បទប្បញ្ញត្តិសម្ងាត់នៅទីសក្ការៈបូជាស៊ីនតូដែលមិនប្រាកដថាជនជាតិជប៉ុនដឹងនោះទេ

បទប្បញ្ញត្តិសម្ងាត់នៅទីសក្ការៈបូជាស៊ីនតូដែលមិនប្រាកដថាជនជាតិជប៉ុនដឹងនោះទេ។

តើប្រិយមិត្តធ្លាប់ចូលទៅកាន់ទីសក្ការៈបូជាស៊ីនតូនៅប្រទេសជប៉ុន ហើយមានអារម្មណ៍ថាអស្ចារ្យដោយ​​សារ​​តែ​​ភាព​អាថ៌កំបាំង​របស់​​ប្រាសាទ ថែម​​ទាំង​​ស្រឡាំង​កាំង​មិន​ដឹង​ថា​ខ្លួន​គួរទៅណា ធ្វើយ៉ាងណាដែរទេ។

ស៊ីនតូ (Shinto) គឺជាសាសនាជនជាតិដើមដ៏ពិសេសដោយឡែករបស់ជប៉ុន។ ទីសក្ការៈបូជាគឺជាការបង្ហាញយ៉ាងច្បាស់បំផុតនៃស្មារតីរបស់សាសនានេះ។ សព្វថ្ងៃនេះ ទីសក្ការៈបូជាទាំងនេះបានក្លាយជាគោលដៅខាងព្រលឹងវិញ្ញាណ ដែលទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនមកបួង​សួង​សុំ​សំណាង និង​បញ្ចូល​ថាមពល​វិជ្ជមាន​ឡើង​វិញ។

ទោះជាយ៉ាងណា បទប្បញ្ញត្តិសម្រាប់ធ្វើពិធីនៅទីសក្ការៈបូជាបែរជាស្មុគស្មាញ និងមិនច្បាស់លាស់​។ ដូច្នេះ​ហើយ ក្នុងខ្លឹមសារអត្តបទនៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញពីចំណេះដឹងត្រឹមត្រូវមួយចំនួនដែលទាក់​ទង​ជា​មួយ​ទីសក្ការៈ​បូជា​ស៊ីនតូ ដែលសូម្បីតែអ្នកស្រុកក៏ប្រហែលជាមិនដឹងច្បាស់នោះដែរ។

ជាដំបូង ចូរកំណត់ថាខ្លួនចង់ទៅជួបអាទិទេពមួយអង្គណា។

ក្នុងសាសនាស៊ីនតូ ពិភពនៃវិញ្ញាណមិនមែនមានអាទិទេពតែមួយអង្គនោះទេ។ មានអាទិទេពជាច្រើន ហើយអាទិទេពនីមួយៗមាន “ជំនាញ” ដាច់​ដោយ​ឡែក​ពី​គ្នា។ អាចនិយាយបានថា អាទិទេព​នីមួយៗ​ប្រទាន​ពរ​ខុសៗ​គ្នា។

ដូច្នេះហើយ មុន​នឹង​ទៅ ចំណុចដែលសំខាន់បំផុតគឺយើងត្រូវ​កំណត់​គោលបំណង​របស់​ខ្លួន ដើម្បីជ្រើសរើសទីសក្ការៈបូជាដែលសមស្រប។

និយាយអញ្ជឹងខ្ញុំសូមចែករំលែកបន្ថែមផងដែរថា ក្នុងភាសាជប៉ុន ដើម្បីរាប់ចំនួនអាទិទេព ប្រជាជន​ជប៉ុន​ប្រើ​ការ​រាប់​ថា “សសរ” – 柱 (hashira) ។

ដូច្នេះ “អាទិទេពមួយអង្គ” គឺ “សសរមួយ” 一柱 (hitohashira) ។

ក្នុងភាសាជប៉ុន អាស្រ័យលើបុគ្គលនឹងប្រើចំនួនពាក្យខុសៗគ្នា។

ឧទាហរណ៍ដូចជា “មនុស្សម្នាក់” គឺ “មួយអ្នក” – 一人 “សៀវភៅមួយក្បាល” គឺ “មួយសៀវភៅ” – 一冊 ។ ចំណែកឯអាទិទេពមិនមែនមនុស្សនោះទេ ដូច្នេះចំនួនពាក្យដែលប្រើសម្រាប់រាប់អាទិទេព​គឺ “សសរ” (柱) .

លើកនេះ ខ្ញុំសូមលើកឧទាហរណ៍មួយចំនួន ប្រសិនបើអ្នកទាំងអស់គ្នាទៅលេងប្រទេសជប៉ុន យ៉ាង​ហោច​ណាស់​ក៏​អាច​ជ្រើស​រើស​ទីសក្ការៈបូជា​ដែលស័ក្តិសមនឹងគោលបំណងរបស់ខ្លួនផងដែរ។

ប្រសិនបើផ្សងរកគូស្នេហ៍ នៅពេលដែលនិយាយពីប្រាសាទដែលល្បីបំផុតនៅជប៉ុនទាក់ទងនឹងរឿងគូស្រករ មិនអាចមិនរំលឹកដល់ Izumo Taisha (出雲大社) នៅខេត្ត Shimane នោះទេ។

ហើយ​ប្រសិន​បើនៅទីក្រុង​តូក្យូគឺមាន Tokyo Daijingu (東京大神宮) ។

ប្រាសាទទាំងពីរនេះគោរពបូជាអាទិទេពខុសគ្នា ប៉ុន្តែប្រសិនបើពន្យល់លម្អិតពេករឿងនឹងកាន់​តែ​ស្មុគ​ស្មាញ​ថែម​ទៀត ដូច្នេះលើកនេះខ្ញុំសូមអនុញ្ញាតមិននិយាយលម្អិតបញ្ហានេះនោះទេ។

ជាក់ស្តែង មនុស្សជាច្រើន សូម្បីតែប្រជាជនជប៉ុនតែងតែគិតថា៖ “ទៅប្រាសាទណាក៏ដូចគ្នាដែរ ចង់បានអ្វីនៅកន្លែងណាក៏មាន” ។ ប៉ុន្តែតាមពិតទៅ គំនិតនេះមិនខុសអ្វីពីចូលហាងលក់ត្រី​ទិញ​បន្លែ​នោះ​ទេ។

បន្ទាប់មកគឺរបៀបថ្វាយបង្គំ

ត្រង់ច្រកចូលប្រាសាទសុទ្ធតែមានទ្វារធំដែលជាទូទៅធ្វើពីឈើ ឬថ្ម ហៅថា Torii (鳥居) មិន​មែន​គ្រាន់តែជាទ្វារប៉ុណ្ណោះទេ ទីនេះថែមទាំងជាព្រំដែនរវាងមនុស្សលោក កន្លែងដែលយើងកំពុង​រស់​នៅ និង​ពិភព​ដ៏​ពិសិដ្ឋ​ដែល​អាទិទេព​គង់​នៅ។

បន្ទាប់ពីឆ្លងកាត់ច្រកទ្វារ Torii នៅចំពោះមុខគឺជាផ្លូវនាំទៅដល់សាលធំ ជាកន្លែងដែលគោរពថ្វាយបង្គំអាទិទេព។

នៅពេលនេះ សូមចាប់អារម្មណ៍ជាពិសេស៖

នៅចំកណ្តាលផ្លូវនោះ គឺជាផ្លូវទុកសម្រាប់អាទិទេព។

ព្រោះតែជាមនុស្ស យើងត្រូវដើរអែបសងខាងផ្លូវ។ ខាងស្តាំ ឬខាងឆ្វេងមួយណាក៏បាន។

មុនពេលឆ្លងកាត់ច្រកទ្វារ Torii សូមឈប់មួយដង ឱនក្បាល និងទុកឲ្យចិត្តស្ងប់ ទើបដើរចូលកន្លែង​ពិសិដ្ឋ។

ប្រសិនបើដើរខាងស្តាំ ចូរបោះជំហានដំបូងដោយជើងស្តាំ។

ប្រសិនបើដើរខាងឆ្វេង ចូរបោះជំហានដំបូងដោយជើងឆ្វេង។

នៅពេលដែលដើរចូលកន្លែងពិសិដ្ឋ ចូរកាត់បន្ថយការសន្ទនាដែលមិនចាំបាច់ ហើយរក្សាចិត្តរបស់​ខ្លួន​ឲ្យស្ងប់។

បន្ទាប់ពីដើរចូលខាងក្នុង សូមរកមើលកន្លែងដែលមានទឹកហូរ ហៅថា Temizuya (手水舎) ។ នៅ​ទីនេះ​មានបោយសម្រាប់ដងទឹកហៅថា Hishaku (柄杓) ។

ចូរកាន់បោយដោយដៃស្តាំ ដួសទឹក និងលាងសម្អាតដៃឆ្វេង។ បន្ទាប់មកប្តូរដៃ កាន់បោយដោយ​ដៃ​ខាង​ឆ្វេង ហើយ​លាង​ដៃ​ខាង​ស្តាំ។

ជាចុងក្រោយ សូមដាក់បញ្ឈរបោយ ដើម្បីឲ្យទឹកដែលនៅសល់ហូរចុះមក លាងសម្អាតកន្លែងដែលប្រើសម្រាប់កាន់ បន្ទាប់មកដាក់បោយត្រឡប់ទៅកន្លែងដើមវិញ។

មនុស្សមួយចំនួននឹងដាក់ទឹកចូលមាត់ក្នុងពេលនេះ ប៉ុន្តែសូមចាំថា នេះជាកន្លែងសម្រាប់​លាង​សម្អាត​ដៃ មិនមែនកន្លែងផឹកទឹកនោះទេ។ ដូច្នេះហើយ សូមកុំដាក់ទឹកចូលមាត់មិន​ថា​ផឹក ឬខ្ពុរមាត់នោះទេ។

បន្ទាប់ពីទៅដល់សាលធំរបស់ប្រាសាទ ហើយក៏ជាពេលដែលយើងឈរនៅចំពោះមុខអាទិទេពដើម្បី​បង្ហាញ​ពី​ចិត្ត​ស្មោះ។

ប្រសិនបើនៅកន្លែងនោះមានជួងចងជាប់នឹងខ្សែ សូមបន្លឺជួងថ្នមៗ។ បន្ទាប់មក ដាក់ប្រាក់បរិច្ចាគ​ចូលទៅក្នុងប្រអប់បរិច្ចាគនៅចំពោះមុខ។ ឈរត្រង់ ហើយឱនក្បាលគោរពពីរដង។

បន្ទាប់មកទៀត លើកដៃទាំងពីរឡើងត្រឹមដើមទ្រូង ហើយទះដៃពីរដង។ បន្ទាប់មក ដាក់​ដៃ​ប្រណំ​សំពះ ហើយ​បួង​សួង​ទៅ​កាន់​អាទិទេព។

ជាចុងក្រោយ សូមឱនក្បាលដោយការគោរពម្តងទៀតដើម្បីបញ្ចប់។

បន្ទាប់ពីបញ្ចប់ការបួងសួង សូមបែរត្រឡប់ទៅកាន់ច្រកទ្វារ Torii ហើយដើរចេញទៅទីនោះ។

ចូរចងចាំថា កុំដើរចូលផ្លូវទុកសម្រាប់អាទិទេពនៅចំកណ្តាល។

នៅពេលដែលត្រៀមដើរឆ្លងកាត់ច្រកទ្វារ Torii ចូរឈប់បន្តិច។ ងាកទៅមើលទីសក្ការៈបូជា ហើយ​ឱន​ក្បាលជាលើកចុងក្រោយដើម្បីបង្ហាញការគោរពចំពោះអាទិទេព។ បន្ទាប់មកទើបដើរឆ្លង​កាត់ Torii ហើយចាកចេញពី​កន្លែង​ពិសិដ្ឋ។

ដូច្នេះ ពិធីចូលទៅកាន់ទីសក្ការៈបូជាបាន​បញ្ចប់។

ហើយឥឡូវនេះ នេះជាចំណុចដែលសំខាន់បំផុតដែលខ្ញុំចង់បង្ហាញតាមរយៈខ្លឹមសារអត្តបទនៅថ្ងៃនេះ។

សម្រាប់ជនជាតិជប៉ុនរបស់យើងខ្ញុំ នៅពេលដែលទៅកាន់ទីសក្ការៈបូជាស៊ីនតូ គោលបំណងមិន​មែន​បួងសួងសុំអាទិទេពរឿងនេះរឿងនោះឡើយ ប៉ុន្តែដើម្បីបង្ហាញពីការដឹងគុណ ឬបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន។

ការដែលបួងសួងសុំពរជ័យ ទ្រព្យសម្បត្តិ ឬគូស្នេហាជាដើម។ មិនមែនជាចរិតលក្ខណៈពិតនៃការដែល​ទៅ​កាន់​ទីសក្ការៈបូជា​នោះ​ទេ។

ទន្ទឹមនឹងនោះ ចំណុចមួយផ្សេងទៀតដែលមនុស្សជាច្រើនតែងតែឆ្ងល់គឺចំនួនទឹកប្រាក់ដែលគួរដាក់​ក្នុង​ប្រអប់បរិច្ចាគ។

នៅពេលដែលសួរប្រជាជនជប៉ុនគួរដាក់ប្រាក់ប៉ុន្មាន មនុស្សមួយចំនួននិយាយថាគួរដាក់កាក់ ៥ យ៉េន ព្រោះ​វា​មាន​អត្តន័យ​សំណាង​ល្អ។

ប៉ុន្តែខ្ញុំផ្ទាល់យល់ឃើញថា ទស្សនៈនេះមានចំណុចផ្ទុយគ្នាមួយចំនួន។

ក្នុងជីវិតប្រចាំថ្ងៃ នៅពេលដែលយើងចង់បង្ហាញការដឹងគុណចំពោះនរណាម្នាក់ យើងហ៊ានចំណាយ​ប្រាក់ដើម្បីអញ្ជើញពួកគេទៅបរិភោគអាហារថ្លៃៗ ឬពេលខ្លះហ៊ានចំណាយប្រាក់ទិញរបស់ទំនើប។ ប៉ុន្តែ​សម្រាប់​អាទិទេព បែរ​ជា​ថ្វាយ​ត្រឹម​តែ៥ យ៉េន​ទៅ​វិញ???

ដូច្នេះដូចជាមិនមានការគោរពចំពោះអាទិទេពមែនទេ?

ការដែលដាក់ប្រាក់បរិច្ចាគប៉ុន្មានអាស្រ័យលើមនុស្សម្នាក់ៗ។

ដោយផ្ទាល់ខ្ញុំតែងតែព្យាយាមបរិច្ចាគយ៉ាងហោចណាស់ ១.០០០ យ៉េន។ ទោះបីជា ខ្ញុំពិតជាចង់បរិច្ចាគ​ក្រដាស​ប្រាក់ ១០.០០០ យ៉េន គួរ​ឲ្យ​ស្តាយ​លទ្ធភាព​មិន​អនុញ្ញាត។

មិនមានការកំណត់ ឬបង្ខំណាមួយនោះទេ ចំនួនទឹកប្រាក់ដែលបរិច្ចាគអាស្រ័យលើបុគ្គលម្នាក់​ៗ។ ប៉ុន្តែ​ខ្ញុំយល់​ឃើញ​ថា យើងម្នាក់ៗគួរតែសួរខ្លួនឯងថាយើងពិតជាដឹងគុណចំពោះអាទិទេព​ដែរទេ? ហើយបរិច្ចាគប្រាក់ដែលខ្លួនគិតថាសមនឹងការដឹងគុណនោះ។

បន្ទាប់ពីបានយល់ពីចំណេះដឹងទាំងអស់ខាងលើ ឥឡូវនេះ ប្រិយមិត្តអាចចូលទៅកាន់ទីសក្ការៈបូជាស៊ីនតូដោយទំនុកចិត្តជាមួយនឹងការយល់ដឹងដែលសូម្បីតែប្រជាជនជប៉ុនជាច្រើនក៏មិនធ្លាប់យកចិត្តទុកដាក់ដែរ។

សូមចងចាំថា រឿងសំខាន់បំផុតនៅពេលដែលទៅគោរពបូជានៅប្រាសាទ មិនមែនស្ថិតលើការ​ចង​ចាំពិធីបានប៉ុន្មាននោះទេ ប៉ុន្តែស្ថិត​លើ​ចិត្ត​ស្មោះ។

ការឱនគោរព ការបង្ហាញការដឹងគុណដោយស្មោះ ឬបំណងប្រាថ្នាដ៏ស្មោះចេញពីចិត្ត គ្រប់យ៉ាងសុទ្ធ​តែ​មានតម្លៃនៅពេលដែលត្រូវបានថ្វាយឡើងដោយចិត្តស្មោះ។

ហើយប្រសិនបើថ្ងៃណាមួយអ្នកមានឱកាសទៅកាន់ទីសក្ការៈជាមួយជនជាតិជប៉ុន សូមកុំភ្លេច​ចែក​រំលែក​អ្វី​ដែល​អ្នក​បាន​ដឹង។ ប្រហែល​ជា​អ្នក​ដែល​នាំ​ផ្លូវ​ចូល​ទៅ​កាន់​កន្លែង​ពិសិដ្ឋ​គឺ​ជា​អ្នកទៅ​វិញ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: