ការស្តារឡើងវិញរបស់ Fukushima ៖ ផ្តើមពីគ្រោះមហន្តរាយវិទ្យុសកម្មក្លាយជាទីក្រុងឈានមុខគេ​លើ​ពិភព​លោក

ការស្តារឡើងវិញរបស់ Fukushima ៖ ផ្តើមពីគ្រោះមហន្តរាយវិទ្យុសកម្មក្លាយជាទីក្រុងឈានមុខគេ​លើ​ពិភព​លោក។

នៅឆ្នាំ ២០១១ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏សាហាវបានវាយប្រហារភាគឦសានប្រទេស​ជប៉ុន ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រថាមពលនុយក្លេអ៊ែរ ធ្វើឲ្យខេត្ត Fukushima ប្រែ​ក្លាយ​ជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍របស់ពិភពលោក។

Fukushima ធ្លាប់ឆ្លងកាត់រយៈពេលដែលផលិតផលកសិកម្ម និងជលផលត្រូវបានហាមឃាត់មិនឲ្យនាំចូលប្រទេសមួយចំនួន។ ភាពភ័យខ្លាច​ចំពោះ​ផល​ប៉ះ​ពាល់​នៃវិទ្យុសកម្មក៏បានធ្វើឲ្យមនុស្សជា​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ចេញ​ពី​ស្រុក​កំណើត។ នោះជាប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ Fukushima ។

ប៉ុន្តែឥឡូវនេះ Fukushima កំពុងផ្លាស់ប្តូរក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មជំនាន់ថ្មី ដោយទទួល​ខុស​ត្រូវចំពោះអនាគតពិភពលោក។

នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ ក្រុមហ៊ុនមួយដែលមានឈ្មោះថា Ookuma Diamond Device បាន​សាង​សង់រោងចក្រផលិតនៅខេត្ត Fukushima ។

គោលដៅរបស់ក្រុមហ៊ុននេះគឺផលិតឧបករណ៍ពាក់កណ្តាលចម្លងពេជ្រ (diamond devices) ។

មនុស្សជាច្រើនប្រហែលជាមិនទាន់ស្គាល់ពាក្យបច្ចេកទេសទាំងនេះទេ ប៉ុន្តែ​វា​ត្រូវ​បាន​ចាត់​ទុក​ជា​បច្ចេកវិទ្យា​ដ៏​សំខាន់​​មួយ​​នា​​ពេល​​អនាគត។

តាមរយៈការប្រើប្រាស់​ពេជ្រ​សំយោគដែល​មាន​កម្រិត​បរិសុទ្ធ​ខ្ពស់​ធ្វើ​ជា​​ស្រទាប់ និង​គ្រឿង​បន្លាស បច្ចេកវិទ្យា​នេះមានគុណសម្បត្តិយ៉ាងខ្លាំងបើប្រៀប​ទៅ​នឹង​វត្ថុ​ធាតុ​ដើម silicon ។ ជាក់​ស្តែងអាច​ទប់ទល់នឹងកម្លាំងវ៉ុលខ្លាំង ថាមពលខ្ពស់ និងមានសមត្ថភាពបញ្ចេញ​កំដៅ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ប្រសិនបើពាក្យបច្ចេកទេសខាងលើពិបាកយល់ អ្នកទាំងអស់គ្នាអាចស្រមៃគិតថា៖ បច្ចុប្បន្នឧបករណ៍​​ពាក់​កណ្តាល​ចម្លង​ដែលផ្អែកលើមូលដ្ឋាន silicon កំពុងឈានទៅដល់ដែនកំណត់បច្ចេក​ទេស ហើយពិបាកនឹង​ឈានដល់ការរីកចម្រើនបន្ថែមទៀតខ្លាំងណាស់។ ដោយផ្អែកលើលក្ខណៈសម្បត្តិដ៏ល្អឥតខ្ចោះ ឧបករណ៍​ពេជ្រត្រូវបានគេរំពឹងថានឹងបង្កើតបានអនាគតថ្មីជាមួយនឹងសមត្ថភាព​ដូច​ជា៖

– បង្រួមទូរស័ព្ទ៖ បន្ទះឈីបពាក់កណ្តាលចម្លងតូចជាងមុន ជួយឲ្យទូរស័ព្ទស្មាតហ្វូន និងឧបករណ៍​អេឡិច​ត្រូនិច​ផ្សេង​ទៀត​មាន​ទំហំ​តូច​ជាង​មុន។

– ធន់នឹងកំដៅ និងវិទ្យុសកម្ម៖ ដំណើរការប្រកបដោយស្ថេរភាពនៅក្នុងបរិយាកាសដែលមានសីតុណ្ហភាពលើសពី ៥០០°C ឬកន្លែងដែលមានកម្រិតវិទ្យុសកម្មខ្ពស់។

– បង្កើនល្បឿនបណ្តាញ៖ បង្កើនល្បឿនដំណើរការរបស់ឧបករណ៍ពាក់កណ្តាលចម្លង ដែលធ្វើឲ្យបណ្តាញ​អុីនធឺណេតលឿនជាងមុនគួរឲ្យកត់សម្គាល់។

កម្មវិធី​ដំបូង​ដែល​ត្រូវបានរំពឹងទុក​សម្រាប់​យានយន្ត​អគ្គិសនី (EV) ។

ក្នុងយានយន្តអគ្គិសនីមានផ្ទុកប្រភេទឧបករណ៍ពាក់កណ្តាលចម្លងដែលប្រើសម្រាប់គ្រប់គ្រងម៉ាសុីន។ ប្រសិនបើជំនួសដោយឧបករណ៍ពេជ្រ បរិមាណអគ្គិសនីដែលបាត់បង់នឹងត្រូវបានកាត់បន្ថយ ដូច្នេះអាចពន្យារអាយុកាលថ្ម និងបង្កើនចម្ងាយបើកបរ។ ក្រៅពីនេះ ដោយផ្អែកលើមុខ​ងារ​ធន់​នឹង​កំដៅបានល្អ ប្រព័ន្ធធ្វើឲ្យត្រជាក់ត្រូវបានបង្រួមតូច ជួយឲ្យយានយន្តមានទម្ងន់ស្រាល​ជាង​មុន និងសន្សំសំចៃប្រេងឥន្ធនៈជាងមុន។

បច្ចេកវិទ្យានេះក៏បានទាក់ទាញការចាប់អារម្មណ៍ខាងផ្នែកអវកាសផងដែរ។

លំហអាកាសគឺជាបរិស្ថានដែលពោរពេញទៅដោយវិទ្យុសកម្ម និងមានការប្រែប្រួលសីតុណ្ហភាពយ៉ាង​ខ្លាំង។ ទាំង​នេះ​ជាលក្ខខណ្ឌដ៏ល្អសម្រាប់បង្កើនគុណសម្បត្តិនៃឧបករណ៍ពេជ្រ។

ទន្ទឹមនឹងនោះ ចំនួនរោងចក្រថាមពលនុយក្លេអ៊ែរកំពុងកើនឡើងនៅទូទាំងពិភពលោក ហើយនៅពេលណាមួយដែលវាចាស់ទៅ វានឹងត្រូវបានរុះរើ។ ដោយសារតែបរិស្ថាននេះមានគ្រោះថ្នាក់ខ្លាំងចំពោះមនុស្ស ដូច្នេះភាគច្រើនការងាររុះរើត្រូវពឹងផ្អែកលើមនុស្សយន្ត។ នៅពេលនេះ ភាព​ធន់​នឹង​វិទ្យុសកម្ម​របស់​ឧបករណ៍​ពេជ្រ​បាន​ក្លាយ​ជាកត្តាដ៏សំខាន់បំផុត។

ក្រៅពីនេះ បរិយាកាសយោធាក៏ជាផ្នែកដ៏លំបាកមួយផ្សេងទៀតដែលត្រូវការបច្ចេកវិទ្យានេះផង​ដែរ។

ពេជ្រគឺជាវត្ថុធាតុដែលរឹងបំផុតនៅក្នុងធម្មជាតិ។ ពេជ្រសំយោគក៏មានលក្ខណៈសម្បត្តិស្រដៀងគ្នា​ដែរ ដូច្នេះ​​​ការ​កែ​ច្នៃ និង​ការ​ផលិត​​មាន​ការ​លំបាក​​យ៉ាង​ខ្លាំង។ នេះជាមូលហេតុដែលធ្វើឲ្យការធ្វើពាណិជ្ជកម្ម​ឧបករណ៍​ពេជ្រ​ធ្លាប់​ជា​បញ្ហា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

ទោះជាយ៉ាងណា រោងចក្រថ្មីនេះត្រូវបានគេចាត់ទុកថាបានដោះស្រាយបញ្ហាលំបាកទាំងនោះ ហើយបានធ្វើឲ្យបច្ចេកវិទ្យានេះឈានទៅដល់កម្រិតអនុវត្តជាក់ស្តែង ដោយបើកផ្លូវសម្រាប់អនាគត។

បច្ចុប្បន្ននេះ សាជីវកម្មដូចជា TSMC របស់តៃវ៉ាន់ និង Samsung របស់កូរ៉េខាងត្បូងកំពុងកាន់កាប់ចំណែកទីផ្សារយ៉ាងធំខាងវិស័យបន្ទះឈីបដែលមានមូលដ្ឋាន silicon ។ ទោះជាយ៉ាងណា ដើម្បី​ផលិតផលិតផលរបស់ខ្លួន ពួកគេនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើឧបករណ៍ និងសម្ភារៈដែល​ផ្គត់​ផ្គង់​ដោយ​ប្រទេស​ជប៉ុន។

គេតែងតែនិយាយថា ប្រទេសជប៉ុនបានទទួលបរាជ័យក្នុងការប្រកួតប្រជែងខាងផ្នែកឧបករណ៍ពាក់កណ្តាលចម្លង ប៉ុន្តែជាក់ស្តែង ប្រទេសជប៉ុននៅតែកាន់កាប់បច្ចេកវិទ្យាស្នូលជាច្រើននៃឧស្សាហកម្ម​នេះ។

ហើយឥឡូវនេះ អនាគតដែលផលិតផលសម្រេចនឹងដាក់ស្លាក “Made in Japan” កំពុងខិតមកជិត។

នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ទីផ្សារឧបករណ៍ពាក់កណ្តាលចម្លង​របស់​ជប៉ុន​ធ្លាប់​មាន​ចំណែក​ទីផ្សារ​​យ៉ាង​ច្រើន​នៅ​លើ​ពិភព​លោក។ បន្ទាប់​មក​បាន​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​តែ​គោលនយោបាយ​គាបសង្កត់ពីសហរដ្ឋ​អាមេរិក។ ប៉ុន្តែ​​លើក​​នេះ រោង​ចក្រ​ថ្មីនៅ Fukushima ត្រូវបានគេរំពឹង​ថា​នឹងក្លាយជាជំហានដំបូងធ្វើឲ្យជប៉ុន​ទាក់​ទាញ​ចំណាប់អារម្មណ៍​របស់​ពិភព​លោក។

ដោយផ្តើមចេញពីតំបន់ដែលមាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ និងរយៈពេលដែលរងទុក្ខ Fukushima កំពុង​តែ​ឈាន​ទៅ​រក​ការ​​ស្តារ​​ឡើង​​វិញ​។

ការលេចចេញនូវឧស្សាហកម្មឧបករណ៍ពាក់កណ្តាលចម្លងពេជ្រមិនត្រឹមតែជាសមិទ្ធផល​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃស្មារតីដ៏រឹងមាំរបស់ប្រជាជនជប៉ុនផង​ដែរ។ ក្រោកឈរពីគ្រោះមហន្តរាយធម្មជាតិ ពួកគេមិនរស់នៅក្នុងអតីតកាលនោះទេ ប៉ុន្តែបានប្រែ​ក្លាយ​ភាព​លំបាក​ទៅ​ជាកម្លាំងចិត្តដើម្បីបង្កើតអនាគត។

ប្រហែលជាតម្លៃដ៏អស្ចារ្យបំផុតរបស់ Fukushima នាពេលនេះ មិនត្រឹមតែស្ថិតលើរោងចក្រ ឬ​បច្ចេក​វិទ្យា​ទំនើប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ស្ថិត​នៅ​លើ​ខ្លឹមសារ​ដែលទឹកដីនេះបានផ្ញើទៅកាន់ពិភព​លោក​ផង​ដែរ។ នោះ​គឺ៖ គ្មានការបរាជ័យណាមួយបន្តរហូតនោះទេ ប្រសិនបើមនុស្សយើងនៅ​តែ​មានជំនឿដើម្បីឆ្ពោះទៅមុខ។

ប្រហែលជានៅថ្ងៃណាមួយ នៅពេលដែលយើងកាន់ក្នុងដៃឧបករណ៍ដែលប្រើប្រាស់ច្ចេកវិទ្យាពេជ្រទំនើបបំផុត យើងនឹងចងចាំថាដំណើរនោះផ្តើមចេញពី Fukushima – ទឹកដីដែលធ្លាប់ទទួលរងគ្រោះមហន្តរាយ ប៉ុន្តែបែរជាត្រូវបានពិភពលោករំលឹកដល់ប្រៀបបីដូចជានិមិត្តរូបនៃ​ការ​ស្តារឡើង​វិញ និង​ក្តី​សង្ឃឹម។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: