សមរភូមិម្ហូបអាហារ៖ ការីទល់នឹងមាន់បំពង karaage
សមរភូមិម្ហូបអាហារ៖ ការីទល់នឹងមាន់បំពង karaage ។
ប្រហែលជាចំណងជើងអត្ថបទនេះអាចបង្កការភ័ន្តច្រឡំ និងចម្ងល់សម្រាប់ប្រិយមិត្តអ្នកអាន។
ដោយមិនទុកឲ្យប្រិយមិត្តចាំយូរនោះទេ ឥឡូវនេះ JAPO សូមអនុញ្ញាតបកស្រាយចម្ងល់។
តាមពិតទៅ នេះជារឿងរ៉ាវនិយាយពីកងកម្លាំងស្វ័យការពាររបស់ជប៉ុន។ ហើយថ្មីៗនេះ ពួកគេកំពុងប្រកួតប្រជែងគ្នាយ៉ាងម៉ឺងម៉ាត់ទាក់ទងនឹងមុខម្ហូបការី និង Karaage (មាន់បំពងបែបជប៉ុន) ។
គ្រប់យ៉ាងចាប់ផ្តើមពីមុខម្ហូបការីរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (កងទ័ពជើងទឹក) ។
ដោយសារតែនាវិកនៅលើនាវាចម្បាំងកណ្តាលមហាសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ដូច្នេះពិបាកនឹងចាំពេលវេលាខ្លាំងណាស់ ហេតុនេះហើយពួកគេមានទម្លាប់បរិភោគបាយការីពេលអាហារថ្ងៃត្រង់រៀងរាល់ថ្ងៃសុក្រដើម្បីកំណត់ដឹងថ្ងៃ។
ប៉ុន្តែមិនមែនចម្អិនឲ្យតែមាននោះទេ នាវានីមួយៗ មូលដ្ឋាននីមួយៗបានខិតខំប្រឹងប្រែងចម្អិនចេញជារសជាតិដោយឡែក។ ដូច្នេះហើយ ទើបការីរបស់កងទ័ពជើងទឹកជប៉ុនកាន់តែល្បី។
នៅពេលដែលមូលដ្ឋាន និងនាវាចម្បាំងបើកឲ្យប្រជាជនចូលទស្សនា មុខម្ហូបការីត្រូវបានលើកឡើង ហើយបានក្លាយជាមុខម្ហូបដែល “ល្បី” ។ ក្រោយមក ថែមទាំងត្រូវបានវេចខ្ចប់ធ្វើជាការីហូបស្រាប់ទៀតផង។
រហូតមកដល់ពេលនេះ មានការីជាច្រើនប្រភេទខុសៗគ្នា ហើយបានក្លាយជាផលិតផលដែលទទួលបានការពេញនិយមយ៉ាងខ្លាំង។
ដោយមើលឃើញពីភាពជោគជ័យនោះ កងកម្លាំងស្វ័យការពារអាកាស (ទ័ពអាកាស) មិនអាចទ្រាំនឹងការច្រណែននោះទេ។
ពួកគេបានប្រកាសថា៖
- “នៅសមុទ្រមានការី នៅទីនេះយើងក៏មានមាន់បំពងដែរ!”
ដូច្នេះកងទ័ពអាកាសក៏បានចាប់ផ្តើមដាក់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ។
រហូតដល់ថ្នាក់ ដើម្បីបង្កើតលក្ខណៈពិសេសលើ “អាកាស” ពួកគេថែមទាំងយកពាក្យ 唐揚げ (karaage – មាន់បំពង) ប្តូរទៅជា 空上げ (soraage) – ដែលមានន័យថា “ហោះលើមេឃ” ដែលសមនឹងកងកម្លាំងស្វ័យការពារអាកាស។
ហើយក៏ដូចជាការបើកយន្តហោះចម្បាំងការពារប្រទេសជាតិដែរ ពួកគេចាប់ផ្តើមឆ្ពោះទៅរកគោលដៅធ្វើឲ្យមាន់បំពងក្នុងផ្ទះបាយរបស់យោធាក្លាយជាមាន់បំពងដែលឆ្ងាញ់បំផុតនៅជប៉ុន។ ជាមួយនឹងស្តង់ដារយ៉ាងម៉ឺងម៉ាត់មិនខុសពីការប្រកួតប្រជែងធ្វើម្ហូបជំនាញនោះទេ។
ដំបូងគ្រាន់តែជាគម្រោងតូចប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មកបានក្លាយជាការប្រកួតប្រជែងទូទាំងប្រទេស ដោយមានការចូលរួមពីមូលដ្ឋានកងទ័ពស្វ័យការពារអាកាសជប៉ុននៅទូទាំងប្រទេស។ ដែលបង្កើតបានជាសម័យកាល “ប្រកួតប្រជែងមាន់បំពង” យ៉ាងក្តៅគគុក។
ខណៈពេលដែលនៅតែបំពេញបេសកកម្មការពារជាតិ ឥឡូវនេះទាហានដែលទទួលបន្ទុកធ្វើម្ហូបបានប្រែក្លាយទៅជាចុងភៅបំពងមាន់យ៉ាងជំនាញ។ ពួកគេស្រាវជ្រាវរូបមន្តប្រឡាក់មាន់ជារៀងរាល់ថ្ងៃ ភ្លក់ម្តងហើយម្តងទៀតដើម្បីបង្កើតបានជារសជាតិដ៏ល្អឥតខ្ចោះ។
លទ្ធផលជំនាញបំពងមាន់នៅតាមមូលដ្ឋាននានាទូទាំងប្រទេសជប៉ុនកើនដល់កម្រិតមួយដែលសូម្បីតែហាងលក់ karaage នៅតាមដងផ្លូវក៏ភ្ញាក់ផ្អើលដែរ។
មិនត្រឹមតែប៉ុណ្ណឹង គេហទំព័ររបស់មូលដ្ឋានកងទ័ពអាកាសថែមទាំងត្រូវ “ដណ្តើម” ព្រោះតែអត្តបទដែលចុះផ្សាយរូបមន្ត karaage ជាសាធារណៈ ដែលធ្វើឲ្យគ្រប់គ្នាស្ទើរតែភ្លេចថា នេះជាអង្គភាពយោធាដែលបំពេញបេសកកម្មអ្វីទៅហើយ។
ទោះបីជាបានខិតខំប្រឹងប្រែងស្រាវជ្រាវ ប៉ុន្តែរូបមន្តដែលត្រូវបានស្រាវជ្រាវដោយប្រាក់ពន្ធរបស់ប្រជាជនមិនត្រូវបានរក្សាទុកជាអាថ៌កំបាំងនោះទេ ប៉ុន្តែត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ដូច្នេះហើយ អង្គភាពដ៏ចម្លែកមួយបានលេចឡើង ទាំងដែលគេហទំព័រផ្លូវការរបស់កងកម្លាំងស្វ័យការពារអាកាសបែរជាលម្អិតរូបមន្តមាន់បំពងជាជាងព័ត៌មានការពារជាតិទៅទៀត។
កងកម្លាំងស្វ័យការពារអាកាសក៏តែងតែរៀបចំព្រឹត្តិការណ៍បើកមូលដ្ឋានឲ្យប្រជាជនចូលទស្សនា។ ប៉ុន្តែហាក់បីដូចជានៅក្នុងព្រឹត្តិការណ៍ទាំងនោះ អ្វីដែលបានក្លាយជាការចាប់អារម្មណ៍មិនមែនជាយន្តហោះចម្បាំងដ៏ខ្លាំងកំពុងហោះហើរនៅលើមេឃនោះទេ ប៉ុន្តែគឺជាមាន់បំពង។
ខណៈពេលដែលការប្រកួតរវាង “ការី និងមានបំពង” កាន់តែក្តៅគគុកឡើង មានកងកម្លាំងមួយហាក់បីដូចជាត្រូវគេបំភ្លេច…
នោះគឺកងកម្លាំងស្វ័យការពារជើងគោក (កងទ័ពដីគោក)។
ខណៈដែលកងទ័ពជើងទឹកមានទាហានប្រមាណ ៤០.០០០ នាក់ កងទ័ពអាកាសមានប្រមាណ ៤៥.០០០ នាក់ ចំណែកឯកងទ័ពជើងគោកមានចំនួនយ៉ាងច្រើនរហូតដល់ទៅ ១៣០.០០០ នាក់។
ជាមួយនឹងកងកម្លាំងច្រើនដូច្នេះ សំណួរសួរថា តើអង្គភាពដែលមានចំនួនច្រើនដូចជាកងទ័ពជើងគោករើសយកមុខម្ហូបអ្វីមកប្រកួតជាមួយការី និងមាន់បំពង?
ជា “គូប្រកួត” មួយរូបដែលបង្ហាញខ្លួនយឺត ប៉ុន្តែមានចំនួនកងកម្លាំងច្រើនយ៉ាងនេះ… យើងរង់ចាំមើលថា តើពួកគេនឹងបញ្ចេញមុខម្ហូបអ្វី?
ទោះជាយ៉ាងណា ជប៉ុនជាប្រទេសដែលមានសន្តិភាព។
ជាការពិតណាស់ ទាហាននៅតែបំពេញកាតព្វកិច្ចការពារមាតុភូមិយ៉ាងយកចិត្តទុកដាក់។
ប៉ុន្តែប្រទេសមួយដែលទាហានអាចបំពេញកាតព្វកិច្ចការពារជាតិផង ហើយប្រកួតប្រជែងគ្នាយ៉ាងសប្បាយរីករាយថា ការី និងមាន់បំពងមួយណាឆ្ងាញ់ជាង? តើនោះជាសន្តិភាពមួយប្រភេទដ៏មានតម្លៃមែនទេ?
Abe Kengo
