មូលហេតុ​ដែល​ប្រជាជន​ជប៉ុន​តែង​តែ​សម្អាត​ពហុកីឡដ្ឋាន​មុន​ពេល​ចាក​ចេញ

មូលហេតុ​ដែល​ប្រជាជន​ជប៉ុន​តែង​តែ​សម្អាត​ពហុកីឡដ្ឋាន​មុន​ពេល​ចាក​ចេញ។

នៅពេលដែលមានការប្រកួតបាល់ទាត់អន្តរជាតិ ទិដ្ឋភាពប្រជាជនជប៉ុននៅចាំរើសសំរាមបានក្លាយ​ជា​ប្រធាន​បទ​ដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅលើ​បណ្តាញ​សង្គម។

នៅលើកន្លែងអង្គុយទស្សនា អ្នកគាំទ្របានប្រមូលសំរាមរបស់ខ្លួនដោយស្ងាត់ៗ។ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ទោះបីជាកីឡាករ​អស់កម្លាំង​ក្រោយ​ពី​ការប្រកួត​ក៏ដោយ នៅតែសម្អាតគ្រប់យ៉ាងដោយ​​ប្រុង​ប្រយ័ត្ន​​មុន​​ពេល​​ចាកចេញ។

ទិដ្ឋភាពក្រោយការប្រកួតស្ទើរតែដូចដើម ដែលធ្វើឲ្យជនបរទេសជាច្រើនមានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង។

ដូច្នេះហើយ រឿងរ៉ាវនេះចាប់ផ្តើមត្រូវបានគេនិយាយតៗគ្នាថា ប្រជាជនជប៉ុនតែងតែនៅចាំរើសសំរាម និងសម្អាតពហុកីឡដ្ឋាន។ យ៉ាងណាមិញ អារម្មណ៍ និងកម្លាំងជម្រុញនៅពីក្រោយសកម្មភាព​របស់ប្រជាជនជប៉ុនមិនទាន់ត្រូវបានបកស្រាយលម្អិតនោះទេ។

ក្នុងខ្លឹមសារអត្តបទនៅថ្ងៃនេះ ខ្ញុំចង់ចែករំលែកអំពីគំនិត និងអារម្មណ៍នៅពីក្រោយសកម្មភាពនោះរបស់ប្រជាជនជប៉ុន។ ប្រហែលជានៅពេលដែលយល់ពីអត្ថន័យនៅពីក្រោយ មនុស្សជាច្រើនក៏នឹងចាប់ផ្តើមធ្វើសកម្មភាពស្រដៀងគ្នានេះ។

បង្ហាញពី “ការដឹងគុណ”

​ប្រជាជនជប៉ុនត្រូវបានបង្រៀនតាំងពីក្មេងមកថា មិនត្រូវបំភ្លេចទឹកចិត្តដែលដឹងគុណនោះឡើយ។

អ្នកមកទស្សនាមានអារម្មណ៍ដឹងគុណនៅពេលដែលអាចមើលការប្រកួតដ៏អស្ចារ្យនៅពហុកីឡដ្ឋានដែលមានអនាម័យ និងត្រូវបានរៀបចំយ៉ាងល្អ។

ព្រោះតែចង់បង្ហាញពីគារដឹងគុណតាមរយៈសកម្មភាពណាមួយដែលខ្លួនអាចធ្វើបាន ដូច្នេះពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​សម្អាត។ ដើម្បីរក្សាឲ្យកន្លែងអង្គុយទស្សនាស្អាតដូចដើមវិញ ហើយក៏ដើម្បីកាត់បន្ថយ​បន្ទុក​របស់​អ្នកទទួលខុសត្រូវសម្អាត​ផង​ដែរ។

សម្រាប់កីឡាករក៏ដូច្នេះដែរ។

ពួកគេដឹងគុណព្រោះតែទទួលបានបន្ទប់ផ្លាស់សម្លៀកបំពាក់ដែលរៀបរយ ស្អាតបាត ដែលជួយឲ្យពួកគេអាចផ្តោតអារម្មណ៍ទាំងស្រុងលើការប្រកួត ដោយមិនមានការរំខានអ្វីឡើយ។

ទោះបីជាចាញ់ក៏ដោយ មានអារម្មណ៍សោកស្តាយ និងរាងកាយហត់នឿយបន្ទាប់ពីការប្រកួត ពួក​គេ​នៅតែសម្អាតកន្លែងមុនពេលចាកចេញ។

ម្យ៉ាងវិញទៀត ប្រហែលជាពេលដែលយើងចាញ់ការប្រកួត ទើបយើងត្រូវរក្សាភាពស្ងប់ស្ងាត់ដើម្បីបង្ហាញពីការដឹងគុណ។

សំបុត្រថ្លែងអំណរគុណ ឬសត្វក្រៀលក្រដាសដែលត្រូវបានបត់យ៉ាងប្រុងប្រយ័ត្នទុកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក៏ផ្តើមចេញពីអារម្មណ៍ដូចគ្នានេះដែរ…។

ដឹងថាខ្លួនកំពុងតំណាងឲ្យប្រទេសជាតិ

មិនត្រឹមតែកីឡាករប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រដែលទៅគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេក៏​ដោយ សុទ្ធ​តែ​មាន​មោទនភាព​ថា ពួកគេកំពុងតំណាងឲ្យប្រទេសជប៉ុនផងដែរ។

ជាពិសេសនៅពេលដែលមានវត្តមាននៅក្រៅប្រទេស ឬនៅចំពោះមុខទស្សនិកជនអន្តរជាតិយ៉ាងច្រើន ពួកគេតែងតែរំលឹកខ្លួនឯងមិនគួរធ្វើអ្វីដែលធ្វើឲ្យអាម៉ាស់មុខដល់ប្រជាជនជប៉ុននោះទេ។

ជាការពិតណាស់ មិនមែនប្រជាជនជប៉ុនទាំងអស់សុទ្ធតែដឹងអំពីចំណុចនេះនោះទេ។ ប៉ុន្តែមនុស្សនៅជុំវិញបែរជាមានអារម្មណ៍ខ្មាស់ជំនួស ដូច្នេះពួកគេសុខចិត្តរើសសំរាមដែលជនរួមជាតិរបស់ពួកគេបានបោះចោល។

គ្រប់យ៉ាងគ្រាន់តែសង្ឃឹមថា ប្រជាជនជប៉ុននឹងមិនបង្កបញ្ហាដល់នរណាម្នាក់ឡើយ។

តាមពិតទៅ ទម្លាប់នេះមិនមែនមានតែនៅក្នុងពហុកីឡដ្ឋានបាល់ទាត់ប៉ុណ្ណោះទេ។

នៅពេលដែលស្នាក់នៅសណ្ឋាគារ បន្ទាប់ពីប្រើប្រាស់បន្ទប់រួច ប្រជាជនជប៉ុនជាច្រើននឹងតម្រង់គ្រែ​ឡើង​វិញ ហើយ​បត់​កន្សែង​ដែល​ប្រើ​រួច។

នៅពេលដែលបរិភោគអាហារនៅភោជនីយដ្ឋាន ពួកគេច្រើនតែតម្រៀបចានលើគ្នា ដើម្បីឲ្យបុគ្គលិក​ងាយ​ស្រួល​សម្អាត។

សកម្មភាពទាំងនេះត្រូវបានប្រជាជនជប៉ុនធ្វើដោយខ្លួនឯង ​ហើយអនុវត្តស្ទើរតែគ្រប់ស្ថានភាពទាំងអស់ ដូច្នេះវាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ ហេតុនេះ និយាយឲ្យត្រង់ទៅ ប្រជាជនជប៉ុនបែរជាមានអារម្មណ៍ភ្ញាក់ផ្អើលនៅពេលដែលឃើញសកម្មភាពទាំងនេះត្រូវបានផ្សព្វផ្សាយ ដោយ​ចាត់​ទុក​ដូច​ជា​រឿងដែល​ពិសេស។

មានសុភាសិតជប៉ុនមួយឃ្លានិយាយថា៖

立つ鳥跡を濁さず

“បក្សីហោះហើរមិនធ្វើឲ្យខូចកន្លែងដែលខ្លួនចាកចេញ” ។

សុភាសិតនេះបង្រៀនថា នៅពេលដែលចាកចេញពីកន្លែងណាមួយ មនុស្សគួរតែរៀបចំគ្រប់យ៉ាង​ឲ្យបានរៀបរយ មិនបង្កការរំខាន ឬបន្ទុកដល់អ្នកដទៃនោះឡើយ។ នេះជាចំណុចមួយក្នុងចំណោម​ចំណុច​ដែលប្រជាជនជប៉ុនឲ្យតម្លៃក្នុងជីវិតប្រចាំថ្ងៃ។

គោលគំនិតនេះក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងរបៀបដែលប្រជាជនជប៉ុនយល់ឃើញចំពោះសេចក្តីស្លាប់​ផង​ដែរ។

ប្រជាជនជប៉ុនយល់ឃើញថា ជំនួសដោយការតស៊ូយ៉ាងអស់សង្ឃឹម ឬលះបង់អ្នកដទៃដើម្បីសង្គ្រោះ​ខ្លួន​ឯង មនុស្សគួរតែទទួលយកសេចក្តីស្លាប់ដោយស្ងប់ស្ងាត់ និងម៉ឺងម៉ាត់ ទន្ទឹមនឹងនោះ ព្យាយាម​មិន​បង្ក​បញ្ហា​ដល់​មនុស្ស​នៅ​ជុំវិញ។

ស្រដៀងនឹងផ្កាសាគូរ៉ាដែរ បន្ទាប់ពីរីកស្គុះស្គាយ ស្រស់ស្អាត និងមានក្លិនក្រអូប ហើយទុកឲ្យខ្យល់​បក់​ទៅ ស្រស់​ស្អាត និង​ម៉ឺង​ម៉ាត់។

ហេតុអ្វីបានជាប្រជាជនជប៉ុនបែរជាសម្អាតមុនពេលចាកចេញ? ស្វែងយល់កាន់តែលម្អិត យើងនឹងមើលឃើញនៅពីក្រោយសកម្មភាពទាំងនោះគឺជាអត្តន័យដ៏ជ្រាលជ្រៅ។

មិនមែនដើម្បីទទួលបានការសរសើរ ឬប្រែជាល្បីនៅលើបណ្តាញសង្គមនោះទេ។ នោះគ្រាន់តែជាមធ្យោបាយដែលពួកគេបង្ហាញពីការដឹងគុណ ទំនួលខុសត្រូវ និងការគោរពចំពោះមនុស្សនៅជុំវិញ។

ប្រហែលជាអ្វីដែលសមនឹងទទួលបានការផ្សព្វផ្សាយមិនត្រឹមតែជាកន្លែងអង្គុយទស្សនាមានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែជាទស្សនៈជីវិតដែលបានជម្រុញដល់សកម្មភាពទាំងនោះ។ ព្រោះ​នៅ​ពេល​ដែលមនុស្សម្នាក់ៗចេះឲ្យតម្លៃកន្លែងដែលខ្លួនឈានជើងដល់ ហើយ​ចាក​ចេញ​ដោយ​មិនបន្សល់​ទុកបន្ទុកដល់អ្នកដទៃ ពិភព​លោក​​នឹង​​ក្លាយ​ជា​កន្លែង​ដែល​មាន​អរិយធម៌ ភាព​គួរ​សម និង​គួរ​ឲ្យ​ចង់​រស់​នៅ​ជាង​មុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: