អត្តន័យពិតប្រាកដនៃទង់ជាតិជប៉ុន
អត្តន័យពិតប្រាកដនៃទង់ជាតិជប៉ុន។
ដោយគ្រាន់តែមានរង្វង់មូលពណ៌ក្រហមដ៏ស្រស់នៅលើផ្ទៃក្រណាត់ពណ៌ស ទង់ជាតិជប៉ុនមានការរចនាយ៉ាងសាមញ្ញាបំផុត។ គេជឿថា ទង់ជាតិព្រះអាទិត្យពណ៌ក្រហមនោះចាប់ផ្តើមត្រូវបានប្រើប្រាស់នៅពាក់កណ្តាលចុងក្រោយនៃទសវត្សរ៍ទី ៧០០ ។
ជាទូទៅ រង្វង់មូលពណ៌ក្រហមត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃព្រះអាទិត្យកំពុងរះ សច្ចភាព និងសន្តិភាព។ យ៉ាងណាមិញ ប្រសិនបើមានតែប៉ុណ្ណឹង យើងនឹងមើលរំលងផ្នត់គំនិតដ៏អស្ចារ្យរបស់ប្រជាជនជប៉ុន។
នៅពីក្រោយរូបភាពដ៏សាមញ្ញនោះ តាមពិតទៅបង្កប់ទៅដោយទ្រឹស្ដីដែលនិយាយពីប្រភពដើមដ៏ស្រស់ស្អាត ហើយនោះជារឿងរ៉ាវដែលបង្ហាញពីស្មារតីរបស់ជប៉ុន ដែលខ្ញុំឲ្យតម្លៃបំផុតផងដែរ។
ទ្រឹស្តីនេះចាត់ទុកទង់ជាតិដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីទស្សនៈពិភពលោករបស់ប្រជាជនជប៉ុន។
តាំងពីសម័យបុរាណកាល ទឹកដីជប៉ុនមានជំនឿដ៏ពិសិដ្ឋមួយថា អ្វីៗទាំងអស់នៅលើលោកនេះ មិនត្រឹមតែមនុស្សប៉ុណ្ណោះទេ សូម្បីតែសត្វ រុក្ខជាតិ ទន្លេ ភ្នំ និងមហាសមុទ្រជាដើម គ្រប់យ៉ាងស្ថិតនៅក្នុងព្រះទ័យរបស់អាទិទេព។
អាចនិយាយបានថា យើងទាំងអស់គ្នា ជាមួយនឹងពិភពលោកដែលនៅជុំវិញ សុទ្ធតែកំពុងត្រូវបានការពារក្នុងរង្វង់ដៃរបស់អាទិទេព។
ក្នុងភាសាជប៉ុន ទារកទើបនឹងកើតត្រូវបានគេហៅថា Akachan (赤ちゃん) ឬបើតាមភាសាបុរាណហៅថា Akago (赤子) ។ មនុស្សយើង តាមពិតទៅកំពុងស្ថិតនៅក្នុងផ្ទៃម្តាយអាទិទេព។ ហើយអាទិទេពត្រូវបានចាត់ទុកដូចជាអ្នកម្តាយដ៏អស្ចារ្យដែលកំពុងចិញ្ចឹមបីបាច់ជីវិតទាំងអស់នៅលើពិភពលោក។
យោងតាមទ្រឹស្ដីនេះ ផ្ទៃពណ៌សនៅលើទង់ជាតិតំណាងឲ្យវត្តមានរបស់អាទិទេពដែលមានបេះដូងបរិសុទ្ធ។ ចំណែកឯរង្វង់មូលពណ៌ក្រហមនៅចំកណ្តាលតំណាងឲ្យពិភពលោកទាំងមូលរបស់យើង ដូចជាទារកដែលកំពុងត្រូវបានចិញ្ចឹមបីបាច់នៅក្នុងផ្ទៃម្តាយ។
ក្នុងរាងកាយរបស់មនុស្ស កោសិកាត្រូវបានបង្កើតឡើងឥតឈប់ឈរ ស្លាប់ហើយកើតឡើងវិញ – ជាវដ្តជីវិតជាបន្តបន្ទាប់ ជីវិតរបស់យើងក៏វិវត្តន៍ទៅស្រដៀងគ្នាដែរ។
ចូរស្រមៃគិត ប្រសិនបើមានកោសិកាមួយដំណើរការខុសប្រក្រតី ហើយប្រែក្លាយជាអាត្មានិយម ដោយដឹងតែពីស្រូបយកសារធាតុចិញ្ចឹមទាំងអស់សម្រាប់ខ្លួននឹងទៅជាយ៉ាងណា? កោសិកានោះនឹងក្លាយជាកោសិកាមហារីក – ជាជំងឺដែលបំផ្លាញរាងកាយ ដែលយើងត្រូវបង្ខំចិត្តកាត់ចោល។
មនុស្សក៏ដូច្នេះដែរ យើងមិនអាចរស់នៅដើម្បីតែខ្លួនឯងនោះទេ។ ចូរគិតពីមនុស្សជាតិ សត្វលោក ធម្មជាតិ និងសកលលោកដ៏ធំទូលាយនេះ ដើម្បីដឹងពីរបៀបពឹងផ្អែក និងជួយគ្នាទៅវិញទៅមក។
មិនត្រឹមតែប៉ុណ្ណឹង រង្វង់មូលពណ៌ក្រហមនោះថែមទាំងបង្កប់អត្តន័យយ៉ាងជ្រាលជ្រៅមួយផងដែរ។
រូបភាពរង្វង់មូលពោលគឺរង្វង់មូល ក្នុងភាសាជប៉ុនរង្វង់មូលអានថា Wa សូរស្រដៀងនឹងពាក្យ “សន្តិភាព” (ក៏អានថា Wa ផងដែរ) ។
ក្នុងន័យ “សន្តិភាព” “ភាពចុះសម្រុងគ្នា” ។
ដូច្នេះហើយ រង្វង់មូលនោះក៏ជានិមិត្តរូបនៃភាពចុះសម្រុងគ្នា រួបរួមចិត្ត រស់រានមានជីវិតជាមួយគ្នា រីកចម្រើនជាមួយគ្នា។
យើងទាំងអស់គ្នា មិនថាមនុស្សលោក ឬសត្វមានជីវិតនោះទេ សុទ្ធតែជាកូនរបស់អាទិទេព។
មនុស្សម្នាក់ៗកើតមកសុទ្ធតែមានបេសកកម្មដោយឡែកពីគ្នា ហើយភារកិច្ចរបស់យើងគឺរស់នៅប្រកបដោយភាពចុះសម្រុងគ្នា ភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកនៅជុំវិញ។
ទារកទើបនឹងកើតម្នាក់ គឺជាកំណប់ទ្រព្យនៃសមត្ថភាពដែលគ្មានដែនកំណត់ កុមារម្នាក់នោះអាចនឹងធំដឹងក្តី ហើយក្លាយជានរណាម្នាក់។
យើងទាំងអស់គ្នា ទោះបីជាចាស់ទៅតាមពេលវេលាក៏ដោយ ប៉ុន្តែក្នុងក្រសែភ្នែករបស់អាទិទេព យើងនៅតែជាក្មេងដែលពោរពេញទៅដោយសក្តានុពលជារៀងរហូត។
ក្រមសីលធម៌ដែលបង្កប់នៅពីក្រោយទង់ជាតិគឺជាពាក្យដែលរំលឹកដល់យើងទាំងអស់គ្នាឲ្យរស់នៅដើម្បីសម្រេចបាន និងបញ្ចេញសក្តានុពលដ៏អស្ចារ្យនោះ។
ប្រហែលជាទ្រឹស្តីនេះមិនមែនជាប្រភពដើមពិតប្រាកដនៃទង់ជាតិជប៉ុននោះទេ។ ហើយប្រហែលនោះគ្រាន់តែជាទ្រឹស្តីដែលបង្កើតឡើងដោយមនុស្សជំនាន់ក្រោយប៉ុណ្ណោះ។ ប៉ុន្តែពេលខ្លះ អ្វីដែលធ្វើឲ្យនិមិត្តរូបមួយសមនឹងទទួលបានការគោរពមិនមែនមកពីវាត្រូវ ឬខុសទាំងស្រុងនោះទេ ប៉ុន្តែជាតម្លៃដ៏ស្រស់ស្អាតដែលមនុស្សដាក់បញ្ចូល។
ប្រសិនបើយើងសម្លឹងមើលទង់ជាតិជប៉ុនដោយផ្នត់គំនិតបែបនេះ ការរចនាដែលសាមញ្ញបំផុតស្រាប់តែប្រែជាស្និទ្ធស្នាល កក់ក្តៅ និងគួរឲ្យស្រលាញ់ចូលចិត្ត។
ជនជាតិជប៉ុនមានសុភាសិតដ៏ល្បីមួយពោលថា “យកភាពចុះសម្រុងគ្នាជាគោល” ។
សុភាសិតនេះមានន័យថា “គ្មានអ្វីប្រសើរជាងការរស់នៅចុះសម្រុងជាមួយមនុស្សគ្រប់គ្នា យោគយល់គ្នាទៅវិញទៅមក មិនបង្កឲ្យមានជម្លោះ និងវិវាទនោះទេ” ។
សព្វថ្ងៃនេះ ពិភពលោករបស់យើងកំពុងឈានចូលដំណាក់កាលចលាចល និងអស្ថិរភាពយ៉ាងខ្លាំង។ សង្គ្រាមផ្ទុះឡើងគ្រប់ទីកន្លែង ហើយមិនមែនជារឿងកម្រនោះទេ ដែលយើងមើលឃើញមនុស្សអាត្មានិយម បន់ប៉ង និងធ្វើបាបអ្នកដទៃព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងចំណោមព្យុះភ្លៀងទាំងនោះ ចូរយើងក្រឡេកទៅមើលទង់ជាតិ Hinomaru ជាមួយនឹងការបួងសួងសុំសន្តិភាពដល់ពិភពលោក។
ទោះបីនោះមិនមែនជាទង់ជាតិរបស់អ្នកទាំងអស់គ្នាក៏ដោយ ប៉ុន្តែប្រសិនបើជាទង់ជាតិដែលអាចរំលឹកឲ្យយើងគិតដល់សន្តិភាព ការអាណិតអាសូរ និងការផ្សារភ្ជាប់សត្វលោកទាំងអស់ នោះជារឿងដែលមានអត្ថន័យ និងមានតម្លៃយ៉ាងខ្លាំង។
ហើយខ្ញុំជឿថា ប្រិយមិត្តប្រាកដជាយល់ពីមូលហេតុហេតុអ្វីបានជាប្រជាជនជប៉ុនបែរជាឲ្យតម្លៃ និងការពារទង់ជាតិនេះអស់រយៈពេលរាប់ពាន់ឆ្នាំ ប្រៀបដូចជានិមិត្តរូបដ៏ពិសិដ្ឋដែលផ្សារភ្ជាប់មនុស្សជាតិឆ្ពោះទៅរកពិភពលោកដែលសន្តិភាព។
Abe Kengo
