“ដង្កូវក្នុងពោះ” ការបង្ហូរឈាម – នៅពេលដែលភាពស្មោះត្រង់ប្រែទៅជាកំហឹង
“ដង្កូវក្នុងពោះ” ការបង្ហូរឈាម – នៅពេលដែលភាពស្មោះត្រង់ប្រែទៅជាកំហឹង។
ក្នុងភាសាជប៉ុនមានសុភាសិតដ៏ចម្លែកមួយគឺ “腹の虫” ដែលយើងអាចបកប្រែថា “ដង្កូវក្នុងពោះ” ។
នៅពេលដែលនរណាម្នាក់មិនអាចគ្រប់គ្រងកំហឹងដែលកំពុងពុះកញ្ជ្រោល ជនជាតិជប៉ុនតែងតែនិយាយថា៖ “腹の虫がおさまらない” “ដង្កូវក្នុងពោះមិនព្រមនៅស្ងៀម” ។
នៅពេលដែលស្តាប់ឮដូច្នេះ មនុស្សគ្រប់គ្នាប្រាកដជាឆ្ងល់ថា “ដង្កូវ” នោះមានរូបរាងដូចម្តេច?
ប្រវត្តិសាស្ត្រជប៉ុនធ្លាប់កត់ត្រារឿងរ៉ាវនិយាយពីអ្នកចម្បាំងសាមូរ៉ៃម្នាក់ដែលត្រូវបានគេចាត់ទុកថាបានវះពោះខ្លួនឯង គ្រាន់តែដើម្បីយក “ដង្កូវ” នោះចេញមកឲ្យមនុស្សគ្រប់គ្នាមើលឃើញ។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងនឹងលាតត្រដាងរឿងរ៉ាវដែលនិយាយពីអ្នកចម្បាំងរូបនោះ និងអាថ៌កំបាំងនៃ “ដង្កូវ” ក្នុងពោះរបស់គាត់។
សាមូរ៉ៃដែលបានរំលឹកដល់នោះមានឈ្មោះថា Niwa Nagahide ។ លោកជាអ្នកចម្បាំងស្មោះត្រង់ម្នាក់ដែលស្ថិតនៅក្រោមការដឹកនាំរបស់ Oda Nobunaga – ជាស្តេចត្រាញ់ដែលឈានជិតដល់ការបង្រួបបង្រួមប្រទេសជប៉ុន។
Nagahide ក៏ជាអ្នកដែលបានត្រួតពិនិត្យការសាងសង់ប្រាសាទ Azuchi ដោយផ្ទាល់ ជាប្រាសាទដែលរឹងមាំ និងអស្ចារ្យបំផុតរបស់ Nobunaga ។
នៅឆ្នាំ ១៥៧៦ Nobunaga បានប្រគល់ភារកិច្ចសំខាន់ឲ្យ Nagahide គ្រប់គ្រងការសាងសង់ប្រាសាទ Azuchi ។ ទោះជាយ៉ាងណា ការទាមទាររបស់ស្តេចត្រាញ់ម្នាក់នេះបែរជាលើសពីស្តង់ដារធម្មតានាសម័យនោះ។
គេនិយាយថា Nobunaga បានបញ្ជាឲ្យ Nagahide ហ៊ុមព័ទ្ធភ្នំទាំងមូលដោយជញ្ជាំងថ្ម។
ជាទូទៅ ដើម្បីទប់ទល់នឹងការវាយប្រហារ ប្រាសាទជប៉ុននឹងសាងសង់គ្រឹះរឹងមាំដោយប្រើថ្មដែលដាក់ត្រួតលើគ្នា ដែលហៅថា Ishigaki (ជញ្ជាំងថ្ម) ។
ប៉ុន្តែការសាងសង់ជញ្ជាំងថ្មហ៊ុមព័ទ្ធជុំវិញភ្នំធំទាំងមូលជារឿងដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។
ដោយប្រឈមមុខនឹងបញ្ហាដែលហាក់បីដូចជាមិនអាចទៅរួចនេះ Nagahide ស្រាប់តែនឹកឃើញដល់ជញ្ជាំងថ្មដែលនៅសេសសល់បន្ទាប់ពីភ្លើងឆេះនៅលើភ្នំ Hiei ។
លោកបាននិយាយទៅកាន់ខ្លួនឯងថា៖ “អ្នកដែលបានសាងសង់ស្ថាបត្យកម្មនោះប្រាកដជាអាចធ្វើរឿងនេះបាន!”
ភ្លាមៗនោះ លោកបានប្រមូលផ្តុំក្រុមសិប្បករជំនាញ និងធ្វើឲ្យបញ្ជារបស់ម្ចាស់ក្លាយទៅជាការពិត។
មិនត្រឹមតែប៉ុណ្ណឹង Nobunaga បន្តទាមទារឲ្យ Nagahide ត្រូវសាងសង់យ៉ាងណាធ្វើឲ្យផ្នែកខាងក្នុងប្រាសាទមានទីធ្លាកណ្តាលអគារ។
ទីធ្លាកណ្តាលអគារគឺជាចន្លោះស្ថាបត្យកម្មដែលតភ្ជាប់រវាងជាន់នីមួយៗក្នុងអគារ។ ការរចនានេះធ្វើឲ្យពន្លឺ និងខ្យល់ចេញចូលបានល្អ និយាយពីសោភ័ណភាពមើលទៅស្អាត ប៉ុន្តែបើនិយាយពីស្ថាបត្យកម្ម ការសាងសង់បែបនេះទាមទារឲ្យមានការគិតគូរច្បាស់លាស់ដូចជាការរចនារចនាសម្ព័ន្ធដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាត។
ដោយប្រឈមមុខនឹងបញ្ហានេះ Nagahide នៅតែមិនរាថយ។ នៅទីបំផុត គាត់បានរចនាទីធ្លាកណ្តាលដែលចាប់ពីក្រោមដីរហូតដល់ជាន់ទីបីនៃប្រាសាទដោយជោគជ័យ។
គួរឲ្យស្តាយ ប្រាសាទ Azuchi ត្រូវបានឆេះអស់ ហើយលែងមានរហូតមកដល់សព្វថ្ងៃ កូនចៅជំនាន់ក្រោយគ្រាន់តែអាចស្រមៃមើលពីភាពអស្ចារ្យរបស់ប្រាសាទតាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះ។
Nagahide ជាមនុស្សម្នាក់ដែលមានចិត្តមុតមាំ តែងតែខំប្រឹងសម្រេចគ្រប់កិច្ចការ នៅទីបំផុត បែរជាធ្លាក់ក្នុងកំហឹងក្រោមស្ថានភាពក្រោយពេលដែល Nobunaga ទទួលមរណភាព។
Nobunaga ត្រូវក្បត់ដោយអ្នកក្រោមបង្គាប់ម្នាក់មានឈ្មោះថា Akechi Mitsuhide ហើយស្លាប់មុនពេលដែលប្រទេសបង្រួបបង្រួម។ អ្នកដែលចាប់យកឱកាសនេះ ហើយឈានដល់ចំណុចកំពូលនៃអំណាចជំនួសតំណែង Nobunaga នោះគឺ Toyotomi Hideyoshi ។
មានទ្រឹស្តីជាច្រើនបានបង្ហាញថា ការបះបោររបស់ Mitsuhide មិនមែនជាទង្វើបុគ្គលនោះទេ ប៉ុន្តែមានការលូកដៃរបស់ Hideyoshi នៅពីក្រោយ។
ដោយមើលឃើញទិដ្ឋភាព Hideyoshi គ្រប់គ្រង និងធ្វើឲ្យអំណាចរបស់ត្រកូល Oda ក្លាយជាឧបករណ៍បម្រើដល់អំណាចរបស់ខ្លួន Nagahide បានធ្លាក់ក្នុងស្ថានភាពអាក់អន់ចិត្តយ៉ាងខ្លាំង ដោយមិនអាចទ្រាំបាន។
ក្រោមកំហឹងយ៉ាងខ្លាំង លោកបានស្រែកឡើងថា៖
_ “ទោះជាយ៉ាងណា ដង្កូវក្នុងពោះរបស់យើងមិនព្រមនៅស្ងៀមនោះទេ!!”
និយាយរួច Nagahide បានដកដាវវះពោះរបស់ខ្លួន។ ក្នុងស្ថានភាពឈឺចាប់យ៉ាងខ្លាំង លោកបានប្រើដៃទទេទាញយករបស់ចម្លែកចេញពីពោះរបស់ខ្លួន។
គេនិយាយតៗគ្នាថា របស់នោះមានរូបរាងចម្លែកដូចជាអណ្តើកមួយក្បាល ប៉ុន្តែបែរជាមានចំពុះដូចបក្សី។
មុនពេលទទួលមរណភាព លោកបានបញ្ជាឲ្យអ្នកក្រោមបង្គាប់យក “ដង្កូវ” ដែលប្រឡាក់ដោយឈាមនោះបញ្ជូនទៅឲ្យ Hideyoshi ។
សព្វថ្ងៃនេះ មនុស្សជាច្រើនក្នុងចំណោមយើងទាំងអស់គ្នាតែងតែចាត់ទុកពិធី Seppuku (វះពោះធ្វើអត្តឃាត) ជាទង្វើអវិជ្ជមាន។ ប៉ុន្តែអ្វីដែលធ្វើឲ្យរឿងរបស់ Niwa Nagahide មានលក្ខណៈពិសេសមិនមែនជាការស្លាប់នោះទេ។ ប៉ុន្តែជាកំហឹងដែលលោកយកតាមខ្លួនរហូតដល់នាទីចុងក្រោយ។
ការមិនពេញចិត្តនឹងស្ថានភាព
ការអាក់អន់ចិត្តនៅពេលដែលបានឃើញមរតករបស់ម្ចាស់ខ្លួនត្រូវបានអ្នកដទៃដណ្តើមយក។
ជាមួយអារម្មណ៍ដែលមិនអាចទ្រាំបាននឹងកំហឹងដែលកំពុងកើតឡើងនៅចំពោះមុខ។
អារម្មណ៍ទាំងអស់នោះបានតាមលោករហូតដល់នាទីចុងក្រោយ។
អ្វីដែលគាត់បានទាញយកចេញពីពោះរបស់ខ្លួនបន្ទាប់ពីវះពោះ គ្មាននរណាដឹងថានោះជាអ្វីឲ្យប្រាកដនោះទេ។ ប៉ុន្តែសកម្មភាពនោះបានធ្វើឲ្យរឿងរ៉ាវរបស់ Nagahide ក្លាយជារឿងដ៏ចម្លែក និងគួរឲ្យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រសាមូរ៉ៃ។
ព្រោះគាត់មិនត្រឹមតែចង់ស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងចង់ឲ្យពិភពលោកមើលឃើញពីកំហឹងដែលកំពុងលេបត្របាក់គាត់ផងដែរ។
ទោះបីជាការពិត ឬគ្រាន់តែជារឿងព្រេងនិទាន រឿងនេះនៅតែធ្វើឲ្យយើងទាំងអស់គ្នាភ័យរន្ធត់ នៅពេលដែលគិតដល់ការតាំងចិត្តរបស់សាមូរ៉ៃម្នាក់ឈានដល់កម្រិតកំពូល នៅពេលដែលភាពស្មោះត្រង់ កិត្តិយស និងកំហឹងរួមបញ្ចូលគ្នា។
Abe Kengo
