ហេតុអ្វីបានជាជប៉ុនធ្លាប់ដាក់ទោសប្រហារជីវិតអ្នកដែលសម្លាប់សត្វឆ្កែ? ការពិតនៅពីក្រោយច្បាប់ដ៏ចម្រូងចម្រាសនៅសម័យ Edo
ហេតុអ្វីបានជាជប៉ុនធ្លាប់ដាក់ទោសប្រហារជីវិតអ្នកដែលសម្លាប់សត្វឆ្កែ? ការពិតនៅពីក្រោយច្បាប់ដ៏ចម្រូងចម្រាសនៅសម័យ Edo ។
ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានមនុស្សមានអត្តចរិកល្អិតល្អន់ ចិត្តល្អ និងមានទំនាក់ទំនងជាមួយនឹងធម្មជាតិ។ ទោះជាយ៉ាងណា មានមនុស្សតិចណាស់ដែលដឹងថា ឫសគល់នៃចរិតលក្ខណៈដ៏ល្អនោះបែរជាផ្តើមចេញពីច្បាប់មួយក្នុងចំណោមច្បាប់ដែលគួរឲ្យស្អប់បំផុតក្នុងប្រវត្តិសាស្ត្រ។
នៅប្រទេសជប៉ុនធ្លាប់មានសម័យកាលនិយាយពីបុគ្គលដែលមានសកម្មភាពធ្វើបាប ឬសម្លាប់សត្វឆ្កែយ៉ាងឃោរឃៅ ត្រូវទទួលខុសត្រូវដោយប្រើជីវិត។ ជាសម័យកាលដែលការបរបាញ់ដើម្បីភាពរីករាយត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ។ ហើយក៏ជាសម័យកាលមួយដែលជីវិតរបស់សត្វដ៏តូចបំផុតត្រូវបានការពារក្នុងនាមប្រទេសជាតិផងដែរ។
មនុស្សលោកសើចចំអកដោយនិយាយថា នោះជាកម្រងច្បាប់ឆ្កួតៗរបស់លោកមេទ័ពម្នាក់ដែលស្រឡាញ់សត្វឆ្កែយ៉ាងខ្លាំង។ ប៉ុន្តែប្រសិនបើយើងងាកទៅមើលទំព័រប្រវត្តិសាស្ត្រនោះឡើងវិញ យើងនឹងឃើញថាកម្រងច្បាប់នេះមិនមែនជារឿងឆ្កួតលីលានោះទេ ប៉ុន្តែជាថ្នាំដ៏ល្វីងដែលត្រូវបានដាក់ចេញដើម្បីផ្លាស់ប្តូរសង្គមមួយដែលកំពុងបាត់បង់មនុស្សធម៌បន្តិចម្តងៗ។
កម្រងច្បាប់ដ៏ចម្រូងចម្រាសនេះមានឈ្មោះថា “ក្រឹត្យស្ដីពីក្ដីមេត្តាចំពោះភាវៈមានជីវិត” (Shorui Awaremi no Rei) ដែលមានន័យថា “បទបញ្ជាមានមេត្តាករុណាចំពោះសត្វលោកទាំងអស់” ។
ច្បាប់នេះត្រូវបានអនុម័តកាលពីរាប់រយឆ្នាំមុន ក្នុងសម័យកាលដែលសាមូរ៉ៃកំពុងប្រើដាវរបស់ខ្លួនគ្រប់គ្រងទឹកដីជប៉ុន។ នៅពេលនោះ រាជការរបស់អធិរាជគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ អំណាចគ្រប់គ្រងប្រទេសស្ថិតនៅក្នុងដៃរបស់ត្រកូល Tokugawa ជាត្រកូលដ៏ល្បីដែលបានគ្រប់គ្រងប្រទេសជប៉ុនអស់រយៈពេលប្រហែល ២៦០ ឆ្នាំ។ ហើយអ្នកដែលបានចុះហត្ថលេខាអនុម័តច្បាប់នេះគឺ Tokugawa Tsunayoshi – លោកមេទ័ពជំនាន់ទី ៥ ។
ដោយមានគោលដៅខ្ពស់បំផុតចង់ឲ្យប្រជាជនឲ្យតម្លៃជីវិតសត្វលោកទាំងអស់ ច្បាប់ដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ ដែលក្នុងនោះអ្នកណាធ្វើបាប ឬសម្លាប់សត្វឆ្កែយ៉ាងឃោរឃៅ ត្រូវសងដោយជីវិត។
នៅពេលដែលច្បាប់នេះត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន ការខឹងសម្បារ និងកំហឹងបានផ្ទុះឡើង។ មនុស្សមួយចំនួនត្អូញត្អែរនិយាយថា៖ “លោកមេទ័ពម្នាក់នោះស្រលាញ់សត្វឆ្កែដល់ឆ្កួតហើយ ដោយឲ្យតម្លៃជីវិតសត្វខ្ពស់ជាងមនុស្សទៅទៀត” ។
ប៉ុន្តែប្រជាជននៅពេលនោះមិនបានដឹងថា បង្កប់នៅពីក្រោយកម្រងច្បាប់ដែលបានអនុម័តនោះ គឺជាក្តីកង្វល់ដ៏ធំមួយ ដែលមានគោលបំណងផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជាតិទាំងមូលនោះទេ។
តាំងពីសម័យបុរាណកាល ជប៉ុនធ្លាប់ជាប្រទេសដែលក្រីក្រ និងលំបាក។ រដូវក្ដៅអាកាសធាតុក្តៅរហូតដល់ថ្នាក់មនុស្សអាចនឹងដួលសន្លប់នៅតាមដងផ្លូវ ចំណែកឯរដូវរងាត្រជាក់ខ្លាំង។ មិនត្រឹមតែប៉ុណ្ណឹង ទឹកដីនេះទទួលរងគ្រោះមហន្តរាយគ្រប់ប្រភេទដូចជារញ្ជួយដី រលកយក្ស ទឹកជំនន់ ព្យុះ និងគ្រោះរាំងស្ងួតអូសបន្លាយ។ ការលំបាកទាំងនោះបង្កើតបានជាទេសភាពធម្មជាតិដ៏អស្ចារ្យ ប៉ុន្តែផ្ទុយទៅវិញ បែរជាធ្វើឲ្យមនុស្សធ្លាក់ក្នុងការប្រយុទ្ធស្លាប់រស់យ៉ាងឃោរឃៅ។
ក្នុងសភាពក្រលំបាកនាសម័យនោះ ការដណ្តើមយកជីវិតរបស់មនុស្សដែលទន់ខ្សោយជាងបានក្លាយទៅជារឿងធម្មតា ដើម្បីឲ្យអ្នកនៅរស់អាចបន្តជីវិត។ ក្នុងគ្រួសារដែលរស់នៅតាមតំបន់ជនបទ ប្រសិនបើកើតបានកូនប្រុស ពួកគេនឹងចិញ្ចឹមបីបាច់ដើម្បីក្លាយជាប្រភពកម្លាំងពលកម្មនាពេលអនាគត។ ប៉ុន្តែប្រសិនបើកើតបានកូនស្រី នៅពេលដែលការចំណាយមិនកាត់បន្ថយ ហើយកម្លាំងពលកម្មមិនមានច្រើន ក្មេងដ៏គួរឲ្យអាណិតតែងតែត្រូវដកហូតសិទ្ធិរស់រានមានជីវិតពេលទើបនឹងកើត។
មនុស្សចាស់ជរាដែលលែងមានកម្លាំងធ្វើការងារក៏ត្រូវយកទៅចោលនៅលើភ្នំស្ងាត់ដើម្បីទុកស្បៀងអាហារបន្តិចបន្តួចនោះឲ្យកូនចៅ។ ឬមនុស្សដែលមានជំងឺក៏ត្រូវគេទុកចោលឲ្យស្លាប់ ឬជួនកាលថែមទាំងត្រូវគេសម្លាប់ទៀតផង។
សោកនាដកម្មទាំងនោះកើតឡើងមិនមែនព្រោះតែជនជាតិជប៉ុនមានឈាមត្រជាក់នោះទេ ប៉ុន្តែដើម្បីរស់រានមានជីវិតព្រមទទួលយកវាសនា ពួកគេត្រូវសម្របខ្លួន ដោយទទួលយកទំនៀមទម្លាប់ដ៏សោកសៅទាំងនោះចាត់ទុកដូចជារឿងធម្មតា។
ដោយប្រឈមនឹងការឈឺចាប់ទាំងនោះ លោកមេទ័ពចង់ឲ្យប្រជាជនយល់កាន់តែច្បាស់អំពីតម្លៃនៃជីវិត។ ដើម្បីសម្រេចបាននូវគោលដៅនោះ លោកយល់ឃើញថា ជាដំបូងពួកគេត្រូវរៀនចេះឲ្យតម្លៃជីវិតរបស់សត្វលោកទាំងអស់ដែលនៅជុំវិញខ្លួន មិនមែនមានតែជីវិតមនុស្សនោះទេ។ នេះជាមូលហេតុដែលកម្រងច្បាប់នេះត្រូវបានអនុម័ត។
ឃ្លានីមួយៗក្នុងច្បាប់នេះ គោលដៅដែលត្រូវការពារមិនមែនមានតែសត្វឆ្កែប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានសរសេរយ៉ាងច្បាស់ថារួមទាំងទារក មនុស្សចាស់ អ្នកជំងឺ មនុស្សដែលក្រលំបាក និងជនដែលងាយរងគ្រោះបំផុតក្នុងសង្គម។
ជនជាតិជប៉ុនជឿថា មិនត្រឹមតែមនុស្ស និងសត្វប៉ុណ្ណោះទេ សូម្បីតែរុក្ខជាតិក៏មានជីវិតផងដែរ។ ទោះបីជាម្នាក់នោះហូបបួសក៏ដោយ នៅតែកំពុងដកហូតជីវិតរបស់រុក្ខជាតិដើម្បីបន្តជីវិតរបស់ខ្លួន។ អ្វីៗទាំងអស់ចិញ្ចឹមសត្វមានជីវិតទាំងឡាយ ជីវិតរបស់មនុស្សត្រូវបានដោះដូរដោយជីវិតរបស់សត្វដទៃទៀត ក្លាយជាថាមពលចិញ្ចឹមរាងកាយ។ ហើយយើងជំពាក់បំណុលជីវិតទាំងនោះ។
ចាប់តាំងពីពេលនោះមក ផ្នត់គំនិតនៃការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាហារមួយពេលៗ ឲ្យតម្លៃលើជីវិតរបស់អ្វីៗទាំងអស់ ហើយទទួលយកគ្រប់ល្មមចំណែករបស់ខ្លួនបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តគំនិតរបស់ប្រជាជនជប៉ុន ដែលបានក្លាយជាលក្ខណៈវប្បធម៌ដ៏ពិសេសរហូតមកដល់សព្វថ្ងៃនេះ។
ហើយគេនិយាយថា ដោយសារកម្រងច្បាប់ចម្លែកកាលពីសម័យនោះ បានក្លាយជាចំណុចចាប់ផ្តើមនៃផ្នត់គំនិតនេះ។
ទោះជាយ៉ាងណា គួរឲ្យស្តាយ គោលបំណងដ៏ល្អរបស់លោកមេទ័ពបែរជាមិនអាចបន្តទៅកាន់វណ្ណៈអនុវត្តច្បាប់បានទៅវិញ។ ប្រព័ន្ធគ្រប់គ្រងរបស់មន្រ្តីរាជការបានធ្វើឲ្យកម្រងច្បាប់ក្លាយជាឧបករណ៍ ដាក់ទណ្ឌកម្មប្រជាជនហួសហេតុ។ ដោយសារសកម្មភាពហួសហេតុទាំងនេះបានធ្វើឲ្យគំនិតមនុស្សធម៌ប្រែជា “ច្បាប់អាក្រក់” ក្នុងក្រសែភ្នែកប្រជាជន។
ក្រោយពេលលោកមេទ័ព Tsunayoshi ទទួលមរណៈភាព បទប្បញ្ញត្តិមួយចំនួនត្រូវបានលុបចោល បង្រួមដែនកំណត់ ហើយប្តូរទៅផ្តោតលើការឲ្យតម្លៃជីវិតមនុស្សវិញ។ ទោះជាយ៉ាងណា គំនិតដើមនៅតែបន្ត ចំណុចដែលហួសហេតុត្រូវបានដកចេញ ហើយទទួលបានការយល់ស្របពីប្រជាជន។
ទោះបីជាធ្លាប់ទទួលការរិះគន់ជាច្រើនក៏ដោយ ប៉ុន្តែប្រសិនបើក្រឡេកមើលដោយយុត្តិធម៌ យើងអាចមើលឃើញថា ដោយសារតែវិធានការដ៏រឹងមាំរបស់លោក ទើបប្រជាជនជប៉ុនដឹងខ្លួន ផ្លាស់ប្តូរគំនិត ហើយបើកចិត្តយោគយល់គ្នាទៅវិញទៅមក ទើបយល់ព្រមទទួលយក និងយល់ពីគ្នា។
ប្រហែលជាអ្វីដែលលោក Tsunayoshi ចង់បានមិនមែនគ្រាន់តែជាប្រទេសមួយដែលចេះការពារសត្វឆ្កែនោះទេ។ អ្វីដែលលោកចង់បាន… ជាប្រទេសមួយដែលមិនបោះបង់ចោលមនុស្សទន់ខ្សោយ ជាប្រទេសមួយដែលចេះឱនក្បាលចំពោះជីវិតដែលតូចបំផុត។
ទោះបីជាច្បាប់នោះត្រូវមនុស្សលោករិះគន់ ថែមទាំងត្រូវគេចាត់ទុកជា “ច្បាប់អាក្រក់” ក៏ដោយ។ ប៉ុន្តែបង្កប់នៅពីក្រោយបទប្បញ្ញត្តិដ៏តឹងរ៉ឹងទាំងនោះ បែរជាមានគោលបំណងចង់បន្សល់ទុកក្នុងចិត្តមនុស្សពាក្យថា “ជីវិត” ។
មនុស្សចង់រស់រានមានជីវិតត្រូវដណ្តើមយកជីវិតមួយផ្សេងទៀត។ មិនថាសត្វ ត្រី បង្គា ឬសូម្បីតែរុក្ខជាតិនោះទេ។
ដូច្នេះហើយ មនុស្សកាន់តែមិនអាចបំភ្លេចការដឹងគុណចំពោះ “ការរស់រានមានជីវិត” នោះឡើយ។
ដរាបណាយើងនៅតែអាចឱនក្បាលអរគុណមុនពេលទទួលទានអាហារ មនុស្សនៅតែអាចរក្សាចិត្តមេត្តាករុណា។ ប៉ុន្តែនៅពេលដែលការលះបង់របស់សត្វលោកទាំងអស់ប្រៀបដូចជារឿងធម្មតា… នោះជាពេលដែលជីវិតប្រែជាគ្មានតម្លៃ។
សព្វថ្ងៃនេះ ប្រទេសជប៉ុនបានក្លាយជាប្រទេសដែលមានអំណាច។ ប្រជាជនមិនចាំបាច់បោះបង់ចោលមនុស្សចាស់នៅលើភ្នំទៀតឡើយ ហើយក៏មិនចាំបាច់ជ្រើសរើសរវាងជីវិត និងសេចក្តីស្លាប់ ដើម្បីតែបាយមួយចានទៀតដែរ។
ប៉ុន្តែ… ក្នុងយុគសម័យដែលពោរពេញនេះ តើហាក់បីដូចជាមនុស្សកំពុងបាត់បង់ការឲ្យតម្លៃចំពោះជីវិតមែនដែរទេ?
អ្វីដែលលោក Tsunayoshi ចង់បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ប្រហែលមិនមែនគ្រាន់តែជាកម្រងច្បាប់ប៉ុណ្ណោះទេ។
ប៉ុន្តែជាបេះដូងមួយដែលឈឺចាប់ចំពោះទុក្ខវេទនារបស់ជីវិតមួយផ្សេងទៀត។
Abe Kengo
