ការ​ពិតទាក់ទងនឹងព័ត៌មាន៖ “ជប៉ុន​អាច​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ១៥ នាទី”

ការពិតទាក់ទងនឹងព័ត៌មាន៖ “ជប៉ុនអាចបំពាក់អាវុធនុយក្លេអ៊ែរក្នុងរយៈពេលត្រឹមតែ ១៥ នាទី” ។

អាវុធនុយក្លេអ៊ែរ – ជាប្រភេទអាវុធប្រល័យលោកដែលមានកម្លាំងផ្លិចបំផ្លាញយ៉ាងខ្លាំង។

កាលពីមុន មានតែសហរដ្ឋអាមេរិក និងសហភាពសូវៀតប៉ុណ្ណោះដែលមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែ​ក្រោយ​មក បារាំង ចិន ឥណ្ឌា… សុទ្ធ​តែ​អាច​ផលិត​បាន។

សព្វថ្ងៃនេះ សូម្បីតែសង្គ្រាមដែលកំពុងបន្តពាក់ព័ន្ធនឹងអុីរ៉ង់ មូលហេតុ​ចម្បង​ក៏​បណ្តាល​មក​ពី​បញ្ហា​អភិវឌ្ឍ​​អាវុធ​​នុយក្លេអ៊ែរ​​ផង​​ដែរ។

នៅតំបន់អាស៊ី កូរ៉េខាងជើងក៏កំពុងមានអាវុធនុយក្លេអ៊ែរផងដែរ។ ទោះបីជាសមត្ថភាពយោធាក្រៅពីនុយក្លេអ៊ែររបស់ពួកគេហួសសម័យក៏ដោយ ពួកគេនៅតែប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីដាក់​សម្ពាធ​លើ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

ក្នុងបរិបទនេះ តើនឹងមានអ្វីកើតឡើងប្រសិនបើជប៉ុនសម្រេចចិត្តបំពាក់អាវុធនុយក្លេអ៊ែរ?

ជាក់ស្តែង ការវិភាគមួយចំនួនបានបង្ហាញថា ក្នុងករណីចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរ ជប៉ុនគ្រាន់តែចំណាយពេលបំពាក់អាវុធត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

ទោះជាយ៉ាងណា ចំណុចនេះមិនមានន័យថាជប៉ុនបានត្រៀមអាវុធនុយក្លេអ៊ែរទុកមុនដោយសម្ងាត់​នោះ​ទេ។ ហើយគំនិតដែលថា ជប៉ុនជាប្រទេសដែលអាចសាងសង់រោងចក្រថាម​ពល​នុយក្លេអ៊ែរ​​បាន ដោយ​គ្រាន់​តែ​ផ្ទេរ​បច្ចេក​វិទ្យា​ប៉ុណ្ណោះ តាម​​ពិត​​ទៅ​ក៏​មិន​ត្រូវ​នោះដែរ។

ទោះបីជាសុទ្ធតែផ្អែកលើប្រតិកម្មបំបែកនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែប្រសិទ្ធភាពទាំងពីរខុសគ្នាទាំង​ស្រុង។ មិនត្រឹមតែប៉ុណ្ណឹង ប្រទេសនោះថែមទាំងត្រូវមានបច្ចេកវិទ្យាដាក់នៅលើមីស៊ីល និងបាញ់ទៅ​កាន់​គោល​ដៅ។ ប្រសិនបើជប៉ុនអភិវឌ្ឍដោយផ្ទាល់ ពួកគេបង្ខំចិត្តត្រូវធ្វើការពិសោធ ហើយដំណើរ​ការ​នេះ​ត្រូវចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ប៉ុន្មាន​ឆ្នាំ។

ដូច្នេះតើជប៉ុនអាចធ្វើអ្វីបានខ្លះក្នុងរយៈពេល ១៥ នាទី?

ចម្លើយពិតជាសាមញ្ញណាស់៖ គ្រាន់តែទិញដោយផ្ទាល់ពីយោធាសហរដ្ឋអាមេរិកដែលកំពុងឈរ​ជើង​នៅ​ប្រទេស​ជប៉ុន នៅ​ពេល​នោះ​អាវុធ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ភ្លាមៗ។

ជាដំណោះស្រាយដែលរហ័ស ជាក់ស្តែង និងមានប្រសិទ្ធភាព។

អាវុធនុយក្លេអ៊ែរ នៅពេលដែលប្រើប្រាស់ប្រាកដជាប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង។ ទោះ​បីជា​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​សង្គ្រាមក៏ដោយ បន្ទាប់មកការគ្រប់គ្រងប្រទេស​នឹង​ជួប​ការ​លំបាក។ ដូច្នេះ​ហើយ គ្មាននរណាម្នាក់ចង់ប្រើអាវុធនុយក្លេអ៊ែរនោះទេ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ជប៉ុនជាប្រទេសដែលកំពុងស្ថិតក្នុងគោលដៅបាញ់មីស៊ីលនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងជើង។ សហរដ្ឋអាមេរិកបន្តវត្តមានយោធានៅក្នុងប្រទេសជប៉ុនដើម្បីការពារប្រទេសនេះ ប៉ុន្តែពួកគេមិនចង់ព្រោះតែជប៉ុនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយធ្វើឲ្យពិភពលោកទាំង​មូល​ក្លាយ​ជា​សត្រូវ​នោះ​ទេ។

ដូច្នេះចំពោះសហរដ្ឋអាមេរិក ការដែលទុកឲ្យជប៉ុនមានអាវុធនុយក្លេអ៊ែរ និងបើកការបាញ់ប្រហារ​ដើម្បី​ការ​ពារ​​ប្រទេស​របស់​ខ្លួន​ងាយ​ស្រួល​ជាង។

ដូច្នេះហើយ គេនិយាយថា កិច្ចព្រមព្រៀងទិញលក់បែបនេះនឹងត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស។

យោងតាមច្បាប់របស់ប្រទេសជប៉ុនបច្ចុប្បន្ន សូម្បីតែយោធាសហរដ្ឋអាមេរិកក៏ត្រូវហាមឃាត់​យក​​អាវុធ​នុយក្លេអ៊ែរ​ចូល​ប្រទេស​នេះ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ភាគី​ជប៉ុន​បែរ​ជាមិនមានសិទ្ធិត្រួតពិនិត្យផ្នែកខាងក្នុងមូលដ្ឋានយោធាសហរដ្ឋអាមេរិកនោះទេ។ ក្នុង​ស្ថាន​ភាព​បែប​នេះ តើ​អ្នក​ណា​នឹង​ជឿ​ថា​យោធាសហរដ្ឋអាមេរិកមិនយកអាវុធ​នុយក្លេអ៊ែរ​ចូល​ទៅ​ក្នុង​ប្រទេស​ជប៉ុន?

អាវុធនុយក្លេអ៊ែរត្រូវបានបម្រុងទុកសម្រាប់ការវាយប្រហារសងសឹក ដូច្នេះការដាក់ពង្រាយកាន់​តែច្រើនកន្លែងនៅលើពិភពលោកកាន់តែមានប្រយោជន៍។ ដូច្នេះហើយ ការដែលអះអាងថា សហរដ្ឋ​អាមេរិកមិនបានយកអាវុធនុយក្លេអ៊ែរចូលជប៉ុន – ជា​កន្លែង​ដែល​ពួក​គេ​កំពុង​ដាក់ពង្រាយ​​​កង​​កម្លាំង​​​យោធា​​រហូត​​ដល់​​ទៅ ៥៥.០០០ នាក់ – ទើប​​មិន​​សម​​ហេតុ​ផល។

យោងតាមច្បាប់ ជប៉ុនជាប្រទេសដែលមិនមានយោធា។

ដំបូងឡើយ ច្បាប់នេះត្រូវបានអនុម័តក្រោយសង្គ្រាមដោយផ្អែកលើគោលការណ៍ដែលថាសហរដ្ឋ​អាមេរិកនឹងការពារប្រទេសជប៉ុនទាំងមូល។ ទោះ​ជា​យ៉ាង​ណា ក្រោយមក ដោយសារតែគោល​បំណង​ពីភាគីសហរដ្ឋអាមេរិកចង់ឲ្យជប៉ុនការពារខ្លួនឯងបានខ្លះ កងកម្លាំងការពារខ្លួនត្រូវបាន​បង្កើត​ឡើង។ បើតាមជាក់ស្តែង ច្បាស់ណាស់នេះជាកងទ័ព ប៉ុន្តែបើផ្អែកលើច្បាប់ ប្រទេស​ជប៉ុន​នៅ​តែ​ជាប្រទេស​ដែល​មិន​អាច​មាន​កង​ទ័ព​បាន​ឡើយ។

ទាំងបញ្ហានុយក្លេអ៊ែរ និងរឿងរ៉ាវទាក់ទងនឹងយោធាជប៉ុននាពេលបច្ចុប្បន្នសុទ្ធតែកំពុងស្ថិតក្នុង​ស្ថាន​ភាពភាព​ជាក់​ស្តែង និង​ច្បាប់​មិន​ស៊ី​សង្វាក់​គ្នា។

ពីមុនរហូតមកដល់ពេលនេះ បញ្ហាទាំងពីរនេះមិនត្រឹមតែមិនបានធ្វើវិសោធនកម្មច្បាប់ប៉ុណ្ណោះទេ សូម្បីតែការលើកមកពិភាក្សាក៏ត្រូវបានចាត់ទុកថាជារឿងហាម​ឃាត់​នៅ​ក្នុង​ប្រទេស​នេះផង​ដែរ។ ទោះ​ជា​យ៉ាង​ណា បច្ចុប្បន្ន​នាយករដ្ឋ​មន្ត្រី Takaichi កំពុងតែព្យាយាមនាំយកការជជែក​ដេញ​ដោល​ទាំង​នេះ​ដាក់​លើ​តុចរចា។

ជប៉ុនជាប្រទេសតែមួយគត់នៅលើពិភពលោកធ្លាប់ទទួលរងការវាយប្រហារដោយគ្រាប់បែកបរមាណូ។ អារម្មណ៍របស់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយសារគ្រាប់បែក​បរមាណូ​នៅ​ទីក្រុង Hiroshima, Nagasaki ក៏ដូចជាក្រុមគ្រួសាររបស់ពួក​គេ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ប៉ុន្តែទន្ទឹមនឹងនោះ ជប៉ុនក៏ត្រូវបង្កើតប្រព័ន្ធមួយ​ដើម្បី​ការ​ពារ​ប្រទេស​ផង​ដែរ។

មុននឹងពិចារណាទៅលើរឿងកាន់កាប់ ឬមិនកាន់កាប់ ខ្ញុំគិតថា យើងគួរតែចាប់ផ្តើមដោយ​បើក​ការ​ជជែក​​ពិភាក្សា​​ទាក់​​ទង​​នឹង​​បញ្ហា​នេះ។

តើប្រិយមិត្តមានទស្សនៈយ៉ាងណាចំពោះបញ្ហានេះ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: