មិនបន្ទោស​វាសនា បុរសជនជាតិជប៉ុន​ម្នាក់​ចាប់​ផ្តើម​ជីវិត​របស់ខ្លួន​ឡើង​វិញ

មិនបន្ទោស​វាសនា បុរសជនជាតិជប៉ុនម្នាក់ចាប់ផ្តើមជីវិតរបស់ខ្លួនឡើងវិញ។

ក្នុងជីវិតមានរឿងជាច្រើនរាប់មិនអស់ ហើយនៅពេលដែលប្រឈមមុខនឹងបញ្ហាលំបាក ប្រហែល​ជា​យើងទាំងអស់គ្នាសុទ្ធតែធ្លាប់​មាន​គំនិត​អវិជ្ជមាន។

មនុស្សជាច្រើនមានអារម្មណ៍ថាខ្លួនលំបាកព្រោះតែភាពក្រីក្រ។ មិនមានប្រាក់ទៅសាលារៀន មិន​មានប្រាក់ផ្គត់ផ្គង់ជីវភាព គ្រប់យ៉ាងប្រែជាគ្មានសង្ឃឹម ហើយអ្វីដែលនៅចំពោះមុខមានតែភាព​ខ្មៅ​ងងឹត​ប៉ុណ្ណោះ។

មនុស្សគ្រប់រូបអាចនឹងជួបទុក្ខលំបាកក្នុងជីវិត ប៉ុន្តែនៅពេលដែលរឿងអាក្រក់កើតឡើង មិនថាយើងត្អូញត្អែរយ៉ាងណានោះទេ ស្ថានភាពមិនអាចផ្លាស់ប្តូរបានឡើយ។ ដូច្នេះហើយ សូមកុំបន្ទោសវាសនា។

ផ្ទុយទៅវិញ ដើម្បីជម្រុញទឹកដល់ប្រិយមិត្ត នៅថ្ងៃនេះ ខ្ញុំសូមរៀបរាប់ប្រាប់អ្នកទាំងអស់គ្នារឿងរ៉ាវនិយាយពីតារាទូរទស្សន៍ជប៉ុនម្នាក់ – ជាមនុស្សម្នាក់ដែលបានក្រោកឈរឡើងពីស្ថានភាពលំបាក។

សង្ឃឹមថារឿងរ៉ាវរបស់គាត់អាចផ្តល់កម្លាំងចិត្តដល់អ្នកទាំងអស់គ្នាដើម្បីបន្តដំណើរទៅមុខទៀត។

តួអង្គសំខាន់របស់យើងលើកនេះគឺ Takei So ។

គាត់ជាតួអង្គល្បីឈ្មោះម្នាក់នៅប្រទេសជប៉ុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​កំប្លែង មាន​រាង​កាយរឹងមាំ និងបានហ្វឹកហាត់យ៉ាងច្បាស់​លាស់។

គាត់សម្រេចបានសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីបានបញ្ចប់សាកលវិទ្យាល័យពីរ ធ្លាប់ជា​ជើងឯកទូទាំងប្រទេសជប៉ុនក្នុងវិញ្ញាសាខុសៗគ្នា ១០ ប្រភេទ។ បន្ទាប់​ពី​ការខិតខំប្រឹងប្រែងទាំង​អស់នោះ រហូតដល់គាត់មានអាយុ ៣៩ ឆ្នាំ ទើបគាត់ចូលប្រឡូកវិស័យសិល្បៈជាផ្លូវការ។

ទោះជាយ៉ាងណា មានមនុស្សតិចណាស់ដែលដឹងថា នៅពីក្រោយរូបភាពដ៏ជោគជ័យនោះ គឺជាកុមារភាពដ៏លំបាកបំផុត។

ឪពុកម្តាយរបស់ Takei ជំពាក់បំណុលយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយពួកគាត់បានចាកចេញមិន​ត្រឡប់​មក​ផ្ទះតាំងពីគាត់រៀនថ្នាក់ទីបួន។ ផ្ទះត្រូវគេផ្តាច់ទាំងអគ្គិសនី និងហ្គាស។

ជាស្ថានភាពលើសពីកម្រិតដែលយើងហៅថា “ក្រីក្រ” ធម្មតាទៅទៀត។

យ៉ាងណាមិញ ទោះបីជាស្ថិតនៅក្នុងគ្រាលំបាកនោះក៏ដោយ Takei នៅតែមិនបោះបង់ចោលឡើយ។ គាត់ចាប់ផ្តើមគិតថាខ្លួនអាចធ្វើអ្វីបានដើម្បីរកប្រាក់។

គាត់បានទៅគោះទ្វារផ្ទះនីមួយៗ ហើយនិយាយសុំអង្វរថា៖

  • “ជារៀងរាល់ខែគ្រាន់តែឲ្យខ្ញុំ ៥០០ យ៉េន ខ្ញុំនឹងយកសំរាមទៅចោលឲ្យលោកពូអ្នកមីង។”

នៅប្រទេសជប៉ុន ប្រជាជនត្រូវយកសំរាមទៅកាន់ទីតាំងដែលបានកំណត់ជាក់លាក់ ការ​បែង​ចែក​សំរាមក៏តឹងរ៉ឹងណាស់ដែរ។ ដូច្នេះហើយ នោះជាការងារដែលមនុស្សជាច្រើនយល់ថារំខាន់ ហើយ​មិន​ចង់​ធ្វើ។

ប៉ុន្តែដោយសារតែព្រមទទួលយកការងារដែលអ្នក​ដទៃ​មិន​ចង់ធ្វើ Takei អាចរកប្រាក់ដើម្បីចិញ្ចឹម​ជីវិត​ខ្លួន​ឯង។

សរុបទៅ គាត់រកបាន ៧៥.០០០ យ៉េនក្នុងមួយខែ។ ចំណុចនេះមានន័យថា គាត់ទទួលចាក់សំរាមសម្រាប់ ១៥០ គ្រួសារ។

ដើម្បីទៅដល់ផ្ទះទាំងនោះជារៀងរាល់ថ្ងៃ គាត់តែងតែរត់នៅតាម​ដងផ្លូវ​តាំងពី​ព្រឹក​ព្រលឹម។

មិនត្រឹមតែរកប្រាក់ដោយប្រើកម្លាំងកាយប៉ុណ្ណោះទេ Takei So ថែមទាំងប្រើថាមពលទាំងអស់របស់​ខ្លួន​ដើម្បី​សិក្សា​ទៀត​ផង។

នៅពេលដែល​ឮ​ថាប្រសិនបើទទួលបាននិទ្ទេសល្អ​នាំមុខសាលា មិនចាំបាច់បង់ថ្លៃសិក្សា គាត់បាន​សម្រេច​ចិត្ត​រៀន​អស់​ពី​សមត្ថភាព។

លទ្ធផលមិនត្រឹមតែទទួលបានចំណាត់ថ្នាក់ជាសិស្សពូកែ ហើយទទួលបានថ្លៃសិក្សាប៉ុណ្ណោះទេ គាត់​ថែម​ទាំង​ទទួល​បាន​អាហារូបករណ៍​ផង​ដែរ។

នៅពេលដែលគាត់រៀនវិទ្យាល័យ គាត់បានចាប់ផ្តើមការងារថ្មី។

គាត់បានទៅកាន់ហាងលក់អាហារនីមួយៗក្នុងតំបន់ ដោយចរចាផ្ទាល់ជាមួយម្ចាស់ហាង ដើម្បីទទួលបានការងារសម្អាតបន្ទប់ទឹក ក្នុងតម្លៃ ២.០០០ យ៉េនក្នុងមួយលើក ហើយសន្យាថានឹងបញ្ចប់​ការ​ងារយ៉ាងល្អក្នុងរយៈពេលមួយម៉ោង។

ហើយនេះក៏ជាការងារដែលមនុស្សធម្មតាភាគច្រើនមិនចង់ធ្វើនោះទេ។ ប៉ុន្តែគាត់មិនបានស្ទាក់​ស្ទើរ​ទេ ខំប្រឹងអស់ពីសមត្ថភាព ហើយរកប្រាក់ចំណូលសម្រាប់ចំណាយ​លើ​​ការ​រស់​នៅ​ដោយ​ប្រើ​ដៃរបស់​​ខ្លួន។

បន្ទោសភាពក្រីក្រ ឬស្ថានភាពគ្រួសារក៏មិនអាចផ្លាស់ប្តូរអ្វីបានដែរ។ យំសោកមិនមែនជាដំណោះ​ស្រាយ​នោះ​ទេ ហើយរង់ចាំក៏មិនមាននរណាលើក​ដៃ​មក​ជួយ​យើង​នោះ​ដែរ។

ក្រៅពីបន្ទោសជីវិតដែលប្រៀបបីដូចជាគ្មានសង្ឃឹម បន្ទោស​ឪពុក​ម្តាយ មានកំហឹងចំពោះអ្នកដទៃ ឬ​ច្រណែន​នឹង​ជីវិតរបស់នរណាម្នាក់។ រឿង​តែ​មួយ​គត់​ដែល​ត្រូវ​ធ្វើ​គឺ​ខំប្រឹងអស់​ពី​សមត្ថភាព​​ជា​មួយ​​នឹង​​អ្វី​​ដែល​​ខ្លួន​មាន។

Takei ធ្លាប់បានបន្សល់ទុកសម្រង់សម្តីមួយឃ្លានិយាយថា៖

“ឱកាសមិនមែនជាអ្វីដែលត្រូវបានបែងចែកនោះទេ។

វាជាអ្វីដែលយើងចាប់យកដោយខ្លួនឯង។”

ដោយ​ជឿជាក់​លើ​ហេតុផល ជឿជាក់​លើ​ខ្លួនឯង គាត់បានបន្តឆ្ពោះទៅមុខ យកឈ្នះលើ​បញ្ហាលំបាក​​ជា​​ច្រើន។

ហើយបន្ទាប់មក បុរសម្នាក់ដែលបានក្រោកឈរឡើងពីស្ថានភាពលំបាកបានក្លាយជាសិល្បករល្បីឈ្មោះ។ បន្ទាប់ពីបានក្លាយជាតារានៅលើទូរទស្សន៍ ពេលខ្លះប្រាក់ចំណូលប្រចាំខែខ្ពស់បំផុតរបស់គាត់​ទទួល​បាន​រហូត​ដល់​ទៅ ៥០ លានយ៉េន (ប្រហែលរាប់រយពាន់ដុល្លារអាមេរិក) ។

ពីក្មេងប្រុសម្នាក់ដែលមិនទទួលបានជីវិតដូចអ្នកដទៃ គាត់បានងើបឡើងដល់ចំណុចត្រឹមរយៈពេល​មួយ​ខែ​អាច​រក​ប្រាក់​បាន​ប្រមាណ ១០ ដងនៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ជនជាតិជប៉ុន។

រឿងរ៉ាវនិយាយពី Takei ស្តាប់ទៅមិនគួរឲ្យជឿនោះទេ ប៉ុន្តែជារឿងដែលមានពិត។

ជាការពិតណាស់ដែលថា មានស្ថានភាពខ្លះលំបាកយ៉ាងខ្លាំង ដែលយើងគ្មានជម្រើស។

ប៉ុន្តែមនុស្សដែលអាចទាញយើងចេញពីស្ថានភាពនោះបាន នៅទីបំផុតនៅតែជាខ្លួនឯង។

ប្រហែលជាយើងមិនអាចផ្លាស់ប្តូរជីវិតទាំងមូលនៅថ្ងៃនេះបានឡើយ។ ប៉ុន្តែយើងអាចចាប់ផ្តើមជា​មួយ​នឹង​រឿង​តូច​តាចដែលយើងមានលទ្ធភាពអាចធ្វើបាន។

ដូចជា Takei ចូរយើងខំប្រឹងអស់ពីសមត្ថភាព។

ព្រោះពេលខ្លះ អ្វីដែលនាំមនុស្សម្នាក់ចេញពីភាពអស់សង្ឃឹមទៅកាន់ជីវិតមួយផ្សេងទៀតមិន​មែន​ជា​អព្ភូត​ហេតុ​នោះ​ទេ។ ប៉ុន្តែ​ជា​ការ​តាំង​ចិត្ត​មិន​ចុះ​ចាញ់​នឹង​វាសនា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: