រឿងរ៉ាវនិយាយពីតារាសម្តែងស្រី Nakamura Tamao និងស្នេហាពិតរបស់នាង

រឿងរ៉ាវនិយាយពីតារាសម្តែងស្រី Nakamura Tamao និងស្នេហាពិតរបស់នាង។

ប្រហែលជាក្នុងចំណោមយើងទាំងអស់គ្នាតែងតែស្រមៃចង់រៀបការ និងរស់នៅជាមួយមនុស្សដែលខ្លួន​ស្រលាញ់​បំផុត។ យ៉ាង​ណា​មិញ តើ​នឹង​ទៅ​ជា​យ៉ាង​ណា​ប្រសិន​បើ​ក្តី​ស្រមៃ​នោះក្លាយជាការពិត? ដៃគូជីវិត​ដែលយើងជ្រើសរើសជាមនុស្សដែលគ្មានផែនការជីវិត ហើយបន្សល់ទុកបំណុលយ៉ាង​ច្រើន​សន្ធឹក​សន្ធាប់? ប្រសិនបើជាប្រិយមិត្ត តើអ្នកនឹងធ្វើអ្វី? បន្តរស់នៅជាមួយគ្នា ឬចាកចេញ?

រឿងរ៉ាវនិយាយពីតារាសម្តែងស្រីជនជាតិជប៉ុនម្នាក់ ជាមនុស្សដែលបានជ្រើសយកសេ្នហា ហើយប្រឈមមុខនឹងស្ថានភាពលំបាក។ ប្រហែលជាតាមរយៈរឿងនេះ យើងអាចមើលឃើញពីរូបរាងពិតប្រាកដរបស់ស្នេហា។

លើកដំបូងដែលតារាសម្តែងស្រី Nakamura Tamao ចូលប្រឡូកកាលពីអាយុ ១៤ ឆ្នាំ ក្នុងអំឡុង​យុគសម័យ​មាស​នៃវិស័យ​ភាព​យន្ត​ជប៉ុន។

ក្រោយមក នៅពេលដែលអាយុ ២២ ឆ្នាំ អ្នកស្រីបានរៀបការជាមួយ Katsu Shintaro ជាតារាដែលកំពុងល្បីក្នុងវិស័យភាពយន្តនា​សម័យ​នោះ។

Katsu ជាបុរសម្នាក់ដែលមានចិត្តទូលាយ។

គាត់ផឹកស្រា និង​ជក់​បារី​ច្រើន​ណាស់។ មានម្តង ក្នុងសន្និសីទសារព័ត៌មាន នៅចំពោះមុខអ្នក​យក​ព័ត៌មាន​ទាំង​អស់ និងកាមេរ៉ាទូរទស្សន៍ជាច្រើន លោកទើបតែប្រកាសថានឹងឈប់ជក់បារី ភ្លាមៗ​នោះ​ស្រាប់​តែជក់បារីមួយ​ដើប​ទៀត​នៅ​នឹង​កន្លែង។

ម្យ៉ាងវិញទៀត នៅពេលដែលទើបតែត្រឡប់មកជប៉ុនវិញ លោកធ្លាប់ត្រូវបានគេរកឃើញថាមានលាក់កញ្ឆាក្នុងខោទ្រនាប់ ដែលធ្វើឲ្យមានការតវ៉ាជាសាធារណៈ។

ទោះជាយ៉ាងណា មនុស្សម្នាក់ដែលមានចិត្តទូលាយ និងមិនខ្វល់ខ្វាយរូបនោះបែរជាមានភាពខ្មាស​អៀន​ក្នុង​រឿង​ស្នេហា។ នៅពេលដែលលោកចង់ដណ្តឹង Tamao ធ្វើជាប្រពន្ធ គាត់មិនមានភាព​ក្លាហាន​និយាយ​ដោយផ្ទាល់នោះទេ ប៉ុន្តែបានពឹងអ្នកគ្រប់គ្រងឲ្យទៅនិយាយជំនួស។

សកម្មភាពនេះបានបង្ហាញពីផ្នែកមួយផ្សេងទៀតនៃបុគ្គលិកលក្ខណៈរបស់លោក។

ក្រោយមក លោក Katsu Shintaro បានបង្កើតក្រុមហ៊ុនផលិតដោយផ្ទាល់ ហើយចាប់ផ្តើមផលិតភាពយន្តដោយខ្លួនឯង។

ដោយសារតែការសម្រេចចិត្តនេះបានក្លាយជាមូលហេតុដែលធ្វើឲ្យលោកជំពាក់បំណុលយ៉ាងច្រើន។

លោកតែងតែជឿជាក់ថា “បើធ្វើអ្វី ត្រូវធ្វើឲ្យល្អ” ។

ព្រោះតែចង់ផលិតស្នាដៃដែលមានគុណភាពខ្ពស់ លោកមិនខ្វល់ពីប្រាក់វិនិយោគលើការផលិតនោះ​ទេ។ ចំពោះមិត្តភក្តិ និងបុគ្គលិក លោកចិត្តទូលាយខ្លាំងណាស់ ទោះបីជាត្រូវខ្ចីប្រាក់ក៏ដោយ លោក​តែង​តែ​ទូទាត់​ប្រាក់​ឲ្យ​ពួក​គេ។

គេនិយាយថា លោកតែងតែនាំក្រុមការងារថតកុនទាំងអស់ចេញទៅបរិភោគអាហារ លេងកម្សាន្ត និង​ចេញ​ថ្លៃ​គ្រប់​យ៉ាង។

ប៉ុន្តែដោយសារការចំណាយទាំងនោះ នៅទីបំផុតបែរជាប្រែទៅជាបំណុលរហូតដល់ទៅ ១,៤ ពាន់​លាន​យ៉េន។

លោកបានទទួលមរណភាពទាំងដែលមិនទាន់សងអស់បំណុល។

ដើម្បីឲ្យកាន់តែងាយយល់ ប្រសិនបើគិតតាមប្រាក់​ចំណូល​ពេញ​មួយ​ជីវិត​របស់​បុគ្គលិក​ការិយា​ល័យ​​ធម្មតា​នៅជប៉ុន ប្រាក់បំណុលនោះស្មើនឹងប្រាក់ចំណូល​ពេញ​មួយ​ជីវិត​របស់​មនុស្ស​ប្រហែល​ប្រាំ​ពីរ​​នាក់។

នោះជាចំនួនប្រាក់យ៉ាងច្រើន។

បន្ទាប់ពីស្វាមីបានទទួលមរណភាព អ្នកស្រី Tamao ត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ។

ប្រសិនបើបដិសេធមិនទទួលមរតក អ្នក​ស្រី​អាច​គេច​ពី​បំណុល​បាន។ ប៉ុន្តែប្រសិនបើទទួលយក អ្នកស្រីនឹងទទួលបានផ្ទះ និងទ្រព្យសម្បត្តិរបស់ស្វាមី ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ត្រូវទទួលខុសត្រូវទាំងបំណុលចំនួន ១,៤ ពាន់លានយ៉េនផងដែរ។

បន្ទាប់ពីពិចារណាយ៉ាងម៉ត់ចត់ អ្នកស្រីជ្រើសយកផ្លូវដែលលំបាកបំផុត។ អ្នកស្រីបានសម្រេចចិត្ត​​ទទួល​​យក​​ទ្រព្យ​​សម្បត្តិ​​ទាំង​​អស់ និងសងបំណុលដោយខ្លួនឯង។

ព្រោះជាងនរណាៗទាំងអស់ អ្នកស្រីមិនចង់បាត់បង់ផ្ទះដែលធ្លាប់រស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់នោះទេ ហើយក៏មិនចង់បោះបង់ចោលវត្ថុអនុស្សាវរីយ៍ដែលផ្ទុកទៅដោយការចងចាំជាច្រើន​របស់​ស្វាមី​ដែល​បាន​ទទួល​មរណ​ភាព​នោះដែរ។

ជារៀងរាល់ខែ ចំនួនទឹកប្រាក់ដែលត្រូវបង់រហូតដល់ទៅ ៥ លានយ៉េន។

ទោះជាយ៉ាងណា នៅពេលដែលអាយុរបស់អ្នកស្រីកាន់តែច្រើន តួសម្តែងកាន់តែតិចទៅៗ ចំនួនទឹកប្រាក់ដែលត្រូវសងប្រចាំខែកាន់តែធ្វើឲ្យអ្នកស្រីពិបាក។ នៅពេលនោះ អ្នកស្រីបានចាប់ផ្តើមចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​កម្សាន្ត។

ជាមួយនឹងអត្តចរិកកំប្លែង និងទៀងត្រង់ អ្នកស្រីបានក្លាយជាតួអង្គដែលទស្សនិកជនចូលចិត្តយ៉ាង​ខ្លាំង។

ហើយបន្ទាប់មក ក្រោយរយៈពេលជិត ២០ ឆ្នាំ នៅទីបំផុតអ្នកស្រីបានសងអស់បំណុល។

អំឡុងពេលសម្តែងពេញមួយជីវិតរបស់ខ្លួន អ្នកស្រីត្រូវបានគេស្គាល់ថាជាតារាសម្តែងដែលស្រស់ស្អាត និងមានរូបសម្បត្តិសមរម្យ។ ដូច្នេះហើយ ការដែលទុកឲ្យសាធារណជនមើលឃើញពីរូបរាងដែល​មិនដូចមុន ជាមនុស្សសាមញ្ញ ហើយពេលខ្លះថែមទាំងធ្វើខុសនៅលើកញ្ចក់ទូរទស្សន៍គឺជាការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ នេះ​មិន​មែន​ជា​រឿង​ដែល​ស្រួល​នោះ​ទេ។

យ៉ាងណាមិញ ដោយផ្អែកលើការតស៊ូ និងការខិតខំប្រឹងប្រែងនោះហើយ ដែលបានធ្វើឲ្យមនុស្សជាច្រើនក្នុងវិស័យឧស្សាហកម្មកម្សាន្ត ក៏​ដូច​ជា​ទស្សនិក​ជន​ជប៉ុន​រំភើប​ចិត្ត​ផង​ដែរ។

នៅទីបំផុត បន្ទាប់ពីរឿងទាំងអស់នោះ រឿងរ៉ាវប្តីប្រពន្ធរបស់​អ្នក​ស្រីត្រូវបាន​គេរំលឹក​ឡើង​វិញប្រៀប​បី​​ដូច​​​ជា​​​រឿង​​ស្នេហា​​ដ៏​​កម្រ និង​​រំជួល​​ចិត្ត​​បំផុត។

បន្ទាប់ពីលំបាកអស់រយៈពេលជាច្រើនឆ្នាំ បំណុលយ៉ាងច្រើន នៅទីបំផុតក៏អាចសងអស់បំណុល។ អ្នកស្រី Tamao បាននិយាយថា៖

  • “ខ្ញុំមានសុភមង្គលនៅពេលដែលបានធ្វើជាប្រពន្ធរបស់ Katsu Shintaro” ។

សម្រាប់មនុស្សជាច្រើន លោក Katsu ប្រហែលមិនមែនជាស្វាមីដ៏ល្អម្នាក់នោះទេ។

មើលពីខាងក្រៅ មនុស្សគ្រប់គ្នាគិតថា អ្នកស្រី Tamao គ្រាន់តែជាស្ត្រីម្នាក់ដែលរងទុក្ខព្រោះតែស្វាមី​ប៉ុណ្ណោះ។

ប៉ុន្តែប្រហែលជា រវាងមនុស្សទាំងពីរនាក់ដែលមានសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ដែលមនុស្សនៅ​ខាង​ក្រៅ​មិន​អាច​យល់​បាន។

ទោះបីជាអាពាហ៍ពិពាហ៍នេះប្រឈមមុខនឹងឧបសគ្គ និងបញ្ហាជាច្រើន បើតាមទស្សនៈរបស់សង្គម​ក៏​ដោយ ប៉ុន្តែសម្រាប់អ្នកស្រី នោះជាការសម្រេចចិត្តរបស់បេះដូង។ ហើយនៅទីបំផុត អ្នកស្រី​នៅ​តែសប្បាយចិត្តនឹងជម្រើសរបស់ខ្លួន។

ស្នេហាពិតមិនមែនជារយៈពេលដែលសុខសាន្តរហូតនោះទេ ប៉ុន្តែពេលខ្លះជាការសម្រេចចិត្តរួមសុខ​រួម​ទុក្ខ រក្សាអនុស្សាវរីយ៍ និងបន្តទៅមុខជាមួយ​នឹង​ស្រមោល​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ទោះ​បី​ជាពួក​គេ​លែង​នៅ​ក្បែរ​អ្នក​ក៏​ដោយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: