កង់ដេលបានបាត់ និងលទ្ធផលដែលមិននឹកស្មាន

កង់ដែលបានបាត់ និង​លទ្ធផល​ដែល​មិន​នឹក​ស្មាន។

ជប៉ុនត្រូវបានគេចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ នោះជាអ្វីដែលជនបរទេសជាច្រើនបានទទួលស្គាល់ ហើយក៏ជាមោទនភាពសម្រាប់ប្រជាជនជប៉ុនផងដែរ។ ប៉ុន្តែតើនឹងទៅជាយ៉ាង​ណា​នៅ​ពេល​ដែល​សុវត្ថិភាព​នោះ​ត្រូវ​គំរាមកំហែង​? តើ​ប្រជាជន​ជប៉ុន​មាន​ប្រតិកម្ម​យ៉ាង​ណា?

លើកនេះជារឿងរ៉ាវនិយាយពីសកម្មភាពរបស់អ្នកប្រើប្រាស់បណ្តាញសង្គមជប៉ុនបានសហការគ្នាជួយជនបរទេសដែលមិនស្គាល់ម្នាក់។ ហើយលទ្ធផលចុងក្រោយពិតជាមិននឹកស្មាននោះទេ។

រឿងហេតុនេះបានកើតឡើងនៅឆ្នាំ ២០០២ ។

លោក Steve ជាជនជាតិអាមេរិកម្នាក់ដែលបានជិះកង់ធ្វើដំណើរជុំវិញពិភពលោក លោក​ឆ្លងកាត់​​​ប្រទេស​​​ជា​​​ច្រើន។ ក្នុង​ការ​ធ្វើ​ដំណើរ​នេះ ប្រទេស​ជប៉ុន​ជា​កន្លែង​ទី ៣៧ របស់គាត់ ហើយគាត់បាន​ទៅ​លេង​ទីក្រុង Kyoto ។

Steve បានចតកង់នៅខាងក្រៅ ហើយចូលទៅកាន់ហាងកាហ្វេអុីនធឺណេតមួយដើម្បី​ឈប់​សម្រាក។ កង់ត្រូវបានចាក់សោរ នៅខាងលើមានកាបូបធំមួយដាក់លិខិតឆ្លងដែន សំបុត្រយន្ត​ហោះ និង​សំខាន់​បំផុត​គឺ​សៀវ​ភៅ​កំណត់​ត្រា។ នោះជាសៀវភៅដែលគាត់ប្រើសម្រាប់កត់ត្រាការធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ។

នៅពេលដែលចេញមកវិញ ហើយមើលមិនឃើញកង់ Steve មានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង។

គាត់បានបង្ហោះសារដ៏ក្រៀមក្រំមួយនៅ​លើ​អុីនធឺណេត ភ្លាមៗ​នោះ អ្នក​ប្រើបណ្តាញសង្គមជប៉ុនបាន​បញ្ចេញមតិ​ផ្ទុយ​​គ្នា​​ជា​​ច្រើន។

មនុស្សមួយចំនួននិយាយថា ការទុកដាក់របស់សំខាន់នៅខាងក្រៅបែបនេះជាកំហុសរបស់គាត់។

ប៉ុន្តែក្រៅពីមតិ​រិះគន់​ទាំងនោះ ក៏មានពាក្យសម្តីលើកទឹកចិត្ត​ជាច្រើន​ផងដែរ។ ហើយ​បន្ទាប់​មក មានមនុស្ស​​មួយ​​ចំនួន​​បាន​​ចាប់​ផ្តើម​លើក​ឡើង​ថា ចង់​ជួយ​គាត់​ស្វែងរក​​កំណត់​ហេតុ​ដ៏​​សំខាន់​​នោះ។

អារម្មណ៍យោគយល់គ្នានោះបានជម្រុញឲ្យមនុស្សដែលមិនស្គាល់គ្នាជាច្រើនប្រមូលផ្តុំនៅ Kyoto ។ ដំណើរ​ការស្វែងរកទ្រង់ទ្រាយធំមួយបានចាប់ផ្តើមដោយមនុស្សដែលមិនធ្លាប់គ្នាពីមុនមក។ អ្នកខ្លះ​បានធ្វើដំណើរពីចម្ងាយ ចេញថ្លៃធ្វើដំណើរទៅមកដោយខ្លួនឯង។

អ្វីដែលគួរឲ្យកត់សម្គាល់រឿងហេតុបាន​កើត​ឡើង​នៅ​ឆ្នាំ ២០០២ – ប្រាំ​ឆ្នាំ​មុន​ពេល​ដែល iPhone ដំបូង​ត្រូវ​បាន​ចេញ​លក់។ នៅ​សម័យ​នោះ ទូរស័ព្ទ​ដែល​ភ្ជាប់​អុីនធឺណេត​​កម្រ​​មាន​​ណាស់ ប៉ុន្តែ​ពួក​គេ​​នៅ​​តែ​​រក​មធ្យោបាយ​​រក្សា​​ទំនាក់​​ទំនង និង​សហការ​​យ៉ាង​​ជិត​​ស្និទ្ធ។

អ្នកប្រើអុីនធឺណេតនៅទូទាំងប្រទេសបានតាមដានរាល់ព័ត៌មានថ្មីៗ។ ហើយបន្ទាប់មក… ក្រោយ​រយៈ​ពេលស្វែងរក ៣ ម៉ោងប៉ុណ្ណោះ សេចក្តីប្រកាសរកឃើញកង់បានលេចឡើង។ ប៉ុន្តែភ្លាមៗ​នោះ ព័ត៌មានមួយបានលេចឡើងដែលធ្វើឲ្យអ្នកដែលកំពុងសប្បាយជំនួសម្ចាស់កង់ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​មើល​អេក្រង់​កុំព្យូទ័រ។

តាមពិតទៅ កង់នោះត្រូវបានរកឃើញនៅជិតហាងកាហ្វេអុីនធឺណេត។ ប្រហែលជាដោយសារតែ Steve ចតកង់រារាំងផ្លូវធ្វើដំណើរ ដូច្នេះទើបមាននរណាម្នាក់យកទៅដាក់នៅកន្លែងមួយទៀតប៉ុណ្ណោះ។ លទ្ធផលមិននឹកស្មានរហូតដល់ថ្នាក់មនុស្សគ្រប់គ្នាផ្ទុះសំណើច ហើយនិយាយថា “សូម្បី​តែ Shakespeare ដ៏​អស្ចារ្យ​ក៏​មិន​អាច​គិត​ដល់​លទ្ធផល​នេះ​ដែរ” ។

បន្ទាប់ពីទទួលបានការបញ្ជាក់ពីប៉ូលីស Steve បានទទួលទាំងកង់ និងកំណត់ហេតុប្រចាំថ្ងៃដ៏មាន​តម្លៃមកវិញ។ ដើម្បីបង្ហាញពីការដឹងគុណ គាត់បានអញ្ជើញអ្នកទាំងអស់គ្នាដែលបានជួយគាត់​បរិភោគ​បាយ​សាច់​គោ​មួយ​ពេល (Gyudon) ។

Steve បរិភោគ​អាហារទាំង​​ទឹក​​ភ្នែក​​ដោយ​សារ​តែ​អារម្មណ៍​រំភើប និង​ភាពរីករាយ ហើយខ្លួនគាត់ផ្ទាល់​ក៏​ត្រូវ​អស់​សំណើច​នឹង​ភាព​ល្ងីល្ងើ​របស់​ខ្លួន​ផង​ដែរ។

មិនដឹងថា Steve បានសរសេរអ្វីខ្លះនៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់គាត់ដែលទាក់ទងនឹង “បទពិសោធន៍ដ៏ពិសេស” នេះនៅប្រទេសជប៉ុននោះទេ?

ប្រហែលជាទាំង Steve និងមនុស្សគ្រប់គ្នាដែលចូលរួមស្វែងរកសុទ្ធតែឆ្លងកាត់ពេលវេលាដ៏គួរឲ្យ​ចង​ចាំ រំភើប និង​រីក​រាយ។

ថ្មីៗនេះ មនុស្សជាច្រើនបាននិយាយថា ជនជាតិជប៉ុនកាន់តែសោះអង្កើយជាងមុន ប៉ុន្តែរឿងនេះ​រំលឹក​យើង​ថា នៅតែមានមនុស្សមួយចំនួនមានទឹកចិត្តកក់ក្តៅដូច្នេះ។

ហើយជាការពិតណាស់ មិនថានៅប្រទេសជប៉ុន ឬកន្លែងណានោះទេ សូមកុំទុកចោលរបស់របរមាន​តម្លៃ​របស់​លោក​អ្នក។

លើកនេះមិនមែនជាករណី​លួច ប៉ុន្តែ​មិន​ថា​នៅ​ទី​ណា តែង​តែ​មាន​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ ដូច្នេះ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ល្អ​ជាង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: