ភាពខុសគ្នា​រវាង​កម្ពុជា និង​ជប៉ុន​ក្នុង​ការ​អប​អរ​សាទរ​ជ័យ​ជម្នះ

ភាពខុសគ្នារវាងកម្ពុជា និងជប៉ុនក្នុងការអបអរសាទរជ័យជម្នះ។

កីឡាបាល់ទាត់កម្ពុជាប៉ុន្មានឆ្នាំថ្មីៗនេះមានការរីកចម្រើនយ៉ាងច្បាស់។

ប្រជាជនកម្ពុជាតែងតែអបអរសាទរយ៉ាងកុះករ និងសប្បាយរីករាយជាខ្លាំង នៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិប្រកួតឈ្នះក្នុងព្រឹត្តិការណ៍សំខាន់ៗ។ មនុស្សម្នាសប្បាយរីករាយ ស្រែកហ៊ោ ហៅទូរស័ព្ទទៅកាន់មិត្តភក្តិ និងចង់ចែករំលែកអារម្មណ៍មួយនោះជាមួយមនុស្សនៅជុំវិញ។ ប្រហែល​ជា​ភាព​រីករាយនៅពេលដែលមើលឃើញក្រុមជម្រើសជាតិប្រកួតអស់ពីសមត្ថភាព យកឈ្នះ​គូប្រកួត​ដែលមកពីប្រទេសផ្សេងទៀតគឺជាអារម្មណ៍ទូទៅ មិនថានៅទីណាលើពិភពលោកនោះ​ទេ។

ខ្ញុំផ្ទាល់មិនមែនជាអ្នកដែលជំនាញខាងបាត់ទាត់នោះទេ ប៉ុន្តែរាល់ពេលដែលខ្ញុំមើលឃើញក្រុមជម្រើស​ជាតិ​ជប៉ុន ឬកម្ពុជាលើតារាងបាល់ ខ្ញុំពិតជាមានអារម្មណ៍រីករាយ និងមានមោទនភាពយ៉ាង​ខ្លាំង។

ទោះជាយ៉ាងណា អ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំមិនមែនជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជា​ការ​អប​អរ​សាទរ​បន្ទាប់​ពីទទួលបានជ័យជម្នះរបស់ប្រជាជន។

ជាការចែករំលែកភាពរីករាយ ប៉ុន្តែការចែករំលែកភាពរីករាយរបស់កម្ពុជា និងជប៉ុនបែរជាមានភាព​ខុស​គ្នា​ទៅ​វិញ។

ហើយដោយសារតែភាពខុសគ្នាទាំងនោះ យើងអាចមើលឃើញពីលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ប្រទេស​នីមួយៗ។

នៅប្រទេសកម្ពុជា របៀបអបអរសាទរមានភាពសប្បាយរីករាយ។

ហែរក្បួនលើកតម្កើង៖ ប្រជាពលរដ្ឋ យុវជនចេញមកចោមរោមតាមដងផ្លូវ និងស្រែកហ៊ោរកញ្ជ្រៀវ​ដើម្បី​បង្ហាញ​ពី​មោទនភាព។ 

ការបង្ហោះសារនៅលើបណ្តាញសង្គម៖ គណនីហ្វេសប៊ុក និងទីធ្លាអនឡាញពោរពេញដោយសារអប​អរ​សាទរ រូបថត​ក្រុម​ជម្រើស​ជាតិ និង​ការ​គាំទ្រ​យ៉ាង​ផុស​ផុល។

ការជួបជុំទស្សនា និងអបអរ៖ រៀបចំការជួបជុំមើលការប្រកួត និងសម្តែងក្តីរំភើបសប្បាយរីក​រាយ​រួម​គ្នា ព្រមទាំងមានការគោរព និងឲ្យតម្លៃដល់កីឡាករដែលបានខិតខំប្រឹងប្រែង។

នៅប្រទេសជប៉ុន ការប្រារព្ធពិធីអបអរសាទរធ្វើឡើងនៅតំបន់មួយចំនួនប៉ុណ្ណោះ។

ប្រសិនបើមានកន្លែងធំទូលាយត្រូវបានរៀបចំតាមទម្រង់ដូចជា Public Viewing មនុស្សម្នាប្រមូល​ផ្តុំ និងទស្សនាការប្រកួតជាមួយគ្នា អបអរសាទរការប្រកួតនៅទីនោះ។ បើសិនជាមិនមាន​កន្លែងបែបនេះ អ្នកគាំទ្រច្រើនតែទៅភោជនីយដ្ឋាន ហាងលក់អាហារដើម្បីមើលការប្រកួតជា​មួយ​គ្នា។

បន្ទាប់ពីបញ្ចប់ការប្រកួត ទោះបីជាក្នុងចិត្តពោរពេញទៅដោយភាពរីករាយក៏ដោយ មនុស្សគ្រប់គ្នា​នឹង​រក្សា​ភាព​រីក​រាយ​នោះ​ក្នុង​ចិត្ត ហើយត្រឡប់ទៅផ្ទះវិញដោយស្ងៀមស្ងាត់។

នៅថ្ងៃបន្ទាប់ ពួកគេអាចជជែកជាមួយមិត្តភក្តិទាក់ទងនឹងការប្រកួតកាលពីយប់មិញ ប៉ុន្តែអារម្មណ៍​រំភើប​នោះកម្រនឹងប៉ះពាល់ដល់ការងារ ឬការសិក្សារខ្លាំងណាស់។ ហើយភាពរីករាយរបស់ពួក​គេ​កម្រ​នឹងប៉ះពាល់ដល់មនុស្សនៅជុំវិញណាស់។

ប្រហែលជាមានអ្នកនិយាយថា៖

  • “នោះ​ក៏​ព្រោះ​តែ​ក្រៅ​ពី​បាល់ទាត់ ជប៉ុននៅមានកីឡាជាច្រើនទៀត ដូច្នេះពួកគេមិនសូវជារំភើបខ្លាំងព្រោះតែបាល់ទាត់នោះទេ។”

ទោះជាយ៉ាងណា នោះមិនមែនជាអ្វីដែលធ្វើឲ្យមានភាពខុសគ្នានោះទេ។

មូលហេតុចម្បងស្ថិតលើលក្ខណៈវប្បធម៌មូលដ្ឋានរបស់ជប៉ុនគឺ “សប្បាយរីករាយ ប៉ុន្តែមិនបង្កការរំខានដល់អ្នកដទៃ” ។

ចំណុចនេះក៏ស្របនឹងរឿងរ៉ាវដែល JAPO ធ្លាប់បានចែករំលែកពីមុនទាក់ទងនឹងរឿង បន្ទាប់ពីមើលបាល់ទាត់នៅពហុកីឡដ្ឋាន ប្រជាជនជប៉ុននាំគ្នាសម្អាតកន្លែងអង្គុយមើល រួចទើបចាកចេញ។

ជាមួយនឹងទស្សនៈ៖

“មិនបង្កការរំខានដល់អ្នកដទៃ

ដឹងគុណចំពោះមនុស្សនៅជុំវិញ។”

ប្រជាជនជប៉ុនក៏បង្ហាញពីភាពរីករាយអស់ពីចិត្តផងដែរ ប៉ុន្តែដោយសារមានគំនិតទាំងនោះជាមូលដ្ឋាន ដូច្នេះទើបភាពរីករាយមិនប្រែជាចលាចល បង្កបញ្ហាដល់សហគមន៍នោះទេ។

កាលពីជាង ៦០ ឆ្នាំមុន ប្រទេសជប៉ុនមិនមានជីវភាពគ្រប់គ្រាន់សម្រាប់គ្រួសារនីមួយៗទិញទូរទស្សន៍​នោះ​ទេ។ នៅសម័យនោះ ទូរទស្សន៍គឺជារបស់ប្រណីតដែលមានតែក្នុងគ្រួសារអ្នកមានប៉ុណ្ណោះ។

ក្នុងបរិបទនោះ ហាងលក់ឧបករណ៍អគ្គិសនីនៅតាមដងផ្លូវបានដើរតួនាទីយ៉ាងសំខាន់។

នៅពេលនោះ មិនទាន់មានផ្សារទំនើបលក់គ្រឿងអេឡិចត្រូនិចទ្រង់ទ្រាយធំដូចសព្វថ្ងៃនេះទេ។ ភាគច្រើនជាហាងតូចៗដែលដំណើរការលក្ខណៈឯកជនប៉ុណ្ណោះ។ ជាទូទៅហាងទាំងនោះមានដាក់តាំងទូរទស្សន៍ ហើយទូរទស្សន៍ដែលប្រើសម្រាប់ដាក់តាំងបានក្លាយជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍។

គេ​និយាយ​ថា រាល់ពេលដែលមានការប្រកួតចំបាប់​អាជីព – ជាកីឡាដែលពេញនិយមខ្លាំងនាពេលនោះ – មនុស្សម្នាប្រមូលផ្តុំគ្នានៅមុខហាងដើម្បី​ទស្សនា​ជាមួយ​គ្នា។

ក្នុងចំណោមនោះ ថែមទាំងមានអ្នកខ្លះយកស្រាមកចែករំលែកជាមួយមនុស្សនៅជុំវិញទៀត​ផង។

សម្រាប់ម្ចាស់ហាងលក់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទាំងនោះ តែងតែបើកទូរទស្សន៍ឲ្យមនុស្សគ្រប់គ្នា​មើល នៅពេលដែលក្នុងផ្ទះមានគ្រឿងអេឡិចត្រូនិចខូច ប្រជាជនប្រាកដជារកពួកគេដើម្បីសួរ​នាំ ជួសជុល។ ខ្ញុំគិតថា រឿងនេះក៏បានរួមចំណែក​ដល់ការភ្ជាប់ទំនាក់ទំនង និងជម្រុញដល់អាជីវកម្ម​របស់​ពួក​គេ​ជា​មួយ​សហគមន៍​ផង​ដែរ។

មិនត្រឹមតែប៉ុណ្ណឹង នៅពេលនោះក៏មានគ្រួសារអ្នកមានមួយចំនួនធំព្រមបើកទ្វារឲ្យមនុស្សគ្រប់គ្នា​​មក​​មើល​​ទូរទស្សន៍។ ម្តាយ​របស់​ខ្ញុំ​បាន​និយាយ​ថា កាល​ពី​តូច គាត់ និង​ក្មេងៗ​ដទៃ​ទៀត​តែង​តែ​ជួប​ជុំគ្នានៅផ្ទះរបស់អ្នកមានម្នាក់​នៅ​ក្បែរ​នោះ ដើម្បី​មើល​ទូរទស្សន៍​ជា​មួយគ្នា។

គ្រួសារម្ចាស់ផ្ទះព្រោះតែគិតថា ក្មេងៗប្រាកដជាកំពុងឃ្លាន ថែមទាំងបានរៀបចំបាយសម្រាប់មនុស្ស​គ្រប់​គ្នា​ទៀត​ផង។

ពិតជាចិត្តល្អខ្លាំងណាស់។

ការដែលចង់ចែករំលែកភាពរីករាយ អារម្មណ៍រំភើប និងរឿងដ៏អស្ចារ្យក្នុងជីវិតជាមួយមនុស្សគ្រប់គ្នាជារឿងដែលល្អខ្លាំងណាស់។

ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ថា ក្នុងចំណោមចំណុចដែលធ្វើឲ្យដងផ្លូវនៅជប៉ុនមានភាពសោះកក្រោះ ភាព​ឯកា​គឺជាឱកាសសម្រាប់មនុស្សម្នាចែករំលែកភាពសប្បាយរីករាយជាមួយគ្នា។

យ៉ាងណាមិញ ការចែករំលែកភាពរីករាយ និងការបង្កបញ្ហាដល់អ្នកដទៃ គឺជារឿងពីរផ្សេងគ្នា។

ខ្ញុំពិតជាមិនចង់ឲ្យជប៉ុនក្លាយជាសង្គមមួយដែលសោះកក្រោះ និងឯកោបែបនេះទេ។ ហើយខ្ញុំក៏មិន​គាំទ្រចំពោះការបង្ហាញពីភាពរីករាយដែលបង្កសំឡេងរំខាន និងបញ្ហារអាក់រអួលដល់មនុស្សនៅ​ជុំវិញ​នោះ​ដែរ។

ខ្ញុំសង្ឃឹមថា យើងអាចរួមគ្នាកសាងសង្គមមួយដែលមិនមានភាពសោះកក្រោះ ហើយក៏មិនចលា​ចល​ពេកដែរ។ ជាកន្លែងដែលមនុស្សអាចរីករាយ និងចែករំលែកអារម្មណ៍រំភើបជាមួយគ្នាដោយមិន​រំខាន​អ្នក​ដទៃ។

ខ្ញុំជឿជាក់ថា ក្រុមជម្រើសជាតិកម្ពុជានឹងមានឳកាសចូលប្រកួត World Cup ។ ហើយបើទោះ​បីជា​ខ្ញុំ​មិន​មែន​ជា​ពល​រដ្ឋ​កម្ពុជា​ក៏​ដោយ ខ្ញុំ​នឹង​តែង​តែ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ក្រុម​ជម្រើស​ជាតិកម្ពុជា​ជា​និច្ច។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: