ទម្ងន់​នៃ​ពាក្យ​សន្យា​ដែល​មនុស្ស​ជំនាន់​ក្រោយ​គួរ​ចង​ចាំ​ជា​រៀង​រហូត

ទម្ងន់នៃ​ពាក្យ​សន្យា​ដែល​មនុស្ស​ជំនាន់​ក្រោយ​គួរ​ចង​ចាំ​ជា​រៀង​រហូត។

“ខ្ញុំ​នឹង​រក្សា​ពាក្យ​សន្យា សូមទុកចិត្តចុះ!”

មិនដឹងថាប៉ុន្មានដងនោះទេ មានមនុស្សប៉ុន្មាននាក់ត្រូវបោកបញ្ឆោតដោយពាក្យមួយឃ្លានេះ រហូត​ដល់​ថ្នាក់​រាប់​មិន​អស់។

ប្រាកដណាស់ នោះមិនមែនជាបទពិសោធន៍របស់មនុស្សតែម្នាក់នោះទេ។

ប្រសិនបើនៅជុំវិញខ្លួនមានមនុស្សតែងតែនិយាយថា “ប្រាកដជារក្សាពាក្យសន្យា” ប៉ុន្តែក្រោយ​មក​បែរជា​លេប​ពាក្យ​សន្យាដូចជាមិនធ្លាប់និយាយអ្វីទាំងអស់ សូមរៀបរាប់រឿងនេះប្រាប់ពួក​គេ។

រឿងរ៉ាវនិយាយពីអ្នកចម្បាំងម្នាក់បានលះបង់ជីវិតរបស់ខ្លួនដើម្បីរក្សាពាក្យសន្យាចំពោះសត្រូវ។

នៅឆ្នាំ ១៦០០ ប្រទេសជប៉ុនបានធ្លាក់ក្នុងសង្គ្រាមដែលនឹងកំណត់ថានរណាក្លាយជាអ្នកគ្រប់គ្រង​នៃ​យុគសម័យ​ថ្មី។ ទឹកដីត្រូវបានបែងចែកជាពីរគឺកងទ័ពខាងកើត និងកងទ័ពខាងលិច សង្គ្រាម​កើត​ឡើងគ្រប់ទីកន្លែង បង្ហូរ​ឈាម​ពាស​ពេញ​ទឹក​ដី។

នៅទីបំផុត កងទ័ពខាងកើតទទួលបានជ័យជម្នះ។

ទោះជាយ៉ាងណា នៅលើសមរភូមិនាសម័យនោះ អ្វីដែលក្រុមសាមូរ៉ៃចង់បានមិនមែនគ្រាន់តែជា​ជ័យ​ជម្នះ​នោះ​ទេ។ សមិទ្ធផលដ៏អស្ចារ្យបំផុតគឺកម្ចាត់មេទ័ពដ៏ល្បីឈ្មោះរបស់ភាគីសត្រូវ ហើយ​យកក្បាល​របស់​ពួក​គេមកវិញដើម្បីទទួលរង្វាន់។

សម្រាប់សាមូរ៉ៃ តម្លៃនៃជ័យជម្នះស្ថិតលើក្បាលដែលយកបានក្នុងដៃជារបស់បុគ្គលដែលមានឋានៈ​ខ្ពស់​ដល់​កម្រិត​ណា។

ប៉ុន្មានថ្ងៃចុងក្រោយនៃសមរភូមិ អ្នកចម្បាំងនៃកងទ័ពខាងកើត Todo Takanori កំពុងធ្វើដំណើរតាមជម្រាលភ្នំដើម្បីស្វែងរកកងទ័ពសត្រូវ​ដែល​នៅ​សេស​សល់។ នៅកណ្តាលព្រៃភ្នំ គាត់បាន​ប្រទះ​ឃើញ​សាមូរ៉ៃ​ម្នាក់​នៃ​កង​ទ័ពខាងលិចកំពុងជីកដីយ៉ាងប្រញាប់ប្រញាល់។

មនុស្សម្នាក់នោះគឺ Yuasa Gosuke ជាបុគ្គលដែលល្បីឈ្មោះ។

ដោយគិតថា ប្រសិនបើយកបានក្បាលរបស់មនុស្សម្នាក់នេះត្រឡប់ទៅវិញ ប្រាកដជាសាងគុណសម្បត្តិ​ធំ ភ្លាមៗ​នោះ Takanori បាន​ឆ្ពោះ​ទៅ​ប្រយុទ្ធ។

យ៉ាងណាមិញ ដោយប្រឈមនឹងការប្រយុទ្ធ Gosuke មិនបានដកដាវការពារខ្លួននោះទេ។ គាត់នៅ​តែ​បន្តជីកដីដោយស្ងៀមស្ងាត់ បន្ទាប់​មក​ពោល​ពាក្យ​និយាយ។

  • “សូមរង់ចាំខ្ញុំបន្តិច។

ខ្ញុំកំពុងបញ្ចុះក្បាលរបស់ម្ចាស់របស់ខ្លួន។”

ម្ចាស់របស់ Gosuke គឺជា Otani Yoshitsugu ដែលជាលោកមេទ័ពដ៏ល្បីទូទាំងប្រទេស ល្បីឈ្មោះជា​ជាង Gosuke ទៅ​ទៀត។

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា Yoshitsugu មានជំងឺធ្ងន់ធ្ងរ។ ជំងឺនោះបានបំផ្លាញមុខមាត់របស់គាត់​ស្ទើរ​តែ​ទាំង​ស្រុង មើល​​មិន​ដឹង​ថា​ជា​នរណា​នោះ​ទេ។

Yoshitsugu មិនបានស្លាប់ដោយសារដាវនៅលើសមរភូមិនោះទេ ប៉ុន្តែត្រូវជំងឺឆក់យកជីវិត។ ចំណែកឯ Gosuke គោល​បំណង​ចុង​ក្រោយ​របស់​លោក​គឺ ការពារក្បាលរបស់ម្ចាស់មិនឲ្យអ្នកដទៃមើល​ងាយ។

Gosuke បានបន្តថា៖

  • “សូមកុំប្រាប់កន្លែងនេះដល់នរណាទាំងអស់។

ប្រសិនបើលោកសន្យានឹងខ្ញុំរឿងនេះ… បន្ទាប់ពីការបញ្ចុះសពរួចរាល់ ខ្ញុំសូមថ្វាយក្បាលរបស់ខ្លួន ឲ្យ​លោក​យក​ទៅ​ទទួល​រង្វាន់។”

Takanori ទទួលយកដោយស្ងៀមស្ងាត់។

បន្ទាប់ពី Gosuke បញ្ចុះសពម្ចាស់របស់គាត់រួចរាល់ហើយ ទើប Takanori ដកដាវយកក្បាលរបស់លោក ហើយ​ត្រឡប់​ទៅ​ជំរំ​វិញ។

នៅពេលដែល Takanori យកគុណសម្បត្តិទៅថ្វាយម្ចាស់របស់ខ្លួន គាត់ទទួលបានការសរសើរ។

ទោះជាយ៉ាងណា ម្ចាស់របស់លោកយល់ឃើញថា អ្នកក្រោមបង្គាប់ដែលគួរឲ្យទុកចិត្តដូចជា Gosuke ច្បាស់​ជាដឹងកន្លែងបញ្ចុះក្បាលរបស់ Otani Yoshitsugu នៅទីណា ដូច្នេះបានសាកសួរ Takanori ចំពោះ​ចំណុច​នេះ។

ដោយមិនចង់ក្បត់ពាក្យសន្យាចំពោះអ្នកដែលបានស្លាប់ ហើយក៏មិនអាចមិនស្មោះត្រង់ចំពោះម្ចាស់​របស់ខ្លួនបានដែរ។ រវាងតួនាទីចំពោះម្ចាស់ និងពាក្យសន្យាចំពោះសត្រូវ Takanori បានសម្រេច​ចិត្ត​ប្រឈម​មុខ​ដោយ​ស្មោះ​ត្រង់។

លោកបានឆ្លើយថា៖

  • “សូមលោកមេទ័ពលើកលែងទោស! ខ្ញុំមិនអាចប្រាប់ពីទីកន្លែងបញ្ចុះក្បាលនោះទេ ព្រោះនោះជាអាថ៌កំបាំងដែលខ្ញុំបានសន្យាជាមួយ Gosuke ថានឹងរក្សាសម្ងាត់រហូតដល់ពេលស្លាប់។”

គេនិយាយថា ទោះបីជាទទួលបានការសន្យាថានឹងផ្តល់រង្វាន់យ៉ាងច្រើនសម្រាប់ការបង្ហើបអាថ៌កំបាំង​នោះ ប៉ុន្តែ Takanori នៅតែមិននិយាយសូម្បីតែមួយម៉ាត់។

នៅសម័យនោះ ពិភពលោកដែលសាមូរ៉ៃរស់នៅមិនដូចសព្វថ្ងៃនេះនោះទេ មិនមែនឲ្យតែបំពេញការងារគ្រប់គ្រាន់អាចរកប្រាក់ចិញ្ចឹមជីវិត ដូចដែលយើងទៅធ្វើការ ហើយទទួលបានប្រាក់ខែប្រចាំ​ខែ​នោះ​ទេ។

ប្រាក់រង្វាន់របស់សាមូរ៉ៃត្រូវបានបែងចែកដោយផ្អែកលើគុណសម្បត្តិ។ សាងគុណសម្បត្តិប៉ុន្មាន នឹង​ទទួលបានប្រាក់រង្វាន់ប៉ុណ្ណឹង។ នោះជាមធ្យោបាយតែមួយគត់សម្រាប់ខ្លួន និងក្រុមគ្រួសារ​រស់​រាន​មាន​ជីវិត។

ប៉ុន្តែសម្រាប់ Takanori ពាក្យសន្យាសំខាន់ជាជាងប្រាក់ និងកិត្តិនាមទៅទៀត។

មិនត្រឹមតែប៉ុណ្ណឹង ​ការ​ប្រឆាំង​នឹង​បំណងរបស់​ម្ចាស់មានន័យថា ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​។ ដោយដឹងច្បាស់ពីចំណុចនេះ គាត់​នៅ​តែ​មិន​ញញើត​ឡើយ។

ដើម្បីរក្សាពាក្យសន្យាចំពោះអ្នកដែលបានស្លាប់ ហើយក៏ដើម្បីភាពស្មោះត្រង់ចំពោះម្ចាស់ Takanori បាន​ស្ម័គ្រចិត្តទទួលខុសត្រូវ។ ទោះបីជាការដាក់ទណ្ឌកម្មនោះត្រូវយកជីវិតរបស់ខ្លួនក៏​ដោយ។

ដោយមើលឃើញពីភាពក្លាហានរបស់អ្នកចម្បាំងចាត់ទុកពាក្យសន្យាសំខាន់ជាងជីវិត ម្ចាស់របស់លោក​ពិត​ជា​សរសើរ និងផ្តល់រង្វាន់ឲ្យលោកកាន់​តែ​ច្រើន​ថែម​ទៀត។

លោកមេទ័ពម្នាក់នោះគឺ Tokugawa Ieyasu ជាអ្នកដែលក្រោយមកបានបង្កើត Tokugawa Shogunate ដោយ​នាំមកនូវសន្តិភាពជាងពីររយហុកសិបឆ្នាំនៃសម័យ Edo ។

  • “ខ្ញុំប្រាកដជារក្សាពាក្យសន្យា។”

ជាពាក្យមួយឃ្លាដែលហាក់បីដូចជាសាមញ្ញ ប៉ុន្តែ​សម្រាប់​អ្នក​ចម្បាំង​កាលពីសម័យមុន នោះមិន​មែន​ជា​ការ​និយាយ​លេង​នោះ​ទេ។

នៅពេលដែលបានសន្យា មិនថាភាគីជាសត្រូវ មិនថាទ្រព្យសម្បត្តិ កិត្តិនាម ឬសូម្បីតែដាវកំពុង​រង់​ចាំអ្នក​នោះ​ទេ… មិនត្រូវលេបពាក្យសន្យាឡើយ។

ព្រោះចំពោះពួកគេ នៅពេលដែលពាក្យមួយមាត់ត្រូវបាននិយាយចេញ ប្រៀបដូចជាយកជីវិតរបស់ខ្លួនដាក់ក្នុងនោះ។ 

សព្វថ្ងៃនេះ មនុស្សងាយនឹងនិយាយសន្យាខ្លាំងណាស់ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលពិត​ជា​យល់ពីទម្ងន់នៃពាក្យសន្យាទាំងនោះ?

រក្សាពាក្យសន្យាទាំងដែលគ្មានអ្វីត្រូវបាត់មិនពិបាកនោះទេ។ អ្វីដែលសំខាន់គឺនៅពេលដែលរក្សាពាក្យ​សន្យា​អាច​ធ្វើឲ្យយើងបាត់បង់គ្រប់យ៉ាង យើង​នៅ​តែ​រក្សា​ពាក្យ​សន្យា។

កាលពីសម័យនោះ មានសាមូរ៉ៃម្នាក់បានរក្សាពាក្យសន្យាចំពោះសត្រូវដោយប្រើជីវិតរបស់ខ្លួន។

ចុះយើងទាំងអស់គ្នាវិញ…?

បន្ទាប់ពីបានស្តាប់រឿងនេះហើយ តើ​នឹង​មាន​នរណា​ម្នាក់​នៅ​តែ​ហ៊ាន​និយាយ​ពាក្យ​ទាំង​នោះទៀត​ដែរ​​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: