ហេតុអ្វីបានជា Anpanman សុខចិត្តធ្វើឲ្យខ្លួនឯងចុះខ្សោយដើម្បីជួយសង្គ្រោះអ្នកដទៃ?
ហេតុអ្វីបានជា Anpanman សុខចិត្តធ្វើឲ្យខ្លួនឯងចុះខ្សោយដើម្បីជួយសង្គ្រោះអ្នកដទៃ?
ខ្សែភាពយន្តគំនូរជីវចលនិយាយពីវីរបុរសសម្រាប់កុមារត្រូវបានផលិតឡើងនៅទូទាំងពិភពលោក ហើយជាទូទៅសុទ្ធតែធ្វើតាមលំនាំដូចជា តួអង្គឯកមានកម្លាំងខ្លាំងក្លា ឆន្ទៈមុតមាំ និងប្រយុទ្ធរហូតដល់ទីបញ្ចប់ដើម្បីការពារយុត្តិធម៌។
យ៉ាងណាមិញ នៅប្រទេសជប៉ុនបែរជានិយាយពីវីរបុរសដែលខុសគ្នាទាំងស្រុង នោះគឺជា Anpanman ។ ជាវីរបុរសម្នាក់ដែលតែងតែលះបង់ខ្លួនឯង ហើយទន្ទឹមនឹងនោះបានដាក់ចេញនូវសំណួរទស្សនវិជ្ជាយ៉ាងស៊ីជម្រៅសម្រាប់កុមារ។ ទោះបីជាពេលខ្លះពិបាកយល់ក៏ដោយ Anpanman នៅតែជាតួអង្គប្រឌិតដ៏ពេញនិយមបំផុតអស់រយៈពេលជាច្រើនជំនាន់។
នៅថ្ងៃនេះ ចូរយើងស្វែងយល់អំពី Anpanman និងរឿងពិតដ៏សោកសៅដែលបង្កើតបានជាតួអង្គដ៏អស្ចារ្យម្នាក់នេះ។
បទចម្រៀងប្រធានបទមានអត្ថន័យទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅ
ទោះបីជាស្នាដៃសម្រាប់កុមារ ប្រធានបទដែលទាក់ទងនឹង Anpanman បែរជាមានន័យយ៉ាងជ្រាលជ្រៅបំផុត។
“តើយើងកើតមកដើម្បីអ្វី ហើយរស់នៅព្រោះតែអ្វី?”
នោះជាសំណួរដែលខ្សែភាពយន្តនេះបានសួរទៅកាន់កុមារដែលទើបនឹងចេះដើរ។ ជាសំណួរដែលហាក់បីដូចជាពិបាកពេកសម្រាប់ក្មេងតូចៗ ព្រោះនេះជាបញ្ហាស្នូលនៃទស្សនវិជ្ជាដែលសូម្បីតែមនុស្សពេញវ័យក៏ប្រហែលជាមិនអាចរកឃើញចម្លើយបានដែរ។
ប៉ុន្តែ Anpanman បែរជាហ៊ានលើកជាសំណួរនេះទាំងដែលប្អូនៗនៅតូចនៅឡើយ។
លះបង់ខ្លួនឯងដើម្បីជួយសង្គ្រោះអ្នកដទៃ
ដូចដែលឈ្មោះបានបង្ហាញ Anpanman ជាវីរបុរសម្នាក់ដែលមានទម្រង់មុខធ្វើពីនំ Anpan – ជាប្រភេទនំប៉័ងស្នូលសណ្តែកដែលល្បីឈ្មោះរបស់ជប៉ុន។
ដោយសារតែមុខធ្វើពីនំ ដូច្នេះប្រសិនបើសើម តួអង្គនឹងបាត់បង់កម្លាំងខ្លាំង។
មនុស្សពេញវ័យជាច្រើនប្រហែលជាគិតថា “ប្រសិនបើដូច្នោះមែន គ្រាន់តែពាក់មួកសុវត្ថិភាពទៅបានហើយ” ប៉ុន្តែបើនិយាយបែបនេះ លែងជារឿងទៀតហើយ។
ក្នុងវគ្គនីមួយៗ ច្រើនតែមានក្មេងៗយំព្រោះតែឃ្លាន Anpanman មានសមត្ថភាពហោះហើរលើមេឃ ដូច្នេះអាចបីក្មេងៗទាំងនោះ ហើយជូនប្អូនៗត្រឡប់ទៅផ្ទះ។ មិនត្រឹមតែប៉ុណ្ណឹង តួអង្គនេះថែមទាំងមិនអាចធ្វើមិនដឹងថា ប្អូនៗកំពុងតែឃ្លាននោះទេ។ ដូច្នេះហើយ គាត់បានបេះមុខរបស់ខ្លួនមួយផ្នែកឲ្យប្អូនៗញ៉ាំ។
ដោយសារតែមុខគ្រាន់តែជានំស្នូលសណ្តែកក្រហម ដូច្នេះឈុតនេះមិនមានអារម្មណ៍គួរឲ្យខ្លាចនោះទេ។ ទោះជាយ៉ាងណា នៅពេលដែលមុខបាត់មួយចំណែក កម្លាំងប្រយុទ្ធរបស់ Anpanman ក៏ត្រូវបានថយចុះយ៉ាងច្រើនផងដែរ។
គាត់គួរតែសន្សំកម្លាំង ប្រើកម្លាំងទាំងអស់ដើម្បីកម្ចាត់ពួកមនុស្សអាក្រក់ជាមុនសិនចាំឲ្យប្អូនៗញ៉ាំ ដូច្នេះប្រសើរជាង។ ទោះជាយ៉ាងណា Anpanman តែងតែគិតគូរពីមនុស្សដែលខ្វះខាតមុន គាត់សុខចិត្តលះបង់មុខរបស់ខ្លួន ដោយមិនបារម្ភថាកម្លាំងប្រយុទ្ធរបស់ខ្លួននឹងចុះខ្សោយនោះទេ។
ប្រហែលជានៅលើលោកនេះកម្រមានវីរបុរសដែលព្រមលះបង់ខ្លួនឯង ហើយធ្វើឲ្យខ្លួនឯងចុះខ្សោយដើម្បីជួយសង្គ្រោះអ្នកដទៃបែបនេះណាស់។
កម្លាំងពិតតែមួយគត់គឺក្ដីស្រឡាញ់ និងភាពក្លាហាន
វីរបុរសដូចជា Superman ឬ Batman តែងតែមានសមត្ថភាពលើសពីមនុស្សធម្មតា ប៉ុន្តែ Anpanman មិនដូច្នេះនោះទេ។ របស់តែមួយគត់ដែលគាត់មានគឺក្ដីស្រឡាញ់ និងភាពក្លាហាន។
យើងអាចមើលឃើញយ៉ាងច្បាស់ពីខ្លឹមសារដែលខ្សែភាពយន្តនេះចង់បង្ហាញគឺ៖ “ដោយគ្រាន់តែមានក្តីស្រលាញ់ និងភាពក្លាហាន នរណាក៏អាចក្លាយជាវីរបុរសបានដែរ ទោះបីជាគ្មានសមត្ថភាពពិសេសអ្វីក៏ដោយ” ។
ជាស្នាដៃដែលកើតចេញពីសង្គ្រាម
តាមពិតទៅ ស្នាដៃដែលពិសេសនេះត្រូវបានបង្កើតឡើងដោយវិចិត្រករ Yanase Takashi ហើយវាកើតចេញពីបទពិសោធន៍ដ៏ឈឺចាប់ផ្ទាល់របស់លោកនាសម័យសង្គ្រាម។
គាត់ផ្ទាល់ធ្លាប់ឆ្លងកាត់ការចងចាំដ៏គួរឲ្យរន្ធត់នៃសង្គ្រាម ថែមទាំងបានបាត់បង់ប្អូនប្រុសនៅសមរភូមិទៀតផង។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ស្រុកកំណើតរបស់គាត់បន្តទទួលរងរញ្ជួយដីដ៏ធំ ដែលបានសម្លាប់មនុស្សជាច្រើន និងធ្វើឲ្យពួកគេបាត់បង់ផ្ទះសម្បែង។
ដោយសារតែបទពិសោធន៍ទាំងនោះ លោកបានសន្និដ្ឋានថា៖
“បើប្រៀបទៅនឹងពាក្យអរូបីនិយាយពីយុត្តិធម៌ ការបំពេញក្រពះទទេគឺសំខាន់ជាងច្រើនណាស់” ។
ដោយសារតែគំនិតនេះ គាត់មានជំនឿយ៉ាងមុតមាំថា សកម្មភាពលើកដៃចែកអាហារដល់អ្នកដែលកំពុងឃ្លានទើបជា “យុត្តិធម៌ពិតប្រាកដ” ។
នៅឆ្នាំ ២០១១ តំបន់ Tohoku នៃប្រទេសជប៉ុនបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារតែរញ្ជួយដី និងរលកយក្សស៊ូណាមិ។
ក្នុងបរិបទដែលមនុស្សជាច្រើនត្រូវស្នាក់នៅកន្លែងជម្លៀសខ្លួន និងភាពអស់សង្ឃឹមនៅពេលដែលគិតដល់អនាគត បទចម្រៀងដែលត្រូវបានចាក់ផ្សាយច្រើនបំផុតគឺបទចម្រៀងប្រធានបទរបស់ Anpanman ។
“តើយើងកើតមកព្រោះតែអ្វី? ហើយយើងរស់នៅដើម្បីអ្វី?”
“ប្រសិនបើជីវិតត្រូវបញ្ចប់ទាំងដែលមិនដឹងអ្វីទាំងអស់ រឿងនោះពិតជាគួរឲ្យសោកស្តាយណាស់” ។
នោះជាទំនុកច្រៀងដែលហាក់បីដូចជាសម្រាប់កុមារ ប៉ុន្តែបែរជាធ្វើឲ្យបេះដូងរបស់មនុស្សពេញវ័យរំភើបចិត្តពេលកំពុងអស់សង្ឃឹម។
ចំណុចសំខាន់ដែលកំណត់អត្តសញ្ញាណរបស់ជនជាតិជប៉ុនមិនមែនស្ថិតលើ ADN ឬភាពខុសគ្នាពីកំណើតនោះទេ។
ប៉ុន្តែប្រហែលជាត្រូវបានកំណត់ដោយចំណុចដូចជា តាំងពីក្មេងពួកគេធំដឹងក្តីជាមួយនឹងរឿងរ៉ាវស្រដៀងគ្នានឹងរឿង Anpanman ។ ជារឿងរ៉ាវដែលបានបង្រៀនថា ចិត្តល្អសំខាន់ជាងកម្លាំងខ្លាំង ពេលខ្លះការដែលជួយអ្នកដទៃមានន័យថាព្រមលះបង់ខ្លួនឯង ហើយនរណាក៏អាចក្លាយជាវីរបុរសបានដែរ ប្រសិនបើចេះស្រលាញ់ និងមានភាពក្លាហានគ្រប់គ្រាន់។
ដូច្នេះហើយ ប្រសិនបើមានឱកាស អ្នកទាំងអស់គ្នាគួរតែមើលរឿង Anpanman យ៉ាងហោចណាស់ម្តង។
ហើយកុំចាត់ទុករឿងនេះគ្រាន់តែជារឿងគំនូរជីវចលសម្រាប់កុមារ។ ចូរយើងស្វែងយល់អំពីទស្សនៈជីវិតដែលបង្កប់នៅពីក្រោយរឿង និងទំនុកចម្រៀង។
ប្រហែលជាអ្នកទាំងអស់គ្នានឹងយល់ហេតុអ្វីបានជាតួអង្គដែលមានមុខធ្វើពីនំស្នូលសណ្តែកក្រហមបែរជាអាចក្លាយជានិមិត្តរូបនៃទឹកចិត្តអាណិតអាសូរ និងទទួលបានក្តីស្រលាញ់ពីប្រជាជនជប៉ុនជាច្រើនជំនាន់។
Abe Kengo

