តួអាក្រក់នៅលើសង្វៀន វីរបុរសក្នុងជីវិតពិត
តួអាក្រក់នៅលើសង្វៀន វីរបុរសក្នុងជីវិតពិត។
ក្នុងខ្លឹមសារអត្តបទនៅថ្ងៃនេះ JAPO សូមណែនាំដល់ប្រិយមិត្តអ្នកអានរឿងរ៉ាវនិយាយពីសកម្មភាពដ៏ក្លាហានរបស់តារាសម្តែងម្នាក់ដែលតែងតែដើរតួជាមនុស្សអាក្រក់នៅជប៉ុន ជាសកម្មភាពដែលធ្វើឲ្យមនុស្សគ្រប់គ្នាសុទ្ធតែកោតសរសើរ។
ប្រហែលជាប្រិយមិត្តទាំងអស់គ្នាធ្លាប់បានមើលការសម្តែងចំបាប់អាជីព (Professional Wrestling) មែនទេ?
សម្រាប់ប្រិយមិត្តដែលមិនទាន់ដឹង ចំបាប់អាជីពគឺជាកីឡាដ៏ពិសេសមួយ ខុសពីក្បាច់គុន ឬកីឡាប្រយុទ្ធធម្មតាផ្សេងទៀត។ ការប្រកួតត្រូវបានរៀបចំតាមសាច់រឿង និងសម្តែងដើម្បីនាំមកនូវអារម្មណ៍រំភើបសម្រាប់ទស្សនិកជន។
ក្នុងពិភពនោះ ការយកឈ្នះមិនមែនជាអ្វីៗទាំងអស់នោះទេ។ អ្វីដែលសំខាន់បំផុតគឺធ្វើយ៉ាងណាឲ្យការប្រកួតមានភាពទាក់ទាញតាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញអារម្មណ៍របស់ទស្សនិកជន។ ដូច្នេះហើយ អ្នកចំបាប់ដែលដើរតួជាតួអង្គអាក្រក់ (Heel) តែងតែជាផ្នែកមួយដែលមិនអាចខ្វះបាន។
តួអង្គសំខាន់នៅថ្ងៃនេះគឺ Great-O-Khan គាត់ជាអ្នកចំបាប់តួអាក្រក់មួយរូប ដែលជា “មនុស្សអាក្រក់” ដ៏ល្បីឈ្មោះខាងវិស័យអ្នកចំបាប់ជប៉ុន។
នៅលើសង្វៀន គាត់ល្បីថាមានភាពឃោរឃៅ។ ជាមនុស្សម្នាក់ដែលតែងតែលេងខូចនៅពេលដែលអាជ្ញាកណ្តាលមិនចាប់អារម្មណ៍ ធ្វើទារុណកម្មគូប្រកួតរហូតដល់ទីបញ្ចប់ ដែលធ្វើឲ្យទស្សនិកជនទាំងអស់ភ័យរន្ធត់ព្រោះតែភាពឃោរឃៅរបស់គាត់។
ប៉ុន្តែបន្ទាប់មកទើបគេដឹងថា… នៅពីក្រោយរូបរាងដ៏គួរឲ្យខ្លាចនោះគឺជាវីរបុរសពិតប្រាកដមួយរូប។
នៅថ្ងៃមួយ តាមផ្លូវដែលមានមនុស្សជាច្រើនដើរឆ្លងកាត់ មានក្មេងស្រីម្នាក់ស្រាប់តែត្រូវបុរសស្រវឹងស្រាម្នាក់ចាប់ទាញដៃ។
- “ទៅតាមអញ!”
បុរសម្នាក់នោះស្រែកខ្លាំងៗ ហើយព្យាយាមអូសក្មេងស្រីទៅ។
ភ្លាមៗនោះ Great-O-Khan ដើរឆ្លងកាត់ដោយចៃដន្យ។ នៅលើដៃរបស់គាត់កំពុងកាន់នំផេនខេកដែលទើបនឹងទិញជាកាដូសម្រាប់ខ្លួនឯង។ មានមនុស្សតិចណាស់ដែលដឹងថា តាមពិតទៅ អ្នកចំបាប់ដ៏គួរឲ្យខ្លាចរូបនេះ ជាមនុស្សម្នាក់ដែលចូលចិត្តរបស់ផ្អែម។
នៅពេលដែលក្រសែភ្នែករបស់គាត់មើលឃើញក្មេងស្រីកំពុងស្រែកយំព្រោះតែខ្លាច បុរសម្នាក់ដែលមានកម្ពស់ ១.៨៨ ម៉ែត្រ ទម្ងន់ ១១០ គីឡូក្រាម ដែលមានរហស្សនាមថាអ្នកចំបាប់តួអាក្រក់បំផុតរបស់ជប៉ុន បានសាកសួរដោយសំឡេងដ៏គួរសមបំផុតថា៖
- “អ្នកទាំងពីរជាឪពុកកូនមែនទេ?”
ក្មេងស្រីភ័យរន្ធត់ព្រោះតែខ្លាច ថែមទាំងប្រើកម្លាំងស្រែកយ៉ាងខ្លាំងថា៖
- “មិនមែនទេ!!”
