មូលហេតុពិតដែលបណ្តាលឲ្យចំនួនប្រជាជនជប៉ុនរស់នៅក្នុងប្រទេសវៀតណាមកំពុងថយចុះជាលំដាប់
មូលហេតុពិតដែលបណ្តាលឲ្យចំនួនប្រជាជនជប៉ុនរស់នៅក្នុងប្រទេសវៀតណាមកំពុងថយចុះជាលំដាប់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាចំនួនអាជីវកម្មជប៉ុនដែលកំពុងពង្រីកខ្លួនចូលប្រទេសវៀតណាមនៅតែបន្តកើនឡើង ប៉ុន្តែផ្ទុយទៅវិញ ចំនួនប្រជាជនជប៉ុនដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមបែរជាកំពុងថយចុះជាលំដាប់។
ដោយគ្រាន់តែក្រឡេកមើលនៅទីក្រុងហូជីមិញ យើងអាចមើលឃើញថា ចំនួនប្រជាជនជប៉ុនកំពុងថយចុះយ៉ាងគួរឲ្យកត់សម្គាល់។
ហើយនៅពេលដែលក្រឡេកទៅមើលតួលេខស្ថិតិ លទ្ធផលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត។
ជាដំបូងគឺចំនួនអាជីវកម្ម។
នៅឆ្នាំ ២០១៦ មានអាជីវកម្មជប៉ុនចំនួន ១.៦៨៧ កំពុងដំណើរការនៅក្នុងប្រទេសវៀតណាម។ រហូតដល់ឆ្នាំ ២០២៤ ចំនួននេះបានកើនឡើងដល់ ២.៥៤៣ អាជីវកម្ម។ ឃើញថាចំនួនអាជីវកម្មជប៉ុនកំពុងកើនឡើងយ៉ាងមានស្ថិរភាព។
យ៉ាងណាមិញ ចំនួនប្រជាជនជប៉ុនដែលរស់នៅក្នុងប្រទេសវៀតណាមបែរជាផ្ទុយស្រឡះទាំងស្រុង។ បន្ទាប់ពីបានឡើងដល់កម្រិតកំពូលប្រហែល ២៣.០០០ នាក់ក្នុងឆ្នាំ ២០២០ ចំនួននេះបានថយចុះជាបន្តបន្ទាប់ ហើយនៅឆ្នាំ ២០២៥ សល់ត្រឹមតែ ១៦.៦៣៦ នាក់ប៉ុណ្ណោះ។
ចំណុចនេះមានន័យថា ចំនួនប្រជាជនជប៉ុនដែលធ្វើការក្នុងក្រុមហ៊ុននីមួយៗកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
តើមូលហេតុបណ្តាលមកពីអ្វី? ហើយចំណុចនេះមានទំនាក់ទំនងយ៉ាងណាចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសវៀតណាម? ចូរយើងស្វែងយល់តាមរយៈខ្លឹមសារអត្តបទខាងក្រោម។
មូលហេតុទីមួយគឺថ្លៃចំណាយសម្រាប់បុគ្គលិកដែលត្រូវបញ្ជូនទៅ (ពោលគឺការបញ្ជូនបុគ្គលិកជនជាតិជប៉ុនទៅធ្វើការនៅប្រទេសផ្សេងទៀត) ខ្ពស់ពេក។
ភាគច្រើនអាជីវកម្មជប៉ុនសុទ្ធតែអនុវត្តបទប្បញ្ញត្តិផ្ទៃក្នុងជាមួយនឹងយន្តការដូចខាងក្រោម៖
- រក្សារបបប្រាក់ខែដូចជាពេលដែលធ្វើការនៅប្រទេសជប៉ុន។
- ក្រុមហ៊ុនរ៉ាប់រងការចំណាយលើថ្លៃស្នាក់នៅ ការធ្វើដំណើរ និងការរស់នៅ។
- មានប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ការធ្វើការនៅបរទេស។
ដោយផ្អែកលើអត្ថប្រយោជន៍ទាំងនេះ បុគ្គលិកអាចធ្វើការនៅបរទេសដោយទុកចិត្ត។ ទោះជាយ៉ាងណា បើគិតលើការចំណាយ នេះជាការវិនិយោគដែលមានតម្លៃខ្ពស់។
ជាទូទៅថ្លៃចំណាយសរុបសម្រាប់បុគ្គលិកម្នាក់ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសវៀតណាមខ្ពស់ជាងប្រមាណ ១,៥ ទៅ ២ ដងបើប្រៀបនឹងពេលដែលពួកគេធ្វើការនៅប្រទេសជប៉ុន។
ហើយជាការពិតណាស់ ការចំណាយនេះនឹងត្រូវបានរ៉ាប់រងដោយនីតិបុគ្គលនៅក្នុងប្រទេសវៀតណាម (ពោលគឺក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសវៀតណាម) ជាអ្នកទូទាត់។ ប៉ុន្តែជាមួយនឹងការចំណាយខ្ពស់បែបនេះ ការបង្កើតប្រាក់ចំណេញពិតជាពិបាកណាស់។
មូលហេតុមួយផ្សេងទៀតគឺចំនួនប្រជាជនវៀតណាមដែលពូកែ មានជំនាញខ្ពស់កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។
ខ្ញុំបានទៅដល់ប្រទេសវៀតណាមតាំងពីឆ្នាំ ២០០៧ និងធ្វើការខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ។
នៅពេលនោះ ខ្ញុំធ្លាប់ពឹងឲ្យក្រុមហ៊ុន IT ធំមួយរបស់វៀតណាមដំឡើងម៉ាស៊ីនមេ។ ប៉ុន្តែសូម្បីតែធ្វើតាមការណែនាំក៏ពួកគេនៅតែមិនអាចធ្វើបាន។
កម្មវិធីដែលពួកគេបង្កើតក៏សុទ្ធតែមិនទាន់អាចប្រើបាន ដូច្នេះផ្នែកដែលសំខាន់ៗនៅតែត្រូវបានគ្រប់គ្រងដោយជនជាតិជប៉ុន។
ប៉ុន្តែឥឡូវនេះ ស្ថានភាពប្រែជាខុសគ្នាទាំងស្រុង។
មិនត្រឹមតែខាងផ្នែកព័ត៌មានវិទ្យាប៉ុណ្ណោះទេ សូម្បីតែផ្នែកសេវាកម្មក៏ដោយ។ ជនជាតិវៀតណាមជាច្រើនដែលធ្វើការខាងផ្នែកបម្រើសេវាកម្មអតិថិជនមានជំនាញវិជ្ជាជីវៈ យកចិត្តទុកដាក់ និងស្មារតីរបស់ជប៉ុនកាន់តែច្រើនឡើង។
ទាំងនេះជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំ។
នៅព្រឹកមួយ ខ្ញុំបានចុះចតនៅជប៉ុនបន្ទាប់ពីហោះហើររយៈពេលវែង ហើយទៅកាន់សណ្ឋាគារ។ នៅពេលនោះភ្លៀងកំពុងធ្លាក់ ដូច្នេះពេលដែលទៅដល់កន្លែង ខ្លួនរបស់ខ្ញុំសើមជោកទៅហើយ។
ព្រោះតែនៅព្រឹកព្រលឹម មិនទាន់ដល់ពេលចូលបន្ទប់ ដូច្នេះខ្ញុំបានផ្ញើអីវ៉ាន់នៅកន្លែងទទួលភ្ញៀវ។ យ៉ាងណាមិញ បើទោះបីជាខ្ញុំកំពុងតែទទឹកជោកក៏ដោយ បុគ្គលិកគ្រាន់តែទទួលយកអីវ៉ាន់ មិនមានការយកចិត្តទុកដាក់សួរនាំអ្វីឡើយ។
ជាការពិតណាស់ ខ្ញុំសើមព្រោះតែខ្លួនឯង មិនមែនជាកំហុសរបស់សណ្ឋាគារនោះទេ ប៉ុន្តែច្បាស់ណាស់ នេះមិនមែនជាសេវាកម្មបម្រើអតិថិជនដែលជប៉ុនតែងតែមានមោទនភាពលើពិភពលោកនោះទេ។
ផ្ទុយទៅវិញ នៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុងហូជីមិញ ខ្ញុំទទួលបានការស្វាគមន៍យ៉ាងពិសេសបំផុត។
នៅពេលនោះ គូស្វាមីភរិយាមួយគូដែលជាមិត្តភក្តិរបស់ខ្ញុំកំពុងស្នាក់នៅសណ្ឋាគារនោះ។ បន្ទាប់ពីពួកគេបានសងបន្ទប់ ពួកយើងបានទុកអីវ៉ាន់នៅទីនោះ ហើយចេញទៅបរិភោគអាហារជាមួយគ្នា។
នៅពេលដែលត្រឡប់ទៅសណ្ឋាគារដើម្បីយកអីវ៉ាន់មុននឹងចេញទៅប្រលានយន្តហោះ មេឃចាប់ផ្តើមភ្លៀង។ យើងទាំងបីនាក់បានប្រញាប់ប្រញាល់រត់ចូលសណ្ឋាគារ ហើយយើងទាំងបីនាក់សុទ្ធតែទទឹកជោក។
មើលឃើញពួកយើង ភ្លាមៗនោះ បុគ្គលិកសណ្ឋាគារម្នាក់បានរត់ទៅយកកាន់កន្សែងមក។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ទោះបីជាមានតែមនុស្សពីរនាក់ស្នាក់នៅទីនោះក៏ដោយ ប៉ុន្តែបុគ្គលិកនៅតែយកចិត្តទុកដាក់យកកន្សែងចំនួនបី ដែលគ្រប់សម្រាប់យើងទាំងបីនាក់។
ខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំងចំពោះសេវាកម្មនេះ ហើយបានផ្តល់ប្រាក់ទឹកតែដល់បុគ្គលិកម្នាក់នោះ។
ហើយបន្ទាប់ពីឆ្លងកាត់បទពិសោធន៍ដែលបានរៀបរាប់ខាងលើ ភាគីខាងណាមានសេវាកម្មល្អជាងគឺច្បាស់ណាស់។
ជាការពិតណាស់ ខ្ញុំមិនមានន័យថា ប្រជាជនវៀតណាមទាំងអស់ដែលធ្វើការខាងផ្នែកបម្រើសេវាកម្មសុទ្ធតែអាចផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈបែបនេះនោះទេ។ ប៉ុន្តែច្បាស់ណាស់ មនុស្សដែលចេះគិតគូរ និងសកម្មកាន់តែច្រើនឡើង ដោយមិនត្រឹមតែធ្វើតាមការបញ្ជាប៉ុណ្ណោះទេ។
ផ្ទុយទៅវិញ មិនមែនជនជាតិជប៉ុនទាំងអស់សុទ្ធតែមានឥរិយាបថមិនសមរម្យនោះទេ។ ជាការពិតណាស់ នៅតែមានមនុស្សជាច្រើនខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងខ្លាំង។ ទោះជាយ៉ាងណា មនុស្សកាន់តែច្រើនឡើងៗគិតថា គ្រាន់តែធ្វើតាមនីតិវិធីគឺគ្រប់គ្រាន់ហើយ។
នៅពេលដែលមានស្ថានភាពបែបនេះ តើនាយកប្រតិបត្តិអាជីវកម្មជប៉ុននឹងគិតយ៉ាងណា?
ពួកគេនឹងគិតថា ជំនួសដោយការចំណាយខ្ពស់ដើម្បីបញ្ជូនបុគ្គលិកជប៉ុនទៅធ្វើការរយៈពេលវែង គ្រាន់តែជ្រើសរើសជនជាតិវៀតណាមដែលមានសមត្ថភាពទៅបានហើយ។
ក្នុងដំណាក់កាលដំបូង គ្រាន់តែបញ្ជូនបុគ្គលិកជប៉ុនទៅបណ្តុះបណ្តាលរយៈពេលខ្លី បន្ទាប់មកប្រគល់ទៅឲ្យបុគ្គលិកវៀតណាមទៅបានហើយ។
ប្រហែលជាដោយសារតែមូលហេតុនេះ ទើបទោះបីជាអាជីវកម្មជប៉ុននៅវៀតណាមកើនឡើងក៏ដោយ ចំនួនប្រជាជនជប៉ុនដែលរស់នៅក្នុងប្រទេសវៀតណាមបែរជាថយចុះជាលំដាប់។
ជប៉ុនធ្លាប់អភិវឌ្ឍដោយផ្អែកលើភាពហ្មត់ចត់ និងការយកចិត្តទុកដាក់ចំពោះការងារ ដូចជាវិស័យសេវាកម្មរហូតដល់បច្ចេកទេសផលិតកម្មកម្រិតខ្ពស់។ ប៉ុន្តែឥឡូវនេះ ប្រជាជនវៀតណាមកំពុងតែសម្រេចបាននូវការងារដែលមនុស្សជាច្រើនធ្លាប់គិតថា មានតែជនជាតិជប៉ុនប៉ុណ្ណោះដែលអាចធ្វើបាន។
ប្រសិនបើនិយាយថាប្រទេសជប៉ុននៅតែល្អជាងបន្តិច នោះគ្រាន់តែនិយាយពីគុណភាពទាំងមូលប៉ុណ្ណោះ។
នៅប្រទេសជប៉ុន មនុស្សពូកែមានច្រើន ប៉ុន្តែមនុស្សធម្មតាក៏ធ្វើការល្អណាស់ដែរ។ ដូច្នេះហើយ មិនថានៅទីណា ជារួមការងារនៅតែបំពេញតាមស្តង់ដារ។
ក្នុងនោះនៅប្រទេសវៀតណាម គម្លាតរវាងអ្នកដែលធ្វើបានល្អ និងអ្នកដែលមិនទាន់ធ្វើបានមានច្រើននៅឡើយ។ ក្រៅពីអ្នកដែលមានឥរិយាបថបម្រើសេវាកម្មល្អឥតខ្ចោះ នៅតែមានមនុស្សជាច្រើនមិនទាន់ធ្វើបានល្អ។
អាចនិយាយបានថា ជប៉ុនមានគុណភាពជាមធ្យមខ្ពស់ ចំណែកឯវៀតណាមក្រុមមនុស្សដែលពូកែកំពុងអភិវឌ្ឍក្នុងល្បឿនយ៉ាងលឿន ប៉ុន្តែជាទូទៅ នៅតែមិនគ្រប់គ្រាន់។
ប្រសិនបើវៀតណាមអាចបង្កើនសមត្ថភាពរបស់ក្រុមទាំងនេះ និងកែលម្អគុណភាពសង្គមទាំងមូល នោះខ្ញុំជឿថាអនាគតនៃប្រទេសនេះនឹងកាន់តែភ្លឺស្វាងថែមទៀត។
សម្រាប់ប្រទេសវៀតណាម នេះជាឱកាសល្អសម្រាប់អភិវឌ្ឍ។ នៅពេលដែលជនជាតិវៀតណាមមានជំនាញវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ និងឥរិយាបថបម្រើសេវាកម្មដែលបំពេញតាមស្តង់ដារអន្តរជាតិកាន់តែច្រើនឡើង ឱកាសសម្រាប់ប្រទេសបង្ហាញពីគោលជំហរនៅលើឆាកអន្តរជាតិកាន់តែច្បាស់លាស់។
ចំពោះភាគីជប៉ុន ប្រសិនបើអាចស្តារឡើងវិញនូវស្មារតីយកចិត្តទុកដាក់ និងមោទនភាពចំពោះការងារដែលធ្លាប់ធ្វើឲ្យពួកគេល្បីឈ្មោះ ប្រទេសទាំងពីរនឹងមិនមែនជាគូប្រជែងគ្នានោះទេ ប៉ុន្តែជាដៃ រៀនសូត្រពីគ្នាទៅវិញទៅមក និងជម្រុញការអភិវឌ្ឍទៅវិញទៅមក។
នាពេលអនាគត តើប្រទេសនេះអាចនឹងក្លាយជាប្រទេសត្រូវបានពិភពលោករំលឹកដល់ទាក់ទងនឹងគុណភាព និងសេវាកម្មដែរទេ? ចម្លើយអាស្រ័យលើអ្វីដែលយើងធ្វើនៅថ្ងៃនេះ។
Abe Kengo
