តើរដ្ឋាភិបាល​ជប៉ុន​ជា​សត្រូវ​របស់ game, manga និង anime ជប៉ុន​មែន​ទេ?

តើរដ្ឋាភិបាលជប៉ុនជាសត្រូវរបស់ game, manga និង anime ជប៉ុនមែនទេ?

ក្នុងចំណោមប្រិយមិត្តទាំងអស់គ្នាប្រាកដជាមានអ្នកចូលចិត្ត game, manga និង anime របស់ជប៉ុន​មែន​ទេ?

ដោយចាប់ផ្តើមពី Doraemon បន្ទាប់មករឿង Detective Conan, Dragon Ball, One Piece ជា​ដើម។ សៀវភៅរឿងគំនូរជីវចល និងរឿងគំនូរជីវចលទាំងនេះត្រូវបានផ្សព្វផ្សាយនៅទូទាំងពិភព​លោក ហើយ​ក៏​មាន​ហ្គេម​វីដេអូ​ជប៉ុន​ជាច្រើនពេញនិយមនៅលើ​ពិភព​លោក​ផង​ដែរ។

ជាមួយនឹងវប្បធម៌ cosplay ដែលត្រូវបានបង្កើតឡើង អាចនិយាយបានថា វិស័យនេះជាផ្នែកមួយ​នៃ​វប្បធម៌​ដែល​តំណាង​ឲ្យ​​ប្រទេស​ជប៉ុន​នា​សម័យ​បច្ចុប្បន្ន។

យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថាសត្រូវដ៏​ធំ​បំផុត​ក្នុង​វិស័យ​នេះ​ធ្លាប់​ជា​រដ្ឋាភិបាល​ជប៉ុន​ដែរទេ?

ក្នុងខ្លឹមសារអត្តបទនេះ យើងខ្ញុំសូមចែករំលែកដល់ប្រិយមិត្តទាំងអស់គ្នាទាក់ទងនឹងចំណុចមួយនៃប្រទេសជប៉ុន។

ប្រហែលជាកាលពី ៤០ ឆ្នាំមុន រដ្ឋាភិបាលជប៉ុនធ្លាប់មានឥរិយាបថសោះអង្កើយចំពោះ manga និង anime ។

នោះជាសម័យកាលមួយដែលមិនថា សាលារៀន រហូតដល់គ្រួសារនីមួយៗគេតែងតែនិយាយថា៖

  • “កុំគិតតែពីអានសៀវភៅរឿងគំនូរជីវចល អាន​ប្រលោមលោក​វិញ​ទៅ!”
  • “មើល anime ច្រើនពេកល្ងង់មនុស្សអស់ហើយ។”

នៅពេលនោះ ម៉ាស៊ីនហ្គេមវីដេអូគ្រួសារត្រូវបានបង្កើតឡើង ដូច្នេះហើយ ទើបម៉ាសុីនហ្គេមវីដេអូត្រូវ​គេ​រើស​អើង​ដូច​ជា manga និង anime ។

ការរើសអើងដូចជា “លេងហ្គេមនឹងធ្វើឲ្យល្ងង់” “លេងហ្គេមនឹងធ្វើឲ្យខូចភ្នែក” ត្រូវបាននិយាយម្តងហើយម្តងទៀត ដែលបន្តអស់រយៈពេលជាង ៣០ ឆ្នាំ។

ដោយមិនខ្វល់ពីស្ថានភាពនោះ អ្នកបង្កើតមាតិការបស់ជប៉ុននៅតែបន្តការងារ និងផ្សព្វផ្សាយផលិតផលដ៏អស្ចារ្យទៅកាន់ពិភពលោក។

ទោះជាយ៉ាងណា ក្នុងចំណោមពួកគេ មនុស្សតែម្នាក់គត់ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋជា​មួយ​នឹង​ពាន​រង្វាន់​កិត្តិយស​ជាតិ (国民栄誉賞) គឺ​លោក​ស្រី Hasegawa Machiko ។

មនុស្សជាច្រើនប្រហែលជាមិនស្គាល់លោកស្រីនោះទេ ប៉ុន្តែលោកស្រីជាអ្នកនិពន្ធសៀវភៅ Sazae-san ។ នេះជាស្នាដៃដ៏ល្បីឈ្មោះនៅជប៉ុន ប៉ុន្តែ​មិន​សូវ​ជា​ល្បី​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។

ទន្ទឹមនឹងនោះ តួអង្គដូចជា Miyazaki Hayao របស់ Studio Ghibli, Toriyama Akira របស់ Dragon Ball, ឬ Fujiko F. Fujio របស់ Doraemon ។

បុគ្គលដែល​​មាន​ទេពកោសល្យ​ទាំងអស់នេះត្រូវបានពិភពលោកទាំងមូលស្គាល់បែរជាមិនធ្លាប់ទទួល​​បាន​ពាន​​រង្វាន់​​កិត្តិយស​​ជាតិ​​ទៅ​វិញ។

នេះបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលជប៉ុនខ្វះការស្វែងយល់ចំពោះ manga និង anime ដល់កម្រិត​ណា។

មិនត្រឹមតែប៉ុណ្ណឹង រដ្ឋាភិបាលថែមទាំងមិនអើពើនឹងស្ថានភាពដ៏លំបាកនៅតាម​ស្ទូឌីយោ​ផលិត​ទៀត​​ផង។

ប្រហែលជាប្រិយមិត្តមិនដឹងនោះទេ ប៉ុន្តែជាក់ស្តែងបច្ចុប្បន្ននេះ ប្រាក់ខែរបស់អ្នកដែលគូរ និងផលិត​រឿង​គំនូរ​ជីវចល​ក្នុង​ស្ទូឌីយោមានកម្រិតទាបគួរឲ្យភ្ញាក់ផ្អើល។

ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់អ្នកដែលកំពុងធ្វើការខាងវិស័យនេះ រដ្ឋាភិបាលជប៉ុនគ្រាន់​តែ​ឆ្លើយតបដោយភាពស្ងៀមស្ងាត់ និង​ការ​ព្រងើយ​កន្តើយ​ប៉ុណ្ណោះ។

ពួកគេមើលងាយវប្បធម៌ដែលកំពុងតំណាងឲ្យប្រទេសជប៉ុននាសម័យទំនើប។ រហូតដល់ថ្នាក់ នៅ​ពេល​ដែលមានឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ណាមួយមានចំណូលចិត្តមើលរឿង anime ប្រព័ន្ធផ្សព្វ​ផ្សាយ​នឹង​កំណត់​មតិសាធារណៈ​ដូច​ជា កំហុសទាំងអស់ដោយសារតែ anime និង game ។

អាចនិយាយបានថា រដ្ឋាភិបាលជប៉ុនជាភាគីដែលតែងតែរារាំង និងកាត់បន្ថយការរីកចម្រើនរបស់​វិស័យ​នេះ។

ដោយឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន manga, anime និង game ជប៉ុននៅតែបន្តពង្រីកខ្លួនលើឆាកអន្តរជាតិ។ ទាំងនោះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកដែលកំពុងធ្វើ​ការ​ក្នុង​វិស័យ​នេះ។

ហើយបន្ទាប់មក នៅពេលដែលពួកគេទទួលបានជោគជ័យ អាកប្បកិរិយារបស់រដ្ឋាភិបាលជប៉ុនបាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង ដោយបានប្រកាសយ៉ាងអស្ចារ្យដូចជា៖

  • “រដ្ឋាភិបាលនឹងឈរនៅពីក្រោយគាំទ្រការច្នៃប្រឌិតរបស់ជប៉ុនទៅកាន់ឆាកអន្តរជាតិ។”

ដោយធ្លាប់តែគាបសង្កត់ និង​រឹត​បណ្តឹង​គ្រប់​យ៉ាង ឥឡូវនេះ​បែរ​ជា​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស។

បច្ចុប្បន្ននេះ ក្នុងចំណោមសមាជិកសភាពិតជាមានអ្នកចូលចិត្ត anime និង game ពិតមែន។ ប៉ុន្តែ​ភាគ​ច្រើន​នៅតែជាអ្នកដែលធ្លាប់​ចាត់​ទុក​វិស័យ​នេះ​ដូច​បន្លា​ក្នុង​ភ្នែក។

ខ្ញុំពិតជាមិនជឿថា អ្នកនយោបាយទាំងនោះមានការយល់ដឹងត្រឹមត្រូវចំពោះវិស័យនេះ ដើម្បីបង្កើតគោលនយោបាយគាំទ្រត្រឹមត្រូវនោះទេ។ ទំនងជាប្រភពប្រាក់វិនិយោគនឹងហូរចូលសាជីវកម្ម​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ស្រាប់​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ដែលមានកេរ្តិ៍ឈ្មោះប្រាកដជាមានសមិទ្ធផល និងបទពិសោធន៍។ ប៉ុន្តែចំណុចល្អ និងភាពទាក់ទាញនៃវិស័យនេះស្ថិតលើ៖ ស្នាដៃដែលល្បីខ្លាំងមិនមែនសុទ្ធតែកើតចេញមកពីក្រុមហ៊ុនដែល​ល្បី​ឈ្មោះ​នោះ​ទេ។

វាដំណើរការដោយផ្អែកលើតក្កវិជ្ជាមួយដែលខុសគ្នាទាំងស្រុងនឹងវិស័យឧស្សាហកម្មផលិតកម្មធម្មតា។

អាចនិយាយម្យ៉ាងទៀតថា សត្រូវ​ដ៏​ធំ​បំផុត​របស់​វិស័យ game, manga និង anime ជប៉ុនឥឡូវ​នេះ​​កំពុង​​ខិត​​ជិត​​មក​​ជិត។ នៅពេលអនាគត តើ​ភាគី​ទាំង​ពីរ​ពិត​ជា​អាច​រួម​កម្លាំង​គ្នាដើម្បីអភិវឌ្ឍ​​ដែរ​ទេ?

តើអ្នកនយោបាយអាចនឹងដឹងពីភាពអស្ចារ្យនៃមាតិកាច្នៃប្រឌិតរបស់ជប៉ុនដែរទេ?

យើងនឹងតាមដាន ហើយពិនិត្យមើលដោយប្រុងប្រយ័ត្នបញ្ហានេះក្នុងខ្លឹមសារអត្តបទបន្ត។

និយាយអញ្ជឹង JAPO មានសំណួរមួយសុំសួរប្រិយមិត្តទាំងអស់គ្នា។

រូបថត cosplay ដែលភ្ជាប់មកជាមួយក្នុងអត្តបទថ្ងៃនេះ តើនរណាខ្លះស្គាល់អ្នកក្នុងរូបថតជាអ្នក​ណា ហើយ​កំពុង cosplay តួអង្គ​អ្វី​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: