បុរសម្នាក់ទៅទទួលខុសត្រូវចំពោះសង្គ្រាមដែលខ្លួនមិនបានបង្កឡើង
បុរសម្នាក់ទៅទទួលខុសត្រូវចំពោះសង្គ្រាមដែលខ្លួនមិនបានបង្កឡើង។
ស្ថិតនៅដាច់ដោយឡែកលើមហាសមុទ្រ និងមិនមានព្រំដែនដីគោក អូស្ត្រាលីជាប្រទេសដែលអាចគេចពីសង្គ្រាមទ្រង់ទ្រាយធំនៅលើទឹកដីរបស់ខ្លួន ដោយផ្អែកលើទីតាំងភូមិសាស្ត្រដ៏អំណោយផលនេះ។ ទោះជាយ៉ាងណា ប្រទេសនេះនៅតែរងការវាយប្រហាររបស់ជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ជាពិសេសនៅ Darwin ។
ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ជប៉ុនបានធ្វើការវាយឆ្មក់តាមអាកាសរហូតដល់ ៩៧ លើកលើប្រទេសអូស្ត្រាលី។
ការវាយប្រហារតាមអាកាសបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប្រជាជនមូលដ្ឋានមានកំហឹងយ៉ាងខ្លាំងចំពោះប្រទេសជប៉ុន។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាសម័យបច្ចុប្បន្នដែលពួកគេបានជួបប្រទះសង្គ្រាមនៅលើទឹកដីរបស់ខ្លួន។
យ៉ាងណាមិញ ត្រឹមតែប៉ុន្មានទសវត្សរ៍បន្ទាប់ពីសង្គ្រាម ប្រទេសទាំងពីរបានកែលម្អទំនាក់ទំនងយ៉ាងឆាប់រហ័ស។ រហូតដល់ឆ្នាំ ១៩៨០ ប្រទេសជប៉ុន និងអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Working Holiday ដែលអនុញ្ញាតឲ្យយុវជនជប៉ុនទៅកាន់ប្រទេសអូស្ត្រាលីដើម្បីធ្វើការ និងដើរលេងកម្សាន្ត។ ហើយនេះក៏ជាកិច្ចព្រមព្រៀង Working Holiday ដំបូងដែលជប៉ុនបានចុះហត្ថលេខាបន្ទាប់ពីសង្គ្រាមផងដែរ។
ហេតុអ្វីបានជាប្រទេសអូស្ត្រាលីយល់ព្រមចាប់ដៃជាមួយប្រទេសដែលធ្លាប់ជាសត្រូវ?
នៅពីក្រោយរឿងរ៉ាវទាំងនោះគឺជាវត្តមានរបស់បុរសម្នាក់ដែលបានចេញមុខទទួលខុសត្រូវចំពោះអ្វីដែលសង្គ្រាមបានបន្សល់ទុក។
ក្នុងចំណោមការវាយប្រហារតាមអាកាសចំនួន ៩៧ ដងរបស់កងទ័ពជើងទឹកជប៉ុន ទីក្រុងដែលរងការខូចខាតធ្ងន់ជាងគេគឺ Darwin នៅភាគខាងជើងប្រទេសអូស្ត្រាលី។
ដោយឡែកតំបន់នេះបានរងការវាយប្រហារដោយគ្រាប់បែកចំនួន ៦៤ ដង។ គោលដៅសំខាន់ៗគឺនាវាចម្បាំងដែលចតនៅកំពង់ផែ នាវាជាច្រើនត្រូវវាយពន្លិច។
មិនដូចជាការវាយឆ្មក់ទម្លាក់គ្រាប់បែកលើតំបន់លំនៅដ្ឋានដែលសហរដ្ឋអាមេរិកធ្លាប់ធ្វើនៅជប៉ុននោះទេ ការវាយប្រហារតាមអាកាសនៅទីក្រុង Darwin ភាគច្រើនផ្តោតលើគោលដៅយោធា។ ទោះជាយ៉ាងណា មនុស្សជាង ២៤០ នាក់បានបាត់បង់ជីវិត។
ប៉ុន្តែបញ្ហាធំជាងនេះបែរជាស្ថិតនៅលើផ្ទៃសមុទ្រ។
ក្រោយសង្គ្រាម វានាដែលត្រូវវាយពន្លិចនៅតែស្ថិតនៅក្រោមកំពង់ផែ Darwin ដែលបង្កឲ្យមានការលំបាកចំពោះសកម្មភាពដែនសមុទ្រ។
យ៉ាងណាមិញ ក្រោយសង្គ្រាម ប្រទេសអូស្ត្រាលីបែរជាខ្វះខាតធនធានសេដ្ឋកិច្ច និងសមត្ថភាពបច្ចេកវិទ្យាដើម្បីស្រង់នាវាទាំងនេះដោយខ្លួនឯង។
រដ្ឋាភិបាលអូស្ត្រាលីបានស្វែងរកអង្គភាពមួយដែលមានសមត្ថភាព ដើម្បីអនុវត្តប្រតិបត្តិការស្រង់នាវា។
នៅទីបំផុត ក្រោយរយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុនស្រង់នាវារបស់ជប៉ុន Fujita Salvage Company បានទទួលយកភារកិច្ចនេះ។
នៅឆ្នាំ ១៩៥៩ លោក Fujita Ryugo បានដឹកនាំបុគ្គលិកជាង ១០០ នាក់ទៅកាន់ទីក្រុង Darwin ។ ទីនេះធ្លាប់រងការទម្លាក់គ្រាប់បែករបស់ជប៉ុន ហើយប្រជាជនជាច្រើននៅតែចងចាំការឈឺចាប់ចំពោះសង្គ្រាម ដូច្នេះការដែលអ្នកស្រុកប្រើក្រសែភ្នែកអវិជ្ជមានចំពោះជនជាតិជប៉ុន ជារឿងដែលជៀសមិនផុតនោះទេ។ ទោះបីជាដឹងរឿងនេះក៏ដោយ ពួកគេនៅតែសម្រេចចិត្តទទួលយកការងារនេះ។
ព្រោះសម្រាប់លោក Fujita នេះមិនត្រឹមតែជាគម្រោងស្រង់នាវាប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយសម្រាប់រួមចំណែកផ្សារភ្ជាប់មុខរបួសដែលសង្គ្រាមបានបន្សល់ទុករវាងប្រទេសទាំងពីរផងដែរ។
នៅចំពោះក្រសែភ្នែកព្រងើយកន្តើយរបស់អ្នកស្រុក បុគ្គលិករបស់ Fujita Salvage នៅតែបន្តការងារយ៉ាងយកចិត្តទុកដាក់។ ពួកគេមិនត្រឹមតែស្រង់កប៉ាល់ដែលលិចប៉ុណ្ណោះទេ ថែមទាំងបានរកឃើញសាកសពមនុស្សនៅខាងក្នុងដោយប្រុងប្រយ័ត្នផងដែរ។
យូរៗទៅ ប្រជាជនអូស្ត្រាលីបានចាប់ផ្តើមប្រមូលផ្តុំគ្នាមកមើលការងាររបស់ពួកគេ។
មនុស្សជាច្រើនថែមទាំងបានយកតាមសាំងវិច ដែលប្រៀបបីដូចជាកំពុងដើរលេងនៅខាងក្រៅ ដើម្បីសង្កេតមើលដំណើរការស្រង់កប៉ាល់។
ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេរំជួលនោះគឺ នៅពេលដែលមើលឃើញពីរបៀបដែលជនជាតិជប៉ុនធ្វើចំពោះកប៉ាល់ដែលលិច។ បុគ្គលិកជនជាតិជប៉ុនមិនបានចាត់ទុករបស់ទាំងនោះជាដែកអេតចាយដែលគ្មានតម្លៃនោះទេ។ ផ្ទុយទៅវិញ ពួកគេបានចាត់ចែងយ៉ាងយកចិត្តទុកដាក់ និងពេញទៅដោយការគោរព។
ដោយសារតែស្មារតីនោះហើយដែលបានផ្លាស់ប្តូររូបភាពរបស់ជប៉ុនក្នុងក្រសែភ្នែករបស់ប្រជាជនមូលដ្ឋានបន្តិចម្តងៗ។
ក្រោយពេល ២ ឆ្នាំកន្លះ ការងារនេះត្រូវបានបញ្ចប់។
សំណល់កប៉ាល់ដែលត្រូវបានស្រង់ឡើងទាំងអស់មិនបានទុកចោលនៅប្រទេសអូស្ត្រាលីនោះទេ ប៉ុន្តែត្រូវបានបញ្ជូនទៅកាន់ប្រទេសជប៉ុន។
សម្រាប់ប្រទេសអូស្ត្រាលី របស់ទាំងនោះដូចជាឧបសគ្គលែងមានប្រយោជន៍ទៀតហើយ។ ប៉ុន្តែសម្រាប់ប្រទេសជប៉ុនដែលកំពុងខ្វះខាតធនធានក្រោយសង្គ្រាម សំណល់ទាំងនោះបានក្លាយជាប្រភពដែកដ៏មានតម្លៃសម្រាប់ប្រើប្រាស់ឡើងវិញ។
ប្រសិនបើយកដែកថែបដែលស្រង់បានទាំងនោះលក់ ក្រុមហ៊ុននឹងទទួលបានប្រភពចំណូលបន្ថែម។ ប៉ុន្តែមិនត្រឹមតែមិនលក់ដើម្បីយកប្រាក់ប៉ុណ្ណោះទេ ពួកគេបានប្រើដែកថែបទាំងនោះធ្វើជាឈើឆ្កាងជាង ៧០ ឈើឆ្កាង ហើយបន្ទាប់មកបានបរិច្ចាគទៅឲ្យព្រះវិហារក្នុងតំបន់ ដែលប្រៀបបីដូចជាមធ្យោបាយនឹករលឹកចំពោះអ្នកដែលបានទទួលមរណភាព។
ដោយសារការលះបង់អស់ពីសមត្ថភាពរបស់ពួកគេ អារម្មណ៍ប្រឆាំងនឹងជប៉ុនរបស់ប្រជាជនអូស្ត្រាលីបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ហើយទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរក៏ប្រសើរឡើងផងដែរ។ ចំណុចនេះបានធ្វើប្រទេសអូស្ត្រាលីក្លាយជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Working Holiday ជាមួយប្រទេសជប៉ុន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀត។
ប្រហែលជាការដែលយល់ព្រមស្រង់កប៉ាល់មិនមែនជាអាជីវកម្មដែលទាក់ទាញនោះទេ។ ព្រោះប្រសិនបើនោះជាការងារដែលនាំមកនូវប្រាក់ចំណេញច្រើន ប្រាកដជាមានប្រទេសជាច្រើនទទួលយកមុនជប៉ុនទៅទៀត។
ប្រាក់កម្រៃជាក់ស្តែងមិនត្រូវបានប្រកាសនោះទេ ប៉ុន្តែក្នុងបរិបទស្ថានភាពសេដ្ឋកិច្ចពិបាកនាពេលនោះ មនុស្សជាច្រើនយល់ឃើញថា នោះជាកិច្ចព្រមព្រៀងដែលមិនមានតម្លៃខ្ពស់ឡើយ។
នៅពេលដែលរដ្ឋាភិបាលមិនអាចដោះស្រាយផលវិបាកដែលប្រទេសខ្លួនបានបង្កឡើងដោយផ្ទាល់ លោក Fujita បានសម្រេចចិត្តចេញមុខទទួលបន្ទុក។
នាំបុគ្គលិកជាង ១២០ នាក់ទៅកាន់កន្លែងដែលប្រជាជននៅតែមានចិត្តស្អប់ចំពោះប្រទេសជប៉ុន ហើយបន្តធ្វើការអស់រយៈពេលពីរឆ្នាំកន្លះ ជាការសម្រេចចិត្តដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។
សង្គ្រាមតែងតែបន្សល់ទុកនូវការបាត់បង់ដែលគ្មាននរណាម្នាក់អាចប៉ះប៉ូវវិញបាន។ ប៉ុន្តែអ្វីដែលមានតម្លៃនោះគឺថា បន្ទាប់ពីការបំផ្លិចបំផ្លាញ នៅតែមានអ្នកខ្លះជ្រើសយកការប្រឈមមុខនឹងអតីតកាលដោយមិនគេចវេះ។
លោក Fujita Ryugo និងក្រុមការងារមិនអាចផ្លាស់ប្តូរអ្វីដែលបានកើតឡើងក្នុងសង្គ្រាមនោះទេ។ ទោះជាយ៉ាងណា តាមរយៈការលះបង់ និងភាពស្មោះត្រង់របស់ខ្លួន ពួកគេបានរួមចំណែកកាត់បន្ថយគម្លាតរវាងប្រទេសទាំងពីរ។
កប៉ាល់ដែលលិចនៅក្រោមបាតកំពង់ផែ Darwin ត្រូវបានស្រង់ឡើង។ ប៉ុន្តែប្រហែលជាតម្លៃដ៏ធំបំផុតដែលពួកគេបានបន្សល់ទុកមិនមែនស្ថិតលើដែកថែបដែលស្រង់ឡើងនោះទេ ប៉ុន្តែស្ថិតលើជំនឿដែលថា ការគោរព និងសុច្ឆន្ទៈនៅតែអាចផ្សារភ្ជាប់មុខរបួសដែលហាក់បីដូចជាមិនអាចព្យាបាលបាន។
ពេលខ្លះ អ្វីដែលធ្វើឲ្យបណ្តាប្រទេសកាន់តែមានភាពស្និទ្ធស្នាល មិនមែនជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅលើតុចរចានោះទេ ប៉ុន្តែជាសកម្មភាពស្ងាត់ៗរបស់បុគ្គលដែលហ៊ានទទួលខុសត្រូវ និងធ្វើរឿងដែលត្រឹមត្រូវ។
Abe Kengo
