ខ្សែបន្ទាត់រវាងក្តីស្រលាញ់ដ៏លើសលប់បំផុត និងភាពឆ្កួតលីលា
ខ្សែបន្ទាត់រវាងក្តីស្រលាញ់ដ៏លើសលប់បំផុត និងភាពឆ្កួតលីលា។
នៅពេលដែលត្រូវបង្ខំឲ្យដើរផ្លូវទាល់ មនុស្សយើងពេលខ្លះត្រូវបង្ខំចិត្តជ្រើសយកជម្រើសដែលពិបាកបំផុត។
តើក្តីស្រលាញ់របស់ភរិយាដែលបានបញ្ចប់ជីវិតខ្លួនឯងព្រោះតែប្តីជាទម្រង់នៃក្តីស្រលាញ់ដ៏លើសលប់បំផុតមែនទេ?
ឬនោះគ្រាន់តែជារឿងដែលឆ្កួតលីលា។
អំឡុងពេលដែលជិតបញ្ចប់សង្គ្រាមលោកលើកទីពីរ ប្រទេសជប៉ុនធ្លាក់ក្នុងស្ថានភាពបរាជ័យ។
នៅពេលនោះស្ថានភាពត្រូវបានគ្របដណ្ដប់ដោយភាពភ័យខ្លាច ប្រទេសអាស៊ីដែលចាញ់សង្គ្រាមនឹងត្រូវដាក់អាណានិគម ហើយជីវិតដែលប្រៀបបីដូចជាទាសករអាចនឹងកំពុងរង់ចាំនាពេលខាងមុខ។
ទោះបីជាត្រូវបង្ខំឲ្យដើរផ្លូវទាល់ ហើយប្រើប្រាស់កម្លាំងទាំងអស់ក៏ដោយ នៅចំពោះមុខគូប្រកួតដែលមានអំណាចលើសលប់ដូចជាសហរដ្ឋអាមេរិក ជប៉ុនគ្មានឳកាសយកឈ្នះនោះឡើយ។
ទោះជាយ៉ាងណា កងទ័ពជប៉ុននៅតែបន្តប្រយុទ្ធដោយអស់សង្ឃឹម។
ក្នុងបរិបទនោះ វត្តមានក្រុមដែលគេហៅថាកងកម្លាំងពិសេស Kamikaze (កងកម្លាំងស្ម័គ្រស្លាប់) ។
ពួកគេចាក់ប្រេងឥន្ធនៈគ្រប់សម្រាប់ជិះសម្រុកទៅរកយន្តហោះចម្បាំង ឬនាវាមុជទឹក ដឹកគ្រាប់បែកធំបំផុតតាមដែលអាចធ្វើទៅបាន ហើយឆ្ពោះទៅរកសត្រូវដើម្បីវាយប្រហារ។ នេះជាយុទ្ធសាស្ត្រដ៏ឆ្កួតដែលយោធាអាមេរិកហៅថា “Kamikaze Attack” (ការវាយប្រហារអត្តឃាត) ។
ភាគច្រើនអ្នកដែលត្រូវបានជ្រើសរើសឲ្យចូលក្រុមនេះជាអ្នកដែលមិនទាន់មានប្រពន្ធកូន ដូច្នេះជីវិតរបស់ទាហានដែលបានស្លាប់ភាគច្រើនជាជីវិតរបស់យុវជនវ័យក្មេង។
គ្រូបង្វឹកក្រុមទាំងនោះគឺអនុសេនីយ៍ Fujii Hajime ដែលជាគ្រូបង្វឹកហោះហើរក្នុងកងទ័ពជប៉ុន។
បន្ទាប់ពីយុវជនវ័យក្មេងទាំងនោះទទួលបានការបង្វឹកបច្ចេកទេសហោះហើរជាមូលដ្ឋាន ពួកគេបានសម្រុកទៅរកកប៉ាល់របស់សត្រូវជាបន្តបន្ទាប់។
បង្រៀនបច្ចេកទេសដើម្បីទៅរកផ្លូវស្លាប់ ហើយសម្លឹងមើលការលះបង់របស់សិស្សម្នាក់ៗ។ មនុស្សចាកចេញកាន់តែច្រើនឡើង ដើមទ្រូងរបស់ Fujii ឈឺចាប់កាន់តែខ្លាំងឡើង។
ទោះបីជាគាត់ពិតជាចង់ទៅក៏ដោយ ប៉ុន្តែដោយសារតែគាត់មានប្រពន្ធ និងកូនស្រីពីរនាក់ គាត់មិនអាចទៅបំពេញបេសកកម្មក្នុងនាមជាសមាជិកនៃកងកម្លាំងស្ម័គ្រស្លាប់នោះទេ។
ដោយបានស្តាប់ឮពាក្យត្អូញត្អែរ និងការបន្ទោសខ្លួនឯងរបស់ស្វាមី ភរិយារបស់គាត់ – Fukuko – បានធ្វើការសម្រេចចិត្តដ៏សោកសៅមួយ។
នៅព្រឹកព្រលឹមនារដូវរងាដ៏ត្រជាក់មួយក្នុងខែធ្នូ ឆ្នាំ ១៩៤៤ ។
លោកស្រីបានស្លៀកពាក់ឲ្យកូនស្រីតូចទាំងពីរនាក់ឈុត Kimono ដ៏ស្រស់ស្អាត យកខ្សែពួរចងចង្កេះរបស់ខ្លួនទៅនឹងកដៃរបស់កូនៗ ហើយបន្ទាប់មកលោតចូលទៅក្នុងទន្លេដែលត្រជាក់ដូចជាទឹកកក។
ក្នុងសំបុត្រមរណភាព លោកស្រីបានសរសេរថា៖
“ម្តាយកូនអូនទៅមុនរង់ចាំបង
សូមបងកុំខ្វល់អ្វីទាំងអស់ ទុកចិត្តលះបង់ដើម្បីប្រទេសជាតិ។”
នៅពេលដែលដឹងដំណឹងប្រពន្ធកូនទទួលមរណភាព លោក Fujii បានស្រក់ទឹកភ្នែក ហើយស្ម័គ្រចិត្តចូលរួមកងកម្លាំងពិសេស Kamikaze ។
បន្ទាប់មក លោកឳបធាតុរបស់គ្រួសារ ជាមួយនឹងយន្តហោះចម្បាំងឆ្ពោះតម្រង់ទៅកាន់តំបន់ Okinawa ។ ដើម្បីទៅតាមប្រពន្ធដែលបានចាកចេញទៅមុន។
នៅពេលដែលអានដល់ចំណុចនេះ អ្នកខ្លះប្រហែលជាគិតថា ទង្វើរបស់លោកស្រី Fukuko នាំកូនៗទៅធ្វើអត្តឃាតជាសកម្មភាពដែលមិនអាចទទួលយកបានឡើយ។ ទោះជាយ៉ាងណា នៅប្រទេសជប៉ុនកាលពីសម័យសង្រ្គាម ការដែលទុកចោលកូនៗក៏ជារឿងដែលពិបាកធ្វើដែរ។
ក្នុងសម័យកាលមួយដែលប្រជាជនទូទាំងប្រទេសជប៉ុនគ្មានអ្វីបរិភោគ និងកំពុងលំបាកយ៉ាងខ្លាំង គ្មាននរណាម្នាក់អាចមើលថែ ឬការពារអ្នកដទៃបានឡើយ។ ក្នុងស្ថានភាពបែបនោះ កុមារដែលត្រូវបោះបង់ចោលក៏គ្មានផ្លូវរស់រានមានជីវិតដែរ។
ប្រសិនបើលែងលះគ្នា តាមទម្រង់ផ្លូវការលោក Fujii នឹងក្លាយជាបុរសម្នាក់ដែលគ្មានប្រពន្ធកូន ហើយប្រហែលជាលោកអាចចូលរួមកងកម្លាំងពិសេស Kamikaze តាមបំណងរបស់ខ្លួន។
យ៉ាងណាមិញ ក្នុងនាមជាភរិយាម្នាក់ លោកស្រី Fukuko ចង់បំពេញបំណងរបស់ស្វាមី។
នេះប្រហែលជារឿងដែលធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្ត។
ក្នុងសម័យកាលមួយដែលមនុស្សត្រូវបង្ខំដល់អស់សង្ឃឹម។
ប្រពន្ធម្នាក់ដែលមិនចង់ឲ្យប្តីរបស់ខ្លួនប្រឈមមុខនឹងសេចក្តីស្លាប់តែម្នាក់ឯង។
ស្វាមីម្នាក់ដែលមានការសោកសៅយ៉ាងខ្លាំងព្រោះខ្លួននៅមានជីវិត ខណៈដែលសិស្សដែលគាត់បានបណ្តុះបណ្តាលស្លាប់ជាបន្តបន្ទាប់។
ហើយជាប្រទេសមួយដែលសូម្បីតែក្តីសង្ឃឹមបន្តរស់រានមានជីវិតក៏រលាយបាត់បន្តិចម្តងៗក្នុងសង្គ្រាមផងដែរ។
ប្រហែលជាអ្នកដែលរស់នៅក្នុងសន្តិភាពដូចជាយើងនឹងមិនអាចយល់ពីអារម្មណ៍របស់ពួកគេពេលនោះឡើយ។
ការសម្រេចចិត្តរបស់លោកស្រី Fukuko អាចជាកំហុសមួយ ហើយក៏អាចនឹងលើសពីដែនកំណត់របស់មនុស្សផងដែរ។ ប៉ុន្តែសម្រាប់លោកស្រី នោះប្រហែលជាមធ្យោបាយចុងក្រោយដែលអាចស្រលាញ់ប្តីរបស់ខ្លួនរហូតដល់ទីបញ្ចប់។
ព្រោះពេលខ្លះ នៅពេលដែលក្តីស្រលាញ់ឈានដល់កម្រិតកំពូល… ប្រែជាស្រដៀងនឹងភាពឆ្កួតលីលារហូតដល់ថ្នាក់មិនអាចបែងចែកបានទៀតឡើយ។
ហើយប្រហែលនោះជាមូលហេតុដែលរឿងនេះ ទោះបីជាកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយ នៅតែធ្វើឲ្យបេះដូងរបស់មនុស្សមានវិប្បដិសារីជានិច្ច។
ហើយចុះទាំងអស់គ្នាវិញ…
បន្ទាប់ពីអានរឿងនេះរួច តើប្រិយមិត្តទាំងអស់គ្នាគិតថានោះជាក្ដីស្រឡាញ់ដ៏លើសលប់បំផុត ឬគ្រាន់តែជាសោកនាដកម្មនៃសង្គ្រាម និងភាពអស់សង្ឃឹម?
Abe Kengo
