អត្ថន័យពិតប្រាកដនៃឃ្លា “行ってきます”
អត្ថន័យពិតប្រាកដនៃឃ្លា “行ってきます” ។
ប្រសិនបើជាអ្នកដែលចេះភាសាជប៉ុន ឬកំពុងរៀនភាសាជប៉ុន ប្រហែលជាអ្នកទាំងអស់គ្នាដឹងហើយថា ជាសុជីវធម៌ នៅពេលដែលចេញពីផ្ទះ ជនជាតិជប៉ុនតែងតែនិយាយថា “行ってきます” ។ ប៉ុន្តែបើទោះបីជាឃ្លាដែលត្រូវបានប្រើស្ទើរតែរាល់ថ្ងៃក៏ដោយ សព្វថ្ងៃនេះ សូម្បីតែជនជាតិជប៉ុនក៏ចាប់ផ្តើមភ្លេចពីអត្ថន័យពិតរបស់វាបន្តិចម្តងៗផងដែរ។
ក្រុមទាហានស្ម័គ្រស្លាប់ (Tokkotai) បំពាក់គ្រាប់បែកសម្រុកទៅរកសត្រូវ មិនដែលនិយាយថា “行ってきます” នោះទេ។
ហេតុអ្វីបានជាដូច្នេះ?
តាមពិតទៅ ពាក្យ “行ってきます” មានន័យថា៖
“ខ្ញុំ/កូន/បងទៅហើយ ប្រាកដជាត្រឡប់មកវិញ។”
ក្រុមទាហានស្ម័គ្រស្លាប់មានតួនាទីផ្ទុកគ្រាប់បែកទៅលើយន្តហោះ ឬនាវាតូចសម្រុកទៅរកគោលដៅ នោះជាបេសកកម្មដែលមិនអាចត្រឡប់មកវិញ។ នោះហើយជាមូលហេតុដែលពួកគេមិនដែលនិយាយថា “行ってきます” ។ ព្រោះជាងនរណាទាំងអស់ ពួកគេដឹងថាខ្លួនមិនអាចគោរពតាមពាក្យសន្យា “នឹងត្រឡប់មកវិញ” ដែលបង្កប់ក្នុងឃ្លានេះឡើយ។
ផ្ទុយទៅវិញ ពួកគេបានបន្សល់ទុកពាក្យផ្តាំផ្ញើយ៉ាងខ្លីថា៖
- “元気で征(ゆ)きます”
ប្រែថា៖ ខ្ញុំ/កូន/បងនឹងចាកចេញដោយមោទនភាព!
ពួកគេមិនប្រើពាក្យ “ទៅ” (行く – Iku) ធម្មតានោះទេ ប៉ុន្តែប្រើពាក្យ “ឆ្ពោះទៅមុខ” (征く – Yuku) ។
ពាក្យ “Yuku” គ្រាន់តែបង្កប់ន័យថា ឆ្ពោះទៅរកគោលដៅ តែមិនត្រឡប់មកវិញនោះទេ។ ជាមនុស្សដែលបានលះបង់ជីវិតដើម្បីបំពេញបេសកកម្ម បានជ្រើសយកពាក្យទាំងនេះធ្វើជាពាក្យលាលើកចុងក្រោយ។
ហើយសាច់ញាតិដែលលាពួកគេក៏មិននិយាយថា “行ってらっしゃい” នោះដែរ។
ក្នុងភាសាជប៉ុនបច្ចុប្បន្ន “行ってらっしゃい” ជាឃ្លាដែលឆ្លើយតបជាក់ស្តែងចំពោះ “行ってきます” ។
ប៉ុន្តែអត្ថន័យដ៏ជ្រាលជ្រៅនៃប្រយោគនេះគឺថា៖
“សូមទៅហើយត្រឡប់មកវិញដោយសុវត្ថិភាព។”
នោះជាពាក្យពរជ័យ សង្ឃឹមថានឹងត្រឡប់មកវិញ។
ប៉ុន្តែសម្រាប់បុរសជាប្តី និងកូនដែលកំពុងត្រៀមហោះហើរចេញទៅបំពេញបេសកកម្មគ្មានសិទ្ធិត្រឡប់មកវិញទេ សាច់ញាតិដែលទៅលាមិនប្រើប្រយោគនោះឡើយ។ ការរំពឹងទុកចង់ឲ្យសាច់ញាតិត្រឡប់មកវិញជាបំណងប្រាថ្នាដែលមិនអាចក្លាយជាការពិត ដូច្នេះពួកគេប្រាកដជាមិននិយាយពាក្យទាំងនោះទេ។
ទាហានទាំងនោះបានសម្រុកទៅរកសត្រូវ បន្ទាប់ពីនិយាយពាក្យចុងក្រោយទាំងនោះ… ហើយរលាយបាត់ក្នុងសង្គ្រាម។ ព្រោះតែលះបង់ក្នុងករណីផ្ទុះ សូម្បីតែធាតុរបស់ពួកគេក៏មិនអាចត្រឡប់ទៅផ្ទះវិញដែរ។
មនុស្សជាច្រើនប្រហែលជាគិតថា នេះគ្រាន់តែជាភាពខុសគ្នាក្នុងការប្រើពាក្យពេចន៍ ឬឃ្លាប៉ុណ្ណោះ។ ព្រោះប្រសិនបើខ្លួនមិនធ្លាប់ឆ្លងកាត់ ធ្វើយ៉ាងណាអាចយល់ពីអារម្មណ៍ឈឺចាប់នោះ។ ភាពឈឺចាប់របស់អ្នកដែលចាកចេញ មិនអាចសន្យាថានឹងត្រឡប់មកវិញ និងទុក្ខសោករបស់អ្នកដែលនៅរស់។
សម័យកាលបានផ្លាស់ប្តូរ ហើយសព្វថ្ងៃនេះ យើងមានសំណាងណាស់ដែលបានរស់នៅក្នុងសន្តិភាព។
ជារៀងរាល់ថ្ងៃ យើងចាកចេញពីផ្ទះដោយប្រើប្រយោគជាប្រចាំដូចជា “行ってきます”, “行ってらっしゃい” ។
បានត្រឡប់មកវិញដោយសុវត្ថិភាព។
មានផ្ទះដែលអាចត្រឡប់មកវិញ។
មានក្រុមគ្រួសារកំពុងរង់ចាំ។
រឿងដែលហាក់បីដូចជាសាមញ្ញ ប៉ុន្តែបែរជាបង្កប់ទៅដោយសុភមង្គលដ៏ធំធេង។ ហើយដោយសារតែសុភមង្គលនោះ ទើបពាក្យទាំងនេះអាចបន្តបាន។
ដោយសារតែយើងកំពុងរស់នៅក្នុងសម័យកាលសន្តិភាព ដូច្នេះទើបយើងអាចប្រើពាក្យទាំងនេះបាន។
សូម្បីតែប្រជាជនជប៉ុនសព្វថ្ងៃនេះក៏កំពុងភ្លេចអត្ថន័យដ៏ជ្រាលជ្រៅរបស់ពាក្យទាំងនេះបន្តិចម្តងៗដែរ។
ប៉ុន្តែសង្ឃឹមថា យើងនឹងបន្តប្រើប្រាស់ពាក្យពេចន៍ដ៏ស្រស់ស្អាតទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃ ទន្ទឹងនឹងនោះចងចាំពីប្រវត្តិសាស្ត្រ និងការបួងសួងសុំសន្តិភាពដែលបង្កប់នៅពីក្រោយពាក្យពេចន៍ទាំងនេះ។
Abe Kengo
