មុខម្ហូបនារដូវរងា៖ ស៊ុប​ឆ្នាំង​ភ្លើង​ដែល​ឆ្ងាញ់​បំផុត​នៅ​ប្រទេស​ជប៉ុន

មុខម្ហូបនារដូវរងា៖ ស៊ុបឆ្នាំងភ្លើងដែលឆ្ងាញ់បំផុតនៅប្រទេសជប៉ុន។

ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានវប្បធម៌ម្ហូបអាហារដ៏សម្បូរបែប ដែលល្បីជា​មួយនឹង​មុខ​ម្ហូប​តាម​រដូវ។ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងា រដូវនីមួយៗសុទ្ធតែមានមុខម្ហូប​ពិសេស​ប្លែក។

បើនិយាយពីមុខម្ហូបតាមរដូវ មុខម្ហូបដែលឈ្ងុយឆ្ងាញ់បំផុតគឺស៊ុបឆ្នាំងភ្លើង ដោយទទួលបានការ​ពេញនិយមយ៉ាងខ្លាំង។ មិនត្រឹមតែសម្បូរទៅដោយគ្រឿងផ្សំដូចជាអាហារសមុទ្រ សាច់ និងបន្លែ​ប៉ុណ្ណោះ​ទេ ស៊ុបឆ្នាំងភ្លើងជប៉ុនថែមទាំងមានរសជាតិច្រើនប្រភេទដូចជា miso ទឹកស៊ីអុីវ shoyu ជា​ដើម។

ដោយផ្អែកលើបទពិសោធន៍របស់មនុស្សម្នាក់ដែលធ្លាប់លក់ត្រីពីមុន នៅថ្ងៃនេះខ្ញុំសូមណែនាំដល់​ប្រិយ​មិត្ត​អ្នកអានស៊ុបឆ្នាំងភ្លើងដែលធ្វើពីត្រី និងអាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់បំផុតនៅជប៉ុន ដែល​​នៅ​​ក្រៅ​ប្រទេស​​មិន​​សូវ​ជា​មាន។

ស៊ុប Shottsuru  (しょっつる鍋)

Shottsuru Nabe គឺជាស៊ុបឆ្នាំងភ្លើងត្រីបែបប្រពៃណីមកពីខេត្ត Akita ប្រទេសជប៉ុន ជាមួយនឹងលក្ខណៈពិសេសគ្មានពីរដោយការប្រើប្រាស់ទឹកត្រីសុទ្ធក្នុងស្រុកធ្វើជាទឹកស៊ុប។ ខុសពីស៊ុបឆ្នាំងភ្លើងភាគច្រើននៅជប៉ុនប្រើទឹកស៊ីអុីវ ឬ miso មុខម្ហូបនេះមានរសជាតិពិសេស ដោយសារតែរសជាតិប្រៃ និងផ្អែម (រសជាតិ umami) ពីត្រីសមុទ្រឡើងជូរ។

ក្នុងស៊ុបឆ្នាំងភ្លើង Shottsuru ត្រី Hatahata (ត្រីជប៉ុន) គឺជាគ្រឿងផ្សំចាំបាច់ និងជា “វត្ថុធាតុដើមសំខាន់” នៃមុខម្ហូបនេះ។ ត្រី Hatahata គឺជាអាហារពិសេសនៅរដូវរងា ដែលអាចចាប់បាននៅ​តំបន់​សមុទ្រ​ជប៉ុន​ប្រហែល​ពីខែវិច្ឆិកាដល់ខែធ្នូប៉ុណ្ណោះ។

សាច់ត្រីពណ៌ស មានជាតិខ្លាញ់ ឆ្អឹងតូចៗមិនច្រើននោះទេ។ ជាពិសេស ត្រីញីមានពងច្រើន ដែលបង្កើត​ជា​សំឡេង​នៅ​ពេល​ដែល​ទំពារ (ហៅ​ថា​ពង​ត្រី Buriko) បរិភោគ​ទៅ​ពិត​ជា​ឆ្ងាញ់​ណាស់។

ព្រោះតែ Hatahata ជាប្រភេទត្រីដែលរស់នៅក្រោមជម្រៅទឹកសមុទ្រប្រហែល ៥០០ ម៉ែត្រ ហើយបរិមាណ​ត្រី​ដែលនេសាទបានប៉ុន្មានឆ្នាំថ្មីៗនេះមានកម្រិតទាប ដូច្នេះក្រៅពីខេត្ត Akita ប្រភេទត្រី​នេះ​មិនសូវជាមានអ្នកស្គាល់នោះទេ ហើយស៊ុបឆ្នាំងភ្លើងក៏ដូច្នេះដែរ។

នៅពេលដែលបរិភោគស៊ុបឆ្នាំងភ្លើង Shottsuru ប្រិយមិត្តនឹងទទួលបានរសជាតិផ្អែមធម្មជាតិ​ពី​សាច់ត្រី​ស្រស់ ដែលលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងទឹកស៊ុបដិត រសជាតិត្រីឈ្ងុយឆ្ងាញ់។

ស៊ុបឆ្នាំងភ្លើងត្រី (あんこう鍋)

ស៊ុបត្រី (あんこう鍋) គឺជាស៊ុបឆ្នាំងភ្លើងក្នុងស្រុកដែលល្បីនៅរដូវរងា ជាពិសេសល្បីនៅតាមបណ្តា​ខេត្ត​ដែល​មាន​សមុទ្រ​ដូច​ជា Ibaraki ។

គេតែងតែប្រើទឹកស៊ុប miso ឬទឹកសុីអុីវ dashi ចម្អិនជាមួយសាច់ត្រី ស្បែកត្រី ថ្លើមត្រី បន្លែ និងផ្សិតជាច្រើនប្រភេទ។

សម្រាប់ស៊ុបឆ្នាំងភ្លើងនេះ អាចនិយាយបានថាទឹកស៊ុបអាស្រ័យលើថ្លើមត្រី។ នៅពេលដែលចម្អិនស៊ុបឆ្នាំងភ្លើង​តាម​បែប​ប្រពៃណី (Dobu-jiru) គេ​នឹង​កិន​ថ្លើម​ត្រី​ស្រស់​ដាក់​ក្នុង​ឆ្នាំង ហើយឆាមុន​ពេល​ដាក់​ចូល​ទឹកស៊ុប។ ថ្លើមត្រីនារដូវរងាដែលរលាយបង្កើតបានជារសជាតិឈ្ងុយឆ្ងាញ់ពិសេស។

បង្កើតបានជារសជាតិឆ្ងាញ់ជាប់ចិត្តរហូតដល់ថ្នាក់អ្នកបរិភោគមិនអាចដាក់ចង្កឹះចុះបាន បរិភោគទឹកស៊ុបរហូតដល់តំណក់ចុងក្រោយ។ ថ្លើមត្រីទាំងមូលដែលចម្អិនរួចមានរសជាតិឆ្ងាញ់ពិសេស ប៉ុន្តែនៅពេលដែលលាយបញ្ចូលក្នុងទឹកស៊ុបកាន់តែឆ្ងាញ់អស្ចារ្យ។

នៅពេលដែលចម្អិនស៊ុបឆ្នាំងភ្លើង (あんこう鍋) ខ្ញុំច្រើនតែទិញត្រីចំនួនពីរក្បាល រួចយកថ្លើមរបស់ត្រីមួយក្បាលមកចិញ្ច្រាំដាក់ក្នុងទឹកស៊ុប ថ្លើមរបស់ត្រីមួយក្បាលទៀតទុកដាក់ក្នុងទឹកស៊ុប។

ត្រីចំនួនពីរក្បាលយកទៅធ្វើស៊ុបឆ្នាំងភ្លើងច្រើនពេក ដូច្នេះខ្ញុំនឹងយកសាច់ត្រីមួយចំណែកទៅ​ចៀន យើងនឹងមានមុខម្ហូបមួយមុខទៀតគឺត្រីបំពង។

និយាយឲ្យត្រង់ទៅ ស៊ុបត្រីនេះឆ្ងាញ់រហូតដល់ថ្នាក់ ប្រសិនបើជិះយន្តហោះទៅប្រទេសជប៉ុនដើម្បីបរិភោគក៏មិនខ្ជះខ្ជាយថ្លៃសំបុត្រយន្តហោះនោះដែរ។

Ichigo-ni (いちご煮)

Ichigo-ni គឺជាស៊ុបអាហារសមុទ្របែបប្រពៃណីដែលល្បីឈ្មោះនៅតំបន់ Hachinohe និងឆ្នេរសមុទ្រ Sanriku ខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន។

ទោះបីជាឈ្មោះមុខម្ហូបនេះបើបកតាមន័យត្រង់មានន័យថា “ស៊ុបស្ត្របឺរី” ប៉ុន្តែចំណុចដ៏គួរឲ្យចាប់​អារម្មណ៍​ត្រង់​ថា ទឹក​ស៊ុប​នេះ​មិន​មានស្ត្របឺរី​ទាល់​តែ​សោះ។ ផ្ទុយទៅវិញ នេះជាស៊ុបដែលមានជាតិប្រៃបន្តិច ដែលរួមបញ្ចូលគ្នារវាងអាហារសមុទ្រពីរ​​ប្រភេទ​​ដែល​មាន​​តម្លៃ​​ថ្លៃ និង​មានជីវជាតិខ្លាំងគឺកាំប្រម៉ាសមុទ្រ (Uni) និងប៉ាវហ៊ឺ (Awabi) ។

ឈ្មោះរបស់មុខម្ហូបផ្តើមចេញពីរូបរាងខាងក្រៅរបស់មុខម្ហូបនេះ៖ នៅពេលដែលសាច់កាំប្រម៉ាសមុទ្រពណ៌ទឹកក្រូចអណ្តែត​ក្នុងទឹកស៊ុប​ពណ៌​ស (ដោយ​សារ​​តែ​​​សារ​ធាតុ​​​ដែល​​​​ចេញ​​ពី​​ប៉ាវហ៊ឺ) ប្រជាជន​ជប៉ុនស្រមៃគិតមើលទៅដូចជាផ្លែ​ស្ត្របឺរី​ព្រៃ​កំពុងបង្ហាញខ្លួនក្រោមស្រទាប់អ័ព្ទ​នា​ពេល​ព្រឹក។

ដើមឡើយ កាំប្រម៉ាសមុទ្រជប៉ុនមាន​រស​ជាតិ​ឆ្ងាញ់​ទាំង​ដែល​បរិភោគ​ឆៅ​ក៏​ដោយ។ នៅពេលដែលចម្អិនរួច រសជាតិផ្អែមកើនឡើងកាន់តែច្រើន រួមផ្សំជាមួយនឹងប៉ាវហ៊ឺចំហុយ ​បង្កើត​បាន​ជា​មុខ​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​លំដាប់​កំពូល។

ក្រៅពីនេះ នៅតំបន់ Kansai ល្បីឈ្មោះនឹងស៊ុបឆ្នាំងភ្លើងត្រីក្រពត (Fugu) ចំណែកឯតំបន់ Hakata នៃ Kyushu ល្បី​នឹង​ស៊ុប​ឆ្នាំង​ភ្លើង​សាច់​គោ (Motsunabe) ។

ទោះជាយ៉ាងណា ដោយសារតែមុខម្ហូបទាំងនេះល្បីឈ្មោះ ហើយគ្រឿងផ្សំងាយស្រួលរកបាន ដូច្នេះប្រហែលជាអាចបរិភោគនៅបណ្តាប្រទេសជាច្រើនផ្សេងទៀតក្រៅពីជប៉ុន។

ដោយឡែកស៊ុបឆ្នាំងភ្លើងទាំងបីដែលខ្ញុំបានរៀបរាប់ខាងលើសុទ្ធតែជារសជាតិដែលពិសេសពិបាក​រក​បាន​នៅតាមភោជនីយដ្ឋានជប៉ុននៅក្រៅប្រទេស។

សាកស្រមៃគិតមើល នៅខាងក្រៅគឺទិដ្ឋភាពផ្កាព្រិលធ្លាក់យ៉ាងស្ងប់ស្ងាត់នារដូវរងានៅជប៉ុន អាច​អង្គុយ​បរិភោគ​ស៊ុប​ឆ្នាំងភ្លើងដែលក្តៅឆ្ងាញ់ និងរសជាតិរបស់មហាសមុទ្រ…។

អារម្មណ៍កក់ក្តៅសាយភាយពេញរាងកាយបន្តិចម្តងៗ រហូតដល់ថ្នាក់អាចធ្វើឲ្យមនុស្សចាប់ផ្តើមចូលចិត្តរដូវរងា។

ប្រសិនបើមានឱកាសទៅលេងប្រទេសជប៉ុនក្នុងរដូវរងា សូមកុំទៅលេងតែតំបន់ដែលល្បីប៉ុណ្ណោះ​។ អ្នក​ទាំង​អស់គ្នាអាចទៅភ្លក់ស៊ុបឆ្នាំងភ្លើង​ដែល​ពិសេស​នៅ​តំបន់​នោះ។

ប្រហែលជាស៊ុបឆ្នាំងភ្លើងមួយឆ្នាំងអាចនឹងធ្វើឲ្យរដូវរងានៅជប៉ុនក្លាយជាការចងចាំដែលយើងមិន​អាច​បំភ្លេច​បាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: