អាថ៌កំបាំង​ប្រវត្តិ​សាស្ត្រ៖ តើពាក្យចចាមអារ៉ាមដ៏គួរឲ្យខ្លាចរបស់ពាណិជ្ជករ Venice នៅ​ឆ្នាំ​នោះបាន​ជួយ​សង្គ្រោះ​ប្រទេស​​ជប៉ុន​​ទាំង​​មូល​​យ៉ាង​​ដូច​​ម្តេច?

អាថ៌កំបាំង​ប្រវត្តិ​សាស្ត្រ៖ តើពាក្យចចាមអារ៉ាមដ៏គួរឲ្យខ្លាចរបស់ពាណិជ្ជករ Venice នៅ​ឆ្នាំ​នោះបានជួយសង្គ្រោះប្រទេស​ជប៉ុន​ទាំង​មូល​យ៉ាង​ដូច​ម្តេច?

ប្រិយមិត្តទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថា នៅសម័យកាលដែលបណ្តាប្រទេសអាសុីត្រូវមហាអំណាចលោក​ខាងលិចឈ្លានពាន និងធ្វើអាណានិគម​ឥត​ឈប់​ឈរ ហេតុអ្វីបានជាក្រុមចម្បាំងទាំងនោះ​មិន​ឈាន​ជើង​ចូល​ប្រទេស​ជប៉ុន?

មានមូលហេតុជាច្រើនត្រូវបានលើកឡើង ប៉ុន្តែមូលហេតុមួយក្នុងចំណោមមូលហេតុទាំងនោះត្រូវបានគេចាត់ទុកថាដោយសារតែសៀវភៅ La Description du Monde ដែល​សរសេរ​ដោយលោក Marco Polo ។

សៀវភៅរបស់លោកបានក្លាយជាបាតុភូតដែលត្រូវបានបោះពុម្ពផ្សាយនាសម័យនោះ ខណៈ​ដែលជនជាតិអឺរ៉ុបមានបំណងចង់រុករកទឹកដីអាថ៌កំបាំងដែលពួកគេមិនធ្លាប់ស្គាល់។ ស្នាដៃ​និពន្ធនេះ​បាន​នាំ​មក​នូវ​ទ្រព្យ​សម្បត្តិ និង​​កេរ្តិ៍​ឈ្មោះ​​យ៉ាង​​ខ្លាំង។

យ៉ាងណាមិញ ទោះបីជាក្នុងសៀវភៅ Marco Polo បានពណ៌នាថា “ជប៉ុនជាទឹកដីមាស” ប៉ុន្តែក្រុម​​មនុស្ស​​ដែល​​មាន​​អំណាច​​បំផុត​​បែរ​ជា​មើល​រំលង​ទឹក​ដី​នេះ។

ជាប្រទេសដែលពោរពេញទៅដោយមាស និងប្រាក់ តាមត្រូវគួរតែជាតំបន់ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ លោក Marco Polo ជាពាណិជ្ជករមួយរូប ទ្រព្យសម្បត្តិជាអ្វីដែលលោកចង់បានជាងនរណាទាំងអស់។ ប៉ុន្តែទោះបីជាទៅជិតដល់ប្រទេស​ជប៉ុន​ក៏​ដោយ នៅ​ទី​បំផុត​លោកបែរជាត្រឡប់​ទៅ​វិញ មិន​​ឈាន​​ជើង​ចូល​​ប្រទេស​​កោះ​នេះ​​នោះ​​ទេ។

ប្រសិនបើជាអ្នកជំនួញម្នាក់ គេនឹងប្រើគ្រប់មធ្យោបាយដើម្បីទៅដល់គោលដៅចុងក្រោយ។ ហេតុ​អ្វី​បាន​ជាមនុស្សគ្រប់គ្នាស្ទាក់ស្ទើរដូច្នេះ?

តាមពិតទៅ ចម្លើយមានស្រាប់ក្នុងសំណេររបស់លោកទៅហើយ។

គេនិយាយថា ក្នុងសៀវភៅមានឃ្លាបានពណ៌នាថា៖ “ប្រជាជនជប៉ុនជាជនជាតិដែលព្រៃផ្សៃ មាន​ទំនៀម​ទម្លាប់ដ៏គួរខ្លាចគឺសុីសាច់របស់អ្នកទោសសង្គ្រាម។ ពួកគេតែងតែដាក់អ្នកទោសចូល​ទៅ​ក្នុង​ឆ្នាំងប្រេងពុះដើម្បី​ចម្អិន​ហើយ​បរិភោគ​សាច់” ។

ភាពជោគជ័យដ៏គួរឲ្យកត់សម្គាល់របស់សៀវភៅនេះបានផ្សព្វផ្សាយការពណ៌នាដ៏គួរខ្លាចនេះទៅគ្រប់ទីកន្លែង។ ពាក្យចចាមអារ៉ាមនិយាយថា “ជប៉ុនជាទឹកដីដ៏គួរឲ្យខ្លាច…” ត្រូវបានផ្សព្វផ្សាយកាន់តែឆ្ងាយ ដែលធ្វើឲ្យគ្មាននរណាម្នាក់ហ៊ានប្រថុយជីវិតរបស់ខ្លួនទៅកាន់ប្រទេសកោះនេះនោះឡើយ។ ទោះ​បី​ជា​ជាក់​ស្តែង ជន​ជាតិ​ជប៉ុន​មិន​បាន​បរិភោគ​សាច់​មនុស្ស​ក៏​ដោយ…។

ជាច្រើនសតវត្សក្រោយមក Francisco de Xavier – ដែលជាអ្នកផ្សព្វផ្សាយសាសនាជន​ជាតិ​ព័រទុយហ្គាល់ – បានសម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ គេនិយាយថា លោកបានឡើងកប៉ាល់​ដោយត្រៀមចិត្តសម្រាប់ស្ថានភាពដែលអាក្រក់បំផុតគឺត្រូវសុីសាច់។ ប្រាកដណាស់ ការធ្វើដំណើរ​នោះ​ពោរ​ពេញ​ទៅ​ដោយ​អារម្មណ៍​ភ័យ​ខ្លាច។

នៅពេលដែលទៅដល់កន្លែង ទើបលោកដឹងថា ការពិតផ្ទុយស្រឡះទាំងស្រុង។

ពាក្យចចាមអារ៉ាមដ៏គួរឲ្យខ្លាចនៅឆ្នាំនោះ ប្រហែលគ្រាន់តែជាការយល់ច្រឡំដែលបង្កើតឡើងជនជាតិម៉ុងហ្គោល ហើយបន្ទាប់មកបានបន្តទៅដល់លោក Marco Polo ។

វត្តមានរបស់ Francisco បានធ្វើឲ្យពិភពលោកយល់កាន់តែច្បាស់អំពីប្រទេសជប៉ុន។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលដែល “ត្រូវបានការពារ” ដោយ​ពាក្យ​ចចាម​អារ៉ាម​នេះ ប្រទេសជប៉ុនបានជួញដូរ និងនាំចូលកាំភ្លើងខ្លីក្នុងបរិមាណច្រើនដោយសម្ងាត់។ បន្ទាប់មកស្រាវជ្រាវដើម្បីផលិត និងកែ​លម្អ​បច្ចេក​វិទ្យា​បង្កើន​កម្រិត​បាញ់​ចំគោល​ដៅ​ពេល​ប្រយុទ្ធ។ នៅពេលនោះចំនួនអាវុធមានរហូតដល់ទៅ ៥០.០០០ ដើម។

មានពាក្យចចាមអារ៉ាមនិយាយថា ចំនួនកាំភ្លើងដែលជប៉ុនមាននៅពេលនោះច្រើនជាងចំនួនកាំភ្លើងនៅអឺរ៉ុបទាំងមូលទៅទៀត។ កម្លាំង​ប្រយុទ្ធ​របស់​សាមូរ៉ៃ​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយបានប្រែក្លាយពួកគេទៅជាគូប្រជែងដ៏ខ្លាំងក្លា ដែលគ្មានជនបរទេសណាម្នាក់ហ៊ានមើលងាយឡើយ។

ដោយផ្អែកលើសៀវភៅរបស់ពាណិជ្ជករ Venice ដែលបានបណ្តុះអារម្មណ៍ភ័យខ្លាចដល់មនុស្សជាច្រើន បង្កើត​បាន​ជា​របាំង​ការ​ពារ​រាប់សតវត្សដោយអចេតនា គ្មាននរណាម្នាក់ហ៊ានទៅជិត “ទឹកដីមាស” ដ៏គួរឲ្យទាក់ទាញនេះនោះទេ។ ដោយសារតែអំឡុងដ៏ស្ងប់ស្ងាត់នេះ ទើបជប៉ុនមានពេលវេលាគ្រប់គ្រាន់សម្រាប់ប្រមូលផ្តុំ និងអភិវឌ្ឍកម្លាំងរបស់ខ្លួន។

ក្នុងស្នាដៃនិពន្ធរបស់ខ្លួន លោក Marco Polo ហៅជប៉ុនថា “Zipangu” ។ ឈ្មោះនេះមានប្រភពមកពីរបៀបដែលជនជាតិម៉ុងហ្គោលហៅប្រទេសជប៉ុនថា “Cipangu” ។ ហើយគេជឿថា Zipangu ជាពាក្យដើមដែលបង្កើតបានជាឈ្មោះ “Japan” សព្វថ្ងៃនេះ។ 

មុនពេលដែលលោក Marco Polo សរសេរសៀវភៅនេះ ចក្រភពម៉ុងហ្គោលធ្លាប់ចាប់ផ្តើមការវាយប្រហារឈ្លានពានប្រទេសជប៉ុន។ ប្រហែលជា ភាពក្លាហាន និងកម្លាំងដ៏គួរឲ្យខ្លាចរបស់សាមូរ៉ៃក្នុងការប្រយុទ្ធនាឆ្នាំនោះត្រូវបានបំផ្លើស និយាយតៗគ្នាតាមទម្រង់មិនពិត។ ការប្រយុទ្ធនោះសាហាវដល់កម្រិតណា យើងខ្ញុំនឹងចែករំលែកលម្អិតបន្ថែមនៅក្នុងអត្ថបទមួយផ្សេងទៀត ប៉ុន្តែប្រាកដណាស់នោះជាការចងចាំដ៏គួរឲ្យរន្ធត់សម្រាប់អ្នកឈ្លានពាន។

ប្រសិនបើនៅថ្ងៃនោះលោក Marco Polo នាំយកព័ត៌មានពិតដែលនិយាយពីជប៉ុនត្រឡប់ទៅអឺរ៉ុបវិញ ប្រហែលជាប្រទេសកោះនេះអាចនឹងដួលរលំទាំងស្រុងមុនពេលដែលអាវុធត្រូវបាននាំចូល។ ប្រសិនបើគិតតាមចំណុចនេះ ដោយពឹងលើសៀវភៅរបស់លោក – ឬអាចនិយាយបានថា រឿងរ៉ាវដ៏គួរឲ្យខ្លាចកើតចេញពីភាពភ័យខ្លាចរបស់ជនជាតិម៉ុងហ្គោល – បាន​ជួយ​សង្គ្រោះ​ប្រជាជាតិ​ទាំង​មូលដោយ​អចេតនា។

ម្យ៉ាងវិញទៀត និយាយបន្ថែមអំពីប្រវត្តិសាស្ត្រ នៅសម័យនោះសាមូរ៉ៃពិតជាមានអំណាច និង​គួរឲ្យ​ស្ញប់​ស្ញែង។ ពួកគេមិនដូចជារូបភាពដ៏អស្ចារ្យដែលយើងតែងតែ​ស្រមៃ​គិត​នា​ពេល​សព្វ​​ថ្ងៃ​នោះទេ ប៉ុន្តែ​ឃោរ​ឃៅ និង​គួរ​ឲ្យ​ខ្លាច។ ទោះជាយ៉ាងណា មានចំណុច​មួយ​ប្រាកដ​ថា ពួក​គេ​មិនធ្លាប់​សុី​សាច់​​មនុស្ស​​នោះ​​ទេ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: