មិត្តភាព​​ដែល​ធំ​ជាង​​របាំង​​ការ​ទូត​​រវាង​​ជប៉ុន និង​​តៃវ៉ាន់

មិត្តភាព​ដែលធំជាង​របាំង​ការទូត​រវាង​ជប៉ុន និង​តៃវ៉ាន់។

ប្រទេសជប៉ុន និងតៃវ៉ាន់មិនមានទំនាក់ទំនងការទូតជាផ្លូវការនោះទេ ដោយសារតែវត្តមានរបស់​ប្រទេស​ចិន។ យ៉ាង​ណា​មិញ រវាងប្រទេសទាំងពីរនេះនៅតែមានមិត្តភាពយ៉ាងជ្រាលជ្រៅ។

នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៩ រញ្ជួយដីដ៏ធំមួយបានកើតឡើងនៅតៃវ៉ាន់។ ទីក្រុងត្រូវបំផ្លិចបំផ្លាញ មនុស្ស​ជា​ច្រើនត្រូវកប់នៅក្រោមគំនរបាក់បែក។

អគារជាង ៨ ម៉ឺនខ្នងបានដួលរលំទាំងស្រុង ការបញ្ជាក់ពីអ្នកនៅរស់រានមានជីវិតប្រៀបដូចជារឿងដែលអស់សង្ឃឹម ហើយសូម្បីតែការរុករកសាកសពរបស់អ្នកស្លាប់ក្នុងគំនរបាក់បែកក៏ជាបញ្ហា​ប្រឈម​ដ៏​លំបាក​មួយ​ដែរ។

និយាយពីរញ្ជួយដីគឺនិយាយពីប្រទេសជប៉ុន ដោយសារតែមូលហេតុនេះក្រុមជួយសង្គ្រោះរបស់ជប៉ុន (កងកម្លាំងស្វ័យការពារជប៉ុន) ត្រូវបានគេចាត់ទុកថាមានជំនាញឈានមុខគេលើពិភព​លោក​ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ។

បន្ទាប់ពីរញ្ជួយដីបានកើតឡើងនៅតៃវ៉ាន់ ពួកគេបានចេញដំណើរភ្លាម ហើយទៅដល់កន្លែងកើតហេតុក្រោយរយៈពេល ១៦ ម៉ោងប៉ុណ្ណោះ។ ក្រុម​ជួយ​សង្គ្រោះ​ក៏​បាន​ប្រមូល​ផ្តុំ​គ្រប់​គ្រាន់​ក្នុង​រយៈ​​ពេល​​ពីរ​​បី​​ម៉ោង​​ផង​​ដែរ។

សមាជិកសរុបចំនួន ១៤៥ នាក់បានចូលរួម មិនត្រឹមតែក្រុមជួយសង្គ្រោះប៉ុណ្ណោះទេ ថែមទាំងមាន​ប៉ូលីស អ្នក​ពន្លត់​អគ្គីភ័យ និង​កងកម្លាំងការពារដែនសមុទ្រផងដែរ។

ទោះបីជាមានក្រុមជួយសង្គ្រោះជាច្រើនមកពីបណ្តាប្រទេសផ្សេងទៀតក៏ដោយ ប៉ុន្តែក្នុងចំណោមនោះ ស្មារតី​បំពេញ​ការ​ងារ​របស់កងកម្លាំងជប៉ុនត្រូវបានគេចាត់ទុកថាអស្ចារ្យបំផុត។

ក្នុងស្ថានភាពយ៉ាងលំបាក នៅពេលដែលក្តីសង្ឃឹមរកឃើញអ្នកនៅរស់រានមានជីវិតប្រៀបដូចជាការប្រកួតប្រជែងនឹងពេលវេលា កងកម្លាំងជប៉ុនបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បំពេញ​ការ​ងារ​ជា​បន្ត​បន្ទាប់ ស្ទើរ​តែ​មិន​សម្រាក​នោះ​ទេ។

ប្រជាជនតៃវ៉ាន់បានឃើញដោយផ្ទាល់ភ្នែកទិដ្ឋភាពកងកម្លាំងជប៉ុនបញ្ជូនសាកសពចេញពីគំនរ​បាក់បែកយ៉ាងប្រុងប្រយ័ត្ន។ ពួកគេបានគ្របភួយនៅលើសាកសព ហើយសមាជិកកងកម្លាំងទាំងអស់ឈរគោរពវិញ្ញាណក្ខន្ធយ៉ាងស្ងៀមស្ងាត់។

ក្រោយមក រូបភាពនៃកងកម្លាំងជួយសង្គ្រោះរបស់ជប៉ុនបំពេញតួនាទីថែមទាំងត្រូវបានបោះ​ពុម្ព​នៅ​លើ​សំបុត្រ​រំលឹក​អនុស្សារីយ៍​របស់តៃវ៉ាន់​ផង​ដែរ។

ពេលវេលាបានកន្លងផុតទៅ រហូតដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ។

គ្រោះថ្នាក់រញ្ជួយដី និងរលកយក្សដ៏រន្ធត់បានកើតឡើង បំផ្លាញតំបន់ Tohoku របស់ជប៉ុន។

ទោះបីជាជប៉ុនជាប្រទេសដែលតែងតែកើតមានរញ្ជួយដីញឹកញាប់ក៏ដោយ ប៉ុន្តែខូចខាតលើកនេះ​ត្រូវ​បានចាត់ទុកថាធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។

ក្រោយពេលទទួលបានដំណឹងដ៏អាក្រក់នេះ តៃវ៉ាន់បានចាត់វិធានការភ្លាមៗ។ ពួកគេបានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសជប៉ុននៅថ្ងៃដដែលនោះ។ ទោះជាយ៉ាងណា ដោយសារតែស្ថានភាពនៅជប៉ុននាពេលនោះមានភាពវឹកវរយ៉ាងខ្លាំង រដ្ឋាភិបាលជប៉ុនបានស្នើឲ្យពួកគេរង់ចាំបន្ថែម។ ទោះបីជាយ៉ាងនេះក្តី ក្រុមជួយសង្គ្រោះតៃវ៉ាន់នៅតែត្រៀមខ្លួនរួចរាល់ ហើយបន្ទាប់ពីការរង់ចាំរយៈពេលពីរថ្ងៃ ពួកគេបានទៅ​ដល់​ប្រទេស​ជប៉ុន។

បន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចូលប្រទេស ពួកគេបានខិតខំប្រឹងប្រែងទៅលើការជួយសង្គ្រោះ ដោយ​ប្តេជ្ញា​ថា​នឹង​សង​គុណ​ដែល​ជប៉ុន​បាន​ធ្វើ​ចំពោះ​ខ្លួន។

មិនត្រឹមតែប៉ុណ្ណឹង នៅតៃវ៉ាន់ កម្មវិធីទូរទស្សន៍សប្បុរសធម៌រៃអង្គាសថវិកាសម្រាប់ជប៉ុនត្រូវបានចាក់ផ្សាយ។ ចំនួន​ទឹក​ប្រាក់​ដែល​បាន​រៃអង្គាស​ទៅ​ដល់ ៣,៣ ពាន់​លាន​យ៉េន ដែល​ចាក់​ផ្សាយត្រឹម​​រយៈ​​ពេល ៣ ម៉ោង​​ប៉ុណ្ណោះ។

ក្រោយមកសកម្មភាពរៃអង្គាសថវិកានៅតែបន្តផ្សព្វផ្សាយ ដែលធ្វើឲ្យចំនួនទឹកប្រាក់សរុបឡើងដល់ ២៦,៣ ពាន់លានយ៉េន។ ក្នុងចំណោមប្រទេសជាច្រើនដែលបានបញ្ជូនជំនួយទៅកាន់ប្រទេស​​ជប៉ុន តៃវ៉ាន់​ជា​​ប្រទេស​​ផ្តល់​​ជំនួយ​​ធំ​​បំផុត​។

សម្រាប់ការប្រៀបធៀប សហរដ្ឋអាមេរិកបានផ្តល់ថវិកាសរុបចំនួន ៧៥ ពាន់លានយ៉េនក្នុងរយៈពេលប្រាំឆ្នាំតាមរយៈបណ្តាញរដ្ឋាភិបាល ប៉ុន្តែ​ដោយ​សារ​តៃវ៉ាន់​មាន​ប្រជាជន​ត្រឹម​តែ ២៣ លាននាក់ ចំនួន​ទឹក​ប្រាក់​ដែល​ពួក​គេបានផ្តល់ឲ្យជប៉ុនក្នុងមនុស្សម្នាក់គឺច្រើន​លើស​លប់។

ទន្ទឹមនឹងនោះ ប្រទេសចិនដែលមានប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់បានចូលរួមត្រឹមតែ ៩០០ លាន​យ៉េន​ប៉ុណ្ណោះ។ ប្រទេសកូរ៉េខាងត្បូងរៃអង្គាសប្រាក់បានចំនួន ៣,២ ពាន់លានយ៉េន ប៉ុន្តែហាក់បី​ដូច​ជាអង្គភាពប្រមូលប្រាក់បានឆ្លៀតឳកាសកេងចំណេញ ដែលចំនួនទឹកប្រាក់ជាក់ស្តែងទៅ​ដល់​ប្រទេស​ជប៉ុន​គឺ​តិច​ណាស់។

បន្ទាប់ពីហេតុការណ៍នោះ ទំនាក់ទំនងដ៏កក់ក្តៅរវាងតៃវ៉ាន់ និងជប៉ុននៅតែបន្តរហូត​មក​ដល់សព្វ​ថ្ងៃ​នេះ។

ជាពិសេស នៅឆ្នាំ ២០២១ នៅពេលដែលប្រទេសចិនបានឈប់នាំចូលម្នាស់តៃវ៉ាន់ ដែលបណ្តាលឲ្យប្រទេសនេះបាត់​បង់​ទីផ្សារ​នាំ​ចេញ ៩០% ប្រជា​ជន​ទូទាំង​ប្រទេស​ជប៉ុន​បាន​ប្រមូល​ផ្តុំគ្នាទិញម្នាស់​តៃវ៉ាន់​ដើម្បី​គាំទ្រ។

ស្រដៀងគ្នានេះដែរ នៅពេលដែលបរិយាកាសរំពឹងថាជប៉ុននឹងផ្លាស់ប្តូរក្រោមការដឹកនាំរបស់នាយក​រដ្ឋមន្ត្រី Takaichi ប្រជាជន​តៃវ៉ាន់​រួម​គ្នា​អបអរសាទរ​ផង​ដែរ។

ទោះបីជាមិនមានទំនាក់ទំនងការទូតជាផ្លូវការក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងជប៉ុន និង​តៃវ៉ាន់​នៅ​តែ​រឹង​មាំ និង​កក់​ក្តៅ ដោយមិនគិតពីឧបសគ្គនយោបាយឡើយ។

តែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក មិនត្រឹមតែមានសារៈសំខាន់ក្នុងការបង្កើតទំនាក់ទំនងរវាងបណ្តាប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនោះប្រហែលជាខ្លឹមសារដ៏ស្រស់ស្អាតបំផុតរវាងទំនាក់ទំនង​មនុស្ស និង​មនុស្ស។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: