ពាក្យសម្តីដ៏គួរឲ្យភ្ញាក់ផ្អើលរបស់កីឡាករ Yamamoto តាម​ពិត​ទៅ​ផ្តើម​ចេញ​ពី​ការ​បក​ប្រែ​ដែល​មិន​នឹក​ស្មាន​ដល់

ពាក្យសម្តីដ៏គួរឲ្យភ្ញាក់ផ្អើលរបស់កីឡាករ Yamamoto តាមពិតទៅផ្តើមចេញពីការបកប្រែដែលមិន​នឹក​ស្មាន​ដល់។

នៅពេលដែលធ្វើការនៅបរទេស ឧបសគ្គភាសាតែងតែជាបញ្ហាដែលឈឺក្បាល។ ទាក់ទងនឹងបញ្ហា​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ហេតុ​ការណ៍ដ៏កម្រមួយបាន​កើត​ឡើង។

ក្នុងការប្រកួតកីឡាបេស្បលអាជីពកម្រិតខ្ពស់ (MLB) ស្រាប់តែមានតារាជនជាតិជប៉ុនម្នាក់ល្បីឈ្មោះដោយនឹកស្មានដល់។ កំហុស​​ដោយ​អចេតនា​​របស់​អ្នក​បក​ប្រែ​បាន​ធ្វើ​ឲ្យ​​កីឡាករ​ក្លាយជាបុគ្គល​ម្នាក់​ដែល “ព្រហើន” តែង​​តែ​​និយាយ​ពាក្យ​សម្តី​ចម្លែកៗ។ បន្ទាប់ពីអាន “សម្រង់ពាក្យសម្តី” ទាំងនេះ គ្រប់​គ្នាសុទ្ធតែមិនអាចទប់សំណើចសួរថា៖ “តើអ្នកបកប្រែម្នាក់នេះកំពុងមានចេតនាលេង​សើច​មែន​ទេ?”

ចូរយើងក្រឡេកមកមើលឲ្យកាន់តែច្បាស់ថាតើការបកប្រែរបស់គាត់ផ្តល់ផលអាក្រក់ និងគួរឲ្យអស់សំណើចប៉ុណ្ណា!

តួអង្គសំខាន់នៅក្នុងរឿងនេះគឺកីឡាករ Yamamoto Yoshinobu ជាអ្នកបោះបាល់ម្នាក់ដែលកំពុងប្រកួតឲ្យក្រុមបេស្បលល្បីឈ្មោះ Los Angeles Dodgers ក្នុងការប្រកួត MLB នៅសហរដ្ឋ​អាមេរិក។

ព្រោះតែមិនជឿទុកចិត្តលើភាសាអង់គ្លេសរបស់ខ្លួន គាត់បានទៅជាមួយអ្នកបកប្រែម្នាក់ដែលរៀបចំដោយក្លឹប Dodgers ។ ទោះជាយ៉ាងណា អ្នកបកប្រែម្នាក់នេះបែរជាមានការបញ្ចេញសំឡេងបែប​ខ្លាំងៗ និងម៉ឺងម៉ាត់។ ទំនុកចិត្តលើពាក្យសម្តីនីមួយៗបានធ្វើឲ្យកីឡាករ Yamamoto ដែលតែង​តែមានភាពអៀនខ្មាស់ ប្រែក្លាយជាកីឡាករម្នាក់ដែលរឹងមាំ និងក្រអឺតក្រទមក្នុងក្រសែភ្នែក​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាមេរិក។

មិនត្រឹមតែប៉ុណ្ណឹង ក្រុមអ្នកលេងសើចនៅលើបណ្តាញសង្គមនៅតែបន្តលេងសើចមិនឈប់។ ពួក​គេ​បានបង្កើត និងប្រឌិតការនិយាយស្តី​ដែល​សូម្បី​តែ​ម្ចាស់​ដើម​ក៏​មិន​នឹក​ស្មាន​ដល់​នោះ​ដែរ។

ចូរយើងក្រឡេកមកមើលឧទាហរណ៍មួយចំនួនខាងក្រោម!

ការបកប្រែ៖ “ចាញ់ការប្រកួតមិនមែនជាជម្រើសរបស់ខ្ញុំនោះទេ” ។

ប្រយោគពិតប្រាកដ៖ “មិនថាធ្វើយ៉ាងណាយើងមិនអាចចាញ់ការប្រកួតនេះបានទេ” ។

ទោះបីជាមានអត្ថន័យស្រដៀងគ្នាក៏ដោយ ប៉ុន្តែច្បាស់ណាស់កីឡាករ Yamamoto នៅខាងក្រៅគ្មាន​បំណង​ប្រកាស​ចង់​យក​ឈ្នះ​ចាញ់​ដូច្នេះ​នោះ​ទេ។

ការបកប្រែ៖ “គ្មានបញ្ហាអ្វីទាំងអស់ ដោយគ្រាន់តែដោះស្រាយឲ្យល្អដូចរាល់ដងទៅបានហើយ” ។

ប្រយោគពិតប្រាកដ៖ “នេះជាការប្រកួតដ៏សំខាន់មួយ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដូចរាល់ដង” ។

ការបកប្រែ៖ “ទុកឲ្យខ្ញុំចេញទៅប្រកួតជាជម្រើសដ៏ឈ្លាសវៃបំផុត” ។

ប្រយោគដើម៖ “ខ្ញុំតែងតែត្រៀមខ្លួន ដើម្បីបោះបាល់ឲ្យបានល្អបំផុតនៅលើទីលានប្រកួត” ។

ការបកប្រែ៖ “នេះជាពិន្ទុតែមួយគត់ដែលអ្នកទាំងអស់គ្នាអាចទទួលបាននៅក្នុងថ្ងៃនេះ” ។

ប្រយោគដើម៖ “នៅពេលនោះ ខ្ញុំគ្រាន់តែប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែផ្ដោតអារម្មណ៍មិនអាចទុកឲ្យ​គូប្រកួត​ទទួលបានពិន្ទុបន្ថែមទៀតបានឡើយ” ។

តាមរយៈពាក្យសម្តីទាំងនេះ មិនត្រឹមតែ អ្នកអត្ថាធិប្បាយតាមទូរទស្សន៍ប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រ​បេស្បល​សុទ្ធ​តែ​ចូល​រួម។ គ្រប់គ្នា “តែងសម្រង់ពាក្យសម្តី” សម្រាប់កីឡាករ Yamamoto ។

ទាំងនេះជាសម្រង់ពាក្យសម្តីដែល​មិននឹកស្មាន​ដល់​មួយ​ចំនួន​ដែល​កីឡាករ Yamamoto មិនធ្លាប់និយាយ ឬ​​និយាយ​​ស្រដៀង​​នេះ​​នោះ​ទេ៖

– “ត្រឡប់ទៅផ្ទះហើយដាក់ឈ្មោះកូនៗរបស់អ្នកថា Yoshinobu ទៅ!”

– “បោះបាល់មកឲ្យខ្ញុំ!”

– “សម្រាប់ខ្ញុំ ស្ថានភាពនេះគ្រាន់តែដូចជាការផឹកកាហ្វេពេលរសៀលមួយពេលប៉ុណ្ណោះ។”

– “នាំលោកប្រធានាធិបតី Trump មកកាន់ទីនេះ ខ្ញុំនឹងធ្វើឲ្យលោកចងចាំឈ្មោះរបស់ខ្ញុំ។”

–  “ទៅកាន់កន្លែងជប់លៀងអបអរសាទរជ័យជម្នះ ហើយរង់ចាំខ្ញុំ។”

រហូតដល់ថ្នាក់នេះ ការលេងសើចហាក់បីដូចជាវែងឆ្ងាយពេកហើយ។

ទន្ទឹមនឹងនោះ ការពិតបែរជាផ្ទុយទៅវិញ កីឡាករ Yamamoto បាននិយាយដោយសុភាពថា៖

  • “ទោះបីជាក្រុមរបស់ខ្ញុំកំពុងតាមពីក្រោយ ប៉ុន្តែគ្រប់គ្នាបានខិតខំប្រឹងប្រែងកាត់បន្ថយគម្លាត។ នៅពេលដែលខ្ញុំភ្ញាក់ដឹងខ្លួន ខ្ញុំស្រាប់តែឈរនៅកន្លែងបោះបាល់មិនដឹងតាំងពីពេល​ណា។”

អ្វីដែលចម្លែក ទោះបីជាត្រូវគេទម្លាក់កំហុសក៏ដោយ កីឡាករ Yamamoto បែរជាមិនទទួលបានការ​រិះ​គន់​នោះទេ។ មូលហេតុដោយសារតែលទ្ធផលប្រកួតដ៏លេចធ្លោរបស់គាត់។ នៅពេលដែលទេពកោសល្យ​ឈានដល់កម្រិត ពាក្យសម្ដីក្រអឺតក្រទមប្រែជាឡូយទៅវិញ។ ភាគច្រើនអ្នកគាំទ្រសុទ្ធ​​តែ​​ដឹង​ថា នេះ​គ្រាន់​តែ​ជា​ការលេងសើច ហើយពួកគេរីករាយនឹងទទួលយក ព្រោះវាកំប្លែង ហើយ​ក៏​ព្រោះ​តែ​ក្តី​ស្រឡាញ់​ពិសេស​ចំពោះ​គាត់​ផង​ដែរ។

ក្នុងវប្បធម៌កីឡារបស់អាមេរិក វីរបុរសដែលមានបុគ្គលិកលក្ខណៈរឹងមាំ ពេលខ្លះបញ្ចេញពាក្យសម្តី​ហួស​ហេតុ​បន្តិច ប៉ុន្តែជាមនុស្សម្នាក់ដែល​អស្ចារ្យ​តែង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់សាធារណ​ជន។

ប្រសិនបើតាំងពីដំបូង ពាក្យសម្ដីរបស់ Yamamoto ត្រូវបានបកប្រែយ៉ាងត្រឹមត្រូវ ម៉ឺងម៉ាត់ និងគួរសម ប្រហែលជាជនជាតិអាមេរិកអាចនឹងគិតថាគាត់ជាមនុស្សគ្មានភាពក្លាហ៊ាន ហើយគាត់នឹងមិនមានអ្នកគាំទ្រដូចឥឡូវនេះឡើយ។

ជាទូទៅ ជនជាតិជប៉ុនមានអាកប្បកិរិយាសុភាពរាបសារចំពោះមនុស្សនៅជុំវិញ ប៉ុន្តែតឹងរ៉ឹងចំពោះ​ខ្លួន​ឯង លះបង់ដោយស្ងៀមស្ងាត់ និងបង្ហាញ​ពី​តម្លៃ​តាម​រយៈ​សមិទ្ធផល។

ប៉ុន្តែជាក់ស្តែង នៅប្រទេសនីមួយៗមានវប្បធម៌ និងស្តង់ដារខុសៗគ្នា។ នៅ​ពេល​ដែល​ឆ្លង​សមុទ្រម្ខាង​ទៀត អ្វីៗ​​គ្រប់​​យ៉ាង​​នឹង​​ផ្លាស់​​ប្តូរ​​ទាំង​​ស្រុង។

តាមគំនិតរបស់អ្នកទាំងអស់គ្នា ការបកប្រែតាមលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកបក​ប្រែ​គួរ​ឲ្យ​សរសើរ ឬ​គួរ​ឲ្យ​បន្ទោស?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: