ពាក្យ​បណ្តាំ​ចុង​ក្រោយ​របស់​ទាហាន​ដែល​ឆ្ពោះ​ទៅ​រក​សេចក្តី​ស្លាប់

ពាក្យបណ្តាំចុងក្រោយរបស់ទាហានដែលឆ្ពោះទៅរកសេចក្តីស្លាប់។

នៅពេលដែលជិតបញ្ចប់សង្គ្រាមលោកលើកទីពីរ ជប៉ុនបានបញ្ជូនទាហានវ័យក្មេងឡើងយន្ត​ហោះ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ស្ម័គ្រ​ស្លាប់​ទៅ​លើ​នាវា​ចម្បាំង​របស់​សត្រូវ។

ពួកគេជាសមាជិកនៃកងកម្លាំងស្ម័គ្រស្លាប់ពិសេសដែលជនជាតិអាមេរិកហៅថា “Kamikaze Attack” – កង​កម្លាំង​ប្រយុទ្ធ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ទាហាន​អាមេរិក​ភ័យ​ខ្លាច។

យោងតាមការរៀបរាប់ នៅនាទីចុងក្រោយ ពួកគេបានស្រែកថា “សូមព្រះចៅអធិរាជទ្រង់មានព្រះ​ជន្មាយុ​យឺន​យូរ” បន្ទាប់​មក​ហោះ​តម្រង់​ចុះ​មក​ក្រោម។

ទាហានអាមេរិកស្តាប់មិនយល់ពីអត្តន័យពាក្យដែលអ្នកបើកយន្តហោះស្ម័គ្រស្លាប់ស្រែកឡើងនោះទេ។ សម្រាប់ពួកគេ គ្រប់យ៉ាងគ្រាន់តែជាការវាយប្រហារដ៏ឆ្កួតលីលា​ដែល​មិនអាច​យល់​បានប៉ុណ្ណោះ។

ប៉ុន្តែតាមពិតទៅគឺយ៉ាងណា? ហើយពាក្យពេចន៍ចុងក្រោយដែលបុរសវ័យក្មេងទាំងនោះបានស្រែក​ឡើង​តាម​ពិត​ទៅ​ជា​អ្វី?

ដោយយកតាមគ្រាប់បែកធំៗដើម្បីវាយពន្លិចនាវាសត្រូវ និងមានប្រេងឥន្ធនៈ​គ្រប់សម្រាប់ហោះទៅប៉ុណ្ណោះ ពួកគេហោះចេញទៅដោយ​គ្មាន​ផ្លូវ​ត្រឡប់មកវិញឡើយ។

ដូច្នេះហេតុអ្វីបានជាពួកគេមិនរត់គេចខ្លួនដើម្បីរក្សាជីវិត?

តាមពិតទៅ នៅលើផ្ទៃមេឃពេលនោះតែងតែមានថ្នាក់លើហោះតាមដើម្បីសង្កេតមើលគ្រប់សកម្មភាព​របស់​ពួក​គេ។ ការដែលរត់ចោលជួរគឺមិនអាចទៅរួចនោះទេ។

ទន្ទឹមនឹងនោះ ពួកគេថែមទាំងត្រូវបានបង្រៀនថា យោធាអាមេរិកគឺជាកងកម្លាំងដ៏ឃោរឃៅបំផុត។ ប្រសិនបើជប៉ុនបរាជ័យ មិនត្រឹមតែការស្លាប់រស់របស់ខ្លួនប៉ុណ្ណោះទេ សូម្បីតែក្រុមគ្រួសារនៅស្រុកកំណើតក៏មិនដឹងថាត្រូវប្រឈមមុខនឹងវាសនាយ៉ាងណានោះដែរ។ ដូច្នេះហើយ គំនិតរត់គេច​ខ្លួន​ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុង។

ឮថាមុនពេលចេញដំណើរ មនុស្សម្នាក់ៗសុទ្ធតែទទួលបានសូកូឡាមួយដុំ។

នៅក្នុងសម័យកាលដែលខ្វះខាតស្បៀងអាហារ នោះជាអំណោយដ៏មានតម្លៃបំផុត។ យ៉ាងណាមិញ នៅ​ខាង​ក្នុង​សូកូឡា​មួយ​ដុំ​នោះ​បែរ​ជា​មាន​សារធាតុ​រំញោច។

បន្ទាប់ពីបរិភោគរួច ភាព​ភ័យ​ខ្លាច​របស់​ពួកគេ​ដូចជាស្ពឹក ហើយឆ្ពោះតម្រង់ទៅរកគោលដៅ។

មិនមែនព្រោះតែភាពក្លាហាននោះទេ ហើយក៏មិនមែនដោយសារតែឆ្កួតលីលានោះដែរ។ តាមពិត​ទៅ ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ដូច​​ជា​​អ្នក​​ដទៃ​ ហើយពួកគេក៏ភ័យខ្លាចដូចជា​អ្នក​​ផ្សេង​ទៀត​​ដែរ។ គ្រាន់តែពួកគេគ្មានជម្រើសផ្សេង ហើយក៏មិនមានសិទ្ធិសម្រេចលើជោគវាសនារបស់​ខ្លួន។

នៅពេលដែលទទួលបានបញ្ជា “ចូរបំពេញបេសកកម្មដើម្បីប្រទេសជាតិ និងដើម្បីព្រះចៅអធិរាជ!” ក្នុងស្ថានភាពបាត់បង់ភាពម្ចាស់ការព្រោះតែសារធាតុរំញោច ពួកគេហោះតម្រង់ចុះ​ទៅ​ក្រោម។

ទោះជាយ៉ាងណា បើតាមអ្វីដែលបានឮតាមវិទ្យុ ភាគច្រើនពាក្យពេចន៍ចុងក្រោយរបស់អ្នកបើកយន្តហោះស្ម័គ្រស្លាប់មិនមែនជាការស្រែកហ៊ោអស្ចារ្យនោះទេ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​ពាក្យ​ពីរ​មាត់ “ម៉ាក់​អើយ…!!!” យ៉ាង​ឈឺ​ចាប់​ក្នុង​ចិត្ត។

សាកសពរបស់ពួកគេរលាយបាត់ក្នុងករណីផ្ទុះនៅពេលដែលឆ្ពោះតម្រង់ទៅរកនាវាសត្រូវ សូម្បីតែធាតុ​ក៏​គ្មាន​សល់​ដែរ។

ក្រៅពីសំបុត្រមរណភាព អ្វីដែលក្រុមគ្រួសារពួកគេទទួលបាន គ្រាន់តែជាវត្ថុអនុស្សាវរីយ៍ដូចជា របស់​របរ​ផ្ទាល់​ខ្លួន ឬសក់ប៉ុន្មានសរសៃរបស់អ្នក​ស្លាប់​ប៉ុណ្ណោះ។

ក្នុងផ្នូររបស់ពួកគេ គ្មានធាតុរបស់ពួកគេសូម្បីតែបន្តិច។

ទាហានទាំងនោះលះបង់ទាំងដែលអាយុនៅក្មេងណាស់។ ឪពុកម្តាយរបស់ពួកគេ ជាអ្នកដែលប្រាថ្នាចង់ឲ្យកូនធំដឹងក្តី រៀបការ និងបង្កើតគ្រួសាររបស់ខ្លួន តែងតែដាក់ថែមតុក្កតាមួយក្នុងផ្នូរ។ ដោយសង្ឃឹមថានៅស្ថានសួគ៌ កូន​ប្រុសរបស់ពួកគេអាចជួបមនុស្ស​​ដែល​ខ្លួន​​ស្រលាញ់ ហើយ​រស់​​នៅ​ប្រកប​ដោយ​​សុភមង្គល។

នេះ​ជា​សមរភូមិ​ដ៏​ឆ្កួត​លីលា ប៉ុន្តែទាហានដែលឆ្ពោះតម្រង់ទៅរកសេចក្តីស្លាប់មិនដូច្នេះនោះទេ។ ពួក​គេ​នៅ​តែ​អាច​រក្សា​ស្មារតី​របស់​ខ្លួន ទាំងដែលបានប្រើសារធាតុរំញោចក៏ដោយ។

ភាពខុសគ្នារវាងកម្លាំងរបស់ជប៉ុន និងអាមេរិកនាពេលនោះធំពេក។ សូម្បីតែការវាយប្រហារស្ម័គ្រ​​ស្លាប់​​ទាំង​​នោះ​ក៏មិនអាចជួយឲ្យ​ជប៉ុន​យក​ឈ្នះ​នោះ​ដែរ។

មនុស្សមួយចំនួនយល់ឃើញថា ដោយសារតែការវាយប្រហារទាំងនោះហើយ ទើបជប៉ុនត្រូវសហរដ្ឋ​អាមេរិកទម្លាក់គ្រាប់បែកបរមាណូ យ៉ាងណាមិញ ទស្សនៈនេះគឺមិនត្រឹមត្រូវនោះទេ។ ប៉ុន្តែព្រោះ​តែសហរដ្ឋអាមេរិកបានចាត់ទុកនេះជាសមរភូមិសាកល្បងអាវុធថ្មី ដូច្នេះមិនថាយ៉ាង​ណា​គ្រាប់​បែកបរមាណូនឹងត្រូវទម្លាក់ចុះ។ ការដែលយោធាអាមេរិកធ្វើការស្ទង់មតិបន្ទាប់ពីទម្លាក់​គ្រាប់​បែក​​នៅទីក្រុង Hiroshima និង Nagasaki គឺ​ជា​​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​​ដែល​​គាំទ្រ​ការ​​អះ​​អាង​​​នេះ។

តើការលះបង់ជីវិតរបស់ទាហានស្ម័គ្រស្លាប់ទាំងនោះពិតជាមានអត្តន័យដែរទេ?

ប្រហែលជាមិនមានចម្លើយដែលមនុស្សគ្រប់គ្នាសុទ្ធតែយល់ស្របនោះទេ។

ប៉ុន្តែអ្វីដែលសំខាន់ បន្ទាប់ពីរឿងទាំងនោះ សង្គ្រាមបានបញ្ចប់ ចំណែកឯប្រទេសជប៉ុនសព្វថ្ងៃនៅ​តែ​មាន​វត្តមាន និង​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន។

នៅទីក្រុងតូក្យូមានប្រាសាទមួយមានឈ្មោះថា Yasukuni ទីនេះជាកន្លែងដែលរំលឹកដល់អ្នកដែល​បានពលីជីវិតដើម្បីការពារប្រទេសជាតិ។ ជារៀងរាល់រដូវផ្ការីក ផ្កាសាគូរ៉ារីកយ៉ាងស្រស់ស្អាតនៅ​កន្លែង​នេះ។

នៅថ្ងៃចេញដំណើរ ទាហានជប៉ុនជាច្រើនធ្លាប់សន្យាគ្នាថា៖

“យើងនឹងជួបគ្នាម្តងទៀតក្រោមដើមផ្កាសាគូរ៉ានៅ Yasukuni” ។

ប្រសិនបើអាចមើលឃើញប្រទេសជប៉ុននាពេលបច្ចុប្បន្ន មិនដឹងថាវិញ្ញាណទាំងនោះនឹងគិតយ៉ាង​ណា?

មិនត្រឹមតែទាហានជប៉ុនប៉ុណ្ណោះទេ នៅប្រទេសណាក៏ដោយ សុទ្ធតែមានមនុស្សដែលបានលះបង់ជីវិត​ដើម្បី​ការ​ពារ​មាតុភូមិ។

អ្វីដែលអ្នកនៅរស់សព្វថ្ងៃនេះត្រូវធ្វើមិនមែនលើកតម្កើងសង្គ្រាមនោះទេ ប៉ុន្តែត្រូវកសាងសង្គមមួយឲ្យកាន់តែប្រសើរឡើង រក្សាសន្តិភាព ដើម្បីកុំឲ្យការបាត់បង់ទាំងនេះកើតឡើងម្តងទៀត ហើយ​ក៏ដើម្បីកុំឲ្យខកបំណងរបស់វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​លះ​បង់​ផង​ដែរ។

សង្ឃឹមថារឿងនេះអាចធ្វើឲ្យយើងទាំងអស់គ្នាចំណាយពេលសញ្ជឹងគិតដល់តម្លៃនៃសន្តិភាព និងរួម​ចំណែក​កសាង​ពិភព​លោក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: