អាថ៌កំបាំងនៃកម្លាំងរបស់ HONDA​ ស្ថិត​​លើ​​ការ​​ផ្សារ​​ភ្ជាប់​​ជា​​មួយ​សហគមន៍​​ក្នុង​​តំបន់​

​អាថ៌កំបាំង​នៃ​កម្លាំង​របស់ HONDA​ ស្ថិត​លើ​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​សហគមន៍​​ក្នុង​​តំបន់។

ភាពខុសគ្នារវាង HONDA និង TOYOTA ក្នុងសម័យកាលដែលបង្កើតឡើងដោយលោក Honda Soichiro ស្ថិតលើផ្នត់គំនិតដែលបុរសម្នាក់នេះគិតទាក់ទងនឹងការបង្កើតទំនាក់ទំនង​សហគមន៍​ក្នុង​តំបន់។

នៅថ្ងៃនេះ ចូរយើងក្រឡេកមើលឡើងវិញនូវមូលហេតុដែល Honda ទទួលបានការស្រលាញ់ចូលចិត្ត​យ៉ាង​ខ្លាំង។

ស្តាយក្រោយព្រោះតែដាក់ឈ្មោះ​ក្រុមហ៊ុន​តាម​ឈ្មោះរបស់ខ្លួន

គេ​និយាយ​ថាលោក Honda Soichiro ធ្លាប់ស្តាយក្រោយព្រោះតែដាក់ឈ្មោះក្រុមហ៊ុនថា HONDA ។ លោកយល់ឃើញថា សាជីវកម្មគួរតែរួមចំណែកដល់សង្គម ប៉ុន្តែបែរជាយកតាមឈ្មោះរបស់លោក។

ខណៈពេលដែលអាជីវកម្មជាច្រើនទៀតដាក់តាមឈ្មោះរបស់ស្ថាបនិក ដើម្បីបន្តកេរ្តិ៍ឈ្មោះទៅជំនាន់ក្រោយ ដូចជា Toyota ឬ Matsushita Electric (ពីមុនគឺ Panasonic) ក៏ដូច្នេះដែរ។ ប្រហែល​​ជា​គ្មាននរណាមានអារម្មណ៍មិនសុខដូចជាលោកនោះទេ។

តវ៉ាប្រឆាំងនឹងការប្តូរឈ្មោះទីក្រុង

ក្រៅពីនេះ នៅពេលដែលមានសំណើផ្លាស់ប្តូរឈ្មោះតំបន់ លោក Honda Soichiro បានសម្រេចចិត្ត​ជំទាស់។

ស្រដៀងគ្នានឹងរឿងតំបន់ទីស្នាក់ការកណ្តាលរបស់ TOYOTA នៅខេត្ត Aichi ត្រូវបានប្តូរឈ្មោះទៅ​ជា​ទីក្រុង Toyota ភាគីរដ្ឋាភិបាលធ្លាប់បានស្នើប្តូរឈ្មោះទីក្រុង Suzuka ក្នុងខេត្ត Mie – ជាកន្លែង​ដែលដាក់ទីស្នាក់ការកណ្តាលរបស់ HONDA – ទៅជា “ទីក្រុង Honda” ។ ទោះ​ជា​យ៉ាង​ណា លោក​​​បាន​​​ជំទាស់​​យ៉ាង​​ខ្លាំង។

ប្រសិនបើឈ្មោះរបស់ខ្លួន ឬឈ្មោះសាជីវកម្មរបស់ខ្លួនត្រូវបានយកទៅដាក់ឈ្មោះឲ្យតំបន់ទាំង​មូល តើ​​អ្នក​ទាំងអស់គ្នានឹងបដិសេធសំណើបែបនេះដែរទេ?

វាយបំបែកជញ្ជាំងដែលបិទបាំង

មិនត្រឹមតែប៉ុណ្ណឹង លោកថែមទាំងហាមឃាតការសាងសង់ជញ្ជាំងខ្ពស់ព័ទ្ធជុំវិញអគារស្រាវជ្រាវ និង​អភិវឌ្ឍ​ផង​ដែរ។ តាមគំនិតរបស់លោក សម្លឹងមើលពីខាងក្រៅ ជញ្ជាំងទាំងនោះបង្កើតបានជា​អារម្មណ៍​ឯកោ និងកាត់បន្ថយទំនាក់ទំនងជាមួយសង្គមជុំវិញ។ បើមើលពីខាងក្នុង ជញ្ជាំង​ទាំងនោះប្រៀបដូចជាគុកសម្រាប់បុគ្គលិក។

ក្រៅពីនេះ លោក Honda Soichiro ក៏បានណែនាំផងដែរថា តំបន់ជុំវិញអគាររបស់ក្រុមហ៊ុនត្រូវតែបំភ្លឺរហូតដល់ថ្នាក់យានជំនិះដែលបើកបរនៅពេលយប់មិនចាំបាច់បើកភ្លើងមុខនោះទេ។ ទោះបីជាថ្លៃអគ្គិសនីមិនតិចនោះទេ ប៉ុន្តែលោកជឿជាក់ថា នោះជារឿងដែលចាំបាច់ដើម្បីបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនក្នុងតំបន់។

ជំរុញសេដ្ឋកិច្ចក្នុងតំបន់៖ “សូមចេញទៅក្រៅចំណាយប្រាក់!”

ជាទូទៅ អគារសាជីវកម្មធំៗសុទ្ធតែមានអាហាររដ្ឋាន និងកន្លែងលក់ទំនិញនៅខាងក្នុង ប៉ុន្តែលោកមិនបានអនុញ្ញាតឲ្យសាងសង់កន្លែងទាំងនោះឡើយ លោកតែងតែប្រាប់បុគ្គលិកថា៖

  • “សូមចេញទៅក្រៅចំណាយប្រាក់ ហើយធ្វើឲ្យដងផ្លូវមានភាពមមាញឹកឡើង!”

លោក Honda Soichiro ក៏តែងតែយកប្រាក់ផ្ទាល់ខ្លួនឲ្យបុគ្គលិក ហើយបានប្រាប់ពួកគេឲ្យចេញ​ទៅ​ផឹកនៅតាម​​ហាង​ក្នុង​ទីក្រុង។ ចំណុច​នេះ​មិនត្រឹមតែជួយដល់សេដ្ឋកិច្ចមូលដ្ឋាន​អភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងចេញពីទស្សនៈដែលថា៖ “ការវាយតម្លៃដ៏ស្មោះត្រង់បំផុតអាចស្តាប់ឮតែនៅតាម​ដង​ផ្លូវ​នា​ពេល​យប់​ប៉ុណ្ណោះ” ។

ទស្សនៈនេះនៅជាមួយនឹងសហគមន៍ក្នុងតំបន់

នៅពេលដែលអាជីវកម្មកាន់តែរីកចម្រើន ប្រាក់ចំណូលកើនឡើង ប្រាកដជាមានការរិះគន់ដែល​កើត​ចេញពីការច្រណែនឈ្នានីស។ អាជីវកម្មធម្មតានឹងជ្រើសយកមធ្យោបាយមិនអើពើ ដើម្បី​ឆ្ពោះ​ទៅ​មុខ ប៉ុន្តែផ្ទុយទៅវិញ លោក Honda Soichiro បែរជាទទួលយកទាំងអស់ ហើយបង្កើត​ទស្សនៈ​អាជីវកម្មនៅជាមួយសហគមន៍ក្នុងតំបន់។

ទាក់ទងនឹងលទ្ធផលអាជីវកម្ម TOYOTA មានទ្រង់ទ្រាយធំជាង។ ទោះជាយ៉ាងណា ទន្ទឹមនឹងនោះ ផ្នត់គំនិត និងទស្សនៈរបស់ HONDA ក៏​ជា​មាគ៌ា​មួយ​ដែល​អាជីវកម្ម​ផ្សេង​ទៀត​គួរ​តែ​យកតម្រាប់​​តាម​ផង​​ដែរ។

តើអ្នកទាំងអស់គ្នាគិតយ៉ាងណាចំពោះទស្សនៈរបស់ HONDA ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: