី ដូច្នេះសំណួរច្រើនតែទាក់ទងនឹងរឿងស្នេហា ដូចជាមនុស្សប្រុសដែលខ្លួនចូលចិត្តកំពុងស្រលាញ់នរណា។ ហើយក៏អាចសួរឈ្មោះមនុស្សប្រុសដែល​សង្ហា​បំផុត​ក្នុង​ថ្នាក់ ឬអ្នកដែលសង្ហា និងពូកែលេងកីឡា។ ដូច្នេះកាក់បានចង្អុលបង្ហាញពីឈ្មោះ​មួយ​នោះ។

ជាចុងក្រោយ បន្ទាប់ពី “Kokkuri-san” ចាកចេញ គ្រប់គ្នាត្រូវបំផ្លាញក្រដាសនោះដើម្បីបញ្ចប់ល្បែង។ យ៉ាង​ណា​មិញ នោះ​ជា​ពេល​ដែល​បញ្ហា​ចាប់​ផ្តើម​កើត​ឡើង។

អ្នកខ្លះនិយាយថា គ្រាន់តែហែកក្រដាសនោះជាបំណែកដែលបានកំណត់ រួចបោះចូលក្នុងធុងសំរាម​ទៅបានហើយ អ្នកខ្លះទៀតនិយាយថា ត្រូវសួរ “Kokkuri-san” គួរហែកជាប៉ុន្មានបំណែក ចំណែកឯ​អ្នកខ្លះទៀតនិយាយថាត្រូវតែដុតចោល ច្បាប់នៃល្បែងនេះពិតជាមានភាពខុសគ្នាអាស្រ័យ​លើតំបន់នីមួយដែរទេ។ យ៉ាងណាមិញ គ្រាន់តែមានសិស្សថ្មីម្នាក់ទើបផ្លាស់មក ហើយនិយាយ​ថា៖ “អូ! ធ្វើដូច្នេះខុសហើយ។” ក្មេងៗប្រាកដជាភ័យស្លន់ស្លោ ព្រោះមិនដឹងថាត្រូវបញ្ចប់ល្បែង​ដោយ​របៀប​ណា ដែលបណ្តាលឲ្យមានភាពច្របូកច្របល់។

នៅពេលដែលអ្នកស្រែកថា៖

“ស្លាប់ហើយ យើងនឹងត្រូវបណ្តាសាទាំងអស់គ្នា!”

នៅពេលនោះ ក្មេងៗនឹងកាន់តែភ័យស្លន់ស្លោ ហើយច្របូកច្របល់កាន់តែខ្លាំងឡើង។

មានម្តង មិនលេងនៅលើក្រដាសសនោះទេ ក្រុមរបស់ខ្ញុំបានលេងល្បែង Kokkuri-san នៅលើ​ក្តារ​ខៀន​ធំ​របស់​សាលា។

កំពុងតែលេងបានពាក់កណ្តាលផ្លូវ ក្រុមរបស់ខ្ញុំស្រាប់តែគិតភ្លាមថា បន្ទាប់ពីលេងមិនដឹងថាត្រូវ​ធ្វើយ៉ាងណា ព្រោះមិនអាចដុតក្តារខៀនរបស់សាលា ហើយបើចង់ហែកក៏មិនអាចហែកបាន ដូច្នេះ​ពួក​យើង​ចាប់​ផ្តើម​ភ័យ​យ៉ាង​ខ្លាំង។

ប៉ុន្តែសំណាងល្អ ចុងក្រោយ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងត្រូវបណ្តាសាឡើយ។

តាមទស្សនៈវិទ្យាសាស្ត្រ បាតុភូតនេះត្រូវបានពន្យល់ថាដោយសារតែចលនាសាច់ដុំ។

ចំណុចសំខាន់នៃល្បែងស្ថិតលើមានមនុស្សពីរនាក់ចូលរួម។

នៅពេលដែលចលនាសាច់ដុំដោយអចេតនាកើតឡើងចំពោះមនុស្សម្នាក់ មនុស្សម្នាក់ទៀតនឹងភ្ញាក់​ខ្លួន ហើយ​បង្កើត​ឲ្យ​មាន​ចលនា​សាច់​ដុំ​ស្រដៀង​គ្នា​ដោយ​អចេតនា។

ដូច្នេះកាក់រំកិលផ្លាស់ទីទាំងដែលអ្នកទាំងពីរមិនដឹងថា ខ្លួនកំពុងមានឥទ្ធពិលនៅលើនោះឡើយ។

នោះជាអ្វីដែលវិទ្យាសាស្ត្របានពន្យល់ពីបាតុភូតនេះ ប៉ុន្តែការពិតជាអ្វីនៅតែជាអាថ៌កំបាំង។

នៅសម័យនោះ ពាក្យចចាមអារ៉ាមដ៏គួរឲ្យភ័យខ្លាចទាក់ទងនឹងល្បែងនេះត្រូវបានផ្សព្វផ្សាយយ៉ាង​ទូលំ​ទូលាយ។

អ្នកខ្លះនិយាយថា ក្មេងៗដែលលេង Kokkuri-san ត្រូវបណ្តាសា ហើយធ្វើអត្តឃាត។ អ្នកខ្លះទៀតនិយាយ​ថា ក្មេងៗមួយចំនួនឆ្កួតបន្ទាប់ពីលេងល្បែងនេះ។

ហើយអ្វីដែលធ្វើឲ្យរឿងនេះកាន់តែគួរឲ្យខ្លាចថែមទៀតនោះគឺថា សាលារៀនបានហាមឃាត់មិនឲ្យ​លេង​ល្បែង “Kokkuri-san” ។

នៅពេលដែលល្បែងមួយត្រូវមនុស្សធំហាមឃាត់ទាំងស្រុង ក្មេងកាន់តែយល់ថាចម្លែក ហើយកាន់​តែ​ជឿ​លើ​ពាក្យ​ចចាម​អារ៉ាម​ទាំង​នោះ។

ដោយដឹងថា ដំបូងឡើយ ល្បែងនេះមានប្រភពមកពីទម្រង់នៃហៅព្រលឹងនៅអឺរ៉ុបមានឈ្មោះ​ហៅ​ថា Table Turning (ឬហៅថា Table Tipping/ការបង្វិលតុខាងវិញ្ញាណ) ។

ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនៃល្បែងនេះប្រហែលជាមិនមែនស្ថិតលើកាក់ពិតជាត្រូវវិញ្ញាណគ្រប់គ្រង ឬគ្រាន់តែជាចលនាដែលមិនដឹងខ្លួនរបស់មនុស្សនោះទេ។ ព្រោះរហូតមកដល់សព្វថ្ងៃនេះ គ្មាន​នរណាម្នាក់អាចពន្យល់បានពីអារម្មណ៍ចម្លែកដែលកុមារទាំងនោះធ្លាប់ឆ្លងកាត់ នៅពេលដែល​មើល​ឃើញ​កាក់​ផ្លាស់​ទី​ដោយ​ខ្លួន​ឯងឡើយ។

ចុះអ្នកទាំងអស់គ្នាវិញ?

តើអ្នកទាំងអស់គ្នាជឿទេថា Kokkuri-san ពិតជាអាចកោះហៅវិញ្ញាណដែរទេ? ឬគ្រប់យ៉ាងគ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត​របស់​រាង​កាយ និងចិត្តរបស់មនុស្ស?

ប្រសិនបើថ្ងៃណាមួយសាកល្បងដាក់ម្រាមដៃនៅលើកាក់… ហើយ​វា​ស្រាប់​តែ​ធ្វើ​ចលនា តើ​អ្នកហ៊ាន​សួរ​សំណួរ​បន្ត​ទៀត​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: