អ្នកទោសសង្គ្រាមជប៉ុន និងមោទនភាពជាតិទាំងដែលត្រូវបង្ខំឲ្យធ្វើការក៏ដោយ
អ្នកទោសសង្គ្រាមជប៉ុន និងមោទនភាពជាតិទាំងដែលត្រូវបង្ខំឲ្យធ្វើការក៏ដោយ។
ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ទាហានជប៉ុនមួយចំនួនធំត្រូវបានចាប់ធ្វើជាអ្នកទោសសង្គ្រាមនៅសហភាពសូវៀត។ ទោះបីជាប្រឈមនឹងស្ថានភាពត្រូវបង្ខំឲ្យធ្វើការ ពួកគេនៅតែខំប្រឹងអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវភាពល្អឥតខ្ចោះក្នុងការងារ តាមរយៈការធ្វើការថែមម៉ោងដោយមិនចាំបាច់មានបញ្ជា ឬទាមទារប្រាក់ឧបត្ថម្ភនោះទេ។
ទាំងនេះជារឿងរ៉ាវនិយាយពីស្មារតីខិតខំប្រឹងប្រែង និងការលះបង់ចំពោះសិប្បកម្មរបស់អ្នកទោសសង្គ្រាមកាលពីសម័យមុន ចូរយើងតាមដានទាំងអស់គ្នា។
មហោស្រព Navoiy នៅ Uzbekistan សព្វថ្ងៃនេះ ដើមឡើយជាអគារសំខាន់មួយដែលត្រូវបានសាងសង់ឡើងដើម្បីរំលឹកខួបលើកទី ៣០ នៃបដិវត្តន៍រុស្ស៊ី។ ដោយសារតែសង្គ្រាមទើបត្រូវពន្យារពេល អ្នកទោសសង្គ្រាមជប៉ុនត្រូវបានដាក់ពង្រាយដើម្បីពន្លឿនការសាងសង់។ ភារកិច្ចដែលដាក់ចេញឲ្យពួកគេគឺបញ្ចប់គម្រោងទាន់ពេលវេលា។ ក្រោមសម្ពាធពេលវេលាយ៉ាងខ្លី ការធ្លាក់ចុះនូវគុណភាពក្នុងកម្រិតណាមួយជារឿងដែលមិនអាចជៀសផុត។ ទោះជាយ៉ាងណា អ្នកទោសសង្គ្រាមជប៉ុនបានជ្រើសយកវិធីសាស្រ្តខុសគ្នាទាំងស្រុង ដោយកំណត់ស្តង់ដារគុណភាពយ៉ាងតឹងរ៉ឹងបំផុត។
ដោយប្រឈមមុខនឹងកាលកំណត់ដ៏តឹងរ៉ឹង ប្រសិនបើផ្តោតសំខាន់ពេកលើចំណុចលម្អិតអាចបណ្តាលឲ្យយឺតពេល អ្នកទោសសង្គ្រាមជប៉ុនបានបន្ថែមម៉ោងធ្វើការដើម្បីបញ្ចប់ស្ថាបត្យកម្មនីមួយៗ។ ពួកគេសុខចិត្តស៊ូទ្រាំនឹងការលំបាកដើម្បីបង្កើតបានជាសំណង់ដែលពួកគេមានមោទនភាព។
ដោយដឹងថា ទោះបីជាមានទាំងអ្នកទោសសង្គ្រាមអាល្លឺម៉ង់ និងអុីតាលីធ្វើការនៅក្នុងតំបន់នេះក៏ដោយ ប៉ុន្តែមានតែក្រុមអ្នកទោសជប៉ុនប៉ុណ្ណោះដែលស្ម័គ្រចិត្តថែមម៉ោងដើម្បីបង្កើនគុណភាពសំណង់។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត នេះមិនមែនជាការខិតខំប្រឹងប្រែងរបស់បុគ្គលមួយចំនួនតូចនោះទេ ប៉ុន្តែជាការឯកភាពគ្នារបស់សមាជិកភាគច្រើន។ ក្នុងស្ថានភាពរបស់កម្មករដែលត្រូវបង្ខំឲ្យធ្វើការ ការបន្ថែមសម្ពាធការងារដោយស្ម័គ្រចិត្តជារឿងដែលកម្រណាស់បើតាមស្តង់ដារធម្មតា។
ដោយផ្អែកលើស្មារតីនោះ គម្រោងនេះត្រូវបានបញ្ចប់ទាន់ពេលវេលា និងមានគុណភាពលើសពីការរំពឹងទុក ដោយទទួលបានការសរសើរយ៉ាងខ្លាំងពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
ជាការពិតណាស់ ទោះបីជាធ្វើការថែមម៉ោងច្រើនក៏ដោយ ពួកគេក៏មិនអាចបរិភោគអាហារឆ្ងាញ់ជាងនេះដែរ។ ហើយក៏មិនព្រោះតែចំណុចនេះបានត្រឡប់ទៅស្រុកលឿនជាងមុននោះទេ។ កម្លាំងចិត្តតែមួយគត់ដែលធ្វើឲ្យពួកគេរក្សាស្តង់ដារខ្ពស់បែបនេះព្រោះតែពួកគេតែងតែគិតថា៖
“យើងមិនចង់សាងសង់សំណង់ដែលមិនល្អ ហើយត្រូវគេនិយាយថា៖ ‘នេះជាសំណង់ដែលជនជាតិជប៉ុនសាងសង់នោះទេ’” ។
នៅឆ្នាំ ១៩៦៦ រញ្ជួយដីដ៏ធំមួយបានបំផ្លិចបំផ្លាញតំបន់នេះ ដែលបណ្តាលឲ្យអគារនៅជុំវិញជាច្រើនដួលរលំ។ ទោះជាយ៉ាងណា មហោស្រព Navoiy ស្ទើរតែមិនមានអ្វីកើតឡើងនោះទេ។ ដោយសារតែព្រឹត្តិការណ៍នេះបានធ្វើឲ្យក្លាយជារឿងរ៉ាងដែលត្រូវបាននិយាយតគ្នារហូតមកដល់សព្វថ្ងៃនេះថា៖
“សំណង់ដែលសាងសង់ឡើងដោយជនជាតិជប៉ុនមិនដួលរលំនោះឡើយ” ។
ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ អ្នកដែលបានសាងសង់សំណង់ដ៏រឹងមាំនេះមិនមែនជាសិប្បករ ឬវិស្វករសំណង់អាជីពនោះទេ។
ពួកគេជាអ្នកទោសសង្គ្រាម ហើយមុនពេលក្លាយជាទាហាន មនុស្សម្នាក់ៗមានវិជ្ជាជីវៈខុសៗគ្នា។ ភាគច្រើនពួកគេមិនមានចំណេះដឹង ឬបទពិសោធន៍ផ្នែកស្ថាបត្យកម្មនោះទេ។ ការដែលពួកគេអាចបញ្ចប់គម្រោងដ៏ធំបែបនេះក្នុងស្ថានភាពខ្វះខាតគឺជាសមិទ្ធផលដ៏ពិសេសបំផុត។
ទស្សនៈនៃការខិតខំប្រឹងចំពោះសិប្បកម្មនៅតែបន្តក្នុងផ្នត់គំនិតរបស់ប្រជាជនជប៉ុននាសម័យនេះ ដែលជួយឲ្យម៉ាកយីហោ “Made in Japan” រក្សាគោលជំហររឹងមាំនៅទូទាំងពិភពលោក។
នៅប្រទេសកម្ពុជា យើងឃើញមានផលិតផលដែលមានដាក់ស្លាកថា “Made in Japan” ច្រើន ទោះបីជាមានប្រភពមកពីប្រទេសចិនក៏ដោយ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តទីផ្សារចំពោះស្តង់ដារគុណភាពដ៏តឹងរ៉ឹងរបស់ជប៉ុន។
ទោះជាយ៉ាងណា ចំពោះចំណុចអវិជ្ជមាន ផ្នត់គំនិតនេះពេលខ្លះក៏ប្រឈមមុខនឹងដែនកំណត់មួយចំនួនផងដែរ ដូចជាថ្លៃដើមផលិតកម្មខ្ពស់ដោយសារតែផ្តោតសំខាន់លើចំណុចលម្អិត ឬផលិតផលរងការរិះគន់ខ្វះការរចនាសំបកខាងក្រៅ។ យ៉ាងណាមិញ នេះនៅតែជាមូលដ្ឋានគ្រឹះ សំខាន់បំផុតខាងវិស័យឧស្សាហកម្មផលិតកម្ម។
ក្នុងបរិបទដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន ការបង្កើនប្រសិទ្ធភាពថ្លៃដើមផលិតកម្មបានក្លាយជាអាទិភាពចម្បង ដែលធ្វើឲ្យសាជីវកម្មជាច្រើនបង្វិលដើមទុនទៅកាន់ប្រទេសដែលមានថ្លៃពលកម្មទាប។ ទោះជាយ៉ាងណា ប្រទេសដែលទាក់ទាញការវិនិយោគដោយផ្អែកលើតែកម្លាំងពលកម្មថោក អាចនឹងមានហានិភ័យអាជីវកម្មដកចេញ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនោះរីកចម្រើន និងថ្លៃដើមកើនឡើង។
បច្ចុប្បន្នជប៉ុនកំពុងឆ្លងកាត់ដំណាក់កាលនេះ នៅពេលដែលត្រូវបង្វិលដំណើរការផលិតទៅកាន់ប្រទេសដទៃទៀត។ យ៉ាងណាមិញ ដោយរក្សាបាននូវស្មារតីសិប្បកម្មស្នូលខាងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ទើបប្រទេសនេះនៅតែអាចរក្សាបាននូវកម្លាំងប្រកួតប្រជែងនៅលើទីផ្សារ។
ប្រសិនបើបុគ្គលម្នាក់ៗដាក់ចេញនូវស្តង់ដារគុណភាពការងាររបស់ខ្លួនកាន់តែច្រើនឡើង សេដ្ឋកិច្ចនឹងរក្សាបាននូវកំណើនប្រកបដោយចីរភាពរយៈពេលយូរអង្វែង។
គោលដៅឆ្ពោះទៅរកការដាក់ស្លាកថា “Made in Cambodia” គឺជាគោលដៅដ៏សក្តិសមសម្រាប់យើងទាំងអស់គ្នាខិតខំប្រឹងប្រែង។
Abe Kengo
