ជប៉ុនក្រោយសង្គ្រាម – នៅពេលដែលទម្លាក់ដាវចុះ តើនរណាទើបជាអ្នកដែលខ្លាំងជាងគេ?
ជប៉ុនក្រោយសង្គ្រាម – នៅពេលដែលទម្លាក់ដាវចុះ តើនរណាទើបជាអ្នកដែលខ្លាំងជាងគេ?
បន្ទាប់ពីសង្គ្រាមបានបញ្ចប់ សម័យកាលសាមូរ៉ៃបានឈានដល់ទីបញ្ចប់។ ប្រទេសជប៉ុនឈានចូលសម័យកាលដែលគ្មានសង្គ្រាម ដែលអាចហៅថាសន្តិភាព… ប៉ុន្តែមនុស្សមួយចំនួនគិតថា នោះជាពេលដែលប្រទេសនេះត្រូវ “ដកចង្កូមរបស់ខ្លួន” ។
ទោះជាយ៉ាងណា នៅក្នុងយុគសម័យដែលហាក់បីដូចជាមានសន្តិភាពនោះ បែរជាលេចវត្តមានរបស់បុគ្គលដែលមិនធម្មតា ដែលមានកម្លាំងលើសពីការគិត។
នេះជាតួអង្គទាំង ៣ នាក់ដែលត្រូវបានចាត់ទុកថា “ខ្លាំងបំផុត” នាសម័យកាលនោះ។
Shiota Gozo(塩田剛三)គ្រូ Aikido
ក្នុងនាមជាគ្រូ Aikido មួយរូប ប៉ុន្តែបែរជាមានមាឌតូចទៅវិញ។ លោកគឺជាគំរូដើមរបស់តួអង្គ Shibukawa Gouki ក្នុងរឿងគំនូរជីវចលក្បាច់គុន BAKI ។
ជាមួយនឹងកម្ពស់ ១៥៤ សង់ទីម៉ែត្រ និងទម្ងន់ ៤៦ គីឡូក្រាម គាត់មានមាឌតូច ដែលសូម្បីតែស្រ្តីក៏អាចនឹងត្រូវបានចាត់ទុកថាមានមាឌតូចផងដែរ។
យ៉ាងណាមិញ បើទោះបីជាគាត់មានមាឌតូចក៏ដោយ លោកបែរជាអាចផ្តួលគូប្រកួតដែលមានមាឌធំជាងខ្លួន។
ក្នុងនាមជាគ្រូ Aikido គាត់មិនបានប្រើកម្លាំងទាំងស្រុងដើម្បីយកឈ្នះគូប្រកួតនោះទេ ប៉ុន្តែប្រើកម្លាំងផ្ទាល់របស់ភាគីដើម្បីផ្តួលពួកគេ។ ការបង្ហាញក្បាច់គុនរបស់លោកមើលទៅ “ស្រាល” ខ្លាំងណាស់ ដែលធ្វើឲ្យមនុស្សជាច្រើនគិតថានោះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ។
មានម្តង នៅពេលដែលប្រធានាធិបតីអាមេរិក Kennedy បានទៅទស្សនកិច្ចនៅប្រទេសជប៉ុន ហើយបានមើលឃើញផ្ទាល់ភ្នែក។ ដោយមិនជឿលើអ្វីដែលខ្លួនបានឃើញ ប្រធានាធិបតីបានឲ្យអង្គរក្សម្នាក់របស់ខ្លួនសាកល្បងប្រយុទ្ធ។
បើទោះបីជាមានភាពខុសគ្នាយ៉ាងខ្លាំងដូចជាមនុស្សពេញវ័យទល់នឹងកុមារក៏ដោយ ប៉ុន្តែ Shiota បានផ្តួលអង្គរក្សម្នាក់នោះក្នុងមួយប៉ប្រិចភ្នែក។ រឿងនេះបានធ្វើឲ្យប្រធានាធិបតី Kennedy ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នៅពេលដែលមើល Aikido លើ YouTube អ្នកដែលមិនដឹងប្រាកដជាយល់ឃើញថាមើលទៅដូចជាកំពុងសម្តែង ប៉ុន្តែតាមពិតទៅបណ្តាលមកពីសន្លាក់ ដែលបណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំង រហូតដល់ថ្នាក់ភាគីខ្សោយត្រូវបង្ខំចិត្តដួល។
នេះជាក្បាច់គុនដែលមិនប្រកួតដូចជា Judo ឬ Karate នោះទេ ដូច្នេះប្រសិនបើមិនបានឆ្លងកាត់ផ្ទាល់ ពិបាកនឹងជឿថាខ្លាំងណាស់។
កម្លាំងរបស់លោកមិនស្ថិតនៅលើសាច់ដុំនោះទេ ប៉ុន្តែស្ថិតលើបច្ចេកទេសដែលឈានដល់កម្រិតដ៏ល្អឥតខ្ចោះ។
ឪពុករបស់ខ្ញុំក៏ធ្លាប់ហាត់ Aikido ដែរ ហើយបើទោះបីជាមានមាឌតូចក៏ដោយ គាត់នៅតែអាចចាប់ផ្តួលខ្ញុំបានយ៉ាងងាយ ដូច្នេះខ្ញុំយល់ពីកម្លាំងរបស់ក្បាច់គុននេះ។
ដូច្នេះហើយទើបមានពាក្យពោលថា “តូចតែខ្លាំង” ។
ក្រៅពីនេះ ដោយសារតែជាក្បាច់គុនពិសេស ដូច្នេះមានស្រ្តីជាច្រើនតាមរៀន Aikido ជាពិសេសស្ត្រីជប៉ុន។
Kunii Zenya(国井善弥)– ដែលគ្មានគូប្រៀបនៃក្បាច់គុនជប៉ុន។
ក្នុងនាមជាគ្រូក្បាច់គុនម្នាក់ដែលតំណាងឲ្យជប៉ុនសម័យកាលក្រោយសង្គ្រាម ហើយក៏ជានិមិត្តរូបនៃស្មារតីក្បាច់គុនផងដែរ។
លោកទទួលយកសំណើប្រយុទ្ធជាមួយអ្នកក្បាច់គុនផ្សេងទៀត ហើយត្រូវបានចាត់ទុកថាគ្មានគូប្រៀបអស់មួយជីវិត។
ក្រោយសង្គ្រាម ប្រទេសជប៉ុនត្រូវបានគ្រប់គ្រងដោយទីបញ្ជាការសម្ព័ន្ធមិត្ត (ហៅកាត់ថា GHQ) គ្រប់គ្រង និងហាមឃាត់រាល់សកម្មភាពក្បាច់គុន។ ដើម្បីបញ្ជាក់ពីតម្លៃនៃក្បាច់គុនជប៉ុន លោកបានក្រោកឈរប្រឈមមុខនឹងទាហានអាមេរិកនៃកងកម្លាំងកាន់កាប់។
ដោយគ្រាន់តែមានដាវឈើមួយប៉ុណ្ណោះ គាត់ហ៊ានប្រឈមមុខនឹងទាហានដែលមានកាំភ្លើងក្នុងដៃ ហើយនៅតែអាចបង្ក្រាបពួកគេបាន។
មិនមែននៅក្នុងរឿងព្រេងដ៏យូរលង់នោះទេ ប៉ុន្តែនៅក្នុងសម័យកាលក្រោយសង្គ្រាម។
ជា “សាមូរ៉ៃ” ម្នាក់ដែលមិនពាក់គ្រឿងសឹក ប៉ុន្តែស្មារតីមិនដែលសាបសូន្យនោះទេ ជាសាមូរ៉ៃក្រោយសង្គ្រាមម្នាក់។
Hanagata Kei(花形敬)– បិសាចដែលមានរូបរាងមនុស្ស
ប្រសិនបើតួអង្គទាំងពីរដែលបានរៀបរាប់ខាងលើបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ចំណែកឯវត្តមានរបស់តួអង្គចុងក្រោយកាន់តែមិនគួរឲ្យជឿជាងនេះទៅទៀត។
Hanagata Kei – ជាគំរូដើមរបស់តួអង្គ Hanayama Kaoru ក្នុងរឿង BAKI ។
ប្រសិនបើនៅក្នុងរឿង anime តួអង្គ Hanayama Kaoru ជា yakuza ដ៏ខ្លាំងម្នាក់ ស្ទើរតែមិនដូចជាមនុស្ស ចំណែកឯក្នុងជីវិតពិត Hanagata ក៏មិនខុសគ្នាប៉ុន្មានដែរ។
ជា yakuza ម្នាក់ដែលតែងតែប្រយុទ្ធដោយដៃទទេ ដោយមិនគិតថាគូប្រកួតមានកាំភ្លើង ឬកាំបិតនោះទេ គ្រាន់តែប្រើមួយក្បាច់អាចបញ្ចប់គ្រប់យ៉ាង។
រស់នៅក្នុងបរិយាកាសដែលពេញទៅដោយការប្រយុទ្ធជានិច្ច ប៉ុន្តែគាត់គ្រាន់តែប្រើកណ្តាប់ដៃប៉ុណ្ណោះ ត្រឹមចំណុចទាំងនេះបង្ហាញថាគាត់មិនធម្មតានោះទេ។។
គេនិយាយថាមានម្តង បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងបីគ្រាប់ គាត់នៅតែអាចធ្វើដំណើរទៅមន្ទីរពេទ្យបាន។ ក្រោយពេលព្យាបាលរួច នៅយប់នោះ គាត់បានចាកចេញពីមន្ទីរពេទ្យគ្រាន់តែដើម្បីទៅផឹកស្រាហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង។
មិនច្បាស់ទេថាគ្រាប់កាំភ្លើងបាញ់ចំកន្លែងណានោះទេ ប៉ុន្តែមនុស្សធម្មតាត្រឹមមួយគ្រាប់អាចនឹងសម្រាកនៅមន្ទីរពេទ្យរយៈពេលយូរ។ លោកជាករណីដែលពិសេស។
មិនត្រឹមតែប៉ុណ្ណឹង លោកថែមទាំងធ្លាប់យកឈ្នះអ្នកចំបាប់ដ៏ល្បី Rikidozan ដោយប្រើដៃទទេ ហើយបង្ខំឲ្យម្នាក់នេះសរសេរកិច្ចសន្យាលែងប្រើអំពើហិង្សា។
នៅទីបំផុត Hanagata ត្រូវក្រុម yakuza មួយក្រុមវាយឆ្មក់បន្ទាប់ពីទទួលទានអាហាររួច ត្រូវចាក់ជាច្រើនកាំបិត ហើយទទួលមរណភាពនៅអាយុ ៣៣ ឆ្នាំ។
ជាលទ្ធផលមួយដ៏គួរឲ្យសោកស្ដាយ ប៉ុន្តែត្រូវទទួលស្គាល់ថា វាឆ្លុះបញ្ចាំងពីខ្លឹមសារនៃជីវិតរបស់លោក។
មនុស្សបីនាក់ មានកម្លាំងខុសៗគ្នា។
បច្ចេកទេស – ស្មារតី – សមត្ថភាព។
ពួកគេមិនដែលប្រឈមមុខនឹងគ្នា ប៉ុន្តែប្រសិនបើរឿងនោះកើតឡើង… តើនរណាជាអ្នកឈ្នះ?
ប្រហែលជាមនុស្សម្នាក់ៗមានជម្រើសខុសៗគ្នា។
តើអ្នកគិតថាចំណុចខ្លាំងនៃក្បាច់គុនជាអ្វី?
Abe Kengo




