ភាព​ទាក់​ទាញ​នៃ​សិល្បៈ​គំនូរ​អាសអាភាស​របស់​ជប៉ុន

ភាពទាក់ទាញនៃសិល្បៈគំនូរអាសអាភាសរបស់ជប៉ុន។

នៅពេលដែលរំលឹកដល់វិស័យកម្សាន្តសម្រាប់មនុស្សពេញវ័យ ជប៉ុនតែងតែជាប្រទេសដែលឈានមុខ​គេ​នៅ​លើ​ពិភព​លោក។ ក្នុងនោះមានដូចជាខ្សែភាពយន្ត សៀវភៅរឿង និងសេវាកម្មកម្សាន្តពិសេស ជប៉ុនបាន​បង្កើតវប្បធម៌ពិសេសដោយឡែក ដែល​ធ្វើ​ឲ្យ​ជន​បរទេស​ជា​ច្រើន​មាន​ការ​ចង់ដឹង​ចង់​ឃើញ និង​ភ្ញាក់​ផ្អើល។

ទន្ទឹមនឹងនោះ ករណីបៀតបៀន បំពានផ្លូវភេទនៅលើរថភ្លើងក៏កើតឡើងច្រើនផងដែរ។ កត្តាទាំងនេះរួមបញ្ចូលគ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា ជន​ជាតិ​ជប៉ុន​ភាគ​ច្រើន​ជា “ព្រាននារី” ។

មិនត្រឹមតែប៉ុណ្ណឹង ពាក្យ “Hentai” ថែមទាំងត្រូវបានដាក់បញ្ចូលក្នុងវចនានុក្រមអង់គ្លេស ដែល​ប្រៀប​ដូច​ជា​ពាក្យ​កម្ចី​ពី​ភាសា​ជប៉ុន​ទៀត​ផង។

សរុបទៅតើ “វប្បធម៌ Hentai” លេចចេញជារូបរាងនៅពេលណា និងធ្លាប់វិវត្តយ៉ាងដូចម្តេច? ចូរយើង​ងាក​មក​មើល​ប្រវត្តិសាស្ត្រ​ដើម្បី​ស្វែង​យល់​អំ​ពី​ចម្លើយ​ទាំង​អស់​គ្នា។

នៅថ្ងៃនេះ ចូរយើងស្វែងយល់អំពីប្រភេទគំនូរជប៉ុនពិសេសមួយដែលមានឈ្មោះថា Abuna-e (危絵) ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រភព​មួយ​ក្នុង​ចំណោម​វប្បធម៌ “Hentai” សព្វ​ថ្ងៃ។

នៅពេលដែលរំលឹកដល់គំនូរអាសអាភាសជប៉ុន ជាដំបូងមិនអាចមិនរំលឹកដល់ Shunga (春画) នោះ​ទេ។

Shunga (春画 – គំនូរនិទាឃរដូវ) តាមន័យត្រង់មានន័យថា “គំនូររដូវផ្ការីក” (ក្នុងនោះ ‘រដូវផ្ការីក’ ជាពាក្យប្រៀបប្រដូចទៅនឹងការរួមមេត្រី) ជាទម្រង់សិល្បៈគំនូរ ឬរូបចម្លាក់ឈើប្រពៃណីរបស់​ជប៉ុន ដែលពណ៌នាជាក់លាក់ និងលម្អិតសកម្មភាពផ្លូវភេទរវាងបុរស និងស្ត្រី។

ដោយសារតែការរឹតបន្តឹងស្តង់ដារសហគមន៍ ដូច្នេះ JAPO មិនអាចបង្ហោះរូបភាពនៅទីនេះបានទេ។ យ៉ាងណាមិញ ប្រិយមិត្តទាំងអស់គ្នាអាចស្វែងរកព័ត៌មានបន្ថែម​ដោយ​ខ្លួន​ឯង​ពេលក្រោយ។

ទោះជាយ៉ាងណា Shunga នៅតែស្ថិតក្នុងការស្រមើស្រមៃរបស់មនុស្សភាគច្រើន ដូច្នេះប្រសិនបើនិយាយតែប៉ុណ្ណឹង មិនអាចបង្ហាញពីចំណុចពិសេសដែលប្រជាជនជប៉ុនទទួលស្គាល់ និងមើលរូបភាព​ដែល​មាន​លក្ខណៈ​ស្រើប​ស្រាល​នោះ​ទេ។

ហើយនោះជាពេលដែល Abuna-e បង្ហាញខ្លួន។

ដើម្បីឲ្យកាន់តែងាយយល់ ប្រសិនបើ Shunga ជាគំនូរដែលពណ៌នាយ៉ាងច្បាស់អំពី​សកម្មភាព​ផ្លូវភេទ ចំណែកឯ Abuna-e ជា​ប្រភេទ​គំនូរ​ដែល​មិនបង្ហាញពីភាព​អាសអាភាស ដោយគ្រាន់តែផ្តោតទៅលើភាពទាក់ទាញអារម្មណ៍យ៉ាងប៉ិនប្រសប់ប៉ុណ្ណោះ។

ប្រិយមិត្តទាំងអស់គ្នាអាចមើលរូបភាពខាងលើ។

ដោយមិនគូរពីទិដ្ឋភាពអាក្រាត​កាយ ឬរួមភេទនោះទេ វិចិត្រករ Abuna-e បានជម្រុញការ​ស្រមើ​ស្រមៃ​​របស់​អ្នក​ទស្សនា​តាមរយៈ​ស្ថានភាព​ប្រចាំថ្ងៃ។ ជាពិសេស នៅក្នុង​គំនូរ​នេះ ពណ៌នា​អំពី​ស្ថាន​ភាព​​អៀន​ខ្មាស ដោយ​​បង្ហាញពីជើង​ទទេ​របស់​ស្ត្រី​​នោះ។

ចំពោះម៉ូដសម្លៀកបំពាក់សព្វថ្ងៃ ស្ត្រីស្លៀករ៉ូបខ្លីៗមិនទាន់ដល់ជង្គង់គឺជារឿងធម្មតា។ ប៉ុន្តែនៅប្រទេសជប៉ុនកាលពីសម័យបុរាណ kimono ស្ទើរតែគ្របដណ្តប់រាងកាយទាំងមូល។ ការដែលមើលឃើញជើង​មួយ​គូ​ដោយ​ចៃដន្យអាចបង្កើតជាអារម្មណ៍ពិសេសមួយ។

ហើយវិចិត្រករបានធ្វើឲ្យអារម្មណ៍នោះក្លាយទៅជាសិល្បៈយ៉ាងប៉ិនប្រសប់។

ក្នុងគំនូរមិនមានទិដ្ឋភាពស្រើបស្រាល​នោះ​ទេ ប៉ុន្តែ​អារម្មណ៍ និង​ឥរិយាបថ​របស់​ស្រ្តី​ម្នាក់​នោះបាន​​ជម្រុញ​​ដល់​​ការ​ស្រមើ​ស្រមៃ​របស់​អ្នក​ទស្សនា។

បុរសនៅសម័យនោះ គយគន់គំនូរផងរំភើបចិត្តផង ចំណែកឯវិចិត្រករក៏គូរគំនូរដោយអារម្មណ៍រំភើប​នោះ​ដែរ។

នេះក៏ជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍ដែលប្រជាជនជប៉ុនបង្កើតភាពទាក់ទាញផងដែរ។

នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានបង្ហាញយ៉ាងច្បាស់ (ឧទាហរណ៍ដូចជាក្នុងខ្សែភាពយន្ត និងគំនូរជីវចល) អ្នកទស្សនាគ្រាន់តែទទួលយកអ្វីដែលកំពុងបង្ហាញនៅចំពោះមុខប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលអ្នកនិពន្ធមានចេតនាទុកចន្លោះ មនុស្សម្នាក់ៗនឹងបំពេញផ្នែកដែលនៅសល់ដោយ​ការ​ស្រមើ​ស្រមៃ​របស់​ខ្លួន។

ប្រហែលជាអ្នកដែលចូលចិត្តអានរឿងប្រលោមលោកនឹងយល់ពីចំណុចនេះ។

នៅពេលដែលអានរឿងប្រលោមលោក យើងតែងស្រមើស្រមៃពីរូបរាង សំឡេង និងបុគ្គលិក​លក្ខណៈ​របស់តួអង្គតាម​របៀប​របស់​យើង។ ព្រោះតែដំណើរការស្រមើស្រមៃដោយសេរីនោះបានបង្កើត​ទៅ​ជា​ភាព​ទាក់​ទាញ និងភាពរីករាយ ដែលខ្សែភាពយន្តពេលខ្លះមិនអាចផ្តល់ឲ្យបាន។

Abuna-e ក៏ដំណើរការតាមគោលការណ៍ស្រដៀងគ្នាដែរ។

អាចនិយាយបានថា វប្បធម៌នេះក៏ត្រូវបានដាក់បញ្ចូលក្នុងផលិតផលកម្សាន្តសម្រាប់មនុស្សពេញ​វ័យ​ជា​ច្រើន​របស់​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

ចំណុចខ្លាំងរបស់ផលិតផលជប៉ុនមិនត្រឹមតែស្ថិតលើការពណ៌នាសកម្មភាពប៉ុណ្ណោះទេ ថែមទាំងស្ថិតលើសមត្ថភាពជម្រុញការស្រមើស្រមៃ និងបង្កើតអារម្មណ៍រំភើបតាមរយៈចំណុចដែលមិនបាន​បង្ហាញ​ដោយ​ផ្ទាល់។

ប្រហែលនេះជាផ្នែកមួយនៃមូលដ្ឋានដែលបង្កើតបានជា “វប្បធម៌ Hentai” របស់ជប៉ុន។

សព្វថ្ងៃនេះ សម័យកាលផ្លាស់ប្តូរ ការដែលមើលឃើញជើងទទេនៅតាមដងផ្លូវជារឿងធម្មតាណាស់ ដូច្នេះមិនបង្កើតបានជាអារម្មណ៍នោះទេ។ ទោះជាយ៉ាងណា អារម្មណ៍រំភើបនៅពេលដែលមើល​ឃើញអ្វីមួយដែលមិនគួរឃើញ ឬអារម្មណ៍រំភើបចំពោះរឿងដែលត្រូវបានចាត់ទុកដូចជាការ​ហាម​ឃាត់ នៅតែជាអារម្មណ៍ដែលមាននៅគ្រប់សម័យកាលមិនផ្លាស់ប្តូរ។ ប្រហែលនោះជាផ្នែកមួយ​នៃ​ធម្មជាតិ​របស់​មនុស្ស មិន​ថា​សម័យ​កាល​ផ្លាស់​ប្តូរ​យ៉ាង​ណា​នោះ​ទេ។

បន្ទាប់ពីបានស្វែងយល់អំពី Abuna-e ប្រហែលជាយើងនឹងដឹងថា ជនជាតិជប៉ុនមិនមែនចង់ដឹង​ចង់​ឃើញ​ជា​ជាង​ជាតិ​សាសន៍​ដទៃ​នោះ​ទេ។

ភាពខុសគ្នាស្ថិតនៅត្រង់ថា ពួកគេបានធ្វើឲ្យអារម្មណ៍ទាំងនោះក្លាយជាវប្បធម៌ ទម្រង់សិល្បៈ និង​វិស័យ​ឧស្សាហកម្ម។

ដូចជាគំនូរដ៏គួរឲ្យចាប់អារម្មណ៍រាប់រយសតវត្សមុន រហូតដល់ផលិតផលកម្សាន្តនាពេលបច្ចុប្បន្ន ការ​តភ្ជាប់​តែង​តែ​ជា​ការ​ស្រមើ​ស្រមៃ។

ហើយប្រហែលជាសិល្បៈដែលជម្រុញដល់ការស្រមើស្រមៃនោះគឺជាមេរៀនដែលយើងគួរតែរៀនសូត្រ​ពី​វប្បធម៌ hentai របស់​ជន​ជាតិ​ជប៉ុន ប្រសិន​បើ​យើង​ដឹង​ពី​របៀប និងប្រើប្រាស់ត្រូវគោល​ដៅ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: