Tsushima – កោះដែលធ្លាប់ពោរពេញទៅដោយការបង្ហូរឈាម និងរឿងរ៉ាវស្តារឡើងវិញដោយផ្អែកលើហ្គេមមួយ
Tsushima – កោះដែលធ្លាប់ពោរពេញទៅដោយការបង្ហូរឈាម និងរឿងរ៉ាវស្តារឡើងវិញដោយផ្អែកលើហ្គេមមួយ។
ប្រសិនបើអ្នកចូលចិត្តលេងហ្គេម តើអ្នកធ្លាប់លេងហ្គេម Ghost of Tsushima – ដែលជាហ្គេមដ៏ពេញនិយមបំផុតនៅលើម៉ាសុីន PlayStation និងកុំព្យូទ័រ (តាមរយៈកម្មវិធី Steam) ដែរទេ?
នេះជាហ្គេមមួយក្នុងចំណោមហ្គេមសាមូរ៉ៃដែលល្បីឈ្មោះនៅលើពិភពលោកនារយៈពេលប៉ុន្មានឆ្នាំមកនេះ។ ទោះជាយ៉ាងណា មនុស្សតិចណាស់ដែលដឹងថា មិនត្រឹមតែនាំមកនូវការកម្សាន្តប៉ុណ្ណោះទេ ហ្គេមនេះថែមទាំងបានរួមចំណែកការពារបេតិកភណ្ឌដ៏មានតម្លៃរបស់ជប៉ុនផងដែរ។
នៅថ្ងៃនេះ ចូរយើងស្វែងយល់អំពី Ghost of Tsushima និងរឿងរ៉ាវនៅពីក្រោយភាពជោគជ័យរបស់ហ្គេមមួយនេះ។
បរិបទរបស់ហ្គេម Ghost of Tsushima គឺនៅលើកោះ Tsushima ស្ថិតនៅចន្លោះកោះ Kyushu របស់ជប៉ុន និងឧបទ្វីបកូរ៉េ។
នេះមិនត្រឹមតែជាកោះដ៏ស្រស់ស្អាតមួយប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលកត់សម្គាល់ប្រវត្តិសាស្ត្រដ៏ឈឺចាប់បំផុតរបស់ជប៉ុនផងដែរ។
ក្នុងប្រវត្តិសាស្ត្រ នៅពេលដែលចក្រភពម៉ុងហ្គោលចាប់ផ្តើមការដណ្តើមយកប្រទេសជប៉ុន Tsushima បានក្លាយជាគោលដៅដំបូងរបស់កងទ័ព។
នៅឆ្នាំ ១២៧៤ កងទ័ពម៉ុងហ្គោលស្រាប់តែឡើងលើកោះ សម្លាប់ជនស៊ីវិលមិនថាប្រុសស្រី ឬកុមារនោះទេ។ មនុស្សដែលនៅរស់ត្រូវចាប់ធ្វើជាឈ្លើយសឹក។
ប្រាំពីរឆ្នាំក្រោយមក នៅឆ្នាំ ១២៨១ កងទ័ពម៉ុងហ្គោលបន្តឈ្លានពានប្រទេសជប៉ុនម្តងទៀត ហើយ Tsushima បានក្លាយជាកន្លែងរងគ្រោះនៃសង្គ្រាមម្តងទៀត។
នៅក្នុងហ្គេម Ghost of Tsushima អ្នកលេងនឹងដើរតួជាសាមូរ៉ៃប្រយុទ្ធនឹងកងទ័ពម៉ុងហ្គោល ដើម្បីការពារមាតុភូមិ និងប្រជាជនរបស់ខ្លួន។ ថ្វីត្បិតតែ ធាតុផ្សំគ្រាន់តែជាការប្រឌិត ហ្គេមនៅតែត្រូវបានបង្កើតឡើងដោយផ្អែកលើបរិបទប្រវត្តិសាស្ត្រដែលមានពិត។
អ្វីដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះគឺថា Ghost of Tsushima មិនមែនជាផលិតផលរបស់ក្រុមហ៊ុនជប៉ុននោះទេ។ នេះជាផលិតផលដែលត្រូវបានបង្កើតឡើងដោយ Sucker Punch Productions ដែលជាក្រុមហ៊ុនហ្គេមរបស់អាមេរិក។
ទោះជាយ៉ាងណា ក្រុមអភិវឌ្ឍបានធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ចំពោះប្រវត្តិសាស្ត្រ វប្បធម៌ និងស្មារតីរបស់ Bushido ជប៉ុន។ ដូចជាទេសភាពធម្មជាតិ ស្ថាបត្យកម្ម សម្លៀកបំពាក់ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន គ្រប់យ៉ាងសុទ្ធតែត្រូវបានបង្ហាញឡើងវិញយ៉ាងជាក់ស្តែងបំផុត។
ទេសភាពដ៏ស្រស់ស្អាតនៅក្នុងហ្គេមរស់រវើករហូតដល់ថ្នាក់អ្នកលេងមានអារម្មណ៍ដូចជាកំពុងឈរនៅកណ្តាលទេសភាពធម្មជាតិពិតៗ ថែមទាំងមានអារម្មណ៍ថាខ្យល់បក់កាត់វាលស្មៅទៀតផង។
ប្រហែលជាដោយសារតែក្តីស្រលាញ់ពិសេសចំពោះវប្បធម៌ជប៉ុន ទើបអ្នកដែលផលិតហ្គេមបានបង្កើតស្នាដៃដ៏លេចធ្លោបែបនេះ។
ហ្គេម Ghost of Tsushima បានទាក់ទាញអ្នកលេងនៅលើពិភពលោក ហើយរហូតមកដល់បច្ចុប្បន្ន ហ្គេមនេះបានលក់ចេញជាង ១៣ លានច្បាប់។
ក្នុងហ្គេមមានកន្លែងមួយត្រូវបានបំផុសគំនិតយកតាមប្រាសាទ Watatsumi ជាកន្លែងមួយក្នុងចំណោមកន្លែងដែលល្បីឈ្មោះរបស់ Tsushima ។
ទោះបីជាត្រូវបានប្តូរឈ្មោះទៅជាប្រាសាទ Kumohi នៅក្នុងហ្គេមក៏ដោយ រូបភាពរបស់ប្រាសាទហាក់បីដូចជាត្រូវបានធ្វើឡើងវិញយ៉ាងល្អឥតខ្ចោះ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់អ្នកលេងហ្គេមជាច្រើន។
ជាពិសេស ច្រកទ្វារ torii នៅកណ្តាលសមុទ្របានក្លាយជារូបភាពតំណាងមួយក្នុងចំណោមនោះរបស់ហ្គេម។
យ៉ាងណាមិញ គួរឲ្យស្តាយត្រឹមប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីហ្គេម Ghost of Tsushima ចេញលក់ ព្យុះដ៏ធំមួយបានវាយប្រហារ Tsushima ។
ហ្គេមទើបតែចេញផ្សាយនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ ហើយបន្ទាប់មកនៅខែកញ្ញា ឆ្នាំដដែលនោះ ច្រកទ្វារ torii ល្បីឈ្មោះនៃប្រាសាទ Watatsumi រលំទាំងស្រុងដោយសារតែព្យុះ។
ដើម្បីជួសជុលប្រាសាទឡើងវិញ – ដែលជាទ្រព្យសម្បត្តិវប្បធម៌ និងជាកន្លែងទេសចរណ៍ដ៏សំខាន់ក្នុងតំបន់ – យុទ្ធនាការរៃអង្គាសថវិកាសហគមន៍មួយត្រូវបានរៀបចំឡើង។
ត្រឹមរយៈពេលបីថ្ងៃប៉ុណ្ណោះ ប្រាក់រៃអង្គាសបានរហូតដល់ទៅ ៤,៥ លានយ៉េន។ នៅទីបំផុត មនុស្សជាង ២០០០ នាក់បានចូលរួមវិភាគទានសរុបជាង ២៧ លានយ៉េន ដែលលើសពីគោលដៅដំបូងឆ្ងាយណាស់។
ក្នុងចំណោមអ្នកចូលរួម មានអ្នកលេងហ្គេមបរទេសជាច្រើនដែលធ្លាប់ចូលចិត្តហ្គេម Ghost of Tsushima ។ ដោយសារតែក្តីស្រលាញ់ចំពោះហ្គេមបានជម្រុញឲ្យពួកគេជួយការពារទីតាំងដែលមានពិត ដែលបានបំផុតគំនិតដល់ហ្គេមមួយនេះ។
អាចនិយាយបានថា វីដេអូហ្គេមបានក្លាយជាស្ពាននាំពិភពលោកខិតកាន់តែជិតប្រវត្តិសាស្ត្រ និងវប្បធម៌ជប៉ុន។
ដោយសារតែឥទ្ធិពលរបស់ Ghost of Tsushima ចំនួនភ្ញៀវទេសចរណ៍ដែលមកលេងកោះនេះកាន់តែច្រើនឡើងគួរឲ្យកត់សម្គាល់នាប៉ុន្មានឆ្នាំថ្មីៗនេះ។
នេះជាដំណឹងល្អសម្រាប់សេដ្ឋកិច្ចក្នុងស្រុក ប៉ុន្តែទន្ទឹមនឹងនោះក៏នាំមកនូវបញ្ហាមិនរំពឹងទុកមួយចំនួនផងដែរ។
ភ្ញៀវទេសចរណ៍ដែលខ្វះការយល់ដឹងមួយចំនួនបានចោលសំរាម ដែលបណ្តាលឲ្យប៉ះពាល់ដល់ទេសភាពធម្មជាតិ និងតំបន់ប្រវត្តិសាស្ត្រនៅលើកោះ។
Tsushima មិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ។ ទីនេះថែមទាំងជាកន្លែងសម្រាកដ៏ពិសិដ្ឋរបស់ជនរងគ្រោះដែលបានពលីជីវិតក្នុងការប្រយុទ្ធរាប់រយឆ្នាំមុនផងដែរ។
ដូច្នេះហើយ ភ្ញៀវទេសចរណ៍ម្នាក់ៗដែលមកដល់ទីនេះ មិនត្រឹមតែជាអ្នកមកទស្សនាប៉ុណ្ណោះទេ ថែមទាំងជាអ្នកដែលកំពុងជ្រុលជ្រាបប្រវត្តិសាស្ត្ររបស់ជប៉ុនផងដែរ។
Tsushima ជាកោះមួយដែលមានទាំងសម្រស់ធម្មជាតិ និងការចងចាំដ៏ឈឺចាប់នៃប្រវត្តិសាស្ត្រ។ ការដែលមានមនុស្សកាន់តែច្រើនស្គាល់កន្លែងនេះគឺដោយសារតែ Ghost of Tsushima ជារឿងដែលល្អ ព្រោះវាជួយឲ្យរឿងរ៉ាវកាលពីអតីតកាលត្រូវបានរំលឹកឡើងវិញ។
ប៉ុន្តែដើម្បីឲ្យសម្រស់ទាំងនោះត្រូវបានថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយ ក្តីស្រលាញ់តែមួយមុខមិនគ្រប់គ្រាន់នោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺការគោរពចំពោះប្រវត្តិសាស្ត្រ វប្បធម៌ និងបរិស្ថានកន្លែងដែលយើងទៅលេង។
ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តប្រវត្តិសាស្ត្រជប៉ុន ឬវប្បធម៌សាមូរ៉ៃ Ghost of Tsushima ជាហ្គេមដែលប្រិយមិត្តគួរតែលេងយ៉ាងហោចណាស់ម្តង។
Abe Kengo


