ជប៉ុនជួបបញ្ហាជាច្រើនទាក់ទងនឹងជនបរទេស។ កំហុស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ

ជប៉ុនជួប​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ជន​បរទេស។ កំហុស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

កាលពីមុន ប្រទេសជប៉ុន​ជាកន្លែងដែលជនបរទេសអាចស្វែងរកការងារធ្វើបានយ៉ាងងាយ និងមានទំនាក់ទំនងល្អជាមួយអ្នកស្រុក។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ក្រុមអ្នកដែលស្អប់ជនបរទេស​កំពុង​កើន​ឡើង ដែល​បង្កើត​ឲ្យ​មាន​គម្លាត​យ៉ាង​ជ្រៅ​រវាង​ប្រជាជន​ជប៉ុន និង​ជនបរទេស។

មូលហេតុចម្បងនៃស្ថានភាពនេះស្ថិតលើរដ្ឋាភិបាលជប៉ុន។

ចូរយើងបន្តតាមដានខ្លឹមសារអត្តបទដើម្បីយល់កាន់តែច្បាស់អំពីបញ្ហានេះទាំងអស់គ្នា។

បញ្ហាបន្ទាន់នាពេលបច្ចុប្បន្ននេះគឺទោះបីជាស្ថានភាពជាក់ស្តែងជនបរទេសប្រព្រឹត្តបទល្មើស ប៉ុន្តែ​បែរ​ជា​មិន​ត្រូវ​ចោទ​ប្រកាន់​ទៅ​វិញ។

ជប៉ុនជាប្រទេសដែលគោរពច្បាប់ ហើយអ្នកដែលប្រព្រឹត្តបទល្មើសនឹងត្រូវចាប់ខ្លួន ប៉ុន្តែជាក់ស្តែង សេចក្តីសម្រេចចំពោះជនបរទេសមានទំនោរធូរស្រាលរហូតដល់ថ្នាក់មិននឹកស្មាន។

នៅប្រទេសជប៉ុន ចំនួនករណីបទល្មើសដែលបង្កឡើងដោយជនបរទេសកំពុងកើនឡើង។ បច្ចុប្បន្ន​នេះ បើគិតទៅលើសញ្ជាតិ ពិតជាគួរឲ្យសោកស្តាយណាស់ដែលត្រូវនិយាយថា ជនល្មើសដែល​ជា​ជនជាតិវៀតណាមកំពុងកើនឡើងយ៉ាងខ្លាំង ដែលមានចំនួន ៣២,៦% នៃករណីបទល្មើស​ដែល​បង្កឡើងដោយជនបរទេស។ ជាប់ចំណាត់ថ្នាក់លេខពីរគឺជនជាតិចិនមានចំនួន ១៦,១% ។

អ្វីដែលគួរឲ្យកត់សម្គាល់ត្រង់ថា សហគមន៍ចិននៅក្នុងប្រទេសជប៉ុនមានចំនួនប្រហែល ៩៣០,០០០ នាក់ ខណៈ​ដែលសហគមន៍វៀតណាមមានចំនួនប្រហែល ៦៦០,០០០ នាក់។ ដូច្នេះចំនួន​នេះ​បាន​ធ្វើ​ឲ្យសង្គមជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំង។

ទោះជាយ៉ាងណា លក្ខណៈនៃបទល្មើសបែរជាមានភាពខុសគ្នាទៅវិញ។

ករណីដែលពាក់ព័ន្ធនឹងជនជាតិវៀតណាមភាគច្រើនគឺបទល្មើសលួច ធ្វើការលើសម៉ោង ឬការស្នាក់​នៅ​ខុស​ច្បាប់។

ទន្ទឹមនឹងនោះ ករណីជាច្រើនរបស់ជនជាតិចិនបែរជាពាក់ព័ន្ធនឹងបទល្មើសលួចចូលផ្ទះ ឬបទល្មើស​ជា​ក្រុម។ អាចនិយាយបានថា ជនជាតិវៀតណាមមានចំនួនករណីប្រព្រឹត្តបទល្មើសខ្ពស់ជាង ប៉ុន្តែ​កម្រិត​បទ​ល្មើស​ធ្ងន់​ធ្ងរ​របស់​ជន​ជាតិចិនបែរជាខ្ពស់ជាង។

ក្រៅពីនេះ ក្នុងសង្គមជប៉ុនបច្ចុប្បន្នកំពុងផ្សព្វផ្សាយគំនិតមួយដែលថា បន្ទាប់ពីត្រូវប៉ូលីសចាប់ខ្លួន នៅទីបំផុតជនបរទេសជាច្រើនបែរជាមិនត្រូវចោទប្រកាន់ឡើយ។

ចំណុចនេះក៏មានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងយន្តការសកម្មភាពរបស់ប៉ូលីសផងដែរ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យ ប៉ូលីសត្រូវប្រមូលភស្តុតាងដើម្បីបន្តដំណើរការចោទប្រកាន់។ ប៉ុន្តែដោយសារតែកង្វះខាតអ្នកបកប្រែយ៉ាងធ្ងន់ធ្ងរ ដូច្នេះដំណើរការស៊ើបអង្កេតចំពោះជនបរទេសច្រើន​តែអូសបន្លាយពេល ឬភស្តុតាងមិនគ្រប់សម្រាប់ការចោទប្រកាន់។

លទ្ធផលនៅតាមតំបន់ដូចជាទីក្រុង Kawaguchi ក្នុងខេត្ត Saitama ចំនួនជនជាតិ Kurd ស្នាក់នៅដោយខុសច្បាប់កើនឡើងយ៉ាងឆាប់រហ័ស ហើយស្ថានភាពសន្តិសុខនៅក្នុងតំបន់ចាប់ផ្តើមធ្លាក់​ចុះ ដែលបណ្តាលឲ្យអ្នកស្រុកកាន់តែមានការ​ព្រួយ​បារម្ភ​។

ទោះជាយ៉ាងណា ប្រសិនបើពិនិត្យមើលដោយយុត្តិធម៌ភាគច្រើនករណី “បទល្មើសដែលបង្កឡើងដោយជនបរទេស” ជាក់ស្តែងទាក់ទងនឹងបញ្ហាស្នាក់នៅ ឬបំពានលើការងារ។ ប្រសិនបើពិចារណា​ទៅលើបទល្មើសព្រហ្មទណ្ឌធម្មតា នោះអត្រាប្រព្រឹត្តបទល្មើសរបស់ជនបរទេសមិនខុសគ្នា​ប៉ុន្មាន​ទេ​បើ​ប្រៀប​នឹង​ជន​ជាតិ​ជប៉ុន។

អាចនិយាយបានថា មិនមែន​ជនបរទេស​ទាំងអស់​សុទ្ធតែ​មាន​គ្រោះថ្នាក់ ឬប្រព្រឹត្ត​បទល្មើសនោះទេ។

បញ្ហាត្រង់ថា ប្រព័ន្ធផ្សព្វផ្សាយជប៉ុនច្រើនតែផ្សព្វផ្សាយទាក់ទងនឹងករណីដែលបង្កឡើងដោយ​ជន​បរទេស សូម្បី​តែ​ករណី​ដែល​តូច​តាច​ក៏​ដោយ។

ចំណុចនេះបានបង្កើតឲ្យមានអារម្មណ៍ដោយអចេតនាថា “ជនបរទេសកំពុងធ្វើឲ្យប្រទេសជប៉ុនគ្មាន​សុវត្ថិភាព” ។

ហើយនោះជាអ្វីដែលធ្វើឲ្យមនុស្សជាច្រើនយល់ច្រឡំ។

ភាគច្រើនជនបរទេសនៅប្រទេសជប៉ុនសុទ្ធតែរស់នៅដោយត្រឹមត្រូវ។

ប្រជាជនវៀតណាមក៏ដូច្នេះដែរ ភាគច្រើនសុទ្ធតែខិតខំប្រឹងប្រែងធ្វើការ ផ្ញើប្រាក់ទៅឲ្យគ្រួសារ និង​ព្យាយាម​ធ្វើ​ឲ្យ​ជីវភាព​មាន​ស្ថិរភាព។

ទោះជាយ៉ាងណា គ្រាន់តែមនុស្សមួយក្រុមតូចប្រព្រឹត្តបទល្មើស បណ្តាញសង្គមនឹងផ្សព្វផ្សាយយ៉ាង​ទូលំ​ទូលាយ ហើយនៅទីបំផុតសហគមន៍វៀតណាមទាំងមូលត្រូវសម្លឹងមើលដោយក្រសែភ្នែកអវិជ្ជមាន។

លទ្ធផលរដ្ឋាភិបាលជប៉ុនចាប់ផ្តើមចង់រឹតបន្តឹងបទប្បញ្ញត្តិទទួលយកពលករបរទេសក្រោមទម្រង់​ជំនាញ​កម្រិត​ខ្ពស់។

បច្ចុប្បន្ននេះ ជនជាតិវៀតណាមមានចំនួន ៤៤% នៃចំនួនពលករជំនាញកម្រិតខ្ពស់នៅប្រទេស​ជប៉ុន។

ឥណ្ឌូនេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ ប៉ុន្តែ​មាន​ប្រមាណជា ២០% ប៉ុណ្ណោះ។

អាចនិយាយបានថា ឧស្សាហកម្មជាច្រើនក្នុងប្រទេសជប៉ុនកំពុងពឹងផ្អែកលើកម្លាំងពលកម្ម​វៀត​ណាម។

ក្នុង​បរិបទប្រាក់​យ៉េនធ្លាក់ថ្លៃ និង​កង្វះ​ខាត​កម្លាំង​ពលកម្ម​យ៉ាង​ធ្ងន់ធ្ងរ ពលករទាំងនោះមាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សេដ្ឋកិច្ច​ជប៉ុន។ ប៉ុន្តែ​ដោយ​សារ​តែ​ចំណុច​ខ្វះ​ខាត​ក្នុង​គោលនយោ​បាយ និងព័ត៌មានញុះញង់ពីប្រព័ន្ធផ្សព្វផ្សាយ បរិយាកាស​សង្គម​កំពុង​ផ្លាស់ប្តូរ​ទៅរកទិសដៅ​អវិជ្ជមាន​បន្តិច​ម្តងៗ​។

អ្វីដែលធ្វើឲ្យប្រជាជនជប៉ុនជាច្រើនមានប្រតិកម្មយ៉ាងខ្លាំងគឺថា នៅពេលវេលាដ៏រសើបនេះ រដ្ឋាភិបាល​បែរជាប្រកាសថាចង់បង្កើនការទទួលយកជនអន្តោប្រវេសន៍មកពីប្រទេសអាហ្វ្រិក។

ហេតុអ្វីបានជាជ្រើសយកប្រទេសអាហ្វ្រិក?

រដ្ឋាភិបាលស្ទើរតែមិនបានផ្តល់ការពន្យល់ច្បាស់លាស់ណាមួយឡើយ។

លទ្ធផលរលកនៃការតវ៉ាយ៉ាងខ្លាំងបានផ្ទុះឡើង ហើយផែនការត្រូវផ្អាកជាបណ្ដោះអាសន្ន។

ឥឡូវនេះប្រជាជនជប៉ុនមានអារម្មណ៍ថា ពួកគេលែងយល់ទៀតហើយថា រដ្ឋាភិបាលចង់ឲ្យប្រទេស​ដើរ​តាម​ទិស​ដៅ​ណា។

ជាក់ស្តែងបង្ហាញថា សូម្បីតែនៅអឺរ៉ុប មានប្រទេសតិចណាស់ដែលទទួលបានជោគជ័យទាំងស្រុងជាមួយនឹងគោលនយោបាយអន្តោប្រវេសន៍។

ប៉ុន្តែប្រទេសជប៉ុនបែរជាកំពុងស្ថិតក្នុងស្ថានភាពលំបាក សេដ្ឋកិច្ចត្រូវការកម្លាំងពលកម្មបរទេស​ដើម្បីបន្តដំណើរការ ខណៈដែលសង្គមបែរជាកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះ​បញ្ហា​សន្តិសុខ និង​វប្បធម៌។

ហើយក្នុងចំណោមភាពវឹកវរនោះ ចំណុចដែលទទួលបានការរិះគន់ច្រើនបំផុតស្ថិតលើកង្វះខាតក្នុងគោលនយោបាយរបស់រដ្ឋាភិបាល និងការបំផ្លើសឥតឈប់ឈររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីករណី​ដែល​ពាក់​ព័ន្ធ​នឹង​ជន​បរទេស។

ដើមឡើយ ការប្រព្រឹត្តបទល្មើសជាសកម្មភាពខុសឆ្គង មិនត្រឹមតែប៉ុណ្ណឹង ការប្រព្រឹត្តបទល្មើសនៅក្រៅប្រទេសកាន់តែបង្កឲ្យមាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត។ មិនត្រឹមតែជនល្មើស​ត្រូវ​ទទួល​ខុសត្រូវប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋដែលមានសញ្ជាតិដូចគ្នាក៏រងផលប៉ះពាល់ផង​ដែរ ត្រូវ​​គេ​​មើល​​ងាយ និង​រើស​អើង។

នោះហើយជាមូលហេតុដែលជនបរទេសជាច្រើនដែលកំពុងរស់នៅ និងធ្វើការយ៉ាងឧស្សាហ៍ព្យាយាម​នៅ​ក្នុង​ប្រទេស​ជប៉ុន កំពុងតែជួបការលំបាកកាន់តែខ្លាំងឡើង។

ជនបរទេសដែលមកធ្វើការ និងរស់នៅក្នុងប្រទេសជប៉ុន ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តច្បាប់ និងគោរពសង្គមជប៉ុន។ ម្យ៉ាងវិញទៀត ភាគីជប៉ុនត្រូវកសាងប្រព័ន្ធដែលមានយុត្តិធម៌​ជាង​នេះ ដោយទទួលយកតែអ្នកដែលប្រាកដប្រជា ក្នុងពេលជាមួយគ្នានេះ ដោះស្រាយបទល្មើស​ដោយ​តម្លាភាព និងយុត្តិធម៌។ បើមិនដូច្នោះទេ ទោះបីជារស់នៅក្នុងសង្គមតែមួយក៏ដោយ គម្លាត​រវាង​ប្រជាជន​ជប៉ុន និង​ជន​បរទេស​នឹង​បន្ត​ធំ​ជាង​មុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: