ហេតុ​អ្វី​បាន​ជា​បុរស​ជប៉ុន​មាន​ទំនោរ​ធ្វើ​អត្តឃាត?

ហេតុ​អ្វី​បាន​ជា​បុរស​ជប៉ុន​មាន​ទំនោរ​ធ្វើ​អត្តឃាត?

ជារៀងរាល់ឆ្នាំ នៅប្រទេសជប៉ុនមានមនុស្សប្រមាណ ២ ម៉ឺននាក់បានធ្វើអត្តឃាត។

យោងតាមស្ថិតិ សម្រាប់ប្រជាជនជប៉ុនដែលមានអាយុពី ១៥ ដល់ ៣៩ ឆ្នាំ មូលហេតុចម្បងនៃការ​ស្លាប់មិនមែនដោយសារតែជំងឺ ឬគ្រោះថ្នាក់នោះទេ ប៉ុន្តែជាការធ្វើអត្តឃាត។ ភាពជាក់ស្តែងដ៏​គួរ​ឲ្យ​ខ្លាច ដែលស្ទើរតែមានតែនៅប្រទេសជប៉ុនប៉ុណ្ណោះ។

ហើយអ្វីដែលគួរឲ្យកត់សម្គាល់​ជាង​នេះ​ទៅទៀត ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​អត្តឃាត ភាគ​ច្រើន​ជា​បុរស។

តើអ្វីទៅដែលជាមូលហេតុចម្បងបណ្តាលឲ្យមានការស្លាប់ដ៏សោក​សង្រេងបែបនេះ?

ប្រទេសជប៉ុនមានប្រព័ន្ធជំនួយសម្រាប់ប្រជាជនងាយរងគ្រោះគ្រប់គ្រាន់។

ប្រសិនបើបាត់បង់ការងារ នៅតែមានធានារ៉ាប់រងគ្មានការងារធ្វើ និងកម្មវិធីជំនួយសម្រាប់ការ​រស់​នៅ ដូច្នេះ​នៅ​តែ​អាច​បន្ត​រស់​នៅ​បាន។

ក្រៅពីនេះ ដោយសារតែកង្វះខាតកម្លាំងពលកម្ម ប្រសិនបើមិនរើសការងារ នៅតែអាចរកបានការ​ងារ​ណា​មួយ។

ដូច្នេះហេតុអ្វីបានជានៅតែមានមនុស្សធ្វើអត្តឃាត?

ចម្លើយទីមួយជាសង្គមមួយដែល “ថប់ដង្ហើម” ។

ការជាប់គាំងសេដ្ឋកិច្ចរយៈពេលយូរបានបណ្តាលឲ្យសង្គមមានបរិយាកាសធ្ងន់ធ្ងរ។

ការខកចិត្តទាំងនោះមិនបាត់ទៅវិញនោះទេ វាបានបង្វែរទិសដៅ។ មនុស្សបញ្ចេញកំហឹងដាក់គ្នាទៅ​វិញ​ទៅ​មក។ ក្នុងថ្នាក់រៀន ក្នុងការិយាល័យ និងគ្រប់ទីកន្លែង។

អំពើហិង្សានៅសាលា ឬទម្រង់នៃការធ្វើបាបផ្សេងទៀត មិនមែនកើតឡើងតែនៅជប៉ុនប៉ុណ្ណោះទេ។ ប៉ុន្តែ​នៅ​ប្រទេស​ជប៉ុន វាអាចធ្វើឲ្យមនុស្សម្នាក់ធ្លាក់ក្នុងរណ្តៅយ៉ាងជ្រៅ។

មូលហេតុទីពីរគឺភាពឯកោ។

លំហូរប្រជាជនចាកចេញពីតំបន់ជនបទទៅកាន់ទីក្រុងធំៗ ជាពិសេសទីក្រុងតូក្យូ។

មនុស្សដែលឃ្លាតឆ្ងាយពីស្រុកកំណើត រស់នៅ​ក្នុង​ចំណោម​មនុស្ស​រាប់លាន​នាក់ ប៉ុន្តែសុទ្ធតែមនុស្ស​​ដែល​​យើង​​មិន​​ស្គាល់។

“ទីក្រុងតូក្យូគ្រោះថ្នាក់ណាស់” ។

“មនុស្សនៅទីនោះសោះអង្គើយ” ។

ពាក្យសម្ដីទាំងនោះបានក្លាយជាជំនឿបន្តិចម្តងៗ។

មនុស្ស​ចាប់ផ្តើម​រក្សា​គម្លាត​ មិនជឿទុកចិត្ត និងមិនបើកចិត្ត។

ដូច្នេះហើយមនុស្សម្នាក់ៗកាន់តែមានភាពឯកោ។

នៅពេលដែលជួបបញ្ហាក្នុងការងារ នៅសាលារៀន ឬកង្វល់នៅក្នុងគ្រួសារ ពួកគេគ្មាននរណាម្នាក់​អាចចែករំលែកបានទេ។ ពួកគេឱបក្រសោបទុក្ខសោក និងភាពឯកាម្នាក់​ឯងនៅក្នុងបន្ទប់ មាន​តែ​ខ្លួន​ឯង និង​ជញ្ជាំង​នៅ​ជុំវិញ​ប៉ុណ្ណោះ។

កាលពីមុន ទីក្រុងតូក្យូមិនដូច្នេះនោះទេ។ ប៉ុន្តែឥឡូវនេះ គ្រប់យ៉ាងកាន់តែអាក្រក់ទៅៗ។

មិនត្រឹមតែប៉ុណ្ណឹង បញ្ហារងការធ្វើបាបកាន់តែច្រើនឡើងៗ។

ជម្រុញដល់បញ្ហានេះគឺវត្តមានរបស់អុីនធឺណេត សព្វថ្ងៃនេះគឺបណ្តាញសង្គម កាលពីមុនគឺវេទិកា​អនឡាញ។

អ្នកដែលលេចធ្លោជាងអ្នកដទៃ ទោះបីជាបន្តិចបន្តួចក៏ដោយ ក៏អាចនឹងក្លាយជាគោលដៅយ៉ាង​ឆាប់រហ័ស។ ក្លាយជាជនរងគ្រោះនៃពាក្យចចាមអារ៉ាម ការប្រឌិត ការវាយប្រហារ និងការ​ឈឺ​ចាប់ផ្នែក​​ស្មារតី។

ខ្ញុំផ្ទាល់​ក៏ធ្លាប់ត្រូវបង្ហោះព័ត៌មានមិនពិតនៅលើវេទិកា រួម​ជា​មួយ​នឹង​ឈ្មោះ​របស់​ខ្ញុំ​ផង​ដែរ។

នៅពេលដែលឆ្លើយតបទៅវិញ ពួកគេបែរជានិយាយថា ដោយសារតែពួកគេនិយាយត្រូវទើបខ្ញុំ​តប​តខ្លាំង​យ៉ាង​នេះ។ គ្មានអ្វីដែលពួកគេនិយាយមិនបាននោះទេ។

ខ្ញុំធ្លាប់ឆ្លងកាត់រឿងនោះ ដូច្នេះខ្ញុំដឹងថា រឿងនោះអាចបំផ្លាញមនុស្សម្នាក់ដល់កម្រិតណា។

ក្រៅពីនេះ នៅមានកត្តាមួយផ្សេងទៀត ស្ថិតនៅលើភាពខុសគ្នានៃប្រវត្តិសាស្ត្រ និងជំនឿសាសនា។

ក្នុងគ្រឹស្តសាសនា ការធ្វើអត្តឃាតគឺជារឿងដែលហាមឃាត ប៉ុន្តែនៅជប៉ុនទស្សនៈនេះមិនសូវធ្ងន់​ធ្ងរ​ប៉ុន្មាន​ទេ។

ព្រះពុទ្ធសាសនាចាត់ទុកការធ្វើអត្តឃាតជាសកម្មភាពដែលមិនអាចដោះស្រាយការឈឺចាប់ ប៉ុន្តែ​មិន​ដាក់បញ្ចូលក្នុងចំណុចដែលហាមឃាត់ដាច់ខាតនោះទេ។

ទន្ទឹមនឹងនោះ ទស្សនៈនិយាយពីសេចក្តីស្លាប់លក្ខណៈប្រវត្តិសាស្រ្តរបស់ជប៉ុន៖

នៅពេលដែលដើរដល់ផ្លូវទាល់ បោះបង់ការតស៊ូ មនុស្សរើសយកការស្លាប់ដោយកិត្តិយស។

ស្មារតីនេះធ្លាប់ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈពិធីវះពោះរបស់សាមូរ៉ៃ និងក្នុងការប្រយុទ្ធរបស់​កង​ទ័ព​ជប៉ុន​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ​ផង​ដែរ។

ចំពោះមូល​ហេតុ​ដែល​បុរស​មាន​អត្រា​ធ្វើ​អត្តឃាត​ខ្ពស់​ជាង ប្រហែល​ជា​បណ្តាល​មក​ពី​កត្តាប្រវត្តិ​សាស្ត្រ។

តាំងពីក្មេង ពួកគេបានឮពាក្យដូចជា៖

“ក្នុងនាមជាបុរសត្រូវតែរឹងមាំ” ។

“ក្នុងនាមជាបុរសមិនគួរត្អូញត្អែរនោះទេ” ។

ពាក្យសម្ដីទាំងនោះបានតាមពួកគេតាំងពីកុមារភាពរហូតដល់ពេញវ័យ។

ហើយនៅថ្ងៃណាមួយ… 

ពួកគេលែងមានកន្លែងលាក់ខ្លួនតទៅទៀត។

ជំនួស​ឲ្យ​ការ​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា នៅ​ទីបំផុត​ជ្រើសយកការបញ្ចប់ជីវិត ប្រជាជនជប៉ុនគួរតែបើកចិត្តគំនិត ហើយ​សម្លឹង​មើល​ពិភពលោក​ខាងក្រៅ។ ដើម្បីដឹងថា មាន​របៀប​រស់នៅ ផ្លូវដើរ និង​ជម្រើស​​ផ្សេង​ទៀត។

ហើយប្រហែលជា ត្រឹមគំនិតបែបនេះ… ក៏គ្រប់ល្មមនឹងជួយដល់នរណាម្នាក់បន្តជីវិត។

សង្ឃឹមថា ជាពិសេសប្រជាជនជប៉ុន និងយុវជនទាំងអស់ដែលកំពុងប្រឈមមុខនឹង​ការ​លំបាកក្នុង​ជីវិត កុំបោះ​បង់​ចោល​ដោយ​ងាយ។ ផ្ទុយ​ទៅ​វិញ ចូរយើងរឹងមាំជាងមុន ដើម្បីយកឈ្នះការ​រើស​​អើង ឧបសគ្គ និង​បន្ត​ឆ្ពោះ​ទៅ​មុខ។

កុំបោះបង់ចោលជីវិត ដរាបណាយើងនៅមានជីវិត នៅតែមានឱកាស។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: