ទឹកចិត្តដ៏ល្អត្រូវបាន​ចែក​រំលែក​នៅលើ​បណ្តាញ​សង្គម និង​ព្យុះ​ដែល​យល់​ពី​ចិត្ត​របស់​មនុស្ស

ទឹកចិត្តដ៏ល្អត្រូវបានចែក​រំលែក​នៅលើ​បណ្តាញ​សង្គម និង​ព្យុះ​ដែល​យល់​ពី​ចិត្ត​របស់​មនុស្ស។

ប្រសិនបើអ្នកបាន និងកំពុងរៀនភាសាជប៉ុន ប្រិយមិត្តប្រហែលជាធ្លាប់បានលឺអំពីរបៀបនិយាយ​ភាសា​ជប៉ុន​ដ៏​ពិសេស​មួយ៖

「空気を読む」

ទោះបីជាត្រូវបានបកប្រែថា “មើលបរិយាកាស” ប៉ុន្តែតាមពិតទៅក្នុងទំនាក់ទំនងជាក់ស្តែង និង​ជីវិត​ប្រចាំ​ថ្ងៃ “空気を読む” មិនមានពាក្យណាមួយប្រហាក់ប្រហែលទាំងស្រុងនោះទេ ប៉ុន្តែត្រូវ​បាន​បកតាម​បរិបទ។

ចំពោះខ្លឹមសារអត្តបទថ្ងៃនេះ យើងអាចយល់បានថា “空気を読む” គឺ “មើលស្ថានភាព” ឬ “មើល​កាលៈ​ទេសៈ” ។

ក្នុងវប្បធម៌ជប៉ុន គេតែងតែមិននិយាយត្រង់ពេកទេ មិនបើកចំហរគំនិតរបស់ខ្លួននោះទេ។ ប៉ុន្តែ​ចំណុចនេះមិនមានន័យថាមនុស្សគ្រប់គ្នាអាចធ្វើអ្វីតាមចិត្ត នរណាចង់ធ្វើអ្វីតាមអំពើចិត្តនោះ​ឡើយ។

ចេះមើលពីបរិយាកាសនៅជុំវិញ ដឹងពីអារម្មណ៍របស់មនុស្សនៅក្បែរខ្លួន បន្ទាប់មកកែតម្រូវសកម្មភាព​របស់​ខ្លួន – នោះជាអត្តន័យនៃពាក្យ “空気を読む” ។

ហើយនៅថ្ងៃនេះ JAPO សូមចែករំលែកដល់ប្រិយមិត្តទាំងអស់គ្នានូវប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍​មួយដែលត្រូវបានអ្នកប្រើបណ្តាញសង្គម​ជជែក​វែក​ញែក​យ៉ាង​ច្រើន​នា​ពេល​ថ្មីៗ​នេះ និយាយ​ពី​ព្យុះ​ដែល​គេ​ចាត់​ទុក​ថា “ចេះ​យល់​ស្ថានភាព” ។

កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ មានរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅតំបន់ Kyushu ដែល​ចំណុច​កណ្តាល​រញ្ជួយដី​នេះ​ស្ថិត​នៅ​ខេត្ត Kumamoto ។

រញ្ជួយដីនេះបានធ្វើឲ្យមនុស្សចំនួន ៣៩ នាក់ស្លាប់បាត់បង់ជីវិត បំផ្លាញផ្ទះចំនួន ៨.៦១១ ខ្នង និង​ថែម​ទាំង​បណ្តាល​ឲ្យ​កើត​មាន​ករណី​ផ្ទុះ​នៅ​ផ្សារ​ទំនើប Aeon ទៀត​ផង។

កាលពីមុន ខេត្ត Kumamoto ធ្លាប់ទទួលរងរញ្ជួយដីផ្សេងមួយទៀតក្នុងឆ្នាំ ២០១៦ ។ បន្ទាប់មក មានជនរងគ្រោះជាច្រើនត្រូវរស់នៅកន្លែងជនភៀសខ្លួន និងលំនៅដ្ឋានបណ្ដោះអាសន្ន។ ហើយឥឡូវនេះ (ខែសីហា ឆ្នាំ ២០២៦) បន្ទាប់ពីរញ្ជួយដីយ៉ាងខ្លាំងបានកើតឡើង មានប្រជាជនជាច្រើន​ត្រូវ​ត្រឡប់ទៅ​រស់​នៅ​កន្លែង​ជន​ភៀស​ខ្លួន​ម្តង​ទៀត។

ក្នុងស្ថានភាពដ៏លំបាកនោះ ប្រទេសជប៉ុនបែរជាកំពុងចូលដល់រដូវទទួលរងព្យុះជាបន្តបន្ទាប់។

Kyushu ជាតំបន់ដែលតែងតែប្រឈមមុខនឹងព្យុះជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណា សម្រាប់អ្នកដែលកំពុងរស់នៅកន្លែងជម្លៀសខ្លួន ក៏ដូចជាអ្នកដែលកំពុងចូលរួមកិច្ចខិតខំប្រឹងប្រែងស្តារឡើង​វិញក្រោយរញ្ជួយដីទាំងថ្ងៃទាំងយប់ ព្យុះថ្មីកើតឡើងនាពេលនេះប្រៀបបីដូចជាគ្រោះមហន្តរាយ​ជា​បន្ត​បន្ទាប់។

អគារដែលខូចខាត កំពុងរង្គោះរង្គើអាចនឹងរលំ ដែលធ្វើឲ្យការខូចខាតកាន់តែធ្ងន់ធ្ងរឡើង។

ក្នុងស្ថានភាពនោះហើយ នៅលើបណ្តាញសង្គមចាប់ផ្តើមលេចឡើងនូវសារបង្ហោះយ៉ាងពិសេស។

ប្រជាជនទូទាំងប្រទេសជប៉ុនប្រណាំងគ្នា “ហៅ” ព្យុះតម្រង់មករកទិសដៅរបស់ខ្លួន គ្រាន់តែដើម្បីកុំឲ្យ​ព្យុះ​ចូល​ទៅ​កាន់​ខេត្ត Kumamoto ។

មនុស្សម្នាក់នៅ Kansai បានសរសេរថា៖

“ព្យុះអើយ សូមកុំចូល Kumamoto ឲ្យសោះ! កុំទៅជិត Kyushu ។ យើងកំពុងរង់ចាំព្យុះមកកាន់ Kansai ។”

មនុស្សម្នាក់នៅ Okinawa បាននិយាយថា៖

“ចូល Okinawa ក៏បានដែរ ឲ្យតែកុំទៅ Kumamoto បានហើយ។”

មនុស្សម្នាក់ទៀតបានសរសេរថា៖

“ព្យុះអើយ ចូល Okinawa ទៅ! នៅទីនេះឆ្នាំណាក៏ព្យុះវាយប្រហារដែរ ពួកយើងស៊ាំហើយ។ ឥឡូវនេះ យើងមានសុទ្ធតែអ្នកជំនាញការពារព្យុះ។”

ប្រជាជននៅតំបន់ Kanto ក៏បាននិយាយផងដែរថា៖

“ទេ មកកាន់ Kanto ទៅ! កុំទៅ Kumamoto ឬ Kyushu ទៀតអី! តំបន់ Kanto របស់ពួកខ្ញុំនឹងបញ្ឈប់ព្យុះ។”

មនុស្សម្នាក់នៅខេត្ត Gifu បានសរសេរថា៖

“ព្យុះអើយ សូមមកកន្លែងរបស់ខ្ញុំ! ភ្លៀងខ្យល់ទុកឲ្យពួកខ្ញុំអ្នករ៉ាប់រង។ សូមបញ្ជូនខ្យល់ត្រជាក់ទៅកាន់ Kumamoto បានហើយ។”

ប្រជាជននៅខេត្ត Shizuoka ៖

“Shizuoka នឹងទទួលរងព្យុះជំនួស។ យ៉ាងណាមិញ ពួកខ្ញុំមានភ្នំហ្វូជីជួយការពារ តោះចូលមក។”

ប្រជាជន Aichi ក៏មិនព្រមចាញ់ឡើយ៖

“ប្រជាជន Aichi របស់យើងបាន ‘ហ្វឹកហាត់’ តាមរយៈភ្លៀងធ្លាក់យ៉ាងខ្លាំងរួចហើយ ដូច្នេះអាច​មក​ទីនេះ​បាន។”

ហេតុនេះហើយ បរិយាកាសចម្លែក ប៉ុន្តែកក់ក្តៅចាប់ផ្តើមត្រូវបានបង្កើតឡើង។ ហាក់បីដូចជាប្រជាជន​ទូទាំង​ប្រទេស​ជប៉ុនកំពុងចែករំលែកចង្វាក់បេះដូង និងឆន្ទៈតែមួយ។

មិនត្រឹមតែប្រជាជនជប៉ុនប៉ុណ្ណោះទេ គំនិតនេះថែមទាំងត្រូវបានផ្សព្វផ្សាយចេញពីព្រំដែនប្រទេស​ជប៉ុន​ទៀត​ផង ដែលបានលេចឡើងនៅតៃវ៉ាន់។

មនុស្សម្នាក់បានសរសេរថា៖

“ដោយឡែកព្យុះមួយនេះ សូមទុកឲ្យពួកខ្ញុំរ៉ាប់រង។ កុំទៅ Kumamoto ឲ្យសោះ! នៅទីនោះមានមិត្ត​ភក្តិ​សំខាន់ៗ​ណាស់​សម្រាប់​ខ្ញុំ។”

មកពីប្រទេសហ្វីលីពីនក៏មានអ្នកនិយាយថា៖

“រឿងនេះដូចជាកើតឡើងច្រើនដងហើយសម្រាប់ពួកខ្ញុំ ដូច្នេះសូមព្យុះមកកាន់ទីនេះទៅ!

មិនអីទេ ផ្ទះអាចនឹងខូចខាត ប៉ុន្តែយើងនឹងសាងសង់ឡើងវិញឆាប់ៗ។”

ដំបូងឡើយ គំនិតនេះប្រហែលជាគ្រាន់តែមានប្រភពមកពីការបង្ហោះលេងរបស់នរណាម្នាក់ប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត បណ្តាញសង្គមជាកន្លែងដែលតែងតែមានការរិះគន់ ការវាយប្រហារ និងបញ្ចេញ​មតិ​​ដែល​​ធ្វើ​​ឲ្យ​​បាក់​ទឹក​ចិត្ត។ ប៉ុន្តែលើកនេះ ការបង្ហោះដ៏កក់ក្តៅទាំងនេះបែរ​ជា​លេច​ឡើង​ជាបន្តបន្ទាប់ ដែលធ្វើឲ្យរឿងនោះប្រែក្លាយជាអស្ចារ្យ។

នៅទូទាំងប្រទេសជប៉ុន ហើយថែមទាំងឆ្លងព្រំដែន ទឹកចិត្តដ៏ល្អរបស់មនុស្សត្រូវបានចែក​រំលែក។

ពេលវេលាដែលហាក់បីដូចជាតូចនៅលើបណ្តាញសង្គម ប៉ុន្តែប្រែក្លាយជារឿងរ៉ាវដែលធ្វើឲ្យមនុស្សយល់​​ពី​អារម្មណ៍​កក់​ក្តៅ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ។

នៅទីបំផុត… តើព្យុះបានទៅដល់ទីណា?

ចម្លើយពិតជាធ្វើយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ព្យុះស្រាប់តែប្រែទិសដៅទាំងស្រុង ហើយវាបានទៅកាន់ខេត្ត Ibaraki ។

ជាទូទៅ ដោយសារតែលក្ខណៈភូមិសាស្ត្រ នៅពេលដែលព្យុះចូលដល់តំបន់នេះ វានឹងចូលដល់ខេត្ត Chiba មុន។ ប៉ុន្តែម្តងនេះ លើកដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ឧតុនិយម ព្យុះ​បាន​ទៅ​ដល់ខេត្ត Ibaraki ។

ចំពោះហេតុការណ៍ដ៏កម្រនេះ ប្រជាជនខេត្ត Ibaraki បានបង្ហោះសារយ៉ាងកំប្លែងថា៖

“ក្នុងពេលដែលយើងបួងសួងទាំងអស់គ្នា សង្ឃឹមថាព្យុះកុំចូល Kumamoto ហើយនៅទីបំផុត លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ឧតុនិយម ខេត្ត Ibaraki បានក្លាយជាកន្លែងដែលទទួលរងព្យុះ។

ប៉ុន្តែយ៉ាងណាមិញ បែបនេះល្អជាងមែនទេ?”

ដើមឡើយ ជាគ្រោះមហន្តរាយធម្មជាតិ មិនមែនជារឿងល្អអ្វីនោះទេ។ គ្មាននរណាម្នាក់ចង់ឲ្យព្យុះវាយ​ប្រហារ​នៅ​កន្លែង​ដែល​ខ្លួន​កំពុងរស់នៅឡើយ។

យ៉ាងណាមិញ នៅក្នុងរឿងនេះ មនុស្សគ្រប់គ្នាបែរជា “ដណ្តើម” ព្យុះឲ្យមករកខ្លួន គ្រាន់តែដើម្បីការពារ Kumamoto ជាកន្លែងដែលកំពុងរងទុក្ខវេទនាដោយសារគ្រោះមហន្តរាយ។

ជាការពិតណាស់ បាតុភូតធម្មជាតិដូចជាព្យុះមិនអាច “មើលដឹងបរិយាកាស” ឬ “មើលទឹកមុខ” មនុស្ស​នោះទេ។ ប៉ុន្តែការប្តូរទិសដៅដ៏ចម្លែករបស់វា ធ្វើឲ្យមនុស្សមិនអាចមិនឆ្ងល់ថា ព្យុះយល់ពីចិត្ត​របស់មនុស្ស។ ភាពចៃដន្យនេះហាក់បីដូចជាអព្ភូតហេតុមួយ។

បច្ចុប្បន្នប្រទេសជប៉ុនកំពុងតែទទួលរងរដូវកាលព្យុះ។

ខ្ញុំសង្ឃឹមថានៅឆ្នាំនេះ មិនមានព្យុះចូល Kumamoto ទៀតឡើយ។

ហើយសំខាន់បំផុត ខ្ញុំសង្ឃឹមថា Kumamoto អាចយកឈ្នះ គ្រាលំបាកទាំងនេះដោយសុវត្ថិភាព និង​ស្តារ​ការ​រស់​នៅ​ឡើង​វិញ។

សូមឲ្យទឹកដីនេះស្តារឡើងវិញឆាប់ៗ។

ហើយសង្ឃឹមថា បណ្តាញនៃក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងទឹកចិត្តសប្បុរសដែលកំពុងផ្សព្វផ្សាយនៅទូទាំងពិភពលោកនឹងបន្តនៅជាមួយ Kumamoto រហូត​ដល់​ថ្ងៃ​ដែល​ទីនេះ​ត្រឡប់ទៅ​រក​សន្តិភាព​វិញ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: