សុន្ទរកថាដ៏មានអត្ថន័យរបស់នាយករដ្ឋមន្ត្រី Takaichi ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម
សុន្ទរកថាដ៏មានអត្ថន័យរបស់នាយករដ្ឋមន្ត្រី Takaichi ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម។
ថ្មីៗនេះ ដូចដែលបានចុះផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយ នាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅដើមខែឧសភា ឆ្នាំ២០២៦ ។ នៅទីនោះ លោកស្រីបានថ្លែងសុន្ទរកថាដ៏គួរឲ្យចាប់អារម្មណ៍មួយ។
សេចក្តីថ្លែងការណ៍របស់លោកស្រី រួមទាំងការបារម្ភ និងការគោរពចំពោះភាគីវៀតណាម ដែលបង្ហាញថា ទំនាក់ទំនងទ្វេភាគីនឹងកាន់តែស៊ីជម្រៅបន្ថែមទៀតនាពេលអនាគត។
ទោះជាយ៉ាងណា នៅពីក្រោយរឿងនោះ បង្កប់យុទ្ធសាស្ត្រដ៏គួរឲ្យកត់សម្គាល់របស់ជប៉ុន។
នៅក្នុងសុន្ទរកថានៅសាកលវិទ្យាល័យជាតិហាណូយ លោកស្រី Takaichi បានលើកឡើងដូចខាងក្រោម៖
- “កាសឥតខ្សែដែលកំពុងបង្កព្យុះភ្លៀងនៅលើពិភពលោក ឬម៉ាសុីនលេងហ្គេមដែលពេញនិយមយ៉ាងខ្លាំង។ តើអ្នកទាំងអស់គ្នាដឹងទេថាវាត្រូវបានផលិតនៅកន្លែងណាដែរទេ?
ចម្លើយគឺប្រទេសវៀតណាម។
ទោះជាយ៉ាងណា បច្ចេកវិទ្យាផលិតគ្រឿងបន្លាស់ដែលសំខាន់ៗទាំងនោះមានតែប្រទេសជប៉ុនប៉ុណ្ណោះទើបមាន។
អាចនិយាយបានថា នៅពេលដែលសមត្ថភាពផលិតកម្មរបស់វៀតណាមរួមបញ្ចូលជាមួយនឹងកម្លាំងបច្ចេកវិទ្យាដ៏ខ្លាំងរបស់ជប៉ុន យើងកំពុងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។
ទោះបីជាការវិនិយោគរបស់អាជីវកម្មជប៉ុនមិនបង្ហាញឲ្យឃើញដូចជាអាជីវកម្មមកពីប្រទេសផ្សេងទៀតក៏ដោយ ប៉ុន្តែមានជាង ២០០០ អាជីវកម្មដំណើរការនៅប្រទេសវៀតណាម។ យើងបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការរីកចម្រើនជាមួយគ្នា រួមទាំងវិស័យអភិវឌ្ឍន៍អវកាសផងដែរ។”
លោកស្រីបានបង្ហាញពីទំនាក់ទំនងសុីជម្រៅរវាងវៀតណាម – ជប៉ុនទៅកាន់សិស្សានុសិស្ស ហើយបានបញ្ចប់សុន្ទរកថាដោយប្រើប្រយោគដ៏ល្បីមួយក្នុងរឿង anime Uchuu Kyodai (បងប្អូនអវកាសយានិក) ៖
“ប្រសិនបើមានការសង្ស័យ សូមជ្រើសយកផ្លូវដែលរីករាយបំផុត!”
ក្នុងបរិបទដែលប្រទេសចិន និងកូរ៉េខាងត្បូងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច រួមជាមួយនឹងការពង្រឹងគោលនយោបាយប្រឆាំងជប៉ុន រដ្ឋាភិបាលជប៉ុនកំពុងរក្សាគម្លាតជាមួយពួកគេ។
ក្នុងវិស័យផលិតផលិតផលពាក់កណ្តាលចម្លង ទោះបីជាប្រទេសទាំងពីរមានសមត្ថភាពផលិតក៏ដោយ ប៉ុន្តែដំណើរការផលិតត្រូវតែមានបច្ចេកវិទ្យា ម៉ាសុីន និងសម្ភារៈពីប្រទេសជប៉ុន ដូច្នេះស្ថានភាពលំបាករបស់ពួកគេកាន់តែមើលឃើញយ៉ាងច្បាស់។
ទោះជាយ៉ាងណា ដើម្បីរក្សាតុល្យភាពនៃសេដ្ឋកិច្ចពិភពលោក ការបង្កើនសមត្ថភាពផលិតកម្មពិតជាសំខាន់ណាស់ ប៉ុន្តែប្រទេសជប៉ុនតែម្នាក់ឯងមិនមានកម្លាំងគ្រប់គ្រាន់នោះទេ។
ប្រសិនបើវៀតណាម និងជប៉ុនសហការគ្នា អាចបង្កើតក្រុមដែលខ្លាំងបំផុត។
នោះជាអ្វីដែលនាយករដ្ឋមន្ត្រី Takaichi ចង់បង្ហាញ។
ក្នុងពិធីជប់លៀងពេលយប់ លោកស្រីនាយករដ្ឋមន្ត្រី Takaichi ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានលើកកែវអបអរសាទរ។ បន្ទាប់ពីលើកកែវ លោកស្រីមិនបានផឹកភ្លាមៗនោះទេ ប៉ុន្តែបានរង់ចាំនាយករដ្ឋមន្ត្រី Le Minh Hung បញ្ចប់ការលើកកែវអបអរសាទរជាមួយថ្នាក់ដឹកនាំផ្សេងទៀតដែលនៅក្បែរនោះ។
សកម្មភាពនេះបង្ហាញពីការគោរពចំពោះភាគី និងឲ្យតម្លៃចំពោះទំនាក់ទំនងស្មើភាពគ្នា។
ក្រៅពីនេះ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Le Minh Hung ភាគីទាំងពីរបានឯកភាពគ្នាជាប់លាប់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជាថាមពល រ៉ែសំខាន់ៗ បញ្ញាសិប្បនិម្មិត (AI) សារធាតុពាក់កណ្តាលចម្លង អវកាស និងកសិកម្ម។
ជាពិសេស សម្រាប់គម្រោងដំបូងនៃគំនិតផ្តួចផ្តើម “ដៃគូបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពល និងធនធានអាស៊ី (Power Asia)” ភាគីទាំងពីរបានសម្រេចចិត្តគាំទ្រការផ្គត់ផ្គង់ប្រេងឆៅដល់រោងចក្រចម្រាញ់ប្រេង Nghi Son – ជាកន្លែងដែលអាជីវកម្មជប៉ុន Idemitsu មានភាគហ៊ុន។
ក្រៅពីនេះ ភាគីជប៉ុនក៏បានលើកឡើងពីបញ្ហាជាច្រើនជាមួយវៀតណាមផងដែរ ដូចជាការបញ្ជាក់ឲ្យច្បាស់អំពីយន្តការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងការគ្រប់គ្រង និងរឹតបន្តឹងគេហទំព័រដែលថតចម្លងសៀវភៅរឿងគំនូរជីវចលជប៉ុនដោយខុសច្បាប់។
ដើម្បីជម្រុញបន្ថែមនូវទំនាក់ទំនងសហប្រតិបត្តិការ ជប៉ុនក៏បានបង្ហាញពីគោលបំណងចង់ឲ្យលោក To Lam ដែលជាអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងឆ្នាំនេះ។
បើប្រៀបធៀបទៅនឹងកាលពីមុន នៅពេលដែលប្រទេសជប៉ុនតែងតែរក្សាអាកប្បកិរិយាប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនឹងបណ្តាប្រទេសធំក្នុងតំបន់ លើកនេះវិធីសាស្រ្តត្រូវបានចាត់ទុកថាច្បាស់លាស់ និងដោយផ្ទាល់ជាងមុន។
ក្នុងបរិបទនៃការប្រកួតប្រជែងសកលកាន់តែខ្លាំងឡើង ទាំងវៀតណាម និងជប៉ុនសុទ្ធតែយល់ឃើញថា ពិបាកនឹងរីកចម្រើនតែម្នាក់ឯង។ ទោះជាយ៉ាងណា ប្រសិនបើអាចជួយគ្នាទៅវិញទៅមក ប្រទេសទាំងពីរពិតជាអាចបង្កើតទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយចីរភាព និងមានឥទ្ធិពល។
ដូច្នេះ អនាគតនៃទំនាក់ទំនងរវាងវៀតណាម – ជប៉ុនត្រូវបានគេរំពឹងថានឹងឈានចូលណាក់កាលអភិវឌ្ឍន៍ថ្មីមួយដែលកាន់តែស៊ីជម្រៅ និងជាក់ស្តែងជាងមុន។
Abe Kengo
