លក្ខណៈពិសេសទាំង ៨ ចំណុចដែលមានតែនៅម៉ាតលក់ទំនិញជប៉ុនប៉ុណ្ណោះ
លក្ខណៈពិសេសទាំង ៨ ចំណុចដែលមានតែនៅម៉ាតលក់ទំនិញជប៉ុនប៉ុណ្ណោះ។
ម៉ាតលក់ទំនិញរបស់ជប៉ុន (Konbini) ជាទូទៅតែងតែត្រូវបានជនបរទេសសរសើរព្រោះតែមានទំនិញច្រើនប្រភេទ និងគុណភាពបាយប្រអប់យ៉ាងពិសេសផងដែរ។ ទោះជាយ៉ាងណា មានតែរស់នៅប្រទេសជប៉ុនប៉ុណ្ណោះ ទើបយើងដឹងពីភាពងាយស្រួលរបស់ម៉ាតលក់ទំនិញទាំងនេះ។
សេវាកម្មពិសេស និងផ្តល់ភាពងាយស្រួលទាំងនេះពិបាកនឹងរកឃើញនៅម៉ាតលក់ទំនិញនៅបណ្តាប្រទេសផ្សេងទៀតណាស់។
នៅថ្ងៃនេះ ចូរយើងស្វែងយល់ពីភាពងាយស្រួលនៃម៉ាតលក់ទំនិញរបស់ជប៉ុន។
ត្រូវការដកប្រាក់មែនទេ? សូមទៅកាន់ហាង Konbini !
ភាគច្រើនម៉ាតលក់ទំនិញ Konbini នៅប្រទេសជប៉ុនសុទ្ធតែមានដំឡើងម៉ាស៊ីន ATM ក្នុងហាង។ នៅក្រៅប្រទេស ម៉ាសុីន ATM ច្រើនតែដាក់នៅខាងក្រៅ មិនមានអ្នកគ្រប់គ្រង ប៉ុន្តែនៅជប៉ុន ម៉ាសុីនត្រូវបានដាក់នៅខាងក្នុងហាង។ ដោយសារតែនៅក្នុងហាង ដូច្នេះមានម៉ាស៊ីនត្រជាក់ ហើយអ្វីដែលពិសេសជាងនេះទៅទៀត ប្រសិនបើម៉ាស៊ីនដំណើរការខុសប្រក្រតី អាចទាក់ទងនឹងបុគ្គលិកហាងភ្លាមៗ – ជាចំណុចដែលផ្តល់ទំនុកចិត្តខ្ពស់។
ចង់ថតចម្លង ឬស្កេនឯកសារមែនទេ? សូមទៅកាន់ហាង Konbini !
នៅជប៉ុនមានហាងលក់ទំនិញជាច្រើនមានបំពាក់ម៉ាស៊ីនព្រីនពហុមុខងារដែលភ្ជាប់អុីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតចម្លង ឬស្កេនឯកសារ។
អ្នកប្រើអាចយកតាមដ្រាយ USB ឬផ្ទុកឯកសារនៅលើអុីនធឺណេតមុន ហើយថតចម្លងដោយមិនចាំបាច់ត្រូវការឧបករណ៍ផ្ទុកទិន្នន័យនោះទេ។ មិនត្រឹមតែព្រីនលើក្រដាសធម្មតាប៉ុណ្ណោះទេ ម៉ាសុីនថែមទាំងមានមុខងារព្រីនរូបថតដែលមានគុណភាពខ្ពស់ផងដែរ។
កំពុងស្វែងរកសំបុត្រប្រគំតន្ត្រីមែនទេ? សូមទៅកាន់ហាង Konbini !
ម៉ាស៊ីនព្រីនពហុមុខងារដែលបានរៀបរាប់ខាងលើថែមទាំងអាចប្រើសម្រាប់ទិញសំបុត្រប្រគំតន្ត្រីផងដែរ។ ដោយគ្រាន់តែជ្រើសរើសប្រភេទសំបុត្រដែលអ្នកចង់ទិញ ហើយអាចទូទាត់នៅកន្លែងបញ្ជរបាន។
ក្រៅពីនេះ ដោយផ្អែកលើមុខងារព្រីនរូបថតដែលមានគុណភាពខ្ពស់ ដូច្នេះអ្នកក៏អាចទិញ និងព្រីនរូបថតរបស់ idol ដែលអ្នកចូលចិត្តនៅទីនោះផងដែរ។
ព្រីនឯកសារអត្តសញ្ញាណប័ណ្ណមែនទេ? សូមទៅកាន់ហាង Konbini !
កាលពីមុនមានឯកសារជាច្រើនប្រភេទត្រូវទៅកាន់ការិយាល័យរដ្ឋបាលទើបយកបាន ឥឡូវនេះអាចទូទាត់ប្រាក់ និងទទួលដោយផ្ទាល់នៅតាមហាង Konbini ។
ហើយជាការពិតណាស់ នៅតែប្រើម៉ាសុីនពហុមុខងារខាងលើ។
ផ្ញើទំនិញមែនទេ? សូមទៅកាន់ហាង Konbini !
នៅពេលដែលអ្នកចង់ផ្ញើទំនិញ អំណោយទៅកាន់មិត្តភក្តិ អ្នកអាចប្រើប្រាស់សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តនៅហាង នៅជប៉ុនហាង Konbini មានទាំងសេវាកម្មនេះ។ អ្នកផ្ញើមិនចាំបាច់បារម្ភអំពីបញ្ហាយកកញ្ចប់អីវ៉ាន់ទៅកាន់ការិយាល័យប្រៃសណីយ៍ក្នុងអំឡុងពេលម៉ោងធ្វើការទៀតឡើយ។
ទូទាត់វិក្កយបត្រប្រើប្រាស់មែនទេ? សូមទៅកាន់ហាង Konbini !
ភាគច្រើនវិក្កយបត្រដូចជាអគ្គិសនី ឧស្ម័ន ទឹក ឬសូម្បីតែពន្ធសុទ្ធតែអាចទូទាត់នៅទីនេះបាន។ មិនចាំបាច់ចំណាយពេលទៅកាន់ធនាគារ ឬការិយាល័យរដ្ឋបាលនោះទេ។
ទិញធានារ៉ាប់រងមែនទេ? សូមទៅកាន់ហាង Konbini !
ថ្វីត្បិតតែមិនមែនទាំងអស់ក៏ដោយ ប៉ុន្តែគ្រប់ប្រភេទធានារ៉ាប់រងដូចជាធានារ៉ាប់រងរថយន្ត ម៉ូតូ កង់ ឬធានារ៉ាប់រងដំណើរកម្សាន្តសុទ្ធតែអាចរកទិញបានតាមរយៈម៉ាស៊ីនព្រីនពហុមុខងារដែលបានណែនាំមុននោះ។
ទទួលទំនិញដែលបានទិញ? សូមទៅកាន់ហាង Konbini !
នៅជប៉ុនគេហទំព័រទិញទំនិញអនឡាញធំៗសុទ្ធតែមានជម្រើសទទួលទំនិញនៅហាង Konbini ។ សម្រាប់អ្នកដែលមមាញឹកមិនអាចទទួលទំនិញនៅពេលថ្ងៃបាន ពួកគេអាចជ្រើសយកការដឹកជញ្ជូនទៅកាន់ហាងដែលនៅក្បែរផ្ទះ ហើយឈានចូលទៅយកតាមផ្លូវត្រឡប់មកពីធ្វើការ។
នៅប្រទេសជប៉ុន ហាងលក់ទំនិញបានក្លាយជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ជាកន្លែងដែលអាចឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃ។
ម្យ៉ាងវិញទៀត ហាងទាំងនេះបើកទ្វារ ២៤/៧ និង ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ។ ដោយមានហាងជាង ៥ ម៉ឺនកន្លែងនៅទូទាំងប្រទេសជប៉ុន ដោយគ្រាន់តែដើរប៉ុន្មានជំហាននឹងមើលឃើញភ្លាម។
នៅតំបន់ជនបទ Konbini ថែមទាំងមានបន្ទប់ទឹកដែលមានអនាម័យ ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។
ទន្ទឹមនឹងនោះ ហាងនីមួយៗថែមទាំងកែលម្អសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់។ កន្លែងខ្លះថែមទាំងមានសេវាកម្មលក់បាយប្រអប់ដែលចម្អិនដោយផ្ទាល់ក្នុងផ្ទះបាយរបស់ហាង។ ប្រអប់បាយក្តៅ និងឆ្ងាញ់ទាំងនោះធ្វើឲ្យអ្នកមានអារម្មណ៍ថា មិនចាំបាច់ទៅកាន់ហាងលក់អាហារខាងក្រៅទៀតឡើយ។
ដើមឡើយ Seven Eleven ជាអាជីវកម្មអាមេរិក ប៉ុន្តែបច្ចុប្បន្ននេះជាកម្មសិទ្ធិរបស់សាជីវកម្មជប៉ុន ដូច្នេះជាក់ស្តែងស្ទើរតែជាសាជីវកម្មជប៉ុនទាំងស្រុង។
ម៉ាតលក់ទំនិញជប៉ុននៅលើពិភពលោកកាន់តែច្រើនឡើង ប៉ុន្តែសេវាកម្មផ្តល់ភាពងាយស្រួលនៅតែមិនទាន់ដូចជាហាងលក់ទំនិញនៅជប៉ុននោះទេ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា ជនបរទេសដែលកំពុងធ្វើការនៅក្នុងហាង konbini នៅជប៉ុន។ ពិតជាគួរឲ្យកោតសរសើរណាស់ដែលពួកគេអាចដោះស្រាយបន្ទុកការងារដ៏ស្មុគស្មាញបែបនេះ។
អាស្រ័យលើហាង កន្លែងខ្លះមានបារីជាង ២០០ ប្រភេទខុសៗគ្នា។ ទោះបីជាត្រូវបានគ្រប់គ្រងដោយលេខក៏ដោយ ប៉ុន្តែអតិថិជនច្រើនតែហៅឈ្មោះផលិតផល ប្រសិនបើមិនចាំពិបាកនឹងធ្វើការណាស់។
និយាយឲ្យត្រង់ទៅ សូម្បីតែជនជាតិជប៉ុនក៏យល់ថារឿងនេះហត់នឿយដែរ។
មិនដឹងថានៅពេលណាទើបកម្លាំងពិតរបស់ហាង Konbini ជប៉ុនមាននៅទូទាំងពិភពលោកនោះទេ?
ខ្ញុំកំពុងរស់នៅប្រទេសវៀតណាម ហើយក៏រំពឹងទុកថាចំណុចទាំងនេះអាចនឹងរីកចម្រើន។
Abe Kengo
