មេទ័ពសាមូរ៉ៃដែលមិនស្គាល់​ពាក្យ​ថា​ចាញ់​ក្នុង​ប្រវត្តិ​សាស្ត្រ​បែរ​ជា​មាន​បេះ​ដូង​ដូច​នារី​​ម្នាក់

មេទ័ពសាមូរ៉ៃដែលមិនស្គាល់ពាក្យថាចាញ់ក្នុងប្រវត្តិសាស្ត្របែរជា​មាន​បេះ​ដូង​ដូច​នារីម្នាក់។

ក្នុងអំឡុងសម័យរដ្ឋសង្គ្រាមរបស់ជប៉ុន តំបន់ទាំងអស់សុទ្ធតែត្រូវបានគ្រប់គ្រងដោយមេទ័ពដ៏ខ្លាំងក្លា ឬគេហៅថាស្តេចត្រាញ់សាមូរ៉ៃ ដោយមានទាហានស្មោះត្រង់រាប់ម៉ឺននាក់ស្ថិតនៅក្រោមបញ្ជា។ ក្នុង​ចំណោម​បុគ្គល​ដែល​មានកេរ្តិ៍ឈ្មោះទាំងនោះ បុគ្គលដែលធ្លាប់ទទួលបានការសរសើរជាស្តេចត្រាញ់​ដែល​មាន​​ឥទ្ធិពល​​បំផុត​​នៅ​​សម័យ​​នោះ​​គឺ Takeda Shingen ។ សូម្បីតែ Oda Nobunaga – ជា​អ្នកដែលក្រោយមកស្ទើរតែបង្រួបបង្រួមប្រទេសជប៉ុនទាំងមូល – ក៏ត្រូវបានគេ​​​ចាត់​​ទុក​​ថា​តែងតែ​រក​មធ្យោបាយ​គេច​នឹង​ការ​ប្រឈម​មុខ​ជា​មួយ​លោកនៅលើសមរភូមិផង​ដែរ​។ យ៉ាងណាមិញ នៅពីក្រោយគ្រឿងសឹករបស់កំពូលលោកមេទ័ពរូបនោះ បែរជាបង្កប់ទៅដោយ​បេះដូងដែលងាយនឹងរំជួលចិត្ត និងទន់ខ្សោយទៅវិញ។ ចូរយើងក្រឡេកមកមើល​ចំណុច​ដ៏គួរ​​ឲ្យ​ចាប់​អារម្មណ៍​ក្នុង “បេះដូងដ៏ទន់ខ្សោយ” របស់លោក។

នៅក្នុងគំនូរប្រវត្តិសាស្ត្រ Shingen ត្រូវបានគេពណ៌នាថាមានពុកចង្ការដ៏អស្ចារ្យ ហើយដើម្បីបង្កើន​អារម្មណ៍​ដ៏​គួរ​ឲ្យ​ភ័យខ្លាចនៅលើសមរភូមិ លោកតែងតែបង្ខំឲ្យអ្នកក្រោមបង្គាប់របស់ខ្លួនត្រូវស្លៀកគ្រឿងសឹកពណ៌​ក្រហម​ឆើត។ រូបរាងខាងក្រៅបែបនេះបង្ហាញពីភាពក្លាហាន និងស្មារតីរបស់វីរបុរស​ពិត​ប្រាកដ​មួយ​រូប។ លោកទទួលបានការជឿទុកចិត្ត និងការគោរពយ៉ាងខ្លាំងពីទាហាន ដោយបង្កើតបានក្រុមកងទ័ពដែលមានស្មារតីសាមគ្គីយ៉ាងល្អឥតខ្ចោះ – ជាគំរូរបស់ “អ្នកចម្បាំងក្នុងចំណោមអ្នក​ចម្បាំង” ។

ទោះជាយ៉ាងណា នៅថ្ងៃមួយ លោកមេទ័ពម្នាក់នោះត្រូវបានគេប្រទះឃើញថាមានទំនាក់ទំនងស្នេហាលួចលាក់នៅពីក្រោយខ្នងគូស្នេហ៍របស់គាត់។ នៅ​ពេល​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ និងចោទសួរ លោកមេទ័ពដែលខ្លាំងក្លានៅលើសមរភូមិស្រាប់តែបកស្រាយថា ខ្លួនគ្រាន់តែនៅមើលថែយុវជនម្នាក់នោះប៉ុណ្ណោះ ព្រោះបុរសម្នាក់នោះនិយាយថាគាត់មិនស្រួលខ្លួន។

ប៉ុន្តែអ្វីដែលគួរឲ្យនិយាយត្រង់ថា ទាំងគូស្នេហ៍ផ្លូវការ និងគូស្នេហ៍លួចលាក់របស់លោក… សុទ្ធតែជាបុរស។

ជាការពិតណាស់ Shingen នៅតែមានភរិយាស្របច្បាប់ដែលជាស្ត្រី និងមានអ្នកស្នងតំណែង។ បើតាមទស្សនៈនាសម័យនេះ លោកប្រហែលជាអ្នកដែលអាចស្រលាញ់ទាំងប្រុស និងស្រី ឬប្រហែលជា​លោក​ត្រូវបង្ខំចិត្តនៅជាមួយប្រពន្ធរបស់ខ្លួនគ្រាន់តែដើម្បីបំពេញកាតព្វកិច្ចបន្តពូជពង្ស កុំឲ្យគ្រួសារ​គ្មាន​អ្នក​ស្នង​ត្រកូល​ប៉ុណ្ណោះ។

ក្រៅពីរឿងរ៉ាវស្នេហារបស់លោក Shingen ថែមទាំងជាមនុស្សម្នាក់ដែលចូលចិត្តអនាម័យ។ លោកមានបង្គន់អនាម័យបញ្ចេញទឹកផ្ទាល់ខ្លួន ក្នុងសម័យកាលដែលប្រព័ន្ធស្វ័យប្រវត្តិមិនទាន់មាន នេះត្រូវ​បានចាត់ទុកជាបង្គន់បញ្ចេញទឹកដំបូងគេក្នុងប្រវត្តិសាស្ត្រជប៉ុន។ បន្ទប់នេះមានទំហំរហូត​ដល់ទៅដប់ម៉ែត្រការ៉េ ជាទំហំដែលធំល្មមសម្រាប់មនុស្សម្នាក់រស់នៅ។ គេនិយាយថា លោកមេទ័ព​តែង​តែ​បត់​ជើង​ផង និងអង្គុយ​សរសេរ​សំបុត្រ​ក្នុងបរិយាកាស​ធំទូលាយ និង​មានអនាម័យ។

ថ្វីត្បិតតែ ហៅថា “ប្រព័ន្ធបង្ហូរទឹក” ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះដំណើរការដោយប្រើដៃទាំងស្រុង។ បន្ទាប់​ពី​ប្រើប្រាស់រួច Shingen នឹងទាញខ្សែមួយដើម្បីរោទ៍កណ្ដឹង អ្នកក្រោមបង្គាប់ដែលឈរនៅខាងក្រៅនឹងចាក់ទឹកចូលទៅក្នុងលូដើម្បីសម្អាតបង្គន់របស់លោកម្ចាស់។

ស្រដៀងនឹងមនុស្សស្រីនៅសម័យនេះដែរ នៅពេលដែលមើលឃើញសត្វល្អិតតែងតែស្រែកយ៉ាងខ្លាំង Shingen មានភាពភ័យខ្លាចយ៉ាងខ្លាំងចំពោះសត្វល្អិតទាំងនោះ។ ដោយមើលឃើញម្ចាស់របស់ខ្លួនកំសាកពេក អ្នកក្រោមបង្គាប់ម្នាក់ព្រោះតែចង់ជួយឲ្យលោកហ្វឹកហាត់ភាពក្លាហាន បានប្រថុយបង្ខំឲ្យលោកកាន់សត្វល្អិតនៅលើដៃ។ លទ្ធផលលោកមេទ័ពដ៏ខ្លាំងក្លារូបនោះស្រាប់​តែ​ប្រែ​ជា​ស្លេក​ស្លាំង ស្រែក​យ៉ាង​ខ្លាំង ហើយ​រត់​យ៉ាង​ប្រញាប់។

