Sushi ជប៉ុន៖ តម្លៃរបស់វាស្ថិតលើអ្វីដែលភ្នែកមើលមិនឃើញ
Sushi ជប៉ុន៖ តម្លៃរបស់វាស្ថិតលើអ្វីដែលភ្នែកមើលមិនឃើញ។
“គ្រាន់តែជាបាយជាមួយត្រីឆៅប៉ុណ្ណោះ ហេតុអ្វីបានជាស៊ូស៊ីមួយដុំនៅទីក្រុងតូក្យូបែរជាមានតម្លៃថ្លៃដូច្នេះ?”
នេះមិនត្រឹមតែជាចម្ងល់របស់ភ្ញៀវទេសចរណ៍បរទេសប៉ុណ្ណោះទេ សូម្បីតែប្រជាជនជប៉ុនក៏ធ្លាប់សួរសំណួរស្រដៀងគ្នានេះដែរ។
ពួកគេយល់ឃើញថា៖ “ប្រសិនបើនិយាយពីកម្រិតស្រស់របស់ត្រី បើបរិភោគនៅកន្លែងនេសាទទើបឆ្ងាញ់បំផុត។ ដូច្នេះតើការដែលទៅកាន់ទីក្រុងតូក្យូដើម្បីបរិភោគស៊ូស៊ីដែលមានតម្លៃថ្លៃមានន័យអ្វី?”
ទោះជាយ៉ាងណា គំនិតនោះបានមើលរំលងចំណុចដែលសំខាន់បំផុត។
Sushi មិនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ប៉ុន្តែជាសិល្បៈមួយប្រភេទ។
ក្នុងនាមខ្ញុំធ្លាប់ធ្វើជាអ្នកលក់ត្រីម្នាក់ នៅថ្ងៃនេះ ខ្ញុំសូមចែករំលែកដល់ប្រិយមិត្តអ្នកអានអំពីមូលហេតុ ហេតុអ្វីបានជាភោជនីយដ្ឋានស៊ូស៊ីល្បីៗនៅទីក្រុងតូក្យូមានតម្លៃថ្លៃដូច្នេះ។
តាមពិតទៅ ស៊ូស៊ីដែលមានតម្លៃថ្លៃមិនមែនព្រោះតែប្រើគ្រឿងផ្សំថ្លៃៗនោះទេ ប៉ុន្តែដោយសារតែស៊ូស៊ីមួយដុំៗប្រមូលផ្តុំទៅដោយជំនាញដ៏ល្អឥតខ្ចោះរបស់ចុងភៅ ដែលត្រូវបានបញ្ចូលដើម្បីបង្កើនរសជាតិរបស់ស៊ូស៊ីឈានដល់កម្រិតខ្ពស់បំផុត។
មនុស្សជាច្រើនគិតថាក្នុងស៊ូស៊ី កម្រិតស្រស់របស់ត្រីគឺជាចំណុចសំខាន់បំផុតនៃមុខម្ហូប ត្រីកាន់តែស្រស់មានរសជាតិកាន់តែឆ្ងាញ់។ ហើយក៏មានអ្នកខ្លះយល់ឃើញថា ស៊ូស៊ីគ្រាន់តែជាការរួមបញ្ចូលរវាងត្រីដាក់ពីលើបាយ ជាអ្វីដែលនរណាក៏អាចធ្វើបាន។
ប៉ុន្តែប្រសិនបើគិតដូច្នេះ ប្រិយមិត្តវាយតម្លៃស៊ូស៊ីធម្មតាពេកហើយ។ ចូរយើងស្វែងយល់អំពីធាតុផ្សំនីមួយៗខាងក្រោម។
ជាដំបូងចាប់ផ្តើមជាមួយនឹងបាយ – ដែលជាមូលដ្ឋានគ្រឹះនៃស៊ូស៊ីដ៏ឈ្ងុយឆ្ងាញ់មួយដុំ។
បាយដែលត្រូវបានពូតជារូបរាងសម្រាប់ធ្វើស៊ូស៊ីហៅថា shari (シャリ) ។
នៅពេលដែលក្រឡេកមើលដំបូង មនុស្សជាច្រើនគិតថានេះគ្រាន់តែជាបាយសលាយជាមួយទឹកខ្មេះ អំបិល និងស្ករប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែងបែរជាខុសគ្នាទាំងស្រុង។
