ម៉ឺនុយដែលមិនចំណាយប្រាក់មានតែនៅ McDonald’s ប្រទេសជប៉ុនប៉ុណ្ណោះ
ម៉ឺនុយដែលមិនចំណាយប្រាក់មានតែនៅ McDonald’s ប្រទេសជប៉ុនប៉ុណ្ណោះ។
McDonald’s គឺជាខ្សែសង្វាក់ហាងលក់អាហាររហ័សទាន់ចិត្តនៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នយីហោមានវត្តមាននៅទូទាំងពិភពលោក។ ប្រទេសនីមួយៗមានមុខម្ហូបពិសេសដោយឡែក ដែលសមស្របទៅនឹងវប្បធម៌ក្នុងស្រុក។ យ៉ាងណាមិញ ដោយឡែកនៅហាង McDonald’s ក្នុងប្រទេសជប៉ុនធ្លាប់មាន “ម៉ឺនុយ” ពិសេសមួយដែលត្រូវបានដាក់បញ្ចូលជាមួយនឹងតម្លៃ ០ យ៉េន។
ម៉ឺនុយដែលមិនចំណាយប្រាក់នោះគឺជាផលិតផលដែលបង្កើតឡើងដោយស្មារតីរួសរាយរាក់ទាក់ចំពោះភ្ញៀវរបស់ប្រជាជនជប៉ុន។
តើវាជាអ្វី? ហើយវាត្រូវបានបង្កើតឡើងដោយផ្នត់គំនិតយ៉ាងណា? ចូរយើងស្វែងយល់តាមរយៈខ្លឹមសារអត្តបទខាងក្រោម។
មិនមែនហាំប៊ឺហ្គឺ ដំឡូងបំពង ឬទឹកក្រូចនោះទេ ប៉ុន្តែម៉ឺនុយពិសេសនោះគឺជា… ស្នាមញញឹម។
ត្រូវហើយ នៅតាមហាង McDonald ក្នុងប្រទេសជប៉ុន ភ្ញៀវអាចបញ្ជាទិញ “ស្នាមញញឹម 0 យ៉េន” ។
មនុស្សជាច្រើនយល់ឃើញថា នេះជាការបំផុសគំនិតមកពីសហរដ្ឋអាមេរិក ព្រោះ McDonald’s ល្បីថាមានគុណភាព និងរចនាប័ទ្មសេវាកម្មស៊ីសង្វាក់គ្នានៅទូទាំងពិភពលោក។
ប៉ុន្តែជាក់ស្តែងផ្ទុយទៅវិញ។
គំនិតនេះមានប្រភពមកពីបុគ្គលិកម្នាក់ដែលធ្វើការនៅហាង McDonald’s មួយកន្លែងនៅ Osaka ។ ដោយផ្តួចផ្តើមពីគំនិតតូចមួយ វាបានក្លាយជាលក្ខណៈពិសេសដ៏ល្បីមួយរបស់ McDonald’s ជប៉ុន។
ហើយរហូតមកដល់សព្វថ្ងៃនេះ McDonald’s នៅសហរដ្ឋអាមេរិកមិនមានជម្រើស “Smile 0$” នៅលើម៉ឺនុយនោះទេ។
ថ្វីត្បិតតែ ត្រូវបានសរសេរយ៉ាងច្បាស់នៅលើម៉ឺនុយក៏ដោយ ប៉ុន្តែទោះបីជាភ្ញៀវមិនហៅម៉ឺនុយនេះ បុគ្គលិកនៅតែញញឹមយ៉ាងកក់ក្តៅ។ ស្នាមញញឹមតែងតែមានជានិច្ច ហើយអតិថិជនទាំងអស់សុទ្ធតែអាចទទួលបានដោយមិនចាំបាច់ស្នើសុំនោះទេ។
គោលបំណងនៃផ្នត់គំនិតនេះដើម្បីបង្ហាញថា ភាពរួសរាយរាក់ទាក់ និងសេវាកម្មបម្រើយ៉ាងយកចិត្តទុកដាក់របស់បុគ្គលិកក៏ជាផ្នែកមួយនៃបទពិសោធន៍របស់អតិថិជនផងដែរ។
ទោះជាយ៉ាងណា គួរឲ្យស្តាយក្នុងការកែប្រែបទប្បញ្ញត្តិថ្មី នៅឆ្នាំ ២០២៤ ឃ្លាដែលថា “Smile 0 យ៉េន” ត្រូវបានដកចេញពីម៉ឺនុយជាផ្លូវការ។
មូលហេតុមួយក្នុងចំណោមនោះគឺថា McDonald’s ជប៉ុនបានអនុម័តគោលនយោបាយថ្មីពីក្រុមហ៊ុនមេជាមួយនឹងពាក្យស្លោកថា “Work with your style” – ចូរធ្វើការតាមរចនាប័ទ្មរបស់ខ្លួន។
ជំនួសដោយការដែលតម្រូវឲ្យបុគ្គលិកញញឹមជានិច្ច ក្រុមហ៊ុនចង់ឲ្យមនុស្សគ្រប់គ្នាអាចបង្ហាញពីខ្លួនឯង។
ក្រៅពីនេះ បច្ចុប្បន្នភ្ញៀវជាច្រើនបញ្ជាទិញតាមរយៈម៉ាស៊ីនបញ្ជាទិញដោយស្វ័យប្រវត្តិ ដូច្នេះឳកាសប្រាស្រ័យទាក់ទងរវាងបុគ្គលិក និងអតិថិជនក៏កាត់បន្ថយផងដែរ។
ក្នុងពេលជាមួយគ្នានេះ យុវជនជាច្រើននៅប្រទេសជប៉ុនក៏យល់ឃើញថា ស្នាមញញឹមដែលបង្ខិតបង្ខំពេលខ្លះធ្វើឲ្យពួកគេអារម្មណ៍ទើសទាល់។
នៅពេលដែល McDonald’s ជប៉ុនដាក់បញ្ចូលស្នាមញញឹម ០ យ៉េនក្នុងម៉ឺនុយ ពួកគេបានប្រឈមមុខនឹងការតវ៉ាជាច្រើននៅតាមបណ្តាហាង McDonald’s នៅជុំវិញពិភពលោក។
មានមតិយោបល់មួយចំនួនយល់ឃើញថា៖ ប្រសិនបើស្នាមញញឹម ០ យ៉េន តើនោះមានន័យថាស្នាមញញឹមគ្មានតម្លៃទេមែនទេ?
ទន្ទឹមនឹងនោះ មតិយោបល់មួយចំនួនពីបណ្តាប្រទេសនៅអឺរ៉ុប ដូចជាបារាំង ឬអាល្លឺម៉ង់បានលើកឡើងថា៖ “អ្វីដែលសំខាន់បំផុតគឺបំពេញការងារឲ្យបានល្អ មិនមែនដាក់ស្នាមញញឹមក្នុងម៉ឺនុយមុខម្ហូបនោះទេ” ។
តាមពិតទៅ គំនិតដើមមិនមានបំណងបង្កឲ្យមានការជជែកវែកញែកដ៏ស្មុគស្មាញបែបនេះឡើយ។ ប៉ុន្តែគ្រាន់តែផ្តើមចេញពីគោលបំណងចង់ឲ្យភ្ញៀវទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៅពេលដែលទៅកាន់ហាង McDonald’s ប៉ុណ្ណោះ។
ប្រសិនបើអតិថិជនពេញចិត្តនៅពេលដែលប្រើប្រាស់សេវាកម្មនេះ បុគ្គលិកបម្រើសេវកម្មក៏នឹងមានអារម្មណ៍ថាធូរចិត្តនៅពេលដែលធ្វើការផងដែរ។
ប្រសិនបើស្នាមញញឹមអាចធ្វើឲ្យការសន្ទនាយ៉ាងខ្លីរវាងអ្នកលក់ និងអ្នកទិញកាន់តែមានភាពស្និទ្ធស្នាលជាងមុន ច្បាស់ណាស់នោះជារឿងដែលគួរតែធ្វើ។
ការដែលមានចេតនាដាក់បញ្ចូលស្នាមញញឹមក្នុងម៉ឺនុយសមហេតុផល ឬអត់នោះអាស្រ័យលើផ្នត់គំនិតរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែមិនអាចប្រកែកបានទេថា “ស្នាមញញឹម ០ យ៉េន” បានក្លាយជាយុទ្ធនាការផ្សព្វផ្សាយដ៏ជោគជ័យបំផុតរបស់ McDonald’s ជប៉ុន ហើយតែងតែត្រូវបានរំលឹកដល់អស់រយៈពេលជាច្រើនឆ្នាំ។
ថ្វីត្បិតតែ ត្រូវបានដកចេញពីម៉ឺនុយផ្លូវការក៏ដោយ “ស្នាមញញឹម ០ យ៉េន” តាមពិតទៅ មិនទាន់ត្រូវបានលុបចោលទាំងស្រុងនោះទេ។ ស្នាមញញឹមនោះត្រូវបានរក្សាទុកដូចជា “មុខម្ហូបសម្ងាត់” សម្រាប់អ្នកដែលស្រលាញ់ចូលចិត្ត McDonald’s ជប៉ុន។
នៅតាមបញ្ជរគិតលុយជាច្រើនដែលមានបុគ្គលិកបម្រើសេវាកម្ម ប៊ូតុង “Smile ០ យ៉េន” នៅតែត្រូវបានរក្សាទុកក្នុងប្រព័ន្ធបញ្ជាទិញដែលប្រៀបបីដូចជាអនុស្សាវរីយ៍នៃអតីតកាល។
ស្នាមញញឹមមិនមែនជាអ្វីដែលអាចបង្ខំបាននោះទេ។ ស្នាមញញឹមដែលបង្ខំពេលខ្លះអាចធ្វើឲ្យមនុស្សនៅចំពោះមុខមានអារម្មណ៍មិនស្រួលចិត្តជាជាងអារម្មណ៍សប្បាយចិត្តទៅទៀត។ ប៉ុន្តែនៅពេលដែលវាផ្តើមចេញពីចិត្ត វាបែរជាមានកម្លាំងអាចផ្សារភ្ជាប់មនុស្ស និងមនុស្ស ទោះបីជារយៈពេលជួបគ្នាត្រឹមប៉ុន្មាននាទីក៏ដោយ។
ប្រហែលនោះទើបជាអត្តន័យពិតប្រាកដរបស់ “ស្នាមញញឹម ០ យ៉េន” ដែលបានបង្ហាញដល់យើងទាំងអស់គ្នា។
ការដាក់បញ្ចូលស្នាមញញឹមនៅក្នុងម៉ឺនុយប្រៀបបីដូចជាការរំលឹក ដើម្បីកុំឲ្យយើងបំភ្លេចវាដោយចៃដន្យ។
ពេលខ្លះ អ្វីដែលធ្វើឲ្យអ្នកដទៃចងចាំអ្នក មិនមែនជាផលិតផលដែលអ្នកលក់នោះទេ ប៉ុន្តែជាអារម្មណ៍រីករាយដែលអ្នកនាំមក។
ហើយក្នុងករណីជាច្រើន ស្នាមញញឹមដ៏ស្មោះត្រង់ជាមធ្យោបាយដែលងាយស្រួលបំផុតដើម្បីសម្រេចបាននូវគោលដៅនោះ។
ដោយគ្រាន់តែញញឹម អ្នកដទៃសប្បាយរីករាយ សូម្បីតែខ្លួនអ្នកក៏មានអារម្មណ៍សប្បាយចិត្តផងដែរ។
ខ្ញុំជឿថា ប្រិយមិត្តទាំងអស់គ្នាអាចអនុវត្តចំណុចនេះក្នុងអាជីវកម្ម និងសូម្បីតែជីវិតផ្ទាល់ខ្លួនរបស់អ្នកផងដែរ។
ខ្ញុំផ្ទាល់ក៏បានអនុវត្ត និងទទួលបានជោគជ័យ។
ដូច្នេះហើយ សូមកុំកំណាញ់ស្នាមញញឹម ផ្ទុយទៅវិញ ចូរញញឹមឲ្យបានច្រើនជារៀងរាល់ថ្ងៃ!
Abe Kengo