ក្នុងប្រវត្តិសាស្ត្រនៃសម័យរដ្ឋសង្គ្រាមរបស់ជប៉ុន ស្តេចត្រាញ់ម្នាក់ៗតែងតែផ្សារភ្ជាប់កេរ្តិ៍ឈ្មោះរបស់​ខ្លួនទៅនឹងទឹកដីដែលពួកគេគ្រប់គ្រង។ ចំពោះលោក Takeda Shingen តំបន់ Kai (ដែលស្មើ​នឹង​ខេត្ត Yamanashi សព្វថ្ងៃ) គឺជាស្រុកកំណើត ទីបញ្ជាការ និងជាប្រភពនៃអំណាចរបស់លោក។

លោក Takeda Shingen មានទេពកោសល្យគ្រប់គ្រងទាហានយ៉ាងអស្ចារ្យ ដោយឈ្នះគ្រប់សមរភូមិ និង​គ្រប់​គ្រងតំបន់ភ្នំដែលមានគ្រោះថ្នាក់ ដូច្នេះហើយ ទាំងប្រជាជន និងសត្រូវមិនត្រឹមតែគោរព ថែម​ទាំង​ដាក់រហស្សនាមដ៏គួរឲ្យស្ញប់ស្ញែងឲ្យលោកថា “ខ្លានៅតំបន់ Kai” ។

ខ្លាដ៏ខ្លាំងក្លាមួយរូប ប្រយុទ្ធយកឈ្នះគ្រប់សមរភូមិ ព្រោះតែឧត្តមគតិបង្រួបបង្រួមជាតិ ប៉ុន្តែនៅ​ទី​បំផុត​បែរ​ជា​ទទួល​មរណភាព​ដោយ​សារ​ជំងឺ។ ក្រោយពេលដែលលោកចាកចេញ ត្រកូល Takeda ក្រោមការដឹកនាំរបស់កូនប្រុស​លោក​បាន​ចុះ​ខ្សោយ និង​រលាយ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។

ចេញទៅប្រយុទ្ធគ្រប់ទីកន្លែង កម្ចាត់សត្រូវរាប់មិនអស់ រាល់ពេលដែលចេញទ័ពតែងតែទទួលបានជ័យជំនះ។ មនុស្សម្នាកោតសរសើរចំពោះវីរភាពរបស់លោកមេទ័ព ប៉ុន្តែនៅពីក្រោយរឿងរ៉ាងទាំងនោះគ្មាននរណានឹកស្មានថា មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើននិយាយពីស្តេចត្រាញ់ម្នាក់នេះ។

ពេលវេលាកន្លងផុតទៅ គ្រប់យ៉ាងត្រឡប់ទៅរកប្រភពដើម។ គ្រឿងសឹកនៅឆ្នាំនោះប្រែជាច្រេះទៅ​តាម​ពេល​វេលា បន្សល់ទុកត្រឹមរឿងរ៉ាវប្រវត្តិសាស្ត្រប៉ុណ្ណោះ។

យ៉ាងណាមិញ ភាពរុងរឿងគង់តែរលាយបាត់ទៅវិញ ត្រកូល Takeda ដ៏ខ្លាំងក្លាក៏រលាយបាត់ទៅ​តាម​ពេលវេលា ប៉ុន្តែរឿងរ៉ាវដែលនិយាយពីលោកមេទ័ពម្នាក់ខ្លាចសត្វល្អិតតូចមួយក្បាលនៅតែបន្ត​ជា​រៀង​រហូត។

ហើយប្រហែលជា យើងទាំងអស់គួរតែកោតសរសើរចំពោះអ្នកក្រោមបង្គាប់ដ៏ក្លាហាននាឆ្នាំនោះ – ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ហ៊ាន​យក​សត្វល្អិត​មក​បង្ក្រាប​លោក​មេទ័ព​ដ៏​ល្បី​ឈ្មោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: