តើមានរឿង​អ្វី​កើត​ឡើង​បាន​ជា​ធ្វើ​ឲ្យ​ជន​បរទេស​ត្រូវ​បដិសេធ​​នៅ​​ជប៉ុន?

តើមានរឿងអ្វីកើតឡើងបានជាធ្វើឲ្យជនបរទេសត្រូវបដិសេធនៅ​ជប៉ុន?

ការសុំទិដ្ឋាការកាន់តែពិបាកជាងមុន បទប្បញ្ញត្តិសុំស្នាក់នៅអចិន្ត្រៃយ៍ត្រូវបានរឹតបន្តឹង ហើយថ្លៃចំណាយក៏កំពុងកើនឡើង។ ទន្ទឹមនឹងនោះ ចំនួនពលរដ្ឋជប៉ុនដែលបាន​អំពាវ​នាវ​ឲ្យ​មាន​ការ​រឹត​បន្តឹង ឬ​បណ្តេញ​ជន​បរទេស​ក៏​កំពុង​កើនឡើងយ៉ាង​ឆាប់​រហ័ស​ផង​ដែរ។

ក្នុងស្ថានភាពបែបនេះ ជប៉ុនធ្លាប់ជាប្រទេសកោះដ៏ស្រស់ស្អាតមួយដែលមនុស្សគ្រប់គ្នាចង់ទៅលេងកម្សាន្ត កំពុងប្រែជាអាក្រក់សម្រាប់ជនបរទេសបន្តិចម្តងៗ។

តើមានរឿងអ្វីកំពុងកើតឡើង?

មូលហេតុដែលបណ្តាលឲ្យកើតមានស្ថានភាពបែបនេះផ្តើមចេញពីទង្វើដែលសមរម្យរបស់ជនបរទេស​មួយ​ផ្នែក​តូច​ដែលមានចេតនាអាក្រក់។

ចំនួនជនបរទេសដែលទាញយកប្រយោជន៍ពីចន្លោះប្រហោងក្នុងច្បាប់ជប៉ុន ឬមិនគោរពតាមបទដ្ឋានសង្គម​របស់​ជប៉ុន​កំពុង​កើន​ឡើង។ លទ្ធផលបានបណ្តាលឲ្យជនបរទេសដែលកំពុងរស់​នៅ និង​ធ្វើ​ការ​ត្រឹម​​ត្រូវ​​ទទួល​​រង​​ផល​​ប៉ះ​​ពាល់។

ចូរយើងក្រឡេកមកមើលសកម្មភាពទាំងនោះមានអ្វីខ្លះ?

ចំណុចទីមួយគឺកេងចំណេញអត្ថប្រយោជន៍សុខុមាលភាព។

ជប៉ុនមានគោលនយោបាយជាច្រើនដែលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការសម្រាលកូន និងការ​ចិញ្ចឹម​កូន​តូច។

ជាការពិតណាស់ អ្នកដែលពិតជារស់នៅ និងចូលរួមចំណែកដល់សង្គមជប៉ុនសមនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ។ ទោះជាយ៉ាងណា បញ្ហាត្រង់ថាជនបរទេសដែលកំពុងកេងចំណេញ​គោល​​នយោបាយ​​នេះ​​កាន់​​តែ​​ច្រើន​​ឡើងៗ។

មានករណីខ្លះមិនរស់នៅប្រទេសជប៉ុន ប៉ុន្តែនៅតែទទួលបានអត្ថប្រយោជន៍មាតុភាព ឬការចិញ្ចឹម​បី​បាច់​កូន។ ក្រៅពីនេះ ក៏មានអ្នកខ្លះទៅប្រទេសជប៉ុនមិនមែនដើម្បីធ្វើការនោះទេ ប៉ុន្តែដើម្បី​ទទួលបានអត្ថប្រយោជន៍សុខុមាលភាពសង្គម។ ក្នុងនោះបញ្ហានេះកើនឡើងភាគច្រើនស្ថិត​លើ​ក្រុម​ជន​ជាតិ​ចិន​មួយ​ក្រុម។

ដើមឡើយ ថវិកាទាំងនេះត្រូវបានប្រមូលពីប្រាក់ពន្ធរបស់ប្រជាជនជប៉ុន និង​រួម​ទាំង​ជនបរទេស​ដែលកំពុងធ្វើការត្រឹមត្រូវនៅទីនោះផងដែរ។ ដូច្នេះហើយ ការដែលប្រាក់​ទាំង​នោះ​ត្រូវបាន​ប្រើ​ប្រាស់​ដោយ​ជន​ដែល​កេង​ចំណេញ ច្បាស់​ណាស់​ជា​រឿង​ដែល​មនុស្ស​ជា​ច្រើន​មិន​អាចទទួល​យក​បាន។

ចំណុចទីពីរគឺសកម្មភាពទិញដីធ្លី និងការបំផ្លាញបរិស្ថានធម្មជាតិរបស់ជប៉ុន។

ជប៉ុនជាប្រទេសដែលមានទេសភាពធម្មជាតិស្រស់ស្អាតជាច្រើន។ ប៉ុន្តែបច្ចុប្បន្ននេះ មានករណីខ្លះជនបរទេសទិញយកដី ហើយបំផ្លាញបរិស្ថានធម្មជាតិ ដើម្បីសាងសង់កន្លែងអភិវឌ្ឍន៍ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ទ្រង់​ទ្រាយ​ធំ។

ប្រតិបត្តិការទាំងនេះក៏ត្រូវបានអនុវត្តដោយជនជាតិចិនផងដែរ។ បរិមាណអគ្គិសនីដែលផលិតចេញពីតំបន់ទាំងនេះត្រូវបានក្រុមហ៊ុនដែលមានដើមទុនចិនដំណើរការក្នុងប្រទេសជប៉ុនប្រមូល​ទិញ។

រដ្ឋាភិបាលមូលដ្ឋានជាច្រើននៅក្នុងប្រទេសជប៉ុនបានចាប់ផ្តើមរឹតត្បិត​ការចេញ​លិខិតអនុញ្ញាត​ឲ្យសាងសង់ ប៉ុន្តែ​ចំនួន​គម្រោង​ដែល​មិន​ខ្វល់​ពី​ការ​ហាម​ឃាត់ និងចេតនាជម្រុញការ​សាង​​សង់​​នៅ​តែ​បន្ត​កើន​ឡើង។

ចំណុចទីបីគឺបញ្ហាទាក់ទងនឹងភោជនីយដ្ឋាន​ឥណ្ឌា​ដែលគ្រប់គ្រងដោយជនជាតិ​នេប៉ាល់។

នៅប្រទេសជប៉ុន មានភោជនីយដ្ឋានឥណ្ឌាជាច្រើន ប៉ុន្តែភាគច្រើនក្នុងចំណោមភោជនីយដ្ឋានទាំងនោះត្រូវបានគ្រប់គ្រងដោយជនជាតិនេប៉ាល់។

មូលហេតុហាងដែលស្ទើរតែមិនមានភ្ញៀវទាំងនេះនៅតែអាចបន្តបាន ព្រោះអាជីវកម្មចម្បងរបស់ពួកគេមិនមែនផ្តល់សេវាកម្មម្ហូបអាហារដូចជាភោជនីយដ្ឋានធម្មតានោះទេ។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ទម្រង់នេះដើម្បីបញ្ជូនជនជាតិនេប៉ាល់ទៅកាន់ប្រទេសជប៉ុន ក្រោមរូបភាពជាបុគ្គលិកភោជនីយដ្ឋាន និងកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពួកគេ។

ហាងគ្រាន់តែជាសំបកខាងក្រៅប៉ុណ្ណោះ តាមពិតទៅ នៅពីក្រោយ មុខងារពិតប្រាកដគឺដើម្បីសម្រួលដល់ការដាក់ពាក្យសុំទិដ្ឋាការ​ការ​ងារ។

ចំណុចទីបួនគឺសកម្មភាពដែលមិនអាចទទួលយកបានរបស់អ្នកដែលកាន់សាសនាអុីស្លាម។

ក្រុមនេះភាគច្រើនជាមនុស្សដែលមកពីបណ្តាប្រទេសជុំវិញទួរគី។ ពួកគេតែងតែមិនគោរពច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​ជប៉ុន​ដោយ​សារតែជំនឿសាសនារបស់ខ្លួន។

នៅប្រទេសជប៉ុន ការបូជាសពគឺជាទម្រង់ទូទៅនៃពិធីបុណ្យសព ប៉ុន្តែបើតាមជំនឿអុីស្លាម អ្នកស្លាប់​​ត្រូវ​​តែ​​បញ្ចុះ​​សព។

ដោយសារតែមិនអាចសុំលិខិតអនុញ្ញាតបញ្ចុះសពនៅប្រទេសជប៉ុន ពួកគេបានយកសាកសពរបស់អ្នកស្លាប់ទៅបញ្ចុះដោយខុសច្បាប់។

ម្យ៉ាងវិញទៀត ថែមទាំងមានការចោទប្រកាន់ទាក់ទងនឹងការសាងសង់ព្រះវិហារអុីស្លាម (Mosque) ដោយ​ខុស​ច្បាប់​នៅតំបន់ដែលមិន​ទទួល​បាន​ការ​អនុវត្ត​ឲ្យ​សាង​សង់។

ក្រៅពីនេះ ថែមទាំងមានស្ថានភាពភ្ញៀវទេសចរណ៍មួយចំនួនដែលមកពីប្រទេសចិន កូរ៉េខាងត្បូង គូរ​ផ្តេស​ផ្តាស ឬ​បំផ្លាញ​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​របស់​ជប៉ុន។

ទន្ទឹមនឹងនោះ អាកប្បកិរិយាមិនសមរម្យនៅសណ្ឋាគារ ភោជនីយដ្ឋានក៏កំពុងក្លាយជាប្រធាន​បទ​ដែល​បង្ក​ឲ្យ​មាន​ចម្រូង​ចម្រាស​ផង​ដែរ។

គោលនយោបាយរបស់រដ្ឋាភិបាលជប៉ុនមិនមែនបណ្តេញជនបរទេសទាំងអស់នោះទេ ប៉ុន្តែបណ្តេញ​ជន​បរទេសដែលមានសកម្មភាពបំពានច្បាប់ ឬផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សង្គម។

ទោះជាយ៉ាងណា នៅពេលដែលចំនួនករណីអវិជ្ជមានកាន់តែច្រើនឡើង ជារឿងដែលមិនអាច​ជៀស​ផុត​នោះ​ទេ ដែល​ប្រជាជន​ជប៉ុន​មួយ​ផ្នែក​ចាប់​ផ្តើម​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ជនបរទេស។

បច្ចុប្បន្ននេះ ចំនួនករណីប្រព្រឹត្តបទល្មើសដែលពាក់ព័ន្ធនឹងជនជាតិវៀតណាមនៅជប៉ុននៅតែមានកម្រិតខ្ពស់ យ៉ាងណាមិញ កម្រិតបទល្មើសមិនធ្ងន់ធ្ងរប៉ុន្មានឡើយ។ ទោះជាយ៉ាងណា ដោយ​សារ​តែមានចំនួនច្រើន ដូច្នេះត្រូវបានចុះផ្សាយនៅលើព័ត៌មានក៏ច្រើន ចំណុចនេះធ្វើឲ្យ​សហគមន៍​វៀត​ណាម​ទាំង​មូល​នៅជប៉ុនទទួលរងផលប៉ះពាល់អវិជ្ជមាន។

គ្មាននរណាម្នាក់ចង់ទទួលការវាយតម្លៃព្រោះតែសញ្ជាតិរបស់ខ្លួននោះទេ។ ប៉ុន្តែគួរឲ្យស្តាយ ក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន ពេលខ្លះសកម្មភាពរបស់បុគ្គលម្នាក់តំណាងឲ្យប្រជាជាតិទាំង​មូល។

នៅពេលដែលរស់នៅលើទឹកដីរបស់អ្នកដទៃ ការគោរពច្បាប់ វប្បធម៌ និងបទប្បញ្ញត្តិទូទៅ មិនត្រឹម​តែជាកាតព្វកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការដែល​បង្ហាញ​ពី​សុជីវធម៌ និង​ការ​ដឹង​គុណចំពោះ​ទីកន្លែង​ដែល​បាន​​ផ្តល់​ឱកាស​ឲ្យ​យើង​សិក្សា ធ្វើ​ការ និង​រស់​នៅ​ផង​ដែរ។

ភាគច្រើនជនបរទេសនៅជប៉ុនសុទ្ធតែកំពុងខិតខំប្រឹងប្រែងរស់នៅដោយត្រឹមត្រូវ ឧស្សាហ៍ព្យាយាម និងចូលរួមចំណែកដល់សង្គម។ ដូច្នេះហើយ ត្រូវ​តែ​​បដិសេធ​​ចំពោះ​ទង្វើ​ដែល​ខុស​ឆ្គងធ្វើឲ្យ​ប៉ះ​ពាល់អវិជ្ជមាន​ដល់​សហគមន៍។

ប្រទេសមួយមិនអាចត្រូវវាយតម្លៃដោយសារបុគ្គលមួយចំនួននោះទេ ប៉ុន្តែរូបភាពរបស់​សហគមន៍​មួយ​បែរជាត្រូវបានបង្កើតឡើង​ដោយ​សកម្មភាព​របស់​មនុស្សម្នាក់ៗក្នុងសហគមន៍នោះ។ ចូរ​ចង​​ចាំ​​ថា រាល់សកម្មភាព​ដែល​យើង​ធ្វើ​នៅបរទេសមិនត្រឹមតែតំណាងឲ្យខ្លួនយើងប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំណែក​ធ្វើ​ឲ្យពិភពលោកយល់​យ៉ាង​ណា​ចំពោះ​មាតុភូមិ​របស់​យើងផង​ដែរ។ ដូច្នេះ​​ហើយ ចូរ​យើង​​រស់​នៅ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ មិន​ថា​យើង​នៅ​ប្រទេស​ណា​ក៏​ដោយ!

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: