បុរសជនជាតិវៀតណាមត្រូវចាប់ខ្លួនពីបទកាន់កាប់អាវុធ និងគ្រឿងញៀនខុសច្បាប់
បុរសជនជាតិវៀតណាមត្រូវចាប់ខ្លួនពីបទកាន់កាប់អាវុធ និងគ្រឿងញៀនខុសច្បាប់។
កាលពីពេលថ្មីៗនេះ នៅខេត្ត Gunma ប្រទេសជប៉ុន បុរសជនជាតិវៀតណាមអាយុ ៥១ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន។
ដំបូងឡើយ ប៉ូលីសបានចាប់ខ្លួនបុគ្គលម្នាក់នេះព្រោះតែសង្ស័យថារក្សាទុកសារធាតុញៀនដើម្បីរកប្រាក់ចំណេញ។ បន្ទាប់ពីពង្រីកការស៊ើបអង្កេត ប៉ូលីសបានចេញដីកាចាប់ខ្លួនលើកទីពីរចំពោះជនសង្ស័យម្នាក់នេះពីបទរំលោភបំពានធ្ងន់ធ្ងរលើច្បាប់គ្រប់គ្រងកាំភ្លើង និងដាវ។
តាមរយៈការត្រួតពិនិត្យ កងកម្លាំងសមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លីចំនួនបួនដើម (ក្នុងនោះមានកាំភ្លើងបាញ់ដោយស្វ័យប្រវត្តិពីរដើម និងកាំភ្លើង revolver ដែលមានគ្រាប់ស្រាប់ចំនួនពីរដើម) និងជាង ៨០ គ្រាប់កាំភ្លើងត្រូវបានលាក់ទុកក្នុងរថយន្ត minivan របស់ជនសង្ស័យ។
អ្វីដែលគួរឲ្យកត់សម្គាល់ត្រង់ថា ទាំងកាំភ្លើង និងគ្រឿងញៀនសុទ្ធតែជារបស់ដែលមិនងាយរកបាននៅជប៉ុននោះទេ។
ដូច្នេះអាចនិយាយបានថា នេះជាករណីបទឧក្រិដ្ឋធ្ងន់ធ្ងរ។
ពីមុនរហូតមកដល់ពេលនេះ មានករណីជនជាតិរៀតណាមជាច្រើនត្រូវចាប់ខ្លួននៅប្រទេសជប៉ុន។ ទោះជាយ៉ាងណា ភាគច្រើនសុទ្ធតែទាក់ទងនឹងបទល្មើសដូចជាលួច ការស្នាក់នៅខុសច្បាប់ ឬការឈ្លោះប្រកែកគ្នារវាងជនជាតិវៀតគ្នាឯង។
ប៉ុន្តែថ្មីៗនេះ ករណីបទល្មើសទាំងនេះកាន់តែធ្ងន់ធ្ងរឡើងៗ ហើយករណីលើកនេះត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់យ៉ាងខ្លាំង។
ការដែលកាន់កាប់បរិមាណអាវុធ និងសារធាតុហាមឃាត់ច្រើនបែបនេះបង្ហាញថា ទាំងនេះអាចជាសកម្មភាពដែលមានការរៀបចំ និងត្រូវបានគ្រោងទុកច្បាស់លាស់។ ហើយអាចនឹងមានពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជនវៀតណាម និងក្រុមសង្គមងងឹតចិន។
កាំភ្លើងជាអាវុធដែលមានគ្រោះថ្នាក់អាចសម្លាប់មនុស្សបាន។ ចំណែកឯគ្រឿងញៀនអាចបំផ្លាញជីវិតរបស់អ្នកដទៃ។
ការដែលរក្សាទុករបស់ទាំងពីរនេះ ច្បាស់ណាស់ជាសកម្មភាពដែលមានចេតនា។ ខុសគ្នានឹងបទល្មើសពីមុនរបស់ជនជាតិវៀតណាម ដូចជាវាយគ្នាក្នុងពេលខឹង ឬលួចប្លន់។
ព័ត៌មានលម្អិតទាក់ទងនឹងករណីនេះនឹងត្រូវបានបញ្ជាក់ច្បាស់តាមរយៈដំណើរការស៊ើបអង្កេតនាពេលខាងមុខ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺថា សកម្មភាពរបស់បុគ្គលនេះអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងវៀតណាម និងជប៉ុននាពេលអនាគត។
បច្ចុប្បន្ននេះ មានជនជាតិវៀតណាមជាង ៦៦០.០០០ នាក់កំពុងរស់នៅរយៈពេលវែងនៅក្នុងប្រទេសជប៉ុន។
ចំពោះវិស័យទេសចរណ៍ មានមនុស្សជាង ៥០០.០០០ នាក់ទៅកាន់ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ។
ភាគច្រើនពួកគេជាមនុស្សស្លូតត្រង់ និងជាមិត្ត្តដ៏ល្អរបស់ជប៉ុន។ ប៉ុន្តែនៅពេលដែលបទល្មើសទាំងនេះកើតឡើង ប្រជាជនជប៉ុនជាច្រើននឹងសម្លឹងមើលសហគមន៍វៀតណាមទាំងមូលដោយក្រសែភ្នែកសង្ស័យ។
ចំណុចនេះនឹងបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រជាជនវៀតណាមដែលកំពុងខិតខំប្រឹងប្រែងធ្វើការ រស់នៅស្របច្បាប់ និងរួមទាំងអ្នកដែលកំពុងធ្វើដំណើរកម្សាន្តទៅលេងជប៉ុនផងដែរ។
បច្ចុប្បន្ននេះ ពលរដ្ឋវៀតណាមនៅតែតម្រូវឲ្យមានទិដ្ឋាការនៅពេលដែលទៅកាន់ប្រទេសជប៉ុន ខណៈដែលពលរដ្ឋនៃប្រទេសជាច្រើនទៀតត្រូវបានលើកលែងទិដ្ឋាការសម្រាប់ការធ្វើដំណើររយៈពេលខ្លី។
ប្រហែលជា ១០ ឆ្នាំមុន ក្រសួងការបរទេសជប៉ុនធ្លាប់ពិចារណាលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម។
ទោះជាយ៉ាងណា ចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ អត្រាបទល្មើសរបស់ជនជាតិវៀតណាមនៅជប៉ុនមិនត្រឹមតែមិនកាត់បន្ថយប៉ុណ្ណោះទេ លើកនេះថែមទាំងជាបទល្មើសធ្ងន់ធ្ងរទៀតផង។ ក្នុងបរិបទនោះ ការលើកលែងទិដ្ឋាការពិបាកនឹងធ្វើទៅបានណាស់។
មិនត្រឹមតែប៉ុណ្ណឹង ការដាក់ពាក្យសុំទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាមកាន់តែតឹងរ៉ឹងជាងមុន ហើយមូលហេតុមួយក្នុងចំណោមនោះគឺដោយសារតែសកម្មភាពប្រព្រឹត្តបទល្មើសរបស់ជនជាតិវៀតណាមមួយចំនួន។
ទន្ទឹមនឹងនោះ បច្ចុប្បន្នរដ្ឋាភិបាលជប៉ុនកំពុងសហការជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីអនុវត្តកម្មវិធីគាំទ្រជាច្រើន ម្យ៉ាងវិញទៀត អាជីវកម្មជប៉ុនក៏កំពុងពង្រីកការវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសវៀតណាមផងដែរ។
ប៉ុន្តែប្រសិនបើស្ថានភាពនេះនៅតែបន្ត ទ្រង់ទ្រាយនៃសកម្មភាពសហការ និងវិនិយោគអាចនឹងត្រូវបានកាត់បន្ថយ។
ប្រសិនបើនិយាយពីទស្សនៈផ្ទាល់ខ្លួន ខ្ញុំជាជនជាតិជប៉ុនម្នាក់ដែលកំពុងរស់នៅប្រទេសវៀតណាម។
នៅទីនេះ ភាគច្រើនប្រជាជនវៀតណាមដែលខ្ញុំបានជួប និងស្គាល់សុទ្ធតែជាមនុស្សល្អ ហើយសុទ្ធតែអាចធ្វើជាមិត្តល្អរបស់ជប៉ុនបាន។
ដូច្នេះហើយ ខ្ញុំមានអារម្មណ៍មិនសប្បាយយ៉ាងខ្លាំងនៅពេលដែលទំនាក់ទំនងនោះរងផលប៉ះពាល់ដោយសារតែសកម្មភាពរបស់បុគ្គលដែលមានចេតនាអាក្រក់មួយចំនួនតូច។
មានស្ថានភាពបង្កបទល្មើសខុសៗគ្នា យ៉ាងណាមិញ ត្រង់ចំណុចណាមួយអាចចាត់ទុកថា “ជាករណីមិនអាចគ្រប់គ្រងបាន” ឬក្នុងករណីខ្លះ អាចយល់មូលហេតុដែលបណ្តាលឲ្យកើតមានរឿងទាំងនោះ។ ប៉ុន្តែករណីលើកនេះ ប្រាកដជាមិនអាចយោគយល់ ឬយកលេសណាមួយឡើយ។
ហើយក៏ប្រហែលជាដោយសារតែទាល់ច្រក ទាំងដែលដឹងថាខុសច្បាប់ក៏ដោយ បុរសម្នាក់នេះនៅតែរកប្រាក់តាមមធ្យោបាយដែលខុសច្បាប់។ ហើយបើទោះបីជាដូច្នេះក៏ដោយ ទាំងនេះមិនអាចជាមូលហេតុដែលទទួលយកបាននោះទេ។
ព្រោះក្រៅពីធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងការកាត់ទោសរបស់ច្បាប់ សកម្មភាពរបស់គាត់ថែមទាំងបំផ្លាញដល់ទំនាក់ទំនងរវាងជប៉ុន និងវៀតណាម ហើយបង្កើតឲ្យទៅជាអារម្មណ៍អវិជ្ជមានយ៉ាងធំចំពោះប្រជាជនវៀតណាមទាំងមូល។
នៅពេលដែលធ្វើដំណើរទៅកាន់ប្រទេសមួយផ្សេងទៀត យើងម្នាក់ៗតំណាងឲ្យស្រុកកំណើតរបស់ខ្លួន។
ចំពោះអ្នកដែលមិនសូវជាមានឳកាសទំនាក់ទំនងនឹងប្រជាជនវៀតណាម ករណីដូចនេះអាចបង្កើតឲ្យទៅជាគំនិតអវិជ្ជមានចំពោះសហគមន៍ទាំងមូល។ ហើយស្ថានភាពនេះមិនត្រឹមតែកើតឡើងនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងអាចកើតឡើងនៅប្រទេសផ្សេងទៀតផងដែរ។
ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។
តើប្រិយមិត្តអ្នកអានទាំងអស់គ្នាយល់យ៉ាងណាដែរ?
Abe Kengo