នៅភោជនីយដ្ឋានស៊ូស៊ីលំដាប់ខ្ពស់ នៅពេលដែលដាំបាយ ចុងភៅបានបន្ថែមសារ៉ាយសមុទ្រដើម្បីបង្កើនរសជាតិផ្អែមធម្មជាតិរបស់គ្រាប់អង្ករ។
មិនត្រឹមតែដូច្នេះ បរិមាណទឹកដែលប្រើសម្រាប់ដាំត្រូវបានកែតម្រូវយ៉ាងល្អិតល្អន់ទៅតាមសីតុណ្ហភាព និងកម្រិតសំណើមជារៀងរាល់ថ្ងៃ ដើម្បីទទួលបានបាយដែលល្អបំផុត។
សូម្បីតែទឹកខ្មេះក៏មិនធម្មតានោះដែរ។
ចុងភៅជាច្រើនផ្សំទឹកខ្មេះច្រើនប្រភេទខុសៗគ្នា ថែមទាំងកែតម្រូវបរិមាណទឹកខ្មេះ អំបិល និងស្ករអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។
ទាំងនេះជាចំណុចដែលតូចតាចបំផុត ប៉ុន្តែបែរជាបង្កើតបានជាភាពខុសគ្នាអាស្រ័យលើជំនាញរបស់ចុងភៅស៊ូស៊ីពិតប្រាកដ។
ស៊ូស៊ីដ៏ឈ្ងុយឆ្ងាញ់មួយដុំមិនមែនអាស្រ័យលើគ្រឿងផ្សំប៉ុណ្ណោះទេ ប៉ុន្តែស្ថិតលើរបៀបដែលមេចុងភៅពូតបាយផងដែរ។
ប្រសិនបើពូតបាយណែនពេក បាយនឹងរឹង បង្កើតបានជាអារម្មណ៍មិនល្អពេលបរិភោគ។ បើសិនជាពូតបាយមិនណែន ស៊ូស៊ីនឹងបែកភ្លាមៗនៅពេលដែលចាប់លើកឡើង។
ចំណែកស៊ូស៊ីដ៏ល្អឥតខ្ចោះគឺនៅពេលដែលដាក់ចូលមាត់ បាយចាប់ផ្តើមរលាយបន្តិចម្តងៗ ទាំងនោះជាជំនាញដែលចុងភៅត្រូវហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំ។
ម្យ៉ាងវិញទៀត សកម្មភាពនីមួយៗត្រូវតែរហ័សរហួនបំផុត។ ប្រសិនបើកាន់គ្រឿងផ្សំយូរពេក កម្តៅរបស់ដៃនឹងឆ្លងទៅកាន់ត្រី ដែលធ្វើឲ្យប៉ះពាល់ដល់រសជាតិ។
មនុស្សមួយចំនួននិយាយថា ការងារធ្វើស៊ូស៊ីសាកសមសម្រាប់មនុស្សប្រុសជាង។ ចំណុចនេះមិនមែនផ្តើមចេញពីការរើសអើងភេទនោះទេ ប៉ុន្តែផ្ទុយទៅវិញដោយសារតែដៃរបស់ស្ត្រីច្រើនតែមានសីតុណ្ហភាពក្តៅជាងបុរស ដែលពិបាកនឹងកាត់បន្ថយការចម្លងកម្តៅទៅកាន់គ្រឿងផ្សំ។
ទន្ទឹមនឹងនោះ របៀបកាត់ត្រីក៏ជាជំនាញមួយដែរ។
សាច់ត្រីតែងតែមានសរសៃៗ ចុងភៅដែលពូកែមួយរូបនឹងកាត់យ៉ាងណាធ្វើឲ្យភ្ញៀវពេលបរិភោគទៅស្ទើរតែមិនដឹងពីសរសៃទាំងនោះ។ ចំពោះប្រភេទត្រីដែលមានសរសៃច្រើន ពួកគេថែមទាំងកាត់ផ្នែកខាងក្រោមសាច់ត្រីដើម្បីធ្វើឲ្យទន់ ដែលស្ទើរតែគ្មាននរណាដឹង។
ចំពោះប្រភេទអាហារសមុទ្រដូចជាមឹក មិនងាយស្រូបយកទឹកសុីអុីវនោះទេ ចុងភៅនឹងបង្កើតស្នាមកាត់តូចៗលើផ្ទៃខាងលើ។
ស្នាមកាត់ទាំងនេះមិនត្រឹមតែធ្វើឲ្យស៊ូស៊ីមើលទៅទាក់ទាញប៉ុណ្ណោះទេ ថែមទាំងជួយឲ្យទឹកស៊ីអុីវជ្រាបចូលកាន់តែស្មើគ្នាផងដែរ។
សូម្បីតែបរិមាណ wasabi ក៏ត្រូវបានគិតយ៉ាងប្រុងប្រយ័ត្នដែរ។ មិនមែនគ្រប់ចំណែកស៊ូស៊ីទាំងអស់សុទ្ធតែប្រើបរិមាណ wasabi ដូចគ្នានោះទេ។ ប្រភេទត្រីដែលមានខ្លាញ់ច្រើនដូចជាត្រីធូណា ជាទូទៅផ្នែកពោះរបស់ត្រីធូណា ឬត្រីសាលម៉ុនច្រើនតែដាក់ wasabi ច្រើនជាង ពីព្រោះខ្លាញ់កាត់បន្ថយរសជាតិហឹរ។ ផ្ទុយទៅវិញ គ្រឿងផ្សំដូចជាមឹកគ្រាន់តែប្រើបរិមាណតិចតួចបានហើយ។
ម្យ៉ាងវិញទៀត បរិមាណ wasabi ថែមទាំងប្រែប្រួលអាស្រ័យលើគុណភាពគ្រឿងផ្សំជារៀងរាល់ថ្ងៃផងដែរ។
ហើយជាចុងក្រោយ ត្រីកាន់តែស្រស់ មិនប្រាកដថាឆ្ងាញ់នោះទេ។
មនុស្សជាច្រើនគិតថា ត្រីដែលទើបចាប់បានតែងតែឆ្ងាញ់បំផុត។ ប៉ុន្តែសម្រាប់ស៊ូស៊ី ចំណុចនេះមិនប្រាកដថាត្រូវទាំងស្រុងនោះទេ។
ឧទាហរណ៍ដូចជាត្រីធូណា បើប្រៀបនឹងត្រីដែលទើបចាប់បានថ្មីៗ ប្រសិនបើត្រូវបានរក្សាទុកនៅសីតុណ្ហភាពត្រឹមត្រូវ និងទុកឲ្យបានល្អ រសជាតិនឹងកាន់តែឆ្ងាញ់។
ក្នុងដំណាក់កាលនេះ ប្រូតេអុីនក្នុងសាច់ត្រីត្រូវបានបំបែក បង្កើតបានជាសមាសធាតុ umami ជាច្រើនដូចជា inosinate ដែលជួយបង្កើនរសជាតិផ្អែម និងរសជាតិត្រីកាន់តែច្បាស់។
ខ្លាញ់ក៏ត្រូវបានបែងចែកស្មើៗគ្នានៅលើសាច់ត្រី បង្កើតបានជាអារម្មណ៍រលាយក្នុងមាត់។
ក្រៅពីនេះ ត្រីដែលទើបតែងាប់ថ្មីៗស្ថិតក្នុងស្ថានភាពរឹង។ ក្រោយដំណាក់កាលទុកដាក់ សាច់ត្រីប្រែជាទន់ជាងមុន។
ក្នុងនាមខ្ញុំជាមនុស្សម្នាក់ធ្លាប់លក់ត្រី ខ្ញុំអាចនិយាយបានថា គ្រាន់តែបរិភោគចំណែកពីរដែលនៅជិតគ្នា យើងទាំងអស់គ្នាប្រាកដជាដឹងពីភាពខុសគ្នា។
ទន្ទឹមនឹងនោះ ប្រភេទត្រីដូចជាត្រីស្បៃកា ឬត្រីសំប៉ែត ជាទូទៅតែងតែត្រូវប្រឡាក់ជាមួយសារ៉ាយសមុទ្រ ឬឆ្លងកាត់ការរៀបចំជាច្រើនផ្សេងទៀត ដើម្បីបង្ហាញរសជាតិរបស់ត្រី។
ភោជនីយដ្ឋានស៊ូស៊ីលំដាប់ខ្ពស់នៅទីក្រុងតូក្យូបានប្រើប្រាស់បច្ចេកទេសទាំងអស់ខាងលើដើម្បីបង្កើតបានជាស៊ូសុីដែលល្អឥតខ្ចោះទាំងរូបរាង និងរសជាតិ។
ដូច្នេះហើយ អាចនិយាយបានថា មិនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ស៊ូស៊ីនៅទីនេះថែមទាំងជាស្នាដៃសិល្បៈ។ ខុសគ្នាទាំងស្រុងនឹងស៊ូស៊ីដែលយើងមើលឃើញនៅបរទេស ឬនៅតាមហាងដែលមានតម្លៃថោក – ជាកន្លែងដែលគ្រាន់តែដាំបាយ ហើយដាក់ត្រីឆៅពីលើប៉ុណ្ណោះ។
ប្រសិនបើគ្រាន់តែមើលលើគ្រឿងផ្សំដូចគ្នា ហើយប្រៀបធៀបតម្លៃរវាងហាងដែលមានតម្លៃថោក និងភោជនីយដ្ឋានលំដាប់ខ្ពស់ នេះជាការយល់ឃើញដែលខ្លីពេកហើយ ដូចជាវាយតម្លៃគំនូរមួយផ្ទាំងដោយផ្អែកលើតម្លៃថ្នាំលាប។
ប៉ុន្តែតម្លៃខ្ពស់មិនប្រាកដថាឆ្ងាញ់នោះទេ នៅតែមានភោជនីយដ្ឋានលំដាប់ខ្ពស់ ប៉ុន្តែ “លំដាប់ខ្ពស់” គ្រាន់តែស្ថិតលើតម្លៃប៉ុណ្ណោះ។
ពួកគេវិនិយោគយ៉ាងច្រើនលើការតុបតែងគ្រឿងសង្ហារិមប្រណីត ដើម្បីបង្កើតជាអារម្មណ៍លំដាប់ខ្ពស់ ខណៈដែលជំនាញធ្វើស៊ូស៊ីបែរជាមិនសាកសមនោះទេ។
រូបរាងខាងក្រៅមើលទៅទាក់ទាញ ប៉ុន្តែជាក់ស្តែងមិនសមនឹងគុណភាពនោះទេ។ ដូច្នេះហើយ ប្រសិនបើមិនធ្លាប់ឆ្លងកាត់ ពិបាកនឹងដឹងថាមួយណាទើបជាភោជនីយដ្ឋានស៊ូស៊ីលំដាប់ខ្ពស់ពិតប្រាកដណាស់។ ជាកន្លែងដែលភ្ញៀវលាន់មាត់កោតសរសើរបន្ទាប់ពីបរិភោគស៊ូសុីមួយដុំដំបូង។
នៅទីក្រុងតូក្យូមានរចនាប័ទ្ម Edomae-sushi ដែលត្រូវបានអភិវឌ្ឍជាច្រើនជំនាន់មកហើយ។
ចំណែកឯនៅទីក្រុងអូសាកាល្បីនឹង Hako-zushi ប្រភេទស៊ូសុីជ្រុងមិនត្រឹមតែស្អាត ថែមទាំងទាក់ទាញភ្នែកផងដែរ។
រចនាប័ទ្មនីមួយៗឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌នៅតំបន់នីមួយៗដែលបង្កើតបានជាមុខម្ហូបនោះ។
ប្រសិនបើមានឳកាសទៅលេងកន្លែងទាំងនេះ អ្នកទាំងអស់គ្នាអាចសាកល្បងយ៉ាងហោចណាស់ម្តង!
នៅពេលនោះ ប្រិយមិត្តអាចនឹងយល់ ហេតុអ្វីបានជាប្រជាជនជប៉ុនហៅស៊ូស៊ីថាជាសិល្បៈ មិនមែនគ្រាន់តែជាម្ហូបមួយមុខនោះទេ។
Abe Kengo
