នៅពេលដែលពណ៌ខ្មៅប្រែជាប្រាក់៖ អាថ៌កំបាំងនៃវត្តពន្លឺប្រាក់
នៅពេលដែលពណ៌ខ្មៅប្រែជាប្រាក់៖ អាថ៌កំបាំងនៃវត្តពន្លឺប្រាក់។
ជាច្រើនជំនាន់មកហើយ នៅកណ្តាលរាជធានីបុរាណ Kyoto មានវត្តចំនួនពីរដែលតែងតែត្រូវបានរំលឹកដល់គឺវត្តពន្លឺមាស ឬគេហៅថាប្រាសាទមាស (Kinkakuji) និងវត្តពន្លឺប្រាក់ ឬគេហៅថាប្រាសាទប្រាក់ (Gingakuji) ។
ប្រសិនបើម្ខាងត្រូវបានស្រោបដោយពណ៌មាសភ្លឺចែងចាំងរហូតដល់ថ្នាក់គ្រាន់តែក្រឡេកមើលមួយភ្លែតប្រាកដជាដឹងថា ហេតុអ្វីបានជាវត្តមានឈ្មោះហៅថា “វត្តមាស” ភ្លាម។ ចំណែកឯម្ខាងទៀតបែរជាស្ងប់ស្ងាត់ព្រោះតែពណ៌ខ្មៅ មិនមានពណ៌ប្រាក់បន្តិចឡើយ។
ហេតុអ្វីបានជាប្រាសាទដែលមានឈ្មោះហៅថា “ប្រាសាទប្រាក់” បែរជាមិនស្រោបប្រាក់ទៅវិញ?
រហូតដល់ឆ្នាំ ២០០៧ ទើបចម្លើយត្រូវបានបង្ហើបឲ្យដឹង។
នៅពីក្រោយពណ៌ខ្មៅដ៏ស្ងប់ស្ងាត់របស់វត្តពន្លឺប្រាក់គឺជាចំណុចកំពូលនៃសោភ័ណភាពជប៉ុន – ជាទស្សនវិជ្ជានិយាយពីសម្រស់ដ៏ជ្រាលជ្រៅដែលសូម្បីតែប្រជាជនជប៉ុនជាច្រើននាពេលសព្វថ្ងៃនេះក៏មិនដឹងនោះដែរ។
វត្តពន្លឺមាសគឺជាសំណង់ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៣៩៧ ។
ដូចដែលឈ្មោះបានបង្ហាញ ជាន់ខាងលើប្រាសាទទាំងមូលត្រូវបានស្រោបដោយសន្លឹកមាសពិត។ បើតាមអត្រាតម្លៃនាពេលបច្ចុប្បន្ន ការសាងសង់សរុបប្រហែលជា ១០ ទៅ ៨០ ពាន់លានយ៉េន។
រហូតដល់ឆ្នាំ ១៤៨២ វត្តពន្លឺប្រាក់ត្រូវបានសាងសង់ឡើង។
ដោយសារវត្តមានដ៏អស្ចារ្យនៃវត្តពន្លឺមាស គ្រប់គ្នាប្រាកដជាគិតថា វត្តពន្លឺប្រាក់ប្រាកដជាត្រូវបានស្រោបដោយស្លឹកប្រាក់ ដូចដែលវត្តពន្លឺមាសធ្លាប់ត្រូវបានស្រោបដោយមាសផងដែរ។
រហូតដល់ថ្នាក់អ្នកខ្លះថែមទាំងជឿថា ស្រទាប់ប្រាក់នោះពិតជាមានមែន ប៉ុន្តែយូរៗទៅបានរបកចេញ ឬត្រូវគេលួច។
ទោះជាយ៉ាងណា ការស្ទង់មតិជាបន្តបន្ទាប់មិនបានរកឃើញដានរបស់ប្រាក់នោះទេ។
មិនត្រឹមតែប៉ុណ្ណឹង លទ្ធផលស្រាវជ្រាវថែមទាំងបានបង្ហាញថា តាំងពីដំបូង មិនធ្លាប់មានគម្រោងស្រោបប្រាក់នៅលើវត្តឡើយ។
ហើយក៏មានទ្រឹស្ដីមួយលើកឡើងថា កាលពីមុនមនុស្សធ្លាប់មានបំណងស្រោបប្រាក់ដើម្បីឲ្យសមនឹងវត្តពន្លឺមាស ប៉ុន្តែដោយសារតែរតនាគារជាតិមានកំណត់ ដូច្នេះត្រូវបោះបង់ចោលគំនិតនេះ។ យ៉ាងណាមិញ ទ្រឹស្ដីនោះត្រូវបានច្រានចោល។
វត្តពន្លឺប្រាក់ទាំងមូលត្រូវបានស្រោបដោយស្រទាប់ម្រក្សណ៍ខ្មុកខ្មៅ ដោយមិនមានពណ៌ប្រាក់បន្តិចឡើយ។
ទោះជាយ៉ាងណា ពណ៌ខ្មៅនោះបែរជាត្រូវបានលោកមេទ័ព Ashikaga Yoshimasa – ដែលជាអ្នកគ្រប់គ្រងដ៏មានអំណាចនាពេលនោះ ហើយក៏ជាអ្នកដែលបានដឹកនាំការសាងសង់ប្រាសាទ – បានបញ្ចូលការគិតគូរពីសោភ័ណភាពក្នុងនោះផងដែរ។
លោកជាអ្នកដែលបានគាំទ្រយ៉ាងមុតមាំចំពោះការអភិវឌ្ឍពិធីតែ ការរៀបចំផ្កា ការគូរគំនូរទឹកថ្នាំ និងសិល្បៈសួនច្បារជប៉ុន។
ក្រោមសម័យកាលរបស់លោក សោភ័ណភាពមួយដែលមានឈ្មោះហៅថា វប្បធម៌ Higashiyama បានឈានដល់កម្រិតកំពូល ដោយក្លាយជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រវប្បធម៌ជប៉ុន។
ប្រសិនបើអ្នកធ្លាប់បានលឺអំពី Wabi-sabi (侘び寂び) – ទស្សនវិជ្ជាមួយដែលសង្កត់ធ្ងន់លើសម្រស់នៃភាពសាមញ្ញ ធម្មជាតិ និងភាពមិនស្ថិតស្ថេរ – ដូច្នេះសោភ័ណភាពនេះត្រូវបានបំពេញនៅសម័យកាលនោះ។
ចំណុចកំពូលនៃសោភ័ណភាពជប៉ុនមិនមែនស្ថិតលើតែសម្រស់ដែលមើលឃើញដោយភ្នែកនោះទេ ប៉ុន្តែជាសម្រស់ដែលប្រើចិត្តមើល។
និយាយឲ្យងាយយល់ ជនជាតិជប៉ុនឲ្យតម្លៃលើស្មារតី និងចំណុចសុីជម្រៅខាងក្នុងជាជាងការតុបតែងឆើតឆាយខាងក្រៅ។
ប្រសិនបើវត្តពន្លឺមាសគឺជាស្នាដៃសិល្បៈដែលមានភាពស្រស់ស្អាតទាក់ទាញភ្នែក នោះវត្តពន្លឺប្រាក់បែរជាមានគោលដៅឆ្ពោះទៅរកពិភពលោកដែលលើសពីការមើលឃើញ។
ការបកស្រាយទាក់ទងនឹងឈ្មោះរបស់ប្រាសាទ មានទ្រឹស្តីជាច្រើនត្រូវបានលើកឡើង។ ក្នុងចំណោមនោះ ទ្រឹស្តីដែលត្រូវបានលើកឡើងច្រើនបំផុតបង្ហាញថា នៅក្រោមពន្លឺព្រះច័ន្ទ ស្រទាប់ថ្នាំម្រក្សណ៍ខ្មុកខ្មៅនឹងឆ្លុះបញ្ចាំងពន្លឺប្រាក់ស្រទន់។ មិនមែនជាពណ៌ប្រាក់នោះទេ ប៉ុន្តែជាពណ៌របស់ព្រះច័ន្ទនៅពេលយប់។
គួរឲ្យស្តាយ សព្វថ្ងៃនេះ លើកលែងតែថ្ងៃដែលមានព្រឹត្តិការណ៍ពិសេស វត្តមិនបើកទ្វារនៅពេលយប់នោះទេ ដូច្នេះយើងពិបាកនឹងមើលឃើញទិដ្ឋភាពដ៏អស្ចារ្យនេះខ្លាំងណាស់។
វត្តពន្លឺមាសគឺជានិមិត្តរូបនៃអំណាច។
ជាប្រភេទលោហៈដ៏កម្រ និងមានតម្លៃ ដែលមនុស្សធម្មតាពិបាកនឹងមាន ប្រើសម្រាប់បង្ហាញពីទ្រព្យសម្បត្តិ និងអំណាចរបស់អ្នកដឹកនាំ។
ផ្ទុយទៅវិញ វត្តពន្លឺប្រាក់ត្រូវបានសាងសង់ឡើងដោយមានគោលបំណងស្វែងរកតម្លៃខាងផ្នែកស្មារតី។
ដូច្នេះហើយ សូមកុំសម្លឹងមើលវត្តពន្លឺប្រាក់ដែលប្រៀបបីដូចជាស្ថាបត្យកម្មដាច់ដោយឡែក។ ផ្ទុយទៅវិញ សូមក្រឡេកទៅមើលសួនច្បារជប៉ុនដ៏ស្ងប់ស្ងាត់ដែលហ៊ុំព័ទ្ធជុំវិញវត្ត និងទេសភាពធម្មជាតិដ៏ទូលំទូលាយ។
ទាំងអស់នេះរួមបញ្ចូលគ្នា ដើម្បីបង្កើតបានជាស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះ។
ក្នុងសោភ័ណភាពជប៉ុនមានគោលគំនិតស្នូលមួយនិយាយថា “ភាពស្រស់ស្អាតដែលពេញលេញលុះត្រាតែស្របនឹងធម្មជាតិ” ។
សិល្បៈសួនច្បារជប៉ុនក៏ត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតនេះដែរ។ មិនត្រឹមតែសួនច្បារក្នុងបរិវេណទើបជាទេសភាពស្រស់ស្អាតនោះទេ ជួរភ្នំពីចម្ងាយ សមុទ្រនៅលើជើងមេឃ ព្រះច័ន្ទ និងសូម្បីតែព្រះអាទិត្យ សុទ្ធតែត្រូវបានបញ្ចូលក្លាយជាផ្នែកមួយនៃផ្ទាំងរូបភាព។
ដូច្នេះហើយ ប្រហែលជាវត្តពន្លឺប្រាក់បង្ហាញរូបរាងពេញលេញតែនៅយប់ដែលមានព្រះច័ន្ទពេញវង់ប៉ុណ្ណោះ។
នោះលែងជារចនាសម្ព័ន្ធស្ថាបត្យកម្មធម្មតាទៀតហើយ ប៉ុន្តែជាចំណុចកំពូលនៃសោភ័ណភាពជប៉ុន។
ប្រជាជនជប៉ុនបានមើលឃើញពន្លឺប្រាក់ក្រោមស្រមោលខ្មៅដ៏ស្ងប់ស្ងាត់ ជាសោភ័ណភាពដ៏ល្អឥតខ្ចោះ ស្រទន់ និងជ្រាលជ្រៅ ហើយក៏ជាចំណុចលេចធ្លោនៃប្រទេសនេះផងដែរ។
ប្រសិនបើនៅថ្ងៃណាមួយមានឳកាសទៅលេងទីក្រុងបុរាណ Kyoto សូមកុំទៅមើលតែប្រាសាទពន្លឺមាស។ គួរតែចំណាយពេលខ្លះដើម្បីដើរមើលក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃប្រាសាទពន្លឺប្រាក់។
នៅពេលដែលយើងយល់អំពីរឿងរ៉ាវបង្កប់នៅពីក្រោយប្រាសាទ ប្រហែលជានៅកន្លែងដ៏ស្ងប់ស្ងាត់ក្នុងសួនច្បារ ក្រោមម្លប់ដើមស្រល់ចាស់ និងក្នុងពន្លឺព្រះច័ន្ទស្រមើស្រមៃនាពេលយប់ យើងអាចនឹងមើលឃើញ “ពន្លឺប្រាក់” ដែលលោកមេទ័ពកាលពីសម័យនោះរំលឹកដល់។
ហើយនៅពេលនោះ សូមកុំដើរមើលតែប្រាសាទ។ សូមទុកឲ្យសួនច្បារទាំងមូល ភ្នំនៅពីចម្ងាយ ដើមឈើ និងផ្ទៃមេឃលាយបញ្ចូលគ្នាក្នុងផ្ទាំងរូបភាពដ៏អស្ចារ្យ។
ព្រោះការរួមបញ្ចូលគ្នានោះទើបជាស្នាដៃសិល្បៈដ៏ពេញលេញ ដែលប្រាសាទពន្លឺប្រាក់បានថែរក្សាយ៉ាងស្ងប់ស្ងាត់អស់ជាច្រើនសតវត្សមកហើយ។
Abe Kengo