ក្មេងស្រីម្នាក់នោះនិយាយចប់ Great-O-Khan ស្រាប់តែស្ទុះទៅដល់ភ្លាម។
ដៃឆ្វេងរបស់គាត់កាន់យ៉ាងណែនដើម្បីការពារនំផេនខេកដែលខ្លួនចូលចិត្ត ចំណែកឯដៃម្ខាងទៀតចាប់បុរសមាឌធំម្នាក់នោះ។
មិនយូរប៉ុន្មាន ប៉ូលីសបានមកដល់។ យ៉ាងណាមិញ ដោយសារតែរូបរាងដ៏គួរឲ្យខ្លាចរបស់ Great-O-Khan ប៉ូលីសបានយល់ច្រឡំថា គាត់ជាអ្នកបង្កបញ្ហា ដូច្នេះបានស្ទុះទៅចាប់មនុស្សច្រឡំ។ ជាការពិតណាស់ មុខមាត់ដ៏កាចសាហាវយ៉ាងនេះ ពិបាកនឹងបន្ទោសពួកគេណាស់។
ទោះជាយ៉ាងណា នៅទីបំផុតជនល្មើសត្រូវបានចាប់ខ្លួនដោយជោគជ័យ។
ដោយឃើញថាក្មេងស្រីនៅតែភ័យខ្លាច Great-O-Khan ក៏ជូននំផេនខេកដែលខ្លួនចូលចិត្តទៅឲ្យក្មេងស្រីម្នាក់នោះ រួចនិយាយដោយសំឡេងយ៉ាងកក់ក្តៅថា៖
- “ញ៉ាំរបស់ផ្អែមនឹងមានអារម្មណ៍ថាមានសុភមង្គលជាងមុន ប្អូនញ៉ាំទៅ កុំក្រែងចិត្ត!”
ប៉ុន្មានថ្ងៃក្រោយមក នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយសម្ភាសន៍ពីហេតុការណ៍នោះ គាត់គ្រាន់តែនិយាយដោយសុភាពថា៖
- “មនុស្សដែលក្លាហានបំផុតគឺជាក្មេងស្រីម្នាក់នោះ ជាមនុស្សដែលហានស្រែករកជំនួយ។”
ប៉ុន្មានថ្ងៃក្រោយមក គាត់ទទួលបានលិខិតថ្លែងអំណរគុណពីប៉ូលីសចំពោះទង្វើដ៏ក្លាហាន ហើយបានក្លាយជា “វីរបុរសពិត” ក្នុងក្រសែភ្នែករបស់សាធារណជន។
យ៉ាងណាមិញ នៅយប់ដែលគាត់បានទទួលសំបុត្រថ្លែងអំណរគុណ Great-O-Khan បែរជាយកសំបុត្រនោះឡើងសង្វៀន។ គាត់លើកបង្ហាញនៅចំពោះមុខគូប្រកួត ហើយស្រែកគ្រហឹមតាមស្ទីលតួអាក្រក់របស់ខ្លួនថា៖
- “រវាងអញ និងឯង តើអ្នកណាជាសម្ព័ន្ធមិត្តពិតនៃយុត្តិធម៌?”
នៅពេលនោះទស្សនិកជនបានស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។
នៅលើសង្វៀន Great-O-Khan គឺតំណាងឲ្យតួអាក្រក់ដែលឃោរឃៅម្នាក់ ហានធ្វើគ្រប់យ៉ាងដើម្បីឲ្យទស្សនិកជនស្អប់ខ្លួន។ ប៉ុន្តែនៅពេលដែលចុះពីសង្វៀន គាត់បែរជាក្លាយជាមនុស្សម្នាក់ដែលខុសគ្នាទាំងស្រុងចូលចិត្តរបស់ដ៏គួរឲ្យស្រលាញ់ដូចជា anime របស់ផ្អែម និងតែងតែជួយដល់នរណាដែលកំពុងជួបគ្រោះថ្នាក់។
ប្រហែលជា នោះទើបជាព្រំដែនពិតប្រាកដរវាងតួសម្តែង និងបុគ្គលិកលក្ខណៈ។
ទោះបីជារឿងរ៉ាវដ៏ក្លាហាននោះមានមនុស្សជាច្រើនបានដឹងក៏ដោយ Great-O-Khan នៅតែមិនផ្លាស់ប្តូររបៀបសម្តែងរបស់ខ្លួននៅលើសង្វៀន។ គាត់បានបន្តដើរតួជាមនុស្សអាក្រក់ ព្រោះនោះជាការងារដែលគាត់បានជ្រើសរើស។ ដោយសារភាពខុសគ្នារវាងតួអង្គនៅលើសង្វៀន និងបុគ្គលិកលក្ខណៈពិត បានធ្វើឲ្យគាត់ទទួលបានការគោរពកាន់តែច្រើនពីអ្នកគាំទ្រ។
វីរបុរសពិតប្រាកដដែលមិនត្រូវការអាវធំ ហើយក៏មិនត្រូវការពាក្យសរសើរនោះដែរ។ គ្រាន់តែនៅពេលដែលនរណាម្នាក់ជួបគ្រោះថ្នាក់ ពួកគេហានចេញមុខដោយមិនស្ទាក់ស្ទើរ។
មានវីរបុរសមួយចំនួនទទួលបានការកោតសរសើរពីពិភពលោកទាំងមូល។ ហើយក៏មានវីរបុរសមួយចំនួនគ្រាន់តែជួយនរណាម្នាក់ដោយស្ងៀមស្ងាត់ពេលដែលគេកំពុងអស់សង្ឃឹមបំផុតប៉ុណ្ណោះ។ សង្ឃឹមថា យើងទាំងអស់គ្នាអាចក្លាយជាវីរបុរសបែបនេះ ទោះបីជាម្តងក្នុងជីវិតក៏ដោយ។
Abe Kengo
