ធាតុពិតនៃជំនាញលាក់ខ្លួនក្រោមទឹករបស់ ninja
ធាតុពិតនៃជំនាញលាក់ខ្លួនក្រោមទឹករបស់ ninja ។
Ninja ដែលមានសមត្ថភាពមិនធម្មតាដូចជាក្នុងរឿង Naruto ប្រហែលគ្រាន់តែជាការស្រមើស្រមៃ។ ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រជប៉ុន ninja ពិតជាធ្លាប់មានមែន។
ពួកគេមិនបញ្ចេញក្បាច់ដែលអស្ចារ្យនោះទេ ប៉ុន្តែផ្ទុយទៅវិញប្រើជំនាញលាក់ខ្លួននៅកន្លែងងងឹតដើម្បីយកដំណឹង ឬធ្វើឃាត។ ជំនាញដែលល្បីបំផុតក្នុងចំណោមនោះគឺ Suiton no jutsu – Water Release (ជំនាញបញ្ចេញទឹក) ។
គេនិយាយថា Ninja បានប្រើបំពង់ឫស្សីដើម្បីលាក់ខ្លួននៅក្រោមទឹកក្នុងរយៈពេលវែង។
ដូច្នេះធាតុពិតនៃជំនាញនេះយ៉ាងណា? ចូរយើងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវនាសម័យនេះ។
ប្រាសាទបុរាណរបស់ជប៉ុនច្រើនតែមានប៉មថ្មខ្ពស់ៗ និងហ៊ុំព័ទ្ធដោយប្រឡាយទឹកដើម្បីការពារការឈ្លានពាន។ ប្រសិនបើហែលលើផ្ទៃទឹក ninja ងាយនឹងត្រូវគេប្រទះឃើញ ដូច្នេះការធ្វើចលនាដោយគ្មានសំឡេងក្រោមទឹកត្រូវបានចាត់ទុកជាមធ្យោបាយដែលល្អបំផុត។
ដើម្បីធ្វើបានដូច្នេះ ninja ត្រូវប្រើ “ជំនាញបញ្ចេញទឹក” ។
នោះជាវិធីសាស្រ្តប្រើបំពង់ឫស្សីដែលស្រដៀងនឹងបំពង់បឺត ចុងម្ខាងដាក់នៅលើផ្ទៃទឹកដើម្បីដកដង្ហើម បន្ទាប់មកចូលទៅជិតគោលដៅយ៉ាងស្ងៀមស្ងាត់។
ស្តាប់ទៅដូចជាងាយស្រួល សមហេតុផល យ៉ាងណាមិញ ការស្រាវជ្រាវនាសម័យនេះបានបង្ហាញថា ចំណុចនេះស្ទើរតែមិនអាចទៅរួចនោះទេ។
បញ្ហាទីមួយគឺ៖ សម្ពាធទឹក
គ្រាន់តែជ្រមុជក្រោមទឹក រាងកាយរងនឹងសម្ពាធ។ ហើយជ្រមុជកាន់តែជ្រៅ សម្ពាធកាន់តែធំ។
ដើម្បីដកដង្ហើម ប្រហោងទ្រូងត្រូវពង្រីក។ ប៉ុន្តែនៅពេលដែលនៅក្រោមទឹក សម្ពាធនឹងសង្កត់ទៅលើដើមទ្រូង។
ដោយគ្រាន់តែនៅជម្រៅប្រហែលជា ៥០ សង់ទីម៉ែត្រប៉ុណ្ណោះ ដើមទ្រូងត្រូវទ្រាំនឹងកម្លាំងដែលមានទម្ងន់ប្រហែល ៥០ គីឡូក្រាម។
នេះជាកម្រិតដែលមនុស្សធម្មតាពិបាកនឹងទ្រាំបាន ទោះបីជាត្រូវបានហ្វឹកហាត់ដូចជា ninja ក៏ដោយ។
បញ្ហាទីពីរគឺ៖ ខ្យល់នៅក្នុងបំពង់ឫស្សី
ទោះបីជាយើងមិនគិតពីសម្ពាធទឹកក៏ដោយ នៅតែមានបញ្ហាដែលគ្រោះថ្នាក់ជាងនេះទៅទៀត។
បំពង់ឫស្សីកាន់តែវែង ខ្យល់នៅខាងក្នុងកាន់តែពិបាកចរាចរណ៍នឹងខាងក្រៅ។ នៅពេលដែលដកដង្ហើមចេញ ឧស្ម័ន CO₂ នឹងប្រមូលផ្តុំបន្តិចម្តងៗក្នុងបំពង់។
លទ្ធផលអ្នកជ្រមុជទឹកនឹងធ្លាក់ក្នុងស្ថានភាពខ្វះអុកស៊ីសែន មិនអាចដកដង្ហើមធម្មតាបាន។
ហើយប្រសិនបើអូសបន្លាយរយៈពេលវែង អាចបណ្តាលឲ្យបាត់បង់ស្មារតី… រហូតដល់ថ្នាក់ស្លាប់។
នៅសម័យបច្ចុប្បន្ន ការជ្រមុជទឹកដោយប្រើបំពង់ (snorkeling) អាចធ្វើទៅបានដោយសារតែអ្នកជ្រមុជនៅក្រោមផ្ទៃទឹកមិនជ្រៅ (សម្ពាធទាប) ហើយបំពង់ជ្រមុជទឹកខ្លី ដែលបង្កើតបានជាខ្យល់ដកដង្ហើមខ្លាំងធ្វើឲ្យមានខ្យល់ចេញចូល។
ប៉ុន្តែប្រសិនបើអនុវត្តវិធីសាស្រ្តនេះ មួយផ្នែកនៃរាងកាយអ្នកជ្រមុជទឹកនឹងអណ្តែតលើផ្ទៃទឹក សម្រាប់ ninja នឹងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសម្ងាត់។ អាចនិយាយបានថា លាក់ខ្លួនបែបនេះមិនអាចទៅរួចនោះទេ។
គួរឲ្យស្តាយណាស់ដែលត្រូវនិយាយថា សមត្ថភាពដូចជាការកោះហៅភ្លើង ឬបំបែកភាគរបស់ ninja តាមពិតទៅមានតែក្នុងរឿង anime ប៉ុណ្ណោះ។ ធាតុពិតរបស់ ninja ពេលខ្លះមិនគួរឲ្យជក់ចិត្តដូចក្នុងភាពយន្តនោះទេ ប៉ុន្តែទាំងនោះជាការពិតដែលផ្អែកលើវិទ្យាសាស្ត្រ។
ក្នុងចំណោមជំនាញដែលត្រូវបានបង្ហាញនៅក្នុងរឿង Naruto អ្វីដែលជាក់ស្តែងបំផុតប្រហែលជា “ជំនាញល្បួង” – Oiroke no jutsu ។
ទោះបីជាមានភាពខុសគ្នាបន្តិចបន្តួចក្នុងប្រវត្តិសាស្ត្រ ដូចជាតួអង្គឯកប្រែកាយទៅជាស្ត្រីដូចក្នុងរឿង Nuruto ចំណែកឯ ninja ស្រី (ដែលហៅថា Kunoichi) ជាទូទៅបំពេញបេសកកម្មល្បួង ដើម្បីបង្វែរដានភាគី ឬប្រមូលព័ត៌មានសម្ងាត់។
ប្រភពដើមនៃពាក្យ Kunoichi នេះក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរ។
ក្នុងភាសាជប៉ុន អក្សរ “ស្រី” (女) ត្រូវបានបង្កើតឡើងដោយបន្ទាត់បីស្រដៀងគ្នាទៅនឹងតួអក្សរ “ku” (く) ក្នុង Hiragana អក្សរ “no” (ノ) ក្នុង Katakana “មួយ” (一 – ichi) ក្នុងអក្សារហាន។
ដូច្នេះមានន័យថាស្ត្រីគ្រប់រូបសុទ្ធតែជា Kunoichi មែនទេ?
ទោះបីជាមិនមានសមត្ថភាពបំបាំងកាយដ៏ល្អឥតខ្ចោះដូចដែលបានឃើញក្នុងភាពយន្តក៏ដោយ ប៉ុន្តែចំណុចនោះមិនធ្វើឲ្យ ninja បាត់បង់លក្ខណៈពិសេសនោះទេ។
ព្រោះអ្វីដែលធ្វើឲ្យពួកគេគួរឲ្យខ្លាចមិនមែនជាសមត្ថភាពដ៏អស្ចារ្យនោះទេ ប៉ុន្តែជាការអត់ធ្មត់ ជំនាញសង្កេតមើល និងរបៀបដែលពួកគេប្រើប្រាស់អ្វីដែលសាមញ្ញបំផុត ដើម្បីសម្រេចបានគោលដៅ។
មិនត្រូវការវេទមន្តនោះទេ ហើយក៏មិនចាំបាច់លាក់ខ្លួនក្រោមទឹករាប់ម៉ោងដែរ… គ្រាន់តែគ្មាននរណាដឹងថាពួកគេកំពុងនៅទីនោះ – គ្រប់គ្រាន់ហើយ។
ប្រហែលជា ninja មិនមែនជាអ្នកដែលលាក់ខ្លួនក្រោមទឹកនោះទេ ប៉ុន្តែជាអ្នកដែលតែងតែបង្ហាញខ្លួននៅចំពោះមុខ… បែរជាគ្មានអ្នកមើលឃើញ។
Abe Kengo
