“DON’T GO TO JAPAN!” – ការនិយមនៅលើបណ្តាញសង្គម និងការពិតនៅពីក្រោយ
“DON’T GO TO JAPAN!” – ការនិយមនៅលើបណ្តាញសង្គម និងការពិតនៅពីក្រោយ។
ក្រោយជំងឺរាតត្បាតកូវីដ-១៩ រលកនៃភ្ញៀវទេសចរណ៍ដែលមកពីបណ្តាប្រទេសបានសម្រុកទៅកាន់ប្រទេសជប៉ុនកើនឡើងយ៉ាងខ្លាំង។
មនុស្សគ្រប់គ្នាគិតថានេះជាគោលដៅក្នុងក្តីស្រមៃ។ យ៉ាងណាមិញ អ្វីដែលមិននឹកស្មាន ក្នុងចំណោមអ្នកដែលទើបតែទៅដល់ប្រទេសជប៉ុន មានពាក្យមួយឃ្លាសរសេរថា “DON’T GO TO JAPAN!” កំពុងតែពេញនិយមនៅលើបណ្តាញសង្គម។
តើជប៉ុនមានចំណុចអ្វីដែលធ្វើឲ្យពួកគេមិនចូលចិត្ត?
តើពួកគេបានជួបប្រទះនឹងព្រឹត្តិការណ៍ដ៏គួរឲ្យភ័យខ្លាច ឬបទពិសោធន៍មិនល្អអ្វីខ្លះ?
ទាំងនេះជារឿងរ៉ាវដែលត្រូវបានចែករំលែកខាងក្រោម។
ចំណុចទីមួយគឺបញ្ហាមនុស្សច្រើនកុះករ។
គោលដៅទេសចរណ៍ដែលល្បីឈ្មោះ ពិធីបុណ្យធំៗ – ទាំងអស់សុទ្ធតែមានមនុស្សច្រើន។
ច្រើនរហូតដល់ថ្នាក់មានអារម្មណ៍ថប់ដង្ហើម។
មនុស្សជាច្រើនដែលខកចិត្តបានត្អូញត្អែរថា ប្រសិនបើដឹងមុនមិនទៅប្រសើរជាង។
ប៉ុន្តែរឿងមនុស្សច្រើនកុះករមាននៅគ្រប់ទីកន្លែង មិនមែនមានតែជប៉ុននោះទេ។
ស្ថានភាពទីពីរបែរជាមិននឹកស្មានដល់នោះទេ។
អ្នកទាំងអស់គ្នាអាចមើលវីដេអូឃ្លីបដែលបានបង្ហោះតាមរយៈតំណភ្ជាប់ខាងក្រោម។
https://www.youtube.com/watch?v=ruLWU0oJnXk
វីដេអូដ៏ល្បីមួយកំពុងត្រូវបានចែករំលែកជាមួយនឹងខ្លឹមសារដូចខាងក្រោម៖
“នៅពេលដែលទៅដល់ជប៉ុនចាត់ទុកដូចជាចប់ហើយ!
ខ្ញុំមិនអាចឈប់គិតពីរឿងចង់ស្នាក់នៅទីនោះជារៀងរហូតនោះទេ។
ជាធម្មតាធ្វើដំណើរកម្សាន្តនឹងនឹកផ្ទះ ប៉ុន្តែលើកនេះគឺខុសគ្នា។ បន្ទាប់ពីត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ខ្ញុំតែងតែគិតពីប្រទេសជប៉ុនជារៀងរាល់ថ្ងៃ។
នៅពេលដែលបានឆ្លងកាត់បទពិសោធន៍ជិះរថភ្លើងក្រោមដីនៅប្រទេសជប៉ុន គឺមិនអាចត្រលប់ទៅជិះរថភ្លើងក្រោមដីនៅអាមេរិកទៀតឡើយ។ ឥឡូវនេះខ្ញុំត្រូវប្តូរទៅបើកបររថយន្តផ្ទាល់ខ្លួនវិញ បំណុលកាន់តែច្រើនឡើង… ប៉ុន្តែរឿងនោះលែងសំខាន់ទៀតហើយ។”
បន្ទាប់ពីបានស្គាល់ប្រទេសជប៉ុន ជីវិតនៅអាមេរិកកាន់តែពិបាកជាងមុន។
ចាប់ពីប្រព័ន្ធសង្គមរហូតដល់គុណភាពអាហារ គ្រប់យ៉ាងសុទ្ធតែត្រូវបានយកមកប្រៀបធៀប។
ហើយបន្ទាប់មកពួកគេយល់ឃើញថា ពួកគេមិនអាចបន្តរស់នៅសហរដ្ឋអាមេរិកបានទៀតទេ។
https://www.youtube.com/shorts/NAKUAr5MLXg
ហើយនោះមិនមែនជាករណីតែមួយគត់នោះទេ។ បច្ចុប្បន្ននេះ នៅលើបណ្តាញសង្គម និន្នាការដែលអំពាវនាវថា “កុំទៅប្រទេសជប៉ុន!” របស់ជនជាតិអាមេរិកកំពុងតែល្បីលើអុីនធឺណេត ឧទាហរណ៍ដូចជា៖
“កុំទៅប្រទេសជប៉ុន! ព្រោះពេលដែលត្រលប់ទៅវិញនឹងឈឺចាប់
ផ្លូវថ្នល់នៅប្រទេសជប៉ុនស្អាត ចំណែកឯរថភ្លើងទៀងពេលវេលា
នៅពេលដែលត្រឡប់ទៅអាមេរិកវិញ គ្រប់គ្នានឹងសួរខ្លួនឯងថា៖ ‘តើប្រទេសខ្លួន… យ៉ាប់ដល់ថ្នាក់នេះឬ?’
ប្រសិនបើត្រូវឆ្លងកាត់បទពិសោធន៍ដែលមិនល្អនោះ កុំទៅប្រទេសជប៉ុនប្រសើរជាង។”
ជាពិសេស អ្វីដែលធ្វើឲ្យពួកគេ “ឈឺចាប់” បំផុតគឺ… ម៉ាតលក់ទំនិញ…
“ម៉ាតលក់ទំនិញនៅសហរដ្ឋអាមេរិកកខ្វក់ អាហារមិនឆ្ងាញ់។
ចំណែកឯនៅប្រទេសជប៉ុនមានសុវត្ថិភាព អនាម័យ អាហារឆ្ងាញ់ និងមានអារម្មណ៍ទុកចិត្តគ្រប់ពេល។
នៅពេលដែលត្រឡប់ទៅវិញ ខ្ញុំពិតជានឹកបាយពូត និងសាំងវិចជប៉ុនខ្លាំងណាស់។”
ហើយនោះជាមូលហេតុពិតប្រាកដនៅពីក្រោយការព្រមាន។
មិនមែនដោយសារតែជប៉ុនអាក្រក់នោះទេ។
ប៉ុន្តែបើនរណាម្នាក់ទៅកាន់ទីនោះនឹងចូលចិត្ត ហើយមិនចង់ចាកចេញនោះឡើយ។
ស្រលាញ់រហូតដល់ថ្នាក់ពេលដែលត្រឡប់ទៅវិញ ជីវិតពីមុនប្រែជាគួរឲ្យធុញទ្រាន់ ពិបាកទ្រាំ និងរហូតដល់ថ្នាក់ទ្រាំមិនបានទៀតផង។
ហើយពួកគេបានសន្និដ្ឋានថា៖
“ប្រសិនបើត្រូវឆ្លងកាត់អារម្មណ៍បែបនោះ… កុំទៅប្រទេសជប៉ុនល្អជាង។”
ក្នុងនាមខ្ញុំជាជនជាតិជប៉ុនម្នាក់ ខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរណ៍ទាំងអស់ ដោយសារតែសេចក្តីស្រឡាញ់ដ៏ធំធេងរបស់លោកអ្នកចំពោះប្រទេសរបស់យើងខ្ញុំ។
ជាការពិតណាស់ ប្រទេសជប៉ុនមានលក្ខណៈពិសេសជាច្រើន ដែលធ្វើឲ្យជនបរទេសស្រលាញ់ចូលចិត្ត។
ផ្លូវថ្នល់ស្អាត កម្រនឹងមានសំរាម ខ្យល់អាកាសបរិសុទ្ធ។
ភាគច្រើនបន្ទប់ទឹកសុទ្ធតែមានអនាម័យល្អ។
ពិបាកនឹងរកភោជនីយដ្ឋានណាដែលអាហារមិនឆ្ងាញ់ណាស់។
សូម្បីតែម៉ាតលក់ទំនិញដែលបើក ២៤/៧ ក៏លក់អាហារឆ្ងាញ់ៗ អាចបរិភោគបានគ្រប់ពេល។
សន្តិសុខល្អ កម្រនឹងឃើញមនុស្សបង្កបញ្ហាតាមដងផ្លូវណាស់។
ឈរតម្រង់ជួរនៅស្ថានីយ៍រថភ្លើង ឬផ្សារទំនើបសុទ្ធតែមានសណ្តាប់ធ្នាប់ល្អ មិនមានករណីរុញច្រាននោះឡើយ។
ប៉ុន្តែ…
តើចំណុចដ៏ល្អឥតខ្ចោះទាំងនោះគឺជា “ច្រវាក់ដែលមើលមិនឃើញ” មែនទេ?
សង្គមមួយដែលពោរពេញដោយច្បាប់ និងសណ្តាប់ធ្នាប់ ដែលសូម្បីតែជនជាតិជប៉ុនខ្លួនឯងក៏ពេលខ្លះមានអារម្មណ៍ថាថប់ដង្ហើមដែរ។
ចុះអ្នកទាំងអស់គ្នាវិញ?
ប្រសិនបើធ្លាប់ទៅប្រទេសជប៉ុន តើអ្នកនឹងនិយាយថា “កុំទៅប្រទេសជប៉ុន!” ឬនិយាយថា “ត្រូវតែទៅយ៉ាងហោចណាស់ម្តងក្នុងជីវិត?”
Abe Kengo


