អ្នកមានអាចទិញយកឋានៈជាសាមូរ៉ៃ ប៉ុន្តែមិនអាចទិញស្មារតីរបស់អ្នកចម្បាំងនោះទេ
អ្នកមានអាចទិញយកឋានៈជាសាមូរ៉ៃ ប៉ុន្តែមិនអាចទិញស្មារតីរបស់អ្នកចម្បាំងនោះទេ។
ក្នុងសម័យកាលដែលប្រទេសជប៉ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់វណ្ណៈអ្នកចម្បាំង ពោលគឺសម័យ Edo ឋានានុក្រមសង្គមត្រូវបានកំណត់យ៉ាងតឹងរ៉ឹង។ ឋានៈសង្គមត្រូវបានបែងចែកជាបួនវណ្ណៈគឺ សាមូរ៉ៃ កសិករ សិប្បករ និងពាណិជ្ជករ។ ហើយឋានៈទាំងនោះត្រូវបានបន្តទៅឲ្យកូនចៅ ឪពុកបន្តឲ្យកូន មិនអាចផ្លាស់ប្តូរនោះទេ។
ដូច្នេះហើយ មិនថាទ្រព្យសម្បត្តិច្រើនយ៉ាងណា គុណធម៌ល្អ ឬមានកម្លាំងខ្លាំងប៉ុណ្ណានោះទេ អ្នកដែលមកពីវណ្ណៈផ្សេងទៀតមិនអាចឈានជើងចូលវណ្ណៈសាមូរ៉ៃបានឡើយ។
ទោះជាយ៉ាងណា នៅតែមានមនុស្សជឿថា មាសប្រាក់អាចបើកផ្លូវទាំងអស់បាន។
អ្វីដែលច្បាប់មិនអនុញ្ញាត ពួកគេយកប្រាក់ទៅដណ្តើមយក។
អ្វីដែលខ្សែលោហិតមិនអាចផ្តល់ឲ្យបាន ពួកគេប្រើទ្រព្យសម្បត្តិដើម្បីទិញយក។
ចាប់តាំងពីពេលនោះមកលេចវត្តមានរបស់ “សាមូរ៉ៃ” ដែលមានតែឈ្មោះ ប៉ុន្តែមិនមានស្មារតីជាអ្នកចម្បាំងមួយរូបនោះទេ។
ដូច្នេះសុរបទៅ តើឋានៈត្រូវបានកំណត់ដោយពូជពង្ស ខ្សែស្រឡាយ ឬដោយសារចរិតលក្ខណៈរបស់មនុស្សម្នាក់?
នោះជាប្រធានបទដែលយើងនឹងស្វែងយល់តាមរយៈរឿងរ៉ាវនៅថ្ងៃនេះ។
នៅចុងសម័យកាល Edo បន្ទាប់ពីសន្តិភាពជិតពីររយហុកសិបឆ្នាំ ដោយសារសន្តិភាពនោះបានធ្វើឲ្យសាមូរ៉ៃជាច្រើនធ្លាក់ក្នុងសភាពក្រីក្រ។
ក្រៅពីកាន់ដាវការពារប្រទេសជាតិ សាមូរ៉ៃថែមទាំងកាន់តំណែងក្នុងរដ្ឋាភិបាលផងដែរ។ យ៉ាងណាមិញ ការងារមិនច្រើននោះទេ រាជការបែងចែកការងារតាមវេនដើម្បីឲ្យមនុស្សជាច្រើនប្តូរវេនគ្នាធ្វើ ដែលបណ្តាលឲ្យប្រាក់ខែរបស់មនុស្សម្នាក់ៗទទួលបានតិចតួចបំផុត។
ជាការពិតណាស់ នេះគ្រាន់តែជាស្ថានភាពរបស់វណ្ណៈសាមូរ៉ៃថ្នាក់ទាបប៉ុណ្ណោះ។
ទោះបីជាមានស្ថានភាពក្រីក្រក៏ដោយ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្ម ឬធ្វើការនៅតាមផ្សារដូចជាឈ្មួញនោះទេ។ ប៉ុន្តែគ្រាន់តែអាចធ្វើសិប្បកម្មសាមញ្ញៗនៅផ្ទះ ឬខ្ចីប្រាក់ពីឈ្មួញអ្នកមានដើម្បីរស់រានមានជីវិតប៉ុណ្ណោះ ដោយរស់នៅក្នុងជីវិតដ៏លំបាកបំផុត។
ផ្ទុយទៅវិញ ក្នុងសម័យកាលសន្តិភាពនោះ វណ្ណៈពាណិជ្ជករកាន់តែមានទ្រព្យសម្បត្តិស្តុកស្តម្ភឡើងៗ។
ទ្រព្យសម្បត្តិកើនឡើងមិនឈប់ ពួកគេស្លៀកពាក់សូត្រ បរិភោគអាហារឆ្ងាញ់ៗ រាល់ថ្ងៃមានពេលនៅជិតស្រីស្អាត ដែលធ្វើឲ្យមនុស្សដើរឆ្លងកាត់សុទ្ធតែងាកមកមើល។
ប៉ុន្តែនៅទីបំផុត នៅតែមានរឿងមួយដែលពួកគេមិនអាចយកបាន ដែលធ្វើឲ្យពួកគេតែងតែប្រាថ្នាចង់បាន។
នោះគឺជាសិទ្ធិអំណាចរបស់សាមូរ៉ៃ។
ទោះបីជាក្រដល់កម្រិតណា សាមូរ៉ៃនៅតែនាំមុខប្រព័ន្ធវណ្ណៈ។ ពាណិជ្ជករមិនថាមានទ្រព្យសម្បត្តិប៉ុណ្ណានៅតែត្រូវឱនក្បាលគោរពពួកគេ។ ហើយនោះជាអ្វីដែលអ្នកមានជាច្រើនមិនអាចទទួលយកបាន។
ដូច្នេះហើយ ពាណិជ្ជករដែលមានទ្រព្យសម្បត្តិច្រើនមានបំណងចង់បានអំណាច បានយកមាសមួយចំនួនធំទៅឲ្យសាមូរ៉ៃដែលក្រីក្រ សុំធ្វើជាកូនចិញ្ចឹម។ ចាប់តាំងពីពេលនោះមក ទោះបីជាមិនមានសាច់ឈាមតែមួយក៏ដោយ ពួកគេនៅតែមានឈ្មោះជាកូនប្រុសរបស់សាមូរ៉ៃ បានក្លាយជាសាមូរ៉ៃដោយស្វ័យប្រវត្តិ និងទទួលបានសិទ្ធិអំណាចដែលឋានៈនោះផ្តល់ឲ្យ។
បន្ទាប់ពីទទួលបានឋានៈនោះ ពួកគេចាប់ផ្តើមដើរអួតអាងតាមដងផ្លូវដូចជាអ្នកចម្បាំងមួយរូប ដោយមានភាពរីករាយ និងមោទនភាពចំពោះរឿងនោះ។
ទោះបីជាមានឋានៈជាសាមូរ៉ៃ ប៉ុន្តែពួកគេមិនធ្លាប់ត្រូវបានបណ្តុះនូវក្រមសីលធម៌របស់អ្នកចម្បាំងនោះទេ ហើយក៏មិនធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ដាវយ៉ាងតឹងរ៉ឹងនោះដែរ។ យ៉ាងណាមិញ នៅលើក្រដាសស្នាមពួកគេនៅតែជាសាមូរ៉ៃ។ ដូច្នេះហើយ ទោះបីជាមនុស្សធម្មតាក្នុងចិត្តមើលងាយក៏មិនហ៊ានសើចចំអកដោយបើកចំហរដែរ។
សាមូរ៉ៃពិតប្រាកដនឹងមិនប្រើប្រាស់ឋានៈក្រអឺតក្រទមនោះឡើយ។
ពួកគេមានសិទ្ធិយកដាវតាមខ្លួន មានកម្លាំងខ្លាំងជាងមនុស្សធម្មតាដោយពឹងលើការហ្វឹកហាត់យ៉ាងតឹងរ៉ឹងអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែដាវនោះមិនមែនត្រូវបានបង្កើតឡើងដើម្បីបំភិតបំភ័យ ឬគាបសង្កត់មនុស្សទន់ខ្សោយនោះទេ។ កម្លាំងខ្លាំងរបស់សាមូរ៉ៃគឺដើម្បីការពារមនុស្សគ្មានទីពឹង។
មិនថាជីវិតក្រយ៉ាងណានោះទេ ពួកគេត្រូវបានបង្រៀនថា ដាច់ខាតមិនអាចបាត់បង់ស្មារតីរបស់អ្នកចម្បាំងមួយរូបនោះឡើយ។
មាសប្រាក់អាចទិញឋានៈបាន ប៉ុន្តែមិនអាចទិញស្មារតីរបស់សាមូរ៉ៃពិតប្រាកដមួយរូបនោះទេ។
ត្រង់ចំណុចនេះ សូមក្រឡេកមកមើលរឿងរ៉ាវនេះបានឆ្លុះបញ្ចាំងយ៉ាងណាក្នុងសម័យសព្វថ្ងៃ យើងប្រាកដជាឃើញចំណុចជាច្រើនគួរគិតពិចារណា។
ទោះបីមានងារជា “នាយក” ដូចគ្នាក៏ដោយ អ្នកខ្លះបង្កើតទ្រព្យសម្បត្តិដោយបាតដៃទទេ អ្នកខ្លះចំណាយពេលអស់មួយជីវិតលះបង់ដើម្បីក្រុមហ៊ុន ដោយយល់ពីតម្លៃស្នូលនីមួយៗទើបទទួលបានភារកិច្ច។
ប៉ុន្តែក៏មានអ្នកខ្លះគ្រាន់តែពឹងលើការបង្កើតទំនាក់ទំនងអាចឈានដល់ចំណុចកំពូលនៃអំណាច ឬទទួលបានតួនាទីណាមួយសម្រាប់បម្រើគោលបំណងអាជីវកម្មប៉ុណ្ណោះ។
សុទ្ធតែទទួលបានតំណែងដូចគ្នា មិនមែនគ្រប់គ្នាសុទ្ធតែជាអ្នកដឹកនាំពិតប្រាកដនោះទេ។
ឋានៈអាចនឹងត្រូវបានផ្តល់ឲ្យ តំណែងអាចនឹងត្រូវបានរៀបចំ។ ទោះជាយ៉ាងណា សេចក្តីថ្លៃថ្នូរ សមត្ថភាព និងការគោរពរបស់អ្នកដ៏ទៃ មិនអាចទិញដោយអំណាច ឬប្រាក់នោះទេ។
កុំទុកឲ្យឋានៈបិទបាំងភ្នែករបស់ខ្លួន អ្វីដែលសំខាន់មិនមែនជានាមប័ណ្ណដែលពួកគេកាន់លើដៃនោះទេ ប៉ុន្តែជាមនុស្សពិតដែលនៅពីក្រោយឋានៈនោះ។
ពីបុរាណរហូតមកដល់សព្វថ្ងៃ អ្វីដែលបានកំណត់និយមន័យរបស់សាមូរ៉ៃមិនមែនជាដាវដែលនៅក្បែរខ្លួន ឬឋានៈដែលត្រូវបានកត់ត្រាក្នុងខ្សែស្រឡាយគ្រួសារនោះទេ ប៉ុន្តែជាភាពក្លាហាន និងសុចរិតភាពនៅក្នុងចិត្ត។
ចូរចងចាំចំណុចនេះ… ហើយត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះ “សាមូរ៉ៃក្លែងបន្លំ” ដែលមាននៅគ្រប់ទីកន្លែងជុំវិញខ្លួន។
Abe Kengo
