ជីវិតរបស់កំពូលអ្នកដឹកនាំរឿងខាងវិស័យភាពយន្តមនុស្សធំនៅជប៉ុន
ជីវិតរបស់កំពូលអ្នកដឹកនាំរឿងខាងវិស័យភាពយន្តមនុស្សធំនៅជប៉ុន។
ក្រៅពីរឿង anime ជប៉ុនថែមទាំងត្រូវបានគេស្គាល់ថាជាប្រទេសដែលល្បីខាងវិស័យភាពយន្តមនុស្សធំ (JAV) ។
មិនត្រឹមតែមានតារាសម្តែងស្រីដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្អែកលើការរៀបចំឈុតឆាក ខ្លឹមសារមានភាពទាក់ទាញ និងគំនិតដ៏ពិសេសផងដែរ។
ហើយនៅពីក្រោយវិស័យទាំងមូលនេះមានឈ្មោះមនុស្សម្នាក់ដែលអ្នកគាំទ្ររឿង JAV គួរតែដឹង នោះគឺជាលោក Muranishi Toru (村西とおる) ។
បុរសម្នាក់ដែលធ្លាប់ត្រូវចាប់ខ្លួនចំនួនប្រាំពីរដងនៅជប៉ុន ប្រឈមនឹងការកាត់ទោសជាប់ពន្ធនាគាររហូតដល់ទៅ ៣៧០ ឆ្នាំនៅសហរដ្ឋអាមេរិក និងបន្ទុកបំណុលយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ៥ ពាន់លានយ៉េន។
ប៉ុន្តែយ៉ាងណាមិញ… នៅតែអាចក្រោកឈរ និងត្រឡប់មកវិញ។
ជីវិតរបស់លោក និងពាក្យសម្តីដែលលោកបានបន្សល់ទុកអាចនឹងផ្លាស់ប្តូរគំនិតរបស់អ្នកដទៃចំពោះភាពបរាជ័យ។
មានមនុស្សតិចណាស់ដែលដឹងថា លោក Muranishi ធ្លាប់ជាបុគ្គលិកលក់ឯកសាររៀនភាសាអង់គ្លេសតាមផ្ទះ ហើយតែងតែនាំមុខតារាងលក់ជានិច្ច។
លោកជាមនុស្សម្នាក់ដែលមានសមត្ថភាពអាជីវកម្មតាំងពីដំបូងមកម្ល៉េះ។
ក្រោយមក លោកបានប្តូរទៅផលិតទស្សនាវដ្ដីសម្រាប់បុរសពេញវ័យ ជាវិស័យមួយដែលពេញនិយមនៅជប៉ុននាពេលនោះ។
នេះក៏ជាចំណុចកត់សម្គាល់ដែលបង្ហាញពីជំហានដំបូងរបស់លោកខាងវិស័យភាពយន្តមនុស្សធំ។
ប៉ុន្តែមិនត្រឹមតែផលិតប៉ុណ្ណោះទេ លោកថែមទាំងពង្រីកប្រព័ន្ធចែកចាយ ដោយបង្កើតបណ្តាញហាងផ្ទាល់ខ្លួនផងដែរ។
ហើយបន្ទាប់មក… លោកបានឈានជើងចូល “តំបន់ហាមឃាត់” ។
នៅប្រទេសជប៉ុន មានច្បាប់ហាមឃាត់ការថតកន្លែងពិសេស។ ប៉ុន្តែលោកនៅតែលួចចេញផ្សាយផលិតផលដែលរំលោភទៅលើច្បាប់នេះ។
ក្រោយមក យូរៗទៅ លោកឈានចូលវិស័យវីដេអូ – ជាវិស័យដែលកាន់តែពិសេសជាងនេះទៅទៀត។
ជាមួយនឹងមហិច្ឆតាដែលគ្មានដែនកំណត់ លោកបាននាំក្រុមការងារទៅថតនៅសហរដ្ឋអាមេរិក។ ហើយនៅទីនោះ គ្រប់យ៉ាងហាក់បីដូចជាមិនអាចគ្រប់គ្រងបាន។
ដើម្បីបង្កើតស្នាដៃដែលមិនធ្លាប់មានពីមុនមក លោក Murashini បានថតឈុតឆាករួមភេទខណៈពេលកំពុងលោតឆ័ត្រយោងនៅលើផ្ទៃមេឃ Hawaii ជាមួយនឹងទីតាំងខាងក្រោមជាតំបន់ក្បែរកំពង់ផែ Pearl Harbor – ជាកន្លែងដែលជាប់ទាក់ទងនឹងប្រវត្តិសង្គ្រាមរវាងជប៉ុន និងសហរដ្ឋអាមេរិក។
ជនជាតិអាមេរិកតែងតែនិយាយថា “Remember Pearl Harbor!” (សូមចងចាំ Pearl Harbor!) ដើម្បីរំលឹកដល់ការឈឺចាប់ដែលបន្សល់ទុកដោយការវាយប្រហារនៅ Pearl Harbor ។
យ៉ាងណាមិញ នៅទីតាំងដ៏រសើបនោះ ជនជាតិជប៉ុនម្នាក់បែរជាថតរឿងបែបនេះ ដែលធ្វើឲ្យជនជាតិអាមេរិកខឹងសម្បារយ៉ាងខ្លាំង។
លទ្ធផលដែលត្រូវលះបង់មិនតិចនោះទេ ការចោទប្រកាន់ជាច្រើនត្រូវបានលើកឡើង ហើយការកាត់ទោសឲ្យជាប់ពន្ធនាគារសរុបរហូតដល់ទៅ ៣៧០ ឆ្នាំ។
នៅទីបំផុត ដោយពឹងទៅលើអ្នកដែលជិតស្និទ្ធនៅជុំវិញបានរៃអង្គាសប្រាក់ធានា ទើបលោកត្រូវបានដោះលែង ហើយត្រឡប់ទៅជប៉ុនវិញដោយសុវត្ថិភាព។
នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ខណៈពេលដែលកំពុងទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយក្រុមហ៊ុន Diamond Visual (ប្រាក់ចំណូលប្រចាំឆ្នាំពេលខ្លះឈានដល់ ១០ ពាន់លានយ៉េន) លោក Muranishi បានចាប់ផ្តើមចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគំនិតប្រើប្រាស់ទូរទស្សន៍ផ្កាយរណបដើម្បីចាក់ផ្សាយខ្លឹមសារមនុស្សធំទៅកាន់គ្រួសារនីមួយៗ។ លោកហៅគំនិតនេះថា “Sex raining from the sky” (ភ្លៀងរួមភេទធ្លាក់ពីលើមេឃ) ។
លោក Muranishi បានព្យាយាមចរចាជាមួយអ្នកកាន់សិទ្ធិផ្សាយតាមផ្កាយរណប ហើយនៅទីបំផុតបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញសិទ្ធិប្រើប្រាស់ប៉ុស្តិ៍ពីអង្គភាពសាសនាមួយដែលមានហេដ្ឋារចនាសម្ព័ន្ធផ្កាយរណបស្រាប់។
ទោះជាយ៉ាងណា មហិច្ឆតានេះបានប្រែក្លាយទៅជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរមួយ។ លោក Muranishi បានធ្លាក់ចុះពីកម្រិតកំពូលជាមួយនឹងបំណុលរហូតដល់ទៅ ៥ ពាន់លានយ៉េន (ដែលប្រហែលនឹង ៤០-៥០ លានដុល្លារអាមេរិកនៅពេលនោះ) ។
ទោះជាយ៉ាងនេះក្តី ដោយមិនត្រឹមតែមិនរត់គេចខ្លួន លោកបានសម្រេចចិត្តប្រឈមមុខដោយស្មារតី “មិនចុះចាញ់នោះទេ” ហើយនៅទីបំផុតលោកបានសងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់នោះអស់ទាំងស្រុង។
ដោយសារតែធ្លាប់ឆ្លងកាត់ទាំងភាពល្អ និងភាពអាក្រក់ លោកបានបន្សល់ទុកនូវសម្រង់ពាក្យសម្តីដ៏គួរឲ្យពិចារណាមួយចំនួន៖
- “ប្រសិនបើអ្នកចង់ស្លាប់… ចូលមើលចុះទៅក្រោម
ខ្ញុំនៅទីនោះ។
ហើយខ្ញុំទាបជាងអ្នកឆ្ងាយណាស់។”
- “ទោះបីជាជំពាក់បំណុលចំនួន ៥ ពាន់លានយ៉េនក៏ដោយ ខ្ញុំនៅតែគិតថា ប្រាកដជាអាចដោះស្រាយបាន។
មិនដឹងហេតុអ្វីបានជាមានភាពជឿជាក់ដ៏ចម្លែកមួយថាខ្ញុំនឹងសងអស់។”
- “ប្រសិនបើតាម DNA របស់អ្នក និងខ្ញុំ ប្រហែលជាធ្លាប់មានអភិជន
ប៉ុន្តែក៏មានឃាតករ ជនបោកប្រាស់ ស្រីពេស្យាផងដែរ…
គ្រប់យ៉ាងលាយឡំគ្នានៅក្នុងខ្លួនយើង។
ដូច្នេះបើនិយាយពីការរើសអើង… គ្មានន័យអ្វីទាល់តែសោះ។
សុរបទៅ យើងទាំងអស់សុទ្ធតែដូចគ្នា។”
រឿងរ៉ាវជីវិតរបស់លោក Muranishi ត្រូវបានផលិតឡើងវិញនៅក្នុងភាពយន្ត The Naked Director របស់ Netflix ។
នេះមិនត្រឹមតែជារឿងរ៉ាវនិយាយពីការងារដែលបង្កឲ្យមានភាពចម្រូងចម្រាសប៉ុណ្ណោះទេ។ ថែមទាំងជាផ្នត់គំនិត ឆន្ទៈ និងកម្លាំងរបស់មនុស្សម្នាក់ផងដែរ។
ប្រសិនបើក្រឡេកមើលទៅ ប្រិយមិត្តប្រហែលជាមើលឃើញចំណុចដ៏គួរឲ្យចងចាំ មិនមែនការងារដែលលោកជ្រើសរើសនោះទេ ប៉ុន្តែជារបៀបដែលលោករស់នៅឆ្លងកាត់គ្រប់យ៉ាង។
Abe Kengo
