បុរស​ម្នាក់​កាន់​ដង​សន្ទូចទៅ​ជួយ​សង្គ្រោះ​តៃវ៉ាន់

បុរស​ម្នាក់​កាន់​ដង​សន្ទូច​ទៅជួយ​សង្គ្រោះ​តៃវ៉ាន់។

ព្រឹកមួយនៅពេលដែលព្រះអាទិត្យមិនទាន់រះ អ័ព្ទគ្របដណ្ដប់នៅលើដំបូលផ្ទះ មានបុរសវ័យកណ្តាល​ម្នាក់​បាន​បើក​ទ្វារ​ឈើ នៅលើដៃកាន់ដងសន្ទូចចាស់មួយ។ ឈានជើងចេញពីផ្ទះ លោក​ងាក​មក​មើល​ប្រពន្ធ ស្នាមញញឹមពេញទៅដោយក្តីស្រលាញ់ និយាយយឺតៗប្រាប់លោកស្រីថា “ខ្ញុំទៅស្ទូចត្រី​បន្តិច​ណា!” និយាយ​​រួច​​លោក​​ក៏​​ដើរ​​ចេញ​ទៅ។

ទោះជាយ៉ាងណា គ្មាននរណានឹកស្មានថា ការធ្វើដំណើរទៅ “ស្ទូចត្រី” ដែលខ្លួនបាននិយាយនោះ បាន​ជួយ​សង្គ្រោះ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​មួយ​ដោយ​សម្ងាត់នោះទេ។

ហើយនេះគឺជារឿងដែលមានពិត។

និយាយពីបរិបទ នៅពេលដែលប្រទេសចិនចូលរួមសង្គ្រាមលោកលើកទីពីរប្រឆាំងនឹងប្រទេស​ជប៉ុន ប្រទេស​នេះគឺ​ជា​សាធារណរដ្ឋចិនដែលដឹកនាំដោយគណបក្សជាតិនិយម។ ក្រោយមក គណ​បក្សកុម្មុយនិស្តចិនបាន​ឡើង​កាន់​អំណាច ដោយផ្តួលរំលំគណបក្សជាតិនិយម ហើយបង្កើតសាធារណ​រដ្ឋ​ប្រជាមានិត​ចិន។

តៃវ៉ាន់សព្វថ្ងៃនេះ គឺជាកន្លែងដែលសមាជិកនៃគណបក្សជាតិនិយមនាពេលនោះបានភៀសខ្លួនទៅក្នុងអំឡុងពេលមានចលាចល។

នៅឆ្នាំ ១៩៤៩ កងទ័ពកុម្មុយនិស្តចិនបានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើតៃវ៉ាន់។

ស្ថានភាពនាពេលនោះ​ធ្ងន់ធ្ងររហូតដល់ថ្នាក់មនុស្ស​ជាច្រើន​ជឿថា តៃវ៉ាន់​ជិតដួលរលំ។

ដោយសារតែតៃវ៉ាន់ធ្លាប់ជាផ្នែកមួយនៃប្រទេសជប៉ុនអស់រយៈពេលប្រហែល ៥០ ឆ្នាំ ដូច្នេះទីនេះជា​កន្លែងដែលមានប្រជាជន និងទាហានជប៉ុនជាច្រើនរស់នៅ។ ការកត់ត្រាប្រវត្តិសាស្ត្របង្ហាញ​ថា នៅពេលដែលសង្គ្រាមបានបញ្ចប់ ប្រជាជនតៃវ៉ាន់បានជួយយ៉ាងពេញទំហឹងចំពោះការ​ធ្វើមាតុភូមិ​និវត្តន៍​របស់​ជន​ស៊ីវិល និងទាហានជប៉ុន។ ទំនាក់ទំនងរវាងជប៉ុន និងតៃវ៉ាន់ធ្លាប់ល្អ និង​សុី​ជម្រៅ​បែប​នេះ។

បន្ទាប់មក វិបត្តិបានវាយប្រហារតៃវ៉ាន់។

នៅពេលដែលឮដំណឹងថា កងទ័ពបក្សកុម្មុយនិស្តចិនបានចូលទៅតៃវ៉ាន់នៅឆ្នាំ ១៩៤៩ ហើយ​កោះ​នេះ​កំពុង​តែ​ដួល​រលំ មានបុរសម្នាក់​មិន​អាច​ឳប​ដៃ​ឈរ​មើល​នោះ​ទេ។ គាត់បានលក់ទ្រព្យសម្បត្តិដ៏មានតម្លៃដែលនៅសល់របស់គ្រួសារ ប្រមូលប្រាក់យកទៅជួលទូកតូចមួយ ហើយឆ្លងកាត់​មហា​សមុទ្រ​ដោយ​សម្ងាត់។

បុរសម្នាក់នោះគឺ Nemoto Hiroshi អតីត​ឧត្តមសេនីយ៍ឯក​នៃ​កងទ័ព​ជប៉ុន។

លោកគ្រាន់តែយកតាមដងសន្ទូចត្រីមួយ ឡើងលើទូក ហើយចេញដំណើរ។

ការធ្វើដំណើរឆ្លងកាត់សមុទ្រដែលស្ទើរតែលិចទូកឈើ ប៉ុន្តែវាសនាបាននាំលោក Nemoto ទៅ​ដល់​តៃវ៉ាន់​ដោយ​សុវត្ថិភាព។

នៅទីនោះ លោកបានក្លាយជាទីប្រឹក្សាយោធា ដោយ​ឈរ​នៅ​ពីក្រោយសេចក្តី​សម្រេច​​ស្លាប់​រស់របស់​យោធា​​តៃវ៉ាន់។

ដោយផ្អែកលើបទពិសោធន៍ប្រយុទ្ធជាច្រើននៅពេលដែលបម្រើការក្នុងជួរកងទ័ពជប៉ុនមុននោះ លោកបានជ្រើសរើសយុទ្ធសាស្ត្រដែលសាកសមបំផុតនឹងស្ថានភាពនៅតៃវ៉ាន់ ហើយបន្ទាប់មកបាន​បង្រៀន​យុទ្ធសាស្ត្រ​ដល់​យោធា​នៅ​ទី​នោះ។

ដោយប្រឈមមុខនឹងគូប្រជែងដែលមានចំនួនទាហានច្រើនដូចជាបក្សកុម្មុយនិស្តចិន លោកបាន​ផ្លាស់​ប្តូរ​ស្ថាន​ភាព​សង្គ្រាម​បន្តិច​ម្តងៗ។

ដើមឡើយ កងទ័ពដែលត្រូវបង្ខំឲ្យដើរផ្លូវទាល់ចាប់ផ្តើមបង្វែរស្ថានភាពឡើងវិញ។

លទ្ធផលកងទ័ពរបស់បក្សកុម្មុយនិស្តចិនត្រូវបង្ខំចិត្តដកថយ សង្គ្រាមបានបញ្ចប់។ ប្រសិនបើមិន​​មាន​​ជ័យ​​ជម្នះ​​នេះ ប្រហែល​ជា​តៃវ៉ាន់​សព្វ​ថ្ងៃ​នេះ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ទៅហើយ។

ដោយសម្រេចបានជោគជ័យដ៏ធំ រដ្ឋាភិបាល និងប្រជាជនតៃវ៉ាន់បានសម្តែងការកោតសរសើរ និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ។ យ៉ាងណាមិញ លោក Nemoto បែរជាបដិសេធមិនទទួលយកកិត្តិនាម ប្រាក់ និង​ឋានៈ​អ្វី​ទាំង​អស់។

– ដោយគ្រាន់តែអាចតបស្នងសងគុណនៅពេលដែលពួកគេបានជួយឲ្យជនជាតិជប៉ុនត្រឡប់ទៅ​ស្រុក​កំណើត​វិញ នោះ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ខ្ញុំ។

បន្ទាប់​ពី​និយាយ​រួច លោកបានឡើងទូកត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពេលធ្វើដំណើរអស់​រយៈ​ពេល​យ៉ាង​យូរ។

ជាច្រើនឆ្នាំក្រោយមក ផ្ទះតូចមួយនៅស្រុកកំណើតជប៉ុននៅតែរង់ចាំទទួលលោកត្រឡប់មក​វិញ។ នៅចំពោះទឹកមុខដ៏ភ្ញាក់ផ្អើល និងចង់ស្រក់ទឹកភ្នែករបស់ប្រពន្ធលោក ក្រោយការ “ធ្វើដំណើរ” អស់​រយៈ​ពេល ៣ ឆ្នាំ លោក Nemoto គ្រាន់​តែ​ញញឹម​ប៉ុណ្ណោះ។

រឿងរ៉ាវនិយាយពីគុណសម្បត្តិរបស់លោកត្រូវបានរក្សាទុកជាការសម្ងាត់កំពូលនៅក្នុងរដ្ឋាភិបាល​តៃវ៉ាន់​អស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ ដើម្បីរក្សាស្មារតីយោធា និងជៀសវាងបញ្ហាផ្នែកការ​ទូត។ ប៉ុន្តែប្រវត្តិសាស្ត្រមិនបានបំភ្លេចឡើយ បុរសម្នាក់ដៃកាន់ដងសន្ទូចចេញដំណើរនៅឆ្នាំនោះ ដែល​បានបង្ហាញពីទឹកចិត្តស្មោះត្រង់ ជាដំណើររឿងដ៏អស្ចារ្យដែលបានផ្លាស់ប្តូរប្រវត្តិសាស្ត្រដោយ​ពាក្យ​សន្យា​របស់​យោធា​ម្នាក់។

ហើយប្រហែលជា ការរក្សាសម្ងាត់នោះក៏ជាបំណងប្រាថ្នារបស់លោក Nemoto ផ្ទាល់ផងដែរ។

ហើយអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺថា បើ​ទោះ​បី​ជា​ពេល​វេលា​បាន​កន្លង​ផុតទៅ​ក៏​ដោយ ទំនាក់ទំនងទ្វេភាគីរវាងតៃវ៉ាន់ និងជប៉ុននៅតែល្អយ៉ាងខ្លាំង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: