ហេតុ​អ្វី​បាន​ជា​បុរស​នៅ​សម័យ Edo បែរជា​ទៅ​ផ្ទះ​បន?

ហេតុអ្វីបានជាបុរសនៅសម័យ Edo បែរជាទៅផ្ទះបន?

នៅសម័យកាលដែលមានអ្នកចម្បាំងសាមូរ៉ៃដើរឆ្លងកាត់តាមដងផ្លូវ តំបន់នេះជាផ្នែកមួយនៃទីក្រុង Tokyo ដែលធ្លាប់មានឈ្មោះហៅថា Edo ហើយក៏ជាទីក្រុងដ៏រីកចម្រើនបំផុតនៅលើពិភព​លោក​ផង​ដែរ។

នេះជាតំបន់ដែលមានដង់ស៊ីតេប្រជាជនច្រើន ដែលច្រើនលើសពីទីក្រុងឡុងដ៍ និងប៉ារីសនាសម័យ​​នោះ​​ទៅ​​ទៀត។

ដូច្នេះហើយ ប្រសិនបើហៅ Edo ថាជារាជធានីដ៏អស្ចារ្យបំផុតនៅលើពិភពលោកក៏មិនមែនជាការ​បំផ្លើស​នោះ​ដែរ។

កន្លែងណាមានមនុស្សច្រើន កន្លែងនោះប្រាកដជាមាននិស្ស័យស្នេហ៍។

ទោះជាយ៉ាងណា…

សម្រាប់បុរស Edo គឺជាកន្លែងដ៏ឃោរឃៅបំផុត។ មិនមែនគ្រប់គ្នាសុទ្ធតែអាចរកឃើញគូស្នេហ៍ ហើយ​រៀប​ការ​នោះ​ទេ។

មូលហេតុនៃបញ្ហាស្ថិតនៅលើអតុល្យភាពរវាងបុរស និងស្រ្តីមានភាពខុសគ្នាយ៉ាងខ្លាំង។ ចំនួនបុរស​ច្រើន​ជាង​មនុស្ស​ស្រី​ទ្វេដង។

លើសពីនេះ ចំនួនបុរសវ័យក្មេង – ក្នុងវ័យដែលពួកគេចង់មានទំនាក់ទំនងស្នេហា និងចង់រៀបការ​មាន​ចំនួន​ច្រើន​ពេក – ដែលធ្វើឲ្យបុរសទាំងនោះស្ថិតក្នុងស្ថានភាពមិនអំណោយផល។

មូលហេតុដែលបណ្តាលឲ្យកើតមានអតុល្យភាពបែបនេះដោយសារតែ Edo នាសម័យនោះជាតំបន់​ដែល​មាន​ការ​ងារ​ច្រើន។

បុរសវ័យក្មេងដែលមកពីគ្រប់ទិសទីប្រមូលផ្តុំគ្នាទៅកាន់រាជធានីដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ចំណែកឯ​ស្រ្តី កម្រនឹងចាកចេញពីស្រុកកំណើតទៅរកប្រាក់ចិញ្ចឹមជីវិតខ្លាំងណាស់។

លទ្ធផលចំនួនបុរសដែលមានរាងកាយមាំមួនកាន់តែច្រើនឡើង ដែលបណ្តាលឲ្យអត្រាបុរស និង​ស្រ្តី​ក្នុង​វ័យ​រៀប​ការ​​កាន់​​តែ​​មាន​​​ភាព​ខុស​​គ្នា​​យ៉ាង​​ខ្លាំង។

ទោះបីជាយើងដឹងថា នៅទីណាក៏ដោយតែងតែមានមនុស្សគ្រប់ប្រភេទ យ៉ាងណាមិញ ប្រជាជនសម័យ Edo ល្បីថាមានចរិតឆេវឆាវ និងសម្តីត្រង់។ ទាំងបុរស និងស្ត្រីសុទ្ធតែមានចរិតឆេវឆាវបែប​នេះ។

ប្រហែលជាយុវជនដែលមកពីជនបទលើកដំបូងទៅកាន់ Edo ប្រាកដជាធ្លាប់ភិតភ័យព្រោះតែអត្តចរិត​ឆេវ​ឆាវ និង​កាច​របស់​មនុស្ស​ស្រី​នៅ​រាជ​ធានី។

ក្នុងស្ថានភាពបែបនេះ គោលបំណងចង់ជួប និងរៀបការហាក់បីដូចជាមិនអាចទៅរួចនោះទេ។ ដូច្នេះ​ហើយ បុរសជាច្រើនបានចំណាយប្រាក់រកចៅមហា ដើម្បីរៀបចំការណាត់ជួបគ្នា។

ខណៈដែលមនុស្សប្រុស​អន្ទះ​សារ​ចង់​រក​គូស្នេហ៍ ដើម្បីបង្កើតគ្រួសារ ផ្ទុយទៅវិញ ខាងស្រ្តីបែរជាចំណាយ​ពេល​ជ្រើស​រើស​ដោយ​សន្សឹមៗ​ទៅ​វិញ។

មនុស្សប្រុសច្រើនដូច្នេះ សិទ្ធិសម្រេចប្រាកដជាស្ថិតលើមនុស្សស្រី។ មនុស្សម្នាក់នេះមិនពេញចិត្ត នៅ​មាន​អ្នក​ផ្សេង​ទៀត។

ប៉ុន្តែបុរសមិនមានសំណាងនោះទេ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅពីប្រថុយប្រថានគ្រប់យ៉ាងដើម្បី​ចាប់​យក​ឱកាស​ឡើយ។

ប្រសិនបើមិនចូលចិត្ត ភាគីដែលមិនពេញចិត្តចង់បដិសេធភាគច្រើនជាស្រ្តី។

មនុស្សជាច្រើននៅតែស្រមៃគិតដល់ប្រទេសជប៉ុនកាលពីសម័យមុនជាកន្លែងដែលបុរសងើយក្បាល​​ខ្ពស់ ចំណែកឯ​​មនុស្ស​ស្រី​ជា​អ្នក​ដែល​ឈរ​នៅ​ពី​ក្រោយ លះ​បង់​ដោយ​ស្ងៀម​ស្ងាត់។

ប៉ុន្តែដោយឡែកនៅ Edo…

គ្រប់យ៉ាងហាក់បីដូចជាផ្ទុយទៅវិញ។

ទោះបីជាខំប្រឹងយ៉ាងណាក៏ដោយ នៅតែមិនអាចរកឃើញដៃគូជីវិត មនុស្សប្រុសដ៏គួរឲ្យណិតទាំងនោះត្រូវបង្ខំចិត្តទៅរកផ្ទះបន។

នៅសម័យ Edo ពេលនោះមានផ្ទះបន និងកន្លែងកម្សាន្តគ្រប់ប្រភេទ។ ផ្ទះបនទាំងនេះបានក្លាយ​ជា​ឋាន​សួគ៌​សម្រាប់​បុរសឯកោ​ជា​ច្រើន ជាមនុស្សដែលមិនអាចរកឃើញដៃគូជីវិត។

និយាយពីចរិតរបស់ប្រជាជន Edo ខ្ញុំបែរជានឹកឃើញរឿងចាស់ក្នុងគ្រួសាររបស់ខ្លួន។

ជីដូនខាងម្តាយរបស់ខ្ញុំមានដើមកំណើតជាប្រជាជន Edo ច្រើនជំនាន់ ទោះបីជានៅពេលដែលគាត់​កើត​មក​ តំបន់​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​​ជា​​ទីក្រុង​ Tokyo ក៏​​ដោយ។

ទោះជាយ៉ាងណា ដូចមនុស្សជាច្រើននៅសម័យ Edo ដែរ ចរិតឆេវឆាវ និងសម្តីត្រង់មិនខ្លាចចិត្តរបស់​លោក​យាយ​នៅ​តែ​គួរ​ឲ្យ​ខ្លាច​ដដែល។

កាលនៅរស់ ឪពុករបស់ខ្ញុំធ្លាប់រៀនដើម្បីយកវិញ្ញាបនបត្រផ្នែកធ្វើត្រីក្រពត។

ដោយសារតែត្រីក្រពតមានជាតិពុល ប្រសិនបើចង់ធ្វើត្រីនេះត្រូវមានសញ្ញាបត្រ ដូច្នេះថ្ងៃណាក៏ឪពុក​របស់​ខ្ញុំ​ហាត់​វះ​ត្រី​ជា​រៀង​រាល់​ថ្ងៃ​ដែរ។

នៅពេលនោះ ឪពុករបស់ខ្ញុំជិតបញ្ចប់វគ្គសិក្សាទៅហើយ ជំនាញក៏ស្ទាត់ផងដែរ ហើយថែមទាំងអាច​ធ្វើ​ត្រី​ដោយ​សុវត្ថិភាព។

មានម្តងឪពុកខ្ញុំងាកទៅសួរជីដូនខ្ញុំថា៖

  • “តើម៉ាក់ចង់ភ្លក់ត្រីក្រពតបន្តិចដែរទេ?”

ឪពុកខ្ញុំទើបតែនិយាយចប់ ជីដូនខ្ញុំក៏ស្រែកឡើងថា៖

  • “តើនរណាទៅហ៊ានហូបត្រីដែលធ្វើពីអ្នកដែលមិនទាន់មានសញ្ញាបត្រទៅ?”

ជីដូនរបស់ខ្ញុំបាននិយាយត្រង់ៗបែបនេះ មិនខ្លាចចិត្ត ឬខ្វល់ខ្វាយពីអារម្មណ៍របស់នរណាម្នាក់ឡើយ។

ប្រសិនបើរូបភាពរបស់ស្ត្រីជប៉ុនក្នុងក្រសែភ្នែករបស់ពិភពលោកជាមនុស្សដែលមានភាពទន់​ភ្លន់ ស្លូត​បូត និង​ខ្មាស​អៀន។

ចំណែកឯស្រ្តី Edo ប្រាកដជាផ្ទុយគ្នាទាំងស្រុង។

គ្រាន់តែគិតដល់ការលំបាកដែលបុរសនៅសម័យ Edo ត្រូវស៊ូទ្រាំ អាចនឹងធ្វើឲ្យយើងមានអារម្មណ៍​អាណិត។

តើភាពអត់ធ្មត់​របស់​បុរស​ជប៉ុននាសម័យ​សព្វថ្ងៃ​កើតចេញពីការហ្វឹកហាត់ក្នុងអំឡុងពេលនោះ​មែន​ទេ?

ប្រសិនបើកើតនៅសម័យ Edo ជាកន្លែងដែលពិបាកនឹងរកបានដៃគូជីវិត។ តើអ្នកនឹងធ្វើយ៉ាង​ណា​ដើម្បី​ស្វែង​រក​គូដណ្តឹង?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: